ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​អូតង់​យល់​ព្រម​បញ្ជូន​ទាហាន​បន្ថែម​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន


លោក Jim Mattis រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ (រូប​ឆ្វេង) និយាយ​ជាមួយ​នឹង​លោក Jens Stoltenberg អគ្គលេខាធិការ​នៃ​អង្គការ​អូតង់ ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​អង្គការ​នេះ ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។

ពួក​សម្ព័ន្ធមិត្ត​អូតង់​បាន​យល់ព្រម​បញ្ជូន​ទាហាន​ថែម​ទៀត​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​បាន​មាន​ប្រសាសន៍​ថា​សម្ព័ន្ធភាព​នេះ​បាន​បំពេញ​បេសកកម្ម​ពួក​គេ​នៅ​ក្នុងប្រទេស​នេះ​ជិត​បាន​៣ភាគ៤។​

លោក Jens Stoltenberg អគ្គលេខាធិការ​នៃ​អង្គការ​អូតង់​បាន​មាន​ប្រសាសន៍​ថា​ប្រទេស​ជាតិ​១៥​បាន​សន្យា​រួច​ស្រេច​ហើយ​ថា​នឹង​ផ្តល់វិភាគ​ទាន​បន្ថែម​ដល់​បេសកកម្ម Resolute Support Mission ដែល​ជា​បេសកកម្​មរបស់​អង្គការ​អូតង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​គេ​រំពឹង​ថា​នឹង​មាន​ការ​ប្រកាស​ថែម​ទៀត​ពី​ប្រទេស​ជាតិ​ឯ​ទៀតៗ។

លោក Stoltenberg បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​មាន​ការ​សុំ​ទាហាន​បន្ថែម​រាប់ពាន់​នាក់​ទៀត​ដើម្បី​ជួយ​ហ្វឹកហ្វឺន​ និង​គាំទ្រ​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ក៏ប៉ុន្តែ​លោក​មិន​បាន​និយាយ​ថា​ទាហាន​ប៉ុន្មាន​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​នេះ​ទេ។​

នៅ​ពេល​បន្ទាប់​មក​នៅ​ថ្ងៃ​នោះ​ដែរ លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ស.រ.អា. Mattis បាន​មាន​ប្រសាសន៍​ថា​ប្រទេស​ជាតិ​ទាំង​នេះ​កំពុង​ពន្លឿន​ចំណាត់ការ​ដើម្បី​បំពេញ​ការ​តម្រូវការ​បង្គ្រប់ទាហាន​ដើម្បី​បំពេញ​បេសកម្ម​អន្តរជាតិ​ក្នុង​ការ​ធ្វើឱ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​ស្ថិរភាព។

លោក Mattis បាន​មាន​ប្រសាសន៍​ថា​ «នៅ​ពេល​នេះ​យើង​បាន​បំពេញ​ទាហាន​ចំនួន​៧០ភាគ​រយ​ហើយ ហើយ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់​ថា​ដោយ​ផ្អែក​លើ​អ្វី​ដែល​ខ្ញុំ​បាន​ឮ​នៅ​ទីនេះ ពួក​គេ​នឹង​បំពេញ​ចំនួន​នៅ​សេសសល់»៕

XS
SM
MD
LG