ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​អ.ស.ប៖ លោក​ប្រធានាធិបតី​ត្រាំ ​កំពុង​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​ចុះ​ខ្សោយ


រូបឯកសារ៖ ឧត្តមស្នងការ​អ.ស.ប​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​លោក Zeid Ra'ad al Hussein ថ្លែង​នៅ​ប្រទេស​ស្រីលង្កា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។
រូបឯកសារ៖ ឧត្តមស្នងការ​អ.ស.ប​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​លោក Zeid Ra'ad al Hussein ថ្លែង​នៅ​ប្រទេស​ស្រីលង្កា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។

ឧត្តមស្នងការ​អ.ស.ប​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​លោក Zeid Ra'ad al Hussein បាន​ព្រមាន​ថា សេរីភាព​សារព័ត៌មាន​នៅ​សហរដ្ឋអាមេរិក​កំពុង​តែ​រង​ការ​វាយប្រហារ​ពី​សំណាក់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​ការណ៍​នេះ​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ដល់​សហរដ្ឋអាមេរិក​ ក៏ដូចជា​សកលលោក​ទាំងមូល។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​លោក Zeid Ra'ad al Hussein និយាយ​ថា ពាក្យ​សម្តី​នានា​រមែង​នាំ​ឲ្យ​មានផលវិបាក​ផ្សេងៗ ទង្វើ​នានា​ក៏​រមែង​នាំ​ឲ្យ​មាន​ផលវិបាក​ផ្សេងៗ​ផង​ដែរ ហើយ​ទាំង​ពាក្យ​សម្តី និង​ទាំង​ទង្វើ​ផ្សេងៗ​ ត្រូវ​តែ​ជ្រើស​ប្រើ​ដោយ​ឈ្លាសវៃ។ លោក Zeid បាន​បន្ត​ថា ការ​ចាត់​ទុករបស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ទៅ​លើ​បណ្តា​សារព័ត៌មាន និង​បណ្តាញ​ផ្សព្វផ្សាយ​ ដ៏​គួរ​ឲ្យ​គោរព​នានា ថា​ជា​ ក្រុម​ភូតភរ​កុហក និងក្រុម​ទុច្ចរិត​ បង្ក​ផល​ប៉ះពាល់​ខ្លាំង។

លោក Zeid និយាយ​ថា ការ​លើកឡើងដូច​នេះ​ពី​សំណាក់​លោក​ប្រធានាធិបតី​ទៅ​លើ​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ជា​មនុស្ស​មិន​ស្មោះត្រង់ ជា​មនុស្ស​អាក្រក់​ និង​ជា​អ្នក​ពាំនាំ​ព័ត៌មាន​មិន​ពិត​ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង។

លោក​បាន​មាន​ប្រសាសន៍​ថា៖

«តើ​នេះ​មិន​មែន​ជា​ ការ​បំផុស​បំផុល​ឲ្យ​អ្នក​ដទៃ​វាយប្រហារ​លើ​ក្រុម​អ្នកសារព័ត៌មាន​ទេ​ឬ? ហើយ​ ឧបមាថា អ្នកសារព័ត៌មានម្នាក់​ពី​អង្គភាព​ព័ត៌មាន​ទាំង​នោះ​ជួប​គ្រោះថ្នាក់ តើ​លោក​ប្រធានាធិបតី​នឹង​មិន​មាន​ការ​ខុសត្រូវ​ណា​មួយ​លើ​រឿង​នេះ​ឬ​ទេ ឬ​ក៏​ចំពោះ​ការ​បំផុស​បំផុល​នេះ​ដែរ​ឬ​ទេ?»។

លោក Zeid លើកឡើង​ថា ការ​និយាយ​អាក្រក់​ពី​សារព័ត៌មាន​ មាន​លក្ខណៈ​ពិសពុល ដោយសារ​តែ​ការណ៍​នេះ​បង្ក​ឲ្យ​មាន​ផលវិបាក​នៅ​កន្លែង​ដទៃ​ទៀត។ លោក​បន្ត​ថា ពាក្យ​សម្តី​របស់​លោក​ប្រធានាធិបតី​អាមេរិក​ជះឥទ្ធិពល​ពាសពេញ​ពិភពលោក។

លោក Zeid បាន​និយាយ​ថា៖

«ដូច​ដែល​យើង​ឃើញ​នៅ​ប្រទេស​កម្ពុជា​ជា​ឧទាហរណ៍​ គឺថា អាជ្ញាប័ណ្ណ​របស់​បណ្តាញ​ផ្សព្វផ្សាយ និង​កម្មវិធី​វិទ្យុ​ផ្សេងៗ​ ត្រូវ​បានដកចេញ​មិន​ឲ្យ​ចាក់​ផ្សាយ។ ហើយ ពាក្យ​សម្តី​របស់ប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​លើក​ឡើង​នៅ​ក្នុង​បញ្ហា​នេះ។ តើ​រឿង​នេះ​នឹង​ទៅ​តាម​ផ្លូវ​នេះ​ឬ?»។

រូបឯកសារ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​របស់​លោក​នៅទីក្រុង Phoenix រដ្ឋ Arizona កាលពីថ្ងៃទី២២​ ខែសីហា ឆ្នាំ២០១៧។
រូបឯកសារ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​របស់​លោក​នៅទីក្រុង Phoenix រដ្ឋ Arizona កាលពីថ្ងៃទី២២​ ខែសីហា ឆ្នាំ២០១៧។

លោក Zeid បាន​កត់​សម្គាល់​ថា សេរីភាព​សារព័ត៌មាន​គឺ​ជា​សសរ​គ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក ដោយ​បន្ថែម​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ ដែល​ថា ជា​ជាង​ការពារ​សិទ្ធិ​នេះ សេរីភាព​សារព័ត៌មាន​ នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បានរង​ការ​វាយប្រហារ​ពី​សំណាក់ប្រធានាធិបតី​អាមេរិក​ទៅ​វិញ។

លោក​ Zeid បាន​ហៅ​ការណ៍​នេះ​ថា ជា​ការ​បង្វែរ​ទិស​ដៅ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ និង​ប្រកបដោយ​គ្រោះថ្នាក់​មួយ​នៅ​ទី​បំផុត ដោយ​នាំ​ឲ្យ​មាន​ការ​បំផុស​បំផុល ការ​រឹតត្បិត​លើ​ខ្លួន​ឯង និង​ការ​ដាក់​បម្រាម​ផ្សេងៗ ហើយ​បន្ទាប់មក​គឺ​ អំពើហិង្សា។

លោក​ ត្រាំ ​បាន​រិះគន់​ជាញឹកញយទៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​ដូចជា ប៉ុស្តិ៍​ព័ត៌មាន CNN កាសែត​ The New York Times និង​កាសែត The Washington Post។ កាល​ពី​ដើម​ខែ​សីហា លោក​ប្រធានាធិបតី ​បាន​ចាត់​គោលដៅ​វាយប្រហារ​លើស្ថាប័ន​សារព័ត៌មាន​ ចំពោះ​ការ​ផ្សព្វផ្សាយ​អំពី​បាតុកម្ម​ហិង្សា​ រៀបចំ​ឡើង​ដោយ​ក្រុម​ជនស្បែក​ស ដែល​គិត​ថា ​ខ្លួន​ឯង​អស្ចារ្យ​ជាង​គេ​ នៅ​ក្រុង Charlottesville រដ្ឋ​ Virginia។

លោក​ប្រធានាធិបតីបាន​ហៅ​ អ្នកសារព័ត៌មាន​ថា «ពិតជា​មនុស្ស​មិន​ស្មោះត្រង់»។​ លោក​ត្រាំ​ក៏​បាន​រិះគន់​បណ្តាញ​ផ្សព្វផ្សាយ​នៅ​តាម​ការ​ថ្លែង​សុន្ទរកថា​នានា​របស់​លោក​ និង​តាម​គណនី​បណ្តាញ​សង្គម​ Twitter របស់​លោក​ផង​ដែរ៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា

អត្ថបទ​ទាក់ទង

XS
SM
MD
LG