ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សន្តិសុខ​អឺរ៉ុប​ជំរុញ​ឲ្យ​រដ្ឋបាល​លោក ត្រាំ បញ្ឈប់​ការ​វាយប្រហារ​ទៅ​លើ​សារព័ត៌មាន


រូបឯកសារ៖ សមាជិក​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប​ និយាយ​ជាមួយ​ទាហាន​អ៊ុយក្រែន​នៅក្នុង​ក្រុង​ Zolote នៃ​តំបន់​ Luhansk ក្នុង​ប្រទេស​អ៊ុយក្រែន។
រូបឯកសារ៖ សមាជិក​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប​ និយាយ​ជាមួយ​ទាហាន​អ៊ុយក្រែន​នៅក្នុង​ក្រុង​ Zolote នៃ​តំបន់​ Luhansk ក្នុង​ប្រទេស​អ៊ុយក្រែន។

អង្គការ​សម្រាប់​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប​កំពុង​តែ​ជំរុញ​ឲ្យ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បញ្ឈប់​ការ​វាយ​ប្រហារ​របស់​លោក​ទៅ​លើ​សារព័ត៌មាន​ដោយ​និយាយ​ថា ការវាយប្រហារ​ទាំង​នោះ​បន្ទាប​នូវ​តម្លៃ​ដ៏​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ។

អ្នក​តំណាង​សេរីភាព​សារព័ត៌មាន​ OSCE ​លោក Harlem Desir បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា អត្ថាធិប្បាយ​របស់​លោក ​ត្រាំ ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​ជា​បញ្ហា​ដ៏​ជ្រៅ ដោយ​លោក​បាន​បន្ថែម​ថា អត្ថាធិប្បាយ​ទាំង​នោះ​ ជាពិសេស​ការ​កំណត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជា​«សត្រូវ​របស់​ប្រជាជន» ​អាច​ធ្វើ​ឲ្យ​អ្នក​កាសែត​កាន់​តែ​ងាយ​រងគ្រោះ​និង​ក្លាយ​ទៅ​ជា​គោលដៅ​នៃ​អំពើ​ហិង្សា។

លោក ​Desir បាន​សរសេរ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក ​Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា៖ «ខ្ញុំ​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​សហរដ្ឋអាមេរិក​បញ្ឈប់​ការ​វាយ​ប្រហារ​ទាំង​អស់​នោះ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ»។

លោក ​Desir បាន​គូស​បញ្ជាក់​នូវ​សុន្ទរកថា​របស់​លោក ត្រាំ កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង Phoenix ​រដ្ឋ Arizona ដែល​លោក​ប្រធានាធិបតី​បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា «មិន​ស្មោះ​ត្រង់​ទាល់​តែ​សោះ»​ «ប្រឌិត» ​«ទុច្ចរិត»​ និង​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា បង្កើត​រឿង​មិន​ពិត​និង​បង្ក​ឲ្យ​មាន​ការ​បែក​បាក់​នៅ​ក្នុង​ប្រទេស​កាន់​តែ​ខ្លាំង​ឡើង។

លោក Desir បាន​មាន​ប្រសាសន៍​ថា អត្ថាធិប្បាយ​ទាំង​នោះ «គឺ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ដោយសារ​តែ​សហរដ្ឋ​អាមេរិក​គឺ​ជា​ជំហរ​ដ៏​រឹងមាំ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ក្នុង​នាម​ជា​មេដឹកនាំ​ពិភពលោក នៅ​ក្នុង​ការការពារ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​សេរីភាព​សារព័ត៌មាន»។ លោក​បាន​ថ្លែង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​ក៏​ផ្តល់​ជា​វេទិកា​មួយ​សម្រាប់​សំឡេង​គ្រប់គ្នា​ផង​ដែរ៕

XS
SM
MD
LG