ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បង្រ្កាប​នៅ​កម្ពុជា​នាំ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​ជុំ​វិញ​ពិភពលោក ចំពោះ​​អ្វី​ដែល​ហៅ​គេ​ជា​«ការ​វាយ​លុក‍»​ចំពោះប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សិទ្ធិ​មនុស្ស


លោក ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ថ្លែង​អំពី​ចំណាត់​ការ​ពាក់ព័ន្ធ​នឹង​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​នៅកម្ពុជា​នៅក្នុង​សន្និសីទ​សារព័តមាន​ នៅថ្ងៃទី​២៤​ ខែ​សីហា​ ឆ្នាំ២០១៧។​ (ហ៊ាន សុជាតា/VOA)
លោក ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ថ្លែង​អំពី​ចំណាត់​ការ​ពាក់ព័ន្ធ​នឹង​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​នៅកម្ពុជា​នៅក្នុង​សន្និសីទ​សារព័តមាន​ នៅថ្ងៃទី​២៤​ ខែ​សីហា​ ឆ្នាំ២០១៧។​ (ហ៊ាន សុជាតា/VOA)

ស្ថាប័ន​អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ព្រមាន​ថា​ ការ​រិត​ត្បិត​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​​ឆ្នាំ​២០១៨ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាច​​ទុក​ចិត្ត​បាន​​នៃ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ។

ស្ថាប័ន​និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ដែលការពារ​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​មនុស្សនៅ​ជុំ​វិញ​ពិភពលោក ​បាន​ទទូចឲ្យ​រដ្ឋាភិបាល​កម្ពុជាធ្វើ​ឲ្យ​ស្ថានភាព​សេរីភាព​ព័ត៌មាន​និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ​នៅ​ក្រោយ​ពី​មាន​ការ​បង្ក្រាប​ភ្លាមៗ​និង​ជា​បន្តបន្ទាប់​គ្នាក្នុង​ទ្រង់ទ្រាយ​មិន​មាន​ពី​មុន ចំពោះ​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​និង​អង្គការ​បរទេស​ដែល​ជួយ​ជំរុញ​លទ្ធិប្រជាធិបេតយ្យ​នៅ​កម្ពុជា។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងញូវយ៉ក​សហរដ្ឋ​អាមេរិក​ ស្ថិត​នៅ​ក្នុង​ចំណោម​អង្គការ​អន្តរជាតិចុង​ក្រោយ​បំផុត​ដែល​បាន​ប្រឆាំង​នឹង​ការ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​នេះ។​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយនៅ​ថ្ងៃ​សុក្រ​នេះ អង្គការ​ Human Rights Watch បាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​នូវ​អ្វី​ដែល​ខ្លួនហៅ​ថា​ជា​«កិច្ច​ខិតខំ​ប្រឹងប្រែង​កាន់​តែ​ទូលំទូលាយ‍»​ដើម្បី​បំបិទសំឡេង​អ្នក​ឯករាជ្យ​នៅ​មុន​ការ​បោះឆ្នោតនៅ​ឆ្នាំ​ក្រោយ។

លោក Phil Robertson អនុប្រធាន​អង្គការ​ Human Rights Watch​ ប្រចាំ​ទ្វីប​អាស៊ី​ថ្លែង​នៅ​ក្នុងខ្លឹមសារដើម​ថា៖ «ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​បិទ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​និង​អង្គការ​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​ត្រូវ​គេ​គោរព​ បង្ហាញ​ថា​លោក ហ៊ុន សែន កំពុង​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​រិះគន់​នានា​ដល់ការ​គ្រប់គ្រង​អំណាច​របស់​លោក»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ​បាន​ហៅ​កាសែត​ The Cambodia Daily ថា ​ជា ​«មេចោរ‍» ដោយ​បាន​ប្រកាសពី​ការ​អាចបិទ​កាសែត​ឯករាជ្យ​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេសមួយ​ នេះ​នៅ​ថ្ងៃ​ទី​៤​ខែ​កញ្ញា​ខាង​មុខ ដោយ​សារ​កាសែត​នេះមិនបង់ប្រាក់​ជាង​៦​លាន​ដុល្លារ ​លោក​អះអាង​ថា​ជាពន្ធ​ជំពាក់រដ្ឋ។ កាសែត​ Cambodia Daily បាន​បដិសេធ​ការ​អះអាង​នេះ។ នៅ​ថ្ងៃ​ពុធ​បន្ទាប់​មក ក្រសួង​ព័ត៌មាន​បាន​ប្រកាស​បិទ​ការ​ផ្សាយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ហើយ​ដែល​វិទ្យុ​ទាំង​ពីរ​នេះ​ក៏​ត្រូវ​បានចោទ​ប្រកាន់​ពី​រឿង​មិន​ប្រក្រតីទាក់ទិន​នឹង​ពន្ធដារ។

រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​សប្តាហ៍​នេះ​ក៏​បាន​ប្រកាស​ពី​ការ​បិទ​ការិយាល័យវិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI នៅ​រាជធានី​ភ្នំពេញ​និង​បណ្តេញ​ចេញ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ។ ទាំង​អង្គការ NDI និង​កាសែត​ Cambodia Daily បាន​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​ជាង​២០​ឆ្នាំ​មក​ហើយ។ វិធានការ​ទាំង​នេះ​កើត​មាន​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ដែល​អ្នក​សង្កេត​ការណ៍​ជា​ច្រើន​មើល​ឃើញ​ថា ជា​ទូទៅមាន​លក្ខណៈ​សេរី​និង​យុត្តិធម៌ បើ​ទោះបីដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​រលូន​ក៏​ដោយ។

គណៈ​កម្មការ​ដើម្បី​ការពារ​អ្នក​កាសែត ​(CPJ) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​អំពាវនាវ​ដល់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ឲ្យ​លុប​ចោល​វិញ​ការ​គំរាម​កំហែង​របស់​លោក ចំពោះ​កាសែត​ Cambodia Daily ហើយ​ដែល​អ្នក​យក​ព័ត៌មាន​នៃ​កាសែត​នេះត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ហៅ​នៅ​ក្នុង​អំឡុង​ពេល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​កាល​ពី​ខែ​ឧសភា​ថា«បម្រើ​ឲ្យ​បរទេស‍»។

លោក Shawn Crispin អ្នក​តំណាង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍នៃ​គណៈ​កម្មការ​ដើម្បី​ការពារ​អ្នក​កាសែត ​(CPJ) ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «អាជ្ញាធរ​កម្ពុជា​គួ​រ​បញ្ឈប់​ការ​គំរាម​កំហែង​បិទ​កាសែត The Cambodia Daily ចំពោះ​ការ​ចោទ​ថា​បាន​គេច​ពន្ធ និង​គួរ​អនុញ្ញាត​ឲ្យ​កាសែត​នេះ​បន្ត​បោះ​ពុម្ព​ផ្សាយ​ដោយ​មិន​បារម្ភ​អំពី​ផ្ចាញ់​តប។ រដ្ឋាភិបាល​លោក​ ហ៊ុន សែន កំពុង​ប្រើប្រាស់អគ្គនាយកដ្ឋាន​ពន្ធដារ​ដើម្បី​បំបិទ​មាត់​កាសែត​ឯករាជ្យ​ល្បី​ឈ្មោះ​បំផុត​មួយ​របស់​កម្ពុជា។ ការ​គំរាម​បិទ​ដោយ​បង្ខំ​ជា​គ្រោះថ្នាក់​យ៉ាងជាក់​ស្តែង​ចំពោះ​សេរីភាព​ព័ត៌មាន»។

កាសែតនេះ​ចាប់​ផ្តើម​បោះពុម្ពផ្សាយ​ដំបូង​នៅ​ឆ្នាំ​១៩៩៣ ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ស្ថាប័ន​ព័ត៌មានមួយ​ក្នុង​ចំណោម​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុកតិចតួច​ប៉ុណ្ណោះ ​ដែល​យក​ព័ត៌មានដែលមាន​លក្ខណៈ​រិះគន់​ដល់​រដ្ឋាភិបាល​និង​មន្ត្រី​ជាន់​ខ្ពស់។

ស្រដៀង​គ្នា​នោះ​ដែរ ការ​បិទ​ស្ថានីយ​វិទ្យុ ឬ​ក៏​ដក​ហូត​អាជ្ញាប័ណ្ណនៃ​ស្ថានីយ​វិទ្យុ FM ក្នុង​ស្រុក ដែល​ភាគច្រើន​ជា​សាជីវកម្ម​ខ្នាត​តូច​ឯករាជ្យ ​ជាក់​ស្តែង​បាន​រារាំង​ការ​ផ្សាយ​កម្មវិធី​ព័ត៌មាន​ជា​ភាសា​ខ្មែរ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ីសេរី ដែលវិទ្យុ​ទាំង​ពីរ​មាន​ទីស្នាក់ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃពុធ​កន្លង​ទៅ​នេះ លោក John F. Lansing នាយក​ប្រតិបត្តិ​នៃ​គណៈ​គ្រប់គ្រង​នៃ​ក្រុម​ប្រឹក្សា​ផ្សព្វផ្សាយ (BBG) ដែល​ជា​ទីភ្នាក់ងារ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​ទាំង​ពីរ​នេះ បាន​លើក​ឡើង​ថា ការ​ចាត់​វិធានការ​ជា​លក្ខណៈ​ប្រព័ន្ធ​«លើ​ស្ថានីយ​វិទ្យុ FM ក្នុង​ស្រុក​សំខាន់ៗ‍» នៅ​ក្នុង​សប្តាហ៍​នេះ នឹង​ប៉ះពាល់​ដល់​«មធ្យោបាយ​ដ៏​សំខាន់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ និង​ឯករាជ្យ​ អំពី​ប្រទេស​កម្ពុជា និង​អំពី​ពិភពលោក‍»។

លោក​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា៖ «‍យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បោះបង់ចោល​សេចក្តី​សម្រេច​ចិត្ត​ក្នុង​ការ​បិទមាត់​ប្រភព​ព័ត៌មាន​ឯករាជ្យ ហើយ​អនុញ្ញាត​ឲ្យ​ស្ថានីយ​វិទ្យុ​ទាំងអស់​ដែល​ប្រឈម​ការ​បិទ​នេះ អាច​ដំណើរ​ការងារ​ធម្មតា​របស់​ខ្លួន​ឡើង​វិញ​ជា​បន្ទាន់»។

ការ​ចាត់​វិធានការ​ដោយ​ភ្លាមៗ ហើយ​ដែល​សំដៅ​លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​តូច​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ស្របពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​មាន​ការិយាល័យ​នៅ​ទី​ក្រុង​ភ្នំពេញ ហើយ​ដែល​បាន​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​២៥ឆ្នាំ​មក​ហើយ​នេះ។​

ឆ្លើយ​តប​ភ្លាមៗ​នឹង​ការ​បិទ​នេះ លោក Kenneth Wollack ប្រធាន​វិទ្យាស្ថាន NDI បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃពុធ​កន្លង​ទៅ​នេះ​ថា លោក​ «‍ភ្ញាក់ផ្អើល និង​សោក​ស្តាយ» ចំពោះ​ការ​បិទ​វិទ្យាស្ថាន​នេះ។

លោក​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «‍ក្នុង​រយៈពេល​២៥ឆ្នាំ​នៅ​ប្រទេស​កម្ពុជា វិទ្យាស្ថាន NDI បាន​ធ្វើការ​ជាមួយ​នឹង​គណបក្ស​នយោបាយ​ធំៗ រួម​ទាំង​គណបក្ស​កាន់​អំណាច​ផង​ដែរ។ យើង​ធ្វើ​ការងារ​របស់​យើង​ដោយ​តម្លាភាព ​និង​ក្នុង​គោលបំណង​គោរព​តាម​ច្បាប់​ទាំងឡាយ។ យើង​ពិតជា​សង្ឃឹម​យ៉ាង​មោះមុត​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ពិនិត្យ​ឡើងវិញ​លើ​សេចក្តី​សម្រេច​របស់​ខ្លួន»។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ​ឲ្យ​ដឹង​ថា ការ​បិទ​វិទ្យាស្ថាន NDI គឺ​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​តាម​ដំណើរការ​ផ្លូវ​ច្បាប់ ហើយ​សិទ្ធិរបស់​ស្ថាប័ន​សារព័ត៌មាន និង​ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ត្រូវ​បាន​បំពាន។ ទី​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​នេះ អំពាវនាវ​ឲ្យ​កម្ពុជា​គោរព​តាម​ដំណើរការ​ផ្លូវច្បាប់ និង​ដំណើរការ​លទិ្ធ​ប្រជាធិបតេយ្យ​ទូលំទូលាយ។

លោកស្រី Liz Throssell អ្នក​នាំ​ពាក្យ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ប្រចាំ​នៅ​ទីក្រុង​ហ្សឺណេវ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃសុក្រ​ថា៖ «‍មុន​នឹង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មក​ដល់ យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ និង​សេរី​ភាព​នៃ​សារព័ត៌មាន»។

សមាជិក​សភា​អាមេរិក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​រិះគន់​របស់​ខ្លួន​លើ​ការ​ចាត់​វិធានការ​នា​ពេល​ថ្មីៗ​នេះ ក្នុង​នោះ​លោក John McCain សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Alan Lowenthal និង​លោក Steve Chabot សមាជិក​រដ្ឋសភា​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា រិះគន់​នឹង​ការ​ចាត់​វិធានការ​នេះ។ ការ​រិះគន់​របស់​សមាជិក​សភា​ទាំង​នេះ បាន​ធ្វើ​ឡើង ក្រោយ​ពេល​ដែល​ក្រសួង​ការបរទេស​អាមេរិក​បាន​រិះគន់​លើ​ការ​ចាត់​វិធានការ​នេះ​កាលពី​ថ្ងៃពុធ ហើយ​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​«ដោយ​សម្ងាត់»។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ដែល​នៅ​តុ​ធ្វើ​ការ​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ព័ត៌មាន​លោក ខៀវ កាញ៉ារិទ្ធិ បាន​បកស្រាយ​ថា​ ការ​បង្ក្រាប​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​សប្តាហ៍​នេះ​មិនមែនជា​ការ​បិទ​ដំណើរការ​របស់​វិទ្យុ​អាស៊ី​សេរី​និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ VOA ទេ។

«រដ្ឋាភិបាល​អត់​បាន​បិទ​ទេ អាស៊ី​សេរី និង VOA ពីព្រោះ​សព្វ​ថ្ងៃ​នេះ អាស៊ី​សេរី និង​ VOA នៅ​តែ​ផ្សាយ​នៅ​ក្នុង​វិទ្យុ​ដែល​បាន​សុំ​ច្បាប់​ក្រសួង​រួចហើយ។ ទី២ នៅ​លើ​មេឃ (AM) អាស៊ី​សេរី​ ស្តាប់​កន្លែង​ណា​ក៏​ឭ​ដែរ។ ក្រសួង​អត់​មាន​ jam ទេ។ Free Asia គឺ shortwave អីចឹង​មិន​មាន​នរណា​បិទ​ទេ។ អីចឹង​សូម​មេត្តា​កុំ​ក្រឡាស់​ពាក្យ​ហ្នឹង។ ក្រសួង​អត់​មាន​បិទ​វិទ្យុ​ទាំង​អស់​នោះ​ទេ នៅ​ដំណើរការ​ធម្មតា។ ក្រសួង​មាន​វិធានការ​តែ​អ្នក​ដែល​រំលោភ​កិច្ច​សន្យា​បើក​ស្ថានីយ​ជាមួយ​ក្រសួង​ព័ត៌មាន​តែ​ប៉ុណ្ណឹង»។

កាសែតភ្នំពេញ​ប៉ុស្តិ៍​ ដែល​ជា​ប្រភព​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​បង្ក្រាប​ខាង​ពន្ធ​នេះ​ទេ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា នៅ​ត្រឹម​ចុង​សប្តាហ៍​ មាន​វិទ្យុ​សរុប​ចំនួន​១៥​នៅ​ទូទាំង​ប្រទេស​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​បង្ក្រាប​នេះ។ កាសែត​នេះ​ក៏​បាន​រាយការណ៍​ថា កម្មវិធី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ក៏​ត្រូវបញ្ឈប់​ការ​ផ្សាយ​តាម​ស្ថានីយ​វិទ្យុ​ដែល​ខ្លួន​ជួល​ម៉ោង ដោយ​កាសែត​នេះ​បាន​ដក​ស្រង់​សម្តី​របស់​ប្រធាន​វិទ្យុ​ VOD គឺ​លោក ប៉ា ងួនទៀង។

គេ​មិន​ប្រាកដ​ថា​តើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ​នឹង​មាន​ជំហាន​បន្ទាប់​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​អ្នក​រិះគន់​បាន​ព្រមាន​ថា ការ​មិន​អាច​ងាក​ទៅ​ស្ថានភាព​ធម្មតា​ដូច​មុន​ការ​បង្ក្រាប​នេះ​នឹង​ប៉ះពាល់​ដល់​ការ​យល់​ឃើញ​អំពី​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ដដែល​របស់​អង្គការ​ Human Rights Watch លោក Phil Robertson អនុប្រធាន​ប្រចាំ​ទ្វីប​អាស៊ី​នៃ​អង្គការ​ព្រមានថា៖ «អ្នក​ការ​ទូត​និង​ប្រទេស​អ្នក​ផ្តល់​ជំនួយ​គួរឲ្យ​លោក​ ហ៊ុន សែន ដឹង​ថា ប្រសិន​បើ​លោក​មិន​ធ្វើ​ឲ្យ​ត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​វិញ​ទេ ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​នឹង​មិន​ត្រូវ​ចាត់​ទុក​ជា​ការ​បាន​ទេ»។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ VOA កាល​ពី​ថ្ងៃ​សុក្រ​នេះ សមាជិក​សភា​អាមេរិក Alan Lowenthal បាន​យល់​ស្រប​ថា​ការ​ឆ្នោត​ឆ្នោត​ជាតិនៅ​ពេល​ខាង​មុខ​នឹង​រង​ផល​ប៉ះពាល់​ប្រសិន​បើ​កម្ពុជា​មិន​ផ្លាស់​ប្តូរ​និន្នាការ​នៃ​ការ​បង្ក្រាប​នេះ​ទេ។ លោក​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ចាត់​វិធានការ​ខ្លាំង​ជាង​មុន​ ហើយ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គិតគូរ​អំពី​ជំហាន​បន្ទាប់។

លោក Alan Lowenthal ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា យើង​ត្រូវ​ចាប់​ផ្តើម​គិត​គូរ​អំពី​រឿង​នេះ​និង​ចាប់​ផ្តើម​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ចំពោះ​ប្រទេស​កម្ពុជា»៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG