ក្នុងការជជែកដេញដោលនោះ បេក្ខជនទាំង១០នាក់ដែលកំពុងប្រជែងគ្នាដើម្បីទទួលបានការតែងតាំងរបស់គណបក្សប្រជាធិបតេយ្យ ជាបេក្ខជនតទល់ជាមួយលោកប្រធានាធិបតី ត្រាំ នៅឆ្នាំក្រោយនោះ បានប៉ះទង្គិចគ្នាលើរឿងមួយចំនួនដែលមានរួមបញ្ហាថែទាំសុខភាព អន្តោប្រវេសន៍ និង គោលនយោបាយការបរទេស។
នេះជាលើកទីមួយហើយ ដែលបេក្ខជនប្រធានាធិបតីទាំងអស់នៃគណបក្សប្រជាធិបតេយ្យស្ថិតនៅលើឆាកជាមួយគ្នាក្នុងការជជែកដេញដោល ដែលផ្សាយដោយស្ថានីយទូរទស្សន៍ ABC។ ពួកគេដេញដោលគ្នាភ្លាមៗដើម្បីកុំឲ្យខាតពេល។
អ្នកនាំមុខគេបច្ចុប្បន្ន គឺអតីតអនុប្រធានាធិបតី Joe Biden បានការពារផែនការរបស់លោកក្នុងពង្រីកកម្មវិធីថែទាំសុខភាព ហើយជំរុញឲ្យគូប្រជែងរបស់លោកខ្លះដែលប្រកាន់ជំហរសេរីនិយម ជជែកការពារផែនការរបស់ពួកគេ។
«តើអ្នកនឹងរកលុយពីណាមកចាយវាយក្នុងផែនការរបស់អ្នក? ខ្ញុំចង់ដឹងថាតើនឹងត្រូវធ្វើយ៉ាងណា»។
ការរិះគន់របស់លោក Biden គឺសំដៅទៅសមាជិកាព្រឹទ្ធសភា នៃរដ្ឋ Massachusetts គឺលោកស្រី Elizabeth Warren និងសមាជិកព្រឹទ្ធសភានៃរដ្ឋ Vermont គឺលោក Bernie Sanders ដែលគាំទ្រផែនការថែទាំសុខភាពមួយយ៉ាងធំទូលំទូលាយជាង ដែលរដ្ឋាភិបាលចាត់ចែង។
លោកស្រី Warren ឆ្លើយថា៖ «តើយើងនឹងរកលុយពីណាមក? យើងនឹងយកលុយពីពួកអ្នកមានបំផុត និង ពីក្រុមហ៊ុនធំៗបំផុត។ ពួកគេនឹងត្រូវបង់ពន្ធថែមទៀត»។
«ការសិក្សាស្រាវជ្រាវទាំងអស់កន្លងមក បង្ហាញថា «កម្មវិធីថែទាំសុខភាពមនុស្សចាស់ Medicare សម្រាប់មនុស្សទាំងអស់ ជាវិធានការណ៍មានប្រសិទ្ធិភាពជាទីបំផុត ដើម្បីផ្តល់សេវាសុខភាព ជូនបុរស ស្រ្តី និង កុមារគ្រប់រូប ក្នុងប្រទេសនេះ»។
បេក្ខជនឯទៀតនៅលើឆាកបានសម្តែងនូវការព្រួយបារម្ភថា គណបក្សប្រជាធិបតេយ្យរវល់តែទាស់ទែងគ្នាពេក ហើយមិនបានផ្តោតទៅលើការរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
សមាជិកាព្រឹទ្ធសភា Kamala Harris នៃរដ្ឋ California ថ្លែងថា៖ «ប៉ុន្តែយើងត្រូវផ្តោតទៅលើគោលដៅចំបង។ បើសិនជាយើងមិនបណ្តេញលោក ដូណាល់ ត្រាំ ចេញពីតំណែងទេ លោកនឹងលុបចោលផែនការថែទាំសុខភាពទាំងអស់»។
ក្នុងរឿងគោលនយោបាយការបរទេស បេក្ខជនមួយចំនួនរួមមានលោកស្រី Elizabeth Warren បានសន្យាថានឹងដកទ័ពស.រ.អា.ចេញពីប្រទេស អាហ្វហ្គានីស្ថាន បើសិនជាខ្លួនជាប់ឆ្នោតជាប្រធានាធិបតី។
លោកស្រី Warren ថ្លែងថា៖ «យើងមិនអាចសុំឲ្យកងយោធារបស់យើងបន្តដោះស្រាយបញ្ហាដែលមិនអាចដោះស្រាយបានតាមការប្រើកងកម្លាំងយោធានោះទេ។ យើងមិនអាចទម្លាក់គ្រាប់បែក ដើម្បីស្វែងរកដំណោះស្រាយនោះទេ»។
លោក Joe Biden ក៏មានទស្សនៈប្រហាក់ប្រហែលគ្នាដែរ ដោយលោកថ្លែងថា៖ «រឿងទាំងពីរមិនអាចដាក់បញ្ចូលគ្នាទេ។ ខ្ញុំសុំនិយាយម្តងទៀត។ យើងនឹងមិនដាក់រឿងទាំងពីរនោះបញ្ចូលគ្នាទេ»។
ការជជែកដេញដោលគ្នាកាលពីយប់ថ្ងៃព្រហស្សតិ៍នេះ មានពេលខ្លះមានសភាពតានតឹង។
មានការប៉ះទង្គិចគ្នាម្តងរវាងអភិបាលក្រុង South Bend រដ្ឋ Indiana គឺលោក Pete Buttigieg និងអតីតរដ្ឋមន្ត្រីក្រសួងផ្ទះសម្បែងនិងអភិវឌ្ឍទីក្រុង លោក Julian Castro លើសំណួរថាតើបេក្ខជនគណបក្សប្រជាធិបតេយ្យគួរឬមិនគួរវាយប្រហារគ្នាឯង។
លោក Julian Castro ថ្លែងថា៖ «រឿងនេះរំលឹកយើងទាំងអស់គ្នាអំពីអ្វីដែលពលរដ្ឋអាមេរិកាំង មិនអាចទ្រាំបាន ចំពោះរដ្ឋធានីវ៉ាស៊ីនតោន។ យកឈ្នះគ្នាទៅវិញទៅមក រិះគន់គ្នាទៅវិញទៅមក»។
លោក Julian Castro បានថ្លែងថា៖ «នេះជាអ្វីដែលគេហៅថាការបោះឆ្នោតជាបឋមនៃគណបក្សប្រជាធិបតេយ្យ។ គេហៅថា ការបោះឆ្នោត»។
បេក្ខជនទាំង១០នាក់ ដែលចូលរួមក្នុងការជជែកដេញដោលគ្នាកាលពីយប់ថ្ងៃព្រហស្សតិ៍របស់ស្ថានីយទូរទស្សន៍ ABC នឹងចូលរួមក្នុងការជជែកដេញដោលលើកក្រោយ នៅពាក់កណ្តាលខែតុលា ជាមួយនិងសកម្មជនការពារបរិដ្ឋាន ដែលមានលុយរាប់ពាន់លានដុល្លារ លោក Tom Steyer ផងដែរ៕
ប្រែសម្រួលដោយ ប៉ូច រាសី