ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​បាន​ដល់​ទី​បញ្ចប់


ពិធី​បិទ​ការ​ប្រកួត​កីឡាអូឡាំពិក ២០២០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី៨ ខែសីហា​ ឆ្នាំ២០២១។
ពិធី​បិទ​ការ​ប្រកួត​កីឡាអូឡាំពិក ២០២០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី៨ ខែសីហា​ ឆ្នាំ២០២១។

កីឡា​អូឡាំ​ពិក​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​បាន​ដល់​ទី​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ។

នៅ​ក្នុង​ពិធី​បិទ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ប្រធាន​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ (IOC)​ លោក Thomas Bachបាន​ប្រកាស​ការ​បិទ​បញ្ចប់​កីឡាអូឡាំពិក​នេះ។​ កីឡា​អូឡាំពិក​រដូវ​ក្តៅ​បន្ទាប់​នឹង​ធ្វើ​នៅ​ទីក្រុង​ប៉ារីស​ឆ្នាំ​២០២៤។

ដូច​ការ​ប្រកួត​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ដែរ ពិធី​បិទ​កីឡា​អូឡាំ​ពិក​នេះ​មិនអនុញ្ញាត​ឲ្យ​មាន​អ្នក​ចូលមើល​ផ្ទាល់​ទេ ដោយ​សារ​បារម្ភ​អំពី​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ១៩។ ភ្លើង​គប់​កីឡា​អូឡាំពិក​ត្រូវ​បាន​ពន្លត់ ស្រប​ពេល​ការ​បាញ់​កាំជ្រួច​ទៅ​លើ​ផ្ទៃ​មេឃ​ត្រូវ​បាន​ធ្វើ​ឡើង។

នៅ​ថ្ងៃ​បញ្ចប់​ការ​ប្រកួត​ ​ ក្រុម​កីឡាករ​សហ​រដ្ឋ​អាមេរិក​ដណ្តើម​បាន​មេដាយ​មាស​៣​បន្ថែម​ទៀត​ ដោយ​ធ្វើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​បាន​មេដាយ​មាស​សរុប​ទាំង​អស់​ចំនួន​៣៩ ចំណែក​ប្រទេស​ចិន​បាន​មេដាយ​មាស​សរុប​ចំនួន​៣៨។

បើ​សរុប​ទាំង​មេដាយ​មាស ប្រាក់​ សំរិទ្ធិ សហរដ្ឋ​អាមេរិក​ទទួល​បាន​ច្រើន​ជាង​ប្រទេស​ផ្សេងៗ​គឺ​ចំនួន​១១៣ ប្រទេស​ចិន​បាន​៨៨ ប្រទេស​រុស្ស៊ី​បាន​៧១ ចក្រភព​អង់គ្លេស​បាន​៦៥​ និង​ប្រទេស​ជប៉ុន​ដែល​ជា​ម្ចាស់​ផ្ទះ​បាន​ចំនួន​៥៨។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ភរិយា​បាន​ជួប​ជា​មួយ​កីឡាករ​អូឡាំពិក​អាមេរិក​តាម​អនឡាញ​កាល​ពី​យប់​ថ្ងៃ​សៅរ៍។ លោក​និយាយ​ថា «អ្នក​ទាំង​អស់​គ្នា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់»។

ក្រុម​កីឡាបាល់​បោះ​នារី​អាមេរិក​បាន​ឈ្នះ​មេដាយ​មាស​៧ដង​ជាប់ៗ​គ្នា​ ដោយ​ឈ្នះ​ក្រុម​កីឡាការិនី​បាល់​បោះ​ជប៉ុន​ពិន្ទុ​៩០​ទល់​នឹង​៧៥៕

XS
SM
MD
LG