ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ការប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូក្យូ បើក​នៅ​ថ្ងៃសុក្រ​នេះ


អត្តពលិក​កាយសម្ព័ន្ធ​មកពី​ប្រទេស​ហូឡង់ ហាត់សម​នៅឯ​មជ្ឈមណ្ឌល​កាយសម្ព័ន្ធ​ Ariake Gymnastics នៅ​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មុន​ការចាប់ផ្តើម​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូឆ្នាំ២០២០។

ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ក្រុង​តូក្យូបើក​នៅ​ថ្ងៃ​សុក្រ​ នៅពេលមាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ​ទូទាំង​សាកល​លោក។ ​

នៅ​ថ្ងៃ​សុក្រ​ ពួក​អ្នក​រៀបចំ​កីឡា​អូឡាំពិក​បាន​និយាយ​ថា ​មនុស្ស​១៩​នាក់ ​រួម​មាន​អត្តពលិក​៣​នាក់​ផង​ ជា​មនុស្ស​ចុងក្រោយ​បំផុត​ដែល​ទាក់ទិន​នឹង​កម្មវិធី​កីឡា​នេះ​ បាន​ធ្វើ​តេស្ត​មាន​វីរុស​កូរ៉ូណា។​

រហូត​មកទល់​ពេល​នេះ ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​ ១១០​នាក់​ដែល​ទាក់ទិន​នឹង​កម្មវិធី​កីឡា​អូឡាំពិក​ បាន​ធ្វើ​តេស្ត​មាន​ជំងឺ​កូវីដ១៩​ រួមមាន​អត្តពលិកយ៉ាង​តិច​ណាស់​ ១៣ ​នាក់។​

ពិធី​សម្ពោធ​កីឡា​អូឡាំពិក ​ហើយ​នឹង​ការ​ប្រកួត​កីឡា​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ទី​កន្លែង​ដែល​គ្មាន​មនុស្ស​ចូល ខណៈ​ទីក្រុង​តូក្យូ​ប្រឈម​នឹង​គ្រា​អាសន្ន​លើក​ទី ៤​ នៃ​ជំងឺ​កូវីដ១៩។​

នាង ​Naomi Osaka ​ជា​ជើងឯក​អត្តពលិក​ជប៉ុន​មាន​គម្រោង​លេង​កីឡា​តឺនីស​អូឡាំពិក​លើក​ដំបូង​របស់​នាង​នៅ​ថ្ងៃ​សៅរ៍​ស្អែក​ ​ ក៏ប៉ុន្តែ ​ការ​ប្រកួត​របស់​នាង​ឥឡូវ​នេះ ​ត្រូវ​បាន​លើក​ទៅ​ថ្ងៃ​អាទិត្យ​វិញ។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ «ទង់ជាតិ​ព្រះ​អាទិត្យ​រះ»របស់​ជប៉ុន​ បង្ក​ឱ្យមាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​នៅ​កម្មវិធី​កីឡា​អូឡាំពិក។​ ប្រទេស​ជប៉ុន​ចាត់​ទុកទង់​ជាតិ​«ព្រះអាទិត្យរះ»​របស់​ខ្លួន​ជាផ្នែក​មួយ​នៃ​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។ ​ប៉ុន្តែ​អ្នក​ខ្លះ​នៅ​ប្រទេស​កូរ៉េទាំងពីរ ​ចិន​ និង​ប្រទេស​អាស៊ី​ផ្សេង​ទៀត​និយាយ​ថា ​ទង់ជាតិ​នេះ ​គឺ​ជា​ការ​រំឭកអំពី​អំពើ​ឃោរឃៅ​របស់​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម ហើយ​អាច​ប្រៀបធៀប​ទៅ​នឹង​ទង់ ​Nazi របស់​អ៊ីត្លែរ។ ​នេះ​បើតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន AP។ ​

ប្រទេស​ជិតខាងរបស់ប្រទេស​ជប៉ុន​ខ្លះ ​បាន​អំពាវនាវ​មិនឲ្យ​ប្រើ​ទង់​នេះ​ក្នុង​កម្មវិធី​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ៕

សេចក្តី​រាយ​ការណ៍​នេះ​ មានការដកស្រង់​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP​ ពីទីក្រុងតូក្យូ

XS
SM
MD
LG