ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដាយ​មាស​ហួស​ពី​ក្តីសុបិន​របស់​គ្រួសារ​កីឡាការិនី​អាមេរិកាំង​ដើម​កំណើត​ Hmong​


កញ្ញា Sunisa Lee ថតរូបបន្ទាប់ពីប្រកួតឈ្នះបានមេដាយមាស ក្នុងការ​ប្រកួតកីឡាអូឡាំពិកខាងកីឡាកាយសម្ព័ន្ធគ្រប់វិញ្ញាសារ នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១។
កញ្ញា Sunisa Lee ថតរូបបន្ទាប់ពីប្រកួតឈ្នះបានមេដាយមាស ក្នុងការ​ប្រកួតកីឡាអូឡាំពិកខាងកីឡាកាយសម្ព័ន្ធគ្រប់វិញ្ញាសារ នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១។

កីឡាការិនី​ដែល​រក្សា​មេដាយ​មាស​ផ្នែក​កីឡាកាយ​សម្ព័ន្ធ​នៅ​កីឡាអូឡាំពិក​ក្រុង​តូក្យូ​នៅឆ្នាំ​នេះ​ នាង​ Sunisa Lee​ គឺ​ជាក្មេង​មិន​ចេះ​អួត​ខ្លួន​ឯង​ទេ។​ នេះបើ​តាម​អ្នកស្រី​ Yeng Thao ​ម្តាយ​របស់​នាង​ប្រាប់​វីអូអេ​ភាសាលាវ។​

លោកស្រី​បាន​ឲ្យដឹង​ទៀត​ថា​ ដំបូង​ឡើយ​នាង​ត្រូវ​ឪពុក​ម្តាយ​បញ្ជូន​ឲ្យ​ទៅ​ហាត់កីឡា​ ដើម្បី​ជា​ការ​លត់ដំ​ខាងវិន័យ​ ហើយ​អាច​ជួយ​ឲ្យ​នាង​ទទួល​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​តែ​ប៉ុណ្ណោះ​គឺ ​មិន​បាន​នឹក​ស្រមៃ​ថា​នឹង​ក្លាយ​ជាជ័យលាភី​បាន​មេដាយ​អ្វី​ពី​កីឡា​អូឡាំពិក​នោះ​ទេ​ កុំថា​ ឡើយ​ដល់​ទៅ​មេដាយមាស​នោះ។​

«ដូច្នេះ​ខ្ញុំ​មាន​មោទនភាព​ណាស់​អំពី​កូន​ស្រី​របស់​ខ្ញុំ។​ នាង​មិន​ចេះ​អួតខ្លួន​ច្រើន​ទេ។​ នាង​មិន​មែន​ជាអ្នក​និយាយ​ច្រើន​ទេ។​ នាង​ជានារី​សុភាព​រាបសារ​ណាស់​ចា៎»។​

អ្នកស្រី​ថ្លែង​ដោយ​យោង​ដល់​មោទនភាព​និង​ការអបអរ​ពី​សហគមន៍​រដ្ឋ​ Minnesota​ ដែល​អ្នក​ស្រីថា​នឹង​មាន​ការ​ដង្ហែ​នាង​ពី​អាកាស​យានដ្ឋាន​ពេល​នាង​មក​ផ្ទះវិញ។​

កើត​នៅថ្ងៃទី ៩ ​មីនា ​ឆ្នាំ​ ២០០៣​ នៅរដ្ឋ​ Minnesota​ នាង ​Sunisa Lee​ ជាកូន​គ្រួសារ​ជនភៀស​ខ្លួន​ពី​ប្រទេស​លាវ​ ពេល​ម្តាយ​របស់​នាង​នៅ​ជា​កុមារី​នៅ​ឡើយ។​

អ្នកស្រី​ Yeng Thao​ ប្រាប់​វីអូអេ​ថា កូនស្រី​របស់​គាត់​ចូល​ចិត្ត​លេង​លោតហក់​ប្លែកៗ ដែល​នាំ​ឲ្យ​អ្នកស្រី​យល់ថា​នាង​ចូល​ចិត្តកីឡា។ ​អ្នកស្រី​សម្រេច​ចិត្ត​បញ្ចូន​នាង​ទៅ​ហាត់​កីឡា​ ដើម្បី​បំពេញ​ចំណង់​នាង​ផង​និង​ដើម្បី​ឲ្យ​បាន​រៀនពី​វិន័យ​កីឡាផង​ ដើម្បី​ក្លាយ​ជា​មនុស្ស​ល្អ​ឡើង។​

«អ្នក​ដឹង​ទេ​ពេលកូន​ធំ​ឡើង យើង​តែងតែ​មិន​ចង់​ឱ្យ​កូនៗ​របស់​យើង​ដើរ​ផ្លូវខុស​ដូច្នោះ​ ឬ​ធ្វើជា​មនុស្ស​អាក្រក់ ដូច្នេះ​យើង​តែងតែ​ចង់ឱ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​ល្អ។​ ដូច្នេះ​យើង​តែងតែ​ចង់​ស្វែងរក​អ្វី​មួយ​ ដើម្បី​ឱ្យ​ពួកគេ​ធ្វើ​ដូច្នេះ​ពួកគេ​អាច​មាន​វិន័យ​ ដើម្បី​ក្លាយ​ជា​មនុស្ស​ល្អ​ម្នាក់»។​

នាង ​Sunisa Lee ​មក​ពី​ទីក្រុង​ Little Canada ​រដ្ឋ​ Minnesota​ ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ Hmong ​ទី​ ១ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​ក្នុង​ក្រុម​កីឡា​អូឡាំពិក​ពី​សហ​រដ្ឋ​អាមេរិក​ខាង​កាយ​សម្ព័ន្ធ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ​២៩ ខែ​កក្កដា​ នាង​បាន​រក្សាកេរ្តិ៍​ឈ្មោះ​ជ័យលាភី​មេដាយមាស​ ដែល​សហ​រដ្ឋ​អាមេរិក​ទទួល​បាន​តាំងពីឆ្នាំ​ ២០០៤ ​ដោយ​កីឡាការិនី​ ដូចជា​នាង​ Carly ​ នាង Nastia នាង Gabby និងនាង​ Simone។ ​ជ័យជម្នះ​របស់​នាង​កើត​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​រយៈពេល​បី​ថ្ងៃ​ ក្រោយពី​កីឡាការិនី​ខាងកាយ​សម្ព័ន្ធ​ដ៏​ល្បី​ឈ្មោះ​គឺ​នាង ​Simone Biles ​បាន​សម្រេច​ចិត្ត​ចាក​ចេញពី​ការ​ប្រកួត​ ដោយសារ​នាង​មាន​ស្មារតី​និង​អារម្មណ៍​មិន​ល្អ។​

នៅ​ពេល​នេះ​នាង​ Sunisa ​ ​អាយុ​ ១៨​ ឆ្នាំ​ បាន​ធ្វើ​ឲ្យ​សហ​រដ្ឋអាមេរិក​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ជា​ប្រវត្តិសាស្ត្រ ​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩។​

កាលពី​ឆ្នាំ​ ២០១៩​ នាង ​Sunisa បាន​ខិតខំប្រឹង​ប្រែង​ហាត់​និង​ប្រកួត​រហូត​បាន​ក្លាយ​ទៅ​ជាកីឡាការិនីដ៏​ឆ្នើម​លំដាប់​ទី ២​ ខាង​កាយ​សម្ព័ន្ធ​នៅ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​នាង Simone។​

ក្នុង​ការ​ប្រកួត​កីឡាអូឡាំពិក​វិញ្ញាសា​កាយ​សម្ព័ន្ធ​នេះ​ នាង Rebecca Andrade ​មក​ពី​ប្រទេស​ប្រេស៊ីល​បាន​ទទួល​មេដាយ​ប្រាក់​ដែល​ជា​លំដាប់​ទី ២ ​ហើយ​នាង​ Angelina Melnikova ​មក​ពី​ប្រទេស​រុស្ស៊ី​បាន​ទទួល​មេដាយ​សំរិទ្ធ​ដែល​ជា​លំដាប់​ទី ៣។​

គេ​បាន​រំពឹង​ថា​ ការ​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ​នឹង​មាន​លទ្ធផល​ដែល​មិន​អាច​គិត​ស្មាន​ទុក​ជា​មុន​ សូម្បីតែ​ Sunisa Lee​ ខ្លួនឯង​ក៏​មិន​រំពឹង​ថា​ នាង​អាច​ឈ្នះ​បាន​ជើង​ឯក​ស្ត្រី​ខាង​កីឡា​កាយ​សម្ព័ន្ធ​នេះ​ដែរ។​

នាង ​Sunisa Lee ​បាន​និយាយ​ថា​ នៅពេល​ទៅ​ប្រកួត​នោះ​នាង​មិនដែល​បាន​គិត​ថា​ នាង​អាច​ប្រកួត​បាន​មេដាយមាស​ទេ។​ នាងគិត​ថា​អាច​យក​បាន​ត្រឹម​តែ​មេដាយ​ប្រាក់​ប៉ុណ្ណោះ។​

នាង ​Sunisa Lee ​នឹង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ Auburn ​នៅ​ខែ​សីហា​នេះ៕

XS
SM
MD
LG