កាលពីម៉ោង១១ យប់ជិតរំលងអាធ្រាតថ្ងៃសុក្រកន្លងទៅ លោក Jerry Windle អាយុ ៥៥ឆ្នាំ បានទន្ទឹងមើលកូនប្រុសរបស់លោកគឺលោក Jordan Pisey Windle នៅលើកញ្ចក់ទូរទស្សន៍នៅក្នុងគេហដ្ឋានរបស់លោក នៅរដ្ឋកាលីហ្វ័រញ៉ា។
«ខ្ញុំពិតជារំភើបដែលបានឃើញក្តីស្រមៃរបស់ Jordan ក្លាយជាការពិត ហើយដែលគាត់បានប្រកួតក្នុងកីឡាអូឡាំពិក។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានមើលកូនខ្ញុំប្រកួត»។
លោក Jerry Windle បានថ្លែងប្រាប់ VOA ដូច្នេះ បន្ទាប់ពីកូនរបស់លោកគឺ Jordan បានប្រកួតកីឡាអូឡាំពិកនៅតូក្យូ ក្នុងវិញ្ញាសាលោតទឹកផ្នែកបុរសកម្ពស់ ១០ ម៉ែត្រវគ្គដំបូង ដោយបានពិន្ទុសរុប ៣៩០.០៥ ដោយធ្វើឲ្យលោកជាប់លំដាប់ថ្នាក់លេខ ១៥ ក្នុងចំណោមកីឡាករ ១៨នាក់ ដែលអាចប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
លោក Jerry ដែលជាឪពុកចិញ្ចឹមបានបន្ថែមទៀតថា ការបានឃើញកូនប្រុសរបស់លោកបានជាប់ទៅបន្តប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយអាចនឹងចូលប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រយកមេដាយ បើសិនជាទទួលបានពិន្ទុកាន់ល្អប្រសើរ គឺជាការតស៊ូប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរយៈពេលជាង ១៥ឆ្នាំកន្លងមករបស់លោក Jordan។
លោកថា ការប្រឹងប្រែងរហូតបានប្រកួតក្នុងកីឡាអូឡាំពិក ក្នុងនាមជាកីឡាករលំដាប់ថ្នាក់អន្តរជាតិមួយរូបរបស់ Jordan គឺមិនត្រឹមតែដើម្បីក្តីស្រមៃរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងដើម្បីកុមារដទៃទៀត។
លោក Jerry Windla បានថ្លែងប្រាប់ VOA ថា៖ «ក្នុងនាមជាអត្តពលិកអូឡាំពិក គោលដៅសំខាន់របស់ Jordan គឺតំណាងឲ្យសំឡេងរបស់កុមារ មិនត្រឹមតែកុមារនៅសហរដ្ឋអាមេរិកទេ ថែមទាំងកុមារនៅប្រទេសកម្ពុជា។ ហើយគាត់ចង់ធ្វើកិច្ចការនានាដើម្បីជំរុញឲ្យមានភាពផ្លាស់ប្តូរក្នុងជីវិតរបស់អ្នកដទៃ។ គាត់ចង់ធ្វើសកម្មភាពដែលគាត់អាចជួយដល់អ្នកដទៃបាន»។
លោក Jordan Pisey Windle អាយុ ២២ ឆ្នាំ គឺជាអត្តពលិកអូឡាំពិកលោតទឹកអាមេរិកាំងដើមកំណើតខ្មែរ ដែលបានតំណាងឲ្យក្រុមកីឡាករអាមេរិកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើងថ្ងៃសៅរ៍ ទី ៧ ខែសីហា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ហើយសម្រាប់លោក Jerry Windle ដែលជាឪពុកចិញ្ចឹម ការឈ្នះបានមេដាយ ឬមិនបានមេដាយ មិនមែនជាគោលដៅចុងក្រោយរបស់កូនប្រុសរបស់លោកនោះទេ។ លោកបានលើកឡើងថា អនាគតរបស់លោក Jordan Pisey Windle គឺវែងឆ្ងាយ ហើយនឹងអាចឈានដល់ការបង្កើតឱកាសថ្មីដើម្បីជះ «ឥទ្ធិពលវិជ្ជមាន» ដល់អ្នកដទៃទៀត ជាពិសេសកុមារនិងពលរដ្ឋនៅប្រទេសកម្ពុជា។
លោក Jerry បានប្រាប់ VOA ថា៖ «ដូច្នេះ គាត់ចង់ជួយអ្នកដទៃហើយសម្រាប់ខ្ញុំ នេះគឺជាតម្លៃស្មារតីកីឡាអូឡាំពិក។ វាជាឱកាសដែលពិភពលោករួបរួមគ្នា ដើម្បីជួយគ្នាទៅវិញទៅមកក្នុងស្មារតីកីឡា។ ហើយ Jordan គាត់ចង់ប្រើឱកាសនេះដើម្បីក្លាយជាអ្នកដែលនាំមកនូវឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់អ្នកដទៃ។ ហើយការគិតបែបនេះរបស់គាត់ ពិតជាធ្វើឲ្យខ្ញុំមានមោទនភាពខ្លាំងជាទីបំផុត»។
បច្ចុប្បន្ននេះ ឪពុកនិងកូនទាំងពីរនាក់នេះ កំពុងខិតខំធ្វើកិច្ចការថ្មីមួយ ដើម្បីធ្វើឲ្យក្តីស្រមៃមួយទៀតរបស់លោក Jordan ក្លាយជាការពិត។ ក្តីស្រមៃនោះ គឺការបង្កើតជាមូលនិធិមួយ ដែលអាចឲ្យកីឡាករលំដាប់ថ្នាក់អន្តរជាតិនិងអត្តពលិកអូឡាំពិកអាមេរកាំងដើមកំណើតខ្មែររូបនេះ ផ្តល់ឱកាសល្អៗដល់កុមារនិងក្មេងៗ ដែលខ្វះខាតទាំងនៅសហរដ្ឋអាមេរិក និងជាពិសេសនៅប្រទេសកម្ពុជា។
លោក Jerry Windle បានថ្លែងថា៖ «ហើយគាត់ចង់បង្កើតមូលនិធិមួយ ដើម្បីប្រើសំឡេងរបស់គាត់ក្នុងនាមជាអត្តិពលិកលំដាប់ថ្នាក់ពិភពលោកនិងជាអត្តពលិកអូឡាំពិក ដើម្បីជួយក្មេងៗនៅប្រទេសកម្ពុជា និងនៅសហរដ្ឋអាមេរិក ជាពិសេសក្មេងៗដែលមិនមានលទ្ធភាព ឬមិនមានឱកាសឈោងចាប់យកក្តីស្រមៃរបស់ខ្លួន»។
កាលពីខែមិថុនា ឆ្នាំ ២០០០ ក្រោយពីបានទទួលព័ត៌មានអំពីការដាក់ពាក្យសុំកុមារពីប្រទេសកម្ពុជាមកចិញ្ចឹម តាមរយៈទស្សនាវដ្តីមួយនៅការិយាល័យរបស់លោក លោក Jerry Windle បានសម្រេចចិត្តទទួលយក Jordan Pisey Windle មកចិញ្ចឹមនៅទីក្រុង Fort Lauderdale រដ្ឋ Florida សហរដ្ឋអាមេរិក។ នៅពេលនោះ លោក Jordan ដែលត្រូវបានដាក់ឈ្មោះថា ពិសី គឺជាកុមារកំព្រាម្នាក់នៅខេត្តព្រះសីហនុ ដែលត្រូវបានទទួលយកទៅថែទាំដោយមណ្ឌលក្មេងកំព្រាមួយកន្លែង នៅខណ្ឌចោមចៅ រាជធានីភ្នំពេញ។ កាលនោះ លោក Jordan មានអាយុត្រឹមតែជិត ២ ឆ្នាំប៉ុណ្ណោះ។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីឆ្នាំ ២០១៦ លោក Jerry Windle បានឲ្យដឹងថា លោក Jordan មានទេពកោសល្យលោតទឹកតាំងពីនៅតូច។ ក្រោយពីបានរកឃើញទេពកោសល្យរបស់ខ្លួនមក លោក Jordan បានទទួលការបង្ហាត់បង្រៀនជាបន្តបន្ទាប់ពីគ្រូបង្វឹកលំដាប់ថ្នាក់ជាតិ និងដ៏មានជំនាញជាច្រើននាក់របស់សហរដ្ឋអាមេរិក ដូចជាគ្រូបង្វឹកលោក Tim O'Brien លោក Evan Linette លោក Sean McCarthy និងលោក Greg Louganis។
បច្ចុប្បន្ននេះ លោក Jordan Windle ជាកីឡាករលោកទឹកថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក និងជាកីឡាករម្នាក់ក្នុងក្រុមកីឡាករលោតទឹក Texas Longhorns ប្រចាំសាកលវិទ្យាល័យ Texas ក្នុងក្រុង Austin ជាវិទ្យាស្ថានអប់រំដែលលោកកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
ចាប់តាំងពីបានចូលរួមប្រកួតកីឡាលោតទឹកក្នុងរយៈពេលជាង ១២ ឆ្នាំមកនេះ លោក Jordan Pisey Windle បានឈ្នះពានរង្វាន់ថ្នាក់ជាតិ ៧លើក សម្រាប់វិញ្ញាសាកីឡាលោតទឹកវ័យជំទង់ និង ៦លើកសម្រាប់វិញ្ញាសាកីឡាលោតទឹកវ័យក្មេង នៅសហរដ្ឋអាមេរិក។ តែតាំងពីចាប់យកអាជីពជាកីឡាករលោតទឹកមក ក្តីស្រមៃដ៏ធំបំផុតមួយរបស់លោក Jordan គឺក្លាយជាអត្តពលិកអូឡាំពិក ហើយក្តីស្រមៃមួយនេះ បានក្លាយជាការពិតរួចហើយនៅដើមខែសីហា ឆ្នាំ ២០២១នេះ។
ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លោក Jerry Windle ដែលជាឪពុកដ៏គំរូមួយរូប បានទន្ទឹងចាំមើលកូនប្រុសអាមេរកាំងដើមកំណើតខ្មែររបស់លោក លោតទឹកប្រកួតសម្រេចក្តីស្រមៃរបស់ខ្លួនជាថ្មីម្តងទៀត។ ហើយរាល់ការប្រកួត មិនថាលោក Jordan ឈ្នះបានពានរង្វាន់ ឬមិនបានពានរង្វាន់ លោក Jerry Windle តែងតែមានមោទនភាព និងស្រឡាញ់កូនប្រុសសម្បុរស្រអែម មាឌមាំពោរពេញដោយស្នាមញញឹមស្រស់ម្នាក់នេះជានិច្ច៕