ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដើម្បី​ទប់ទល់​នឹង​ចិន អូតង់​និង​ដៃគូ​អាស៊ី​កាន់​តែ​ជិតស្និទ្ធ​ក្រោម​ការដឹកនាំ​របស់​អាមេរិក


អ្នកចូល​រួមកិច្ចប្រជុំ​កំពូល NATO ដើរ​ចេញ​ពី​មជ្ឈមណ្ឌល​សន្និបាត Walter E. Washington នៅទីក្រុង Washington
​កាលពីថ្ងៃអង្គារ​ទី៩ កក្កដា ឆ្នាំ២០២៤។ (AP Photo/Noah Berger)
អ្នកចូល​រួមកិច្ចប្រជុំ​កំពូល NATO ដើរ​ចេញ​ពី​មជ្ឈមណ្ឌល​សន្និបាត Walter E. Washington នៅទីក្រុង Washington ​កាលពីថ្ងៃអង្គារ​ទី៩ កក្កដា ឆ្នាំ២០២៤។ (AP Photo/Noah Berger)

នៅ​ឆ្នាំ​ទី៣​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន អូតង់​គ្រោង​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ចំនួន៤​របស់​ខ្លួន​ឱ្យ​កាន់​តែ​ស៊ីជម្រៅ ដែល​បើទោះជា​មិនមែន​ជាផ្នែក​នៃ​សម្ព័ន្ធ​មិត្ត​យោធា​ក៏ដោយ ក៏​កំពុង​កាន់​តែ​លេចធ្លោ ខណៈ​រុស្ស៊ី​និង​ចិន​មាន​ទំនាក់​ទំនង​កាន់​តែ​ជិតស្និត​ដើម្បី​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ហើយ​ប្រទេស​កូរ៉េ​ទាំងពីរ​គាំទ្រ​ភាគី​ជម្លោះ​ផ្ទុយ​គ្នា​នៅ​អឺរ៉ុប។ នេះ​បើយោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​ AP។

មេដឹកនាំ​នូវែលសេឡង់​ ជប៉ុន និង​កូរ៉េខាងត្បូង​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អូតង់​ក្នុង​ឆ្នាំទី៣​ជាប់ៗ​គ្នា ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ ទី៩ ខែកក្កដា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដែល​អូស្ត្រាលី​នឹង​បញ្ជូន​ឧបនាយករដ្ឋមន្ត្រី​របស់​ខ្លួន​ទៅចូលរួម។ ចិន​នឹង​តាមដាន​កិច្ចប្រជុំ​កំពូល​នេះ​យ៉ាងដិតដល់ ដោយ​បារម្ភ​ថា​ ក្រុមសម្ព័ន្ធមិត្ត​នេះ​បង្កើន​ចំណាប់​អារម្មណ៍​លើស​ពី​តំបន់​អឺរ៉ុប​និង​តំបន់​លោកខាងលិច។

លោក Antony Blinken រដ្ឋមន្ត្រី​ការបទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែងកាលពី​សប្តាហ៍​មុន​នៅ​ឯ​វិទ្យាស្ថាន Brookings ថា៖«ប្រទេស​ជា​ដៃគូ​នានា​នៅ​អឺរ៉ុប​មើល​ឃើញ​បញ្ហា​ប្រឈម​កាន់​តែច្រើន​ឡើង​នៅ​អាស៊ី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ពួកគេ ដូចទៅ​នឹង​ប្រទេស​ជា​ដៃគូ​នៅ​អាស៊ី​ផងដែរ​ដែល​មើលឃើញ​បញ្ហា​ប្រឈម​នៅ​អឺរ៉ុប​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ពួកគេផង​ដែរ»។​

មន្ត្រី​ការទូត​កំពូល​របស់​អាមេរិក​រូបនេះ​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​ធ្វើការ​ដើម្បី​បំបែក​របាំង​រវាង​សម្ពន្ធមិត្ត​អឺរ៉ុប ក្រុម​ចម្រុះ​អាស៊ី​និង​ដៃគូ​ដទៃ​ទៀត​នៅ​ទូទាំង​ពិភពលោក។ លោក​បាន​ថ្លែង​ថា៖ «នោះ​ជា​ផ្នែក​នៃ​ទស្សនីយភាព​ថ្មី ធរណីមាត្រ​ថ្មី​ដែល​យើង​ដាក់ចេញ»។

បណ្តា​ប្រទេស​នានា​ដែល​មាន​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​រួម​កំពុង​ពង្រឹង​ទំនាក់​ទំនង​ជាមួយគ្នា​ ខណៈ​មាន​ការ​ប្រកួតប្រជែង​កាន់​តែ​ខ្លាំង​ឡើង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​ទប់​មហិច្ឆតា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ប្រជែង​នឹង​សណ្តាប់​ធ្នាប់​ពិភពលោក​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ ដែល​រដ្ឋាភិបាល​ចិន​ច្រានចោល​ថា​ជា​ផ្នត់គំនិត​ពី​សម័យ​សង្គ្រាម​ត្រជាក់​មាន​គោលបំណង​ទប់ស្កាត់​ការ​កើនឡើង​ដែល​មិន​អាច​ជៀស​បាន​របស់​ចិន។

កាលពី​ថ្ងៃចន្ទ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ឆ្លើយតប​យ៉ាង​ខឹងសម្បា​ទៅកាន់​របាយការណ៍​ដែល​មិនត្រូវបាន​បញ្ជាក់​ថា អូតង់​និង​ដៃគូ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំង​៤​របស់​ខ្លួន​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ចេញ​ឯកសារ​មួយ​បង្ហាញ​ពី​ទំនាក់ទំនង​និង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ឆ្លើយតប​រួមគ្នា​ទៅនឹង​ការ​គំរាមកំហែង​នានា​ពី​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​និង​ព័ត៌មាន​មិនពិត។

លោក Lin Jian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ចោទ​ប្រកាន់​អង្គការ​អូតង់​ ថា «បំពាន​ព្រំដែន ពង្រីក​អាណត្តិ​ និងឈាន​ហួស​តំបន់ការពារ​របស់​ខ្លួន​ហើយ​អុចអាល​ឱ្យមាន​ការប្រឈម​ដាក់គ្នា»។

សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​ធ្វើ​ឱ្យ​ប្រទេស​លោក​ខាងលិច​ប្រឆាំង​នឹង​រុស្ស៊ី​និង​សម្ព័ន្ធមិត្ត​នោះ បាន​ជំរុញ​ឱ្យមាន​ការ​ជជែក​វែកញែក​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​កាន់​តែជិតស្និត​រវាង​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​សម្ព័ន្ធមិត្ត​អាស៊ី​របស់​ខ្លួន។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ប្រាប់​សភា​សហរដ្ឋ​អាមេរិក​កាលពី​ខែមេសា​ថា៖ «អ៊ុយក្រែន​សព្វថ្ងៃនេះ​អាច​ជា​អាស៊ី​ខាងកើត​នៅថ្ងៃស្អែក»។

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ថា បាន​ផ្គត់ផ្គង់​រុស្ស៊ី​នូវ​គ្រឿង​ផ្ទុះ ខណៈ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ធ្វើ​ដំណើរ​ទៅកាន់​កូរ៉េ​ខាងជើង​កាលពី​ខែមុន និង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ដែល​ចង់​បាន​ជំនួយ​យោធា​រួម។​

ស្របពេលជាមួយ​គ្នា​នេះ កូរ៉េខាងត្បូង​និង​ជប៉ុន​កំពុង​បញ្ជូន​គ្រឿង​ផ្គត់ផ្គង់​យោធា​និង​ជំនួយ​ទៅ​កាន់​អ៊ុយក្រែន។ សហរដ្ឋ​អាមេរិក​ក៏​បាន​ថ្លែង​ដែរ​ថា​ ចិន​កំពុង​ផ្តល់​ឱ្យ​រុស្ស៊ី​នូវ​ឧបករណ៍​ម៉ាស៊ីន​នានា គ្រឿង​មីក្រូ​អេឡិចត្រូនិច និង​បច្ចេកវិទ្យា​ផ្សេងៗ​ដែល​អនុញ្ញាត​ឱ្យ​ខ្លួន​អាច​ផលិត​ជា​អាវុធ​ដើម្បី​ប្រើប្រាស់​ប្រឆាំង​នឹង​អ៊ុយក្រែន។

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol នឹង​នាំមក​អាមេរិក​នូវ​ «សារ​ដ៏​រឹងមាំ​មួយ​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​រុស្ស៊ី​និង​កូរ៉េខាងជើង និង​ពិភាក្សា​ពី​វិធី​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោម​សម្ពន្ធមិត្ត​អូតង់​និង​ដៃគូ​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។ នេះ​បើ​យោង​តាមទីប្រឹក្សា​រង​ទី​១សន្តិសុខជាតិ​លោក Kim Tae-hyo ដែល​បានថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃសុក្រ។​

កិច្ចប្រជុំ​កំពូល​អូតង់​នឹង​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិក​និង​ក្រុមសម្ពន្ធមិត្ត​អឺរ៉ុប​និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កាន់​តែ​ប្រឆាំង​នឹង​ចិន រុស្ស៊ី កូរ៉េខាងជើង​និង​អ៊ីរ៉ង់។ នេះ​បើ​យោងតាម​លោក Luis Simon នាយក​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ​ការទូត​និង​យុទ្ធសាស្ត្រ​នៅ​ឯ​សាកលវិទ្យាល័យ Vrije Universiteit Brussel។

លោក Zhu Feng ព្រឹទ្ធបុរស​នៃ​សាលា​សិក្សា​អន្តរជាតិ​នៅ​ឯ​សាកលវិទ្យាល័យ​ Nanjing នៅ​ភាគខាងកើត​ប្រទេស​ចិន​បាន​ថ្លែង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្រួយបារម្ភ​ចំពោះ​ដំណើរ​ងាក​ទៅ​រក​ទ្វីប​អាស៊ី​របស់​អូតង់។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទទូច​ថា​ អូតង់​មិន​លូកដៃ​ក្នុង​កិច្ចការ​សន្តិសុខ​នៅតំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ហើយ​ថា អូតង់​គួរ​ផ្លាស់ប្តូរ​ទស្សនៈ​ដែល​ចាត់​ទុកចិន​ជា​សត្រូវ​យុទ្ធសាស្ត្រ​នោះ។​

អូតង់​និង​ចិន​ពី​មុន​មាន​ជម្លោះ​តិចតួច​ប៉ុណ្ណោះ រហូត​ដល់​ពេល​ភាព​តានតឹង​កើនឡើង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ឆ្នាំ២០១៩ ឆ្នាំ​តែ​មួយ​ដែល​កិច្ចប្រជុំ​កំពូល​អូតង់​នៅ​ទីក្រុង​ឡុងដ៍​បាន​លើក​ឡើង​ថា ចិន​ជា​«បញ្ហា​ប្រឈម»​មួយ​ដែល​ «យើង​ត្រូវ​ដោះស្រាយ​រួម​គ្នា​ក្នុង​នាម​ជា​សម្ពន្ធភាព​មួយ»។ ២​ឆ្នាំ​ក្រោយ​មក អូតង់​បាន​ចាត់ទុក​ចិន​ជា «បញ្ហា​ប្រឈម​ជា​ប្រព័ន្ធ» មួយ ហើយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង «កំពុង​មាន​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី»។

បន្ទាប់​ពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​នៅ​ឆ្នាំ២០២២ មេដឹកនាំ​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី​និង​នូវែលសេឡង់ បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អូតង់​ជា​លើកដំបូង ទីដែល​សេចក្តី​ថ្លែងការណ៍​បាន​កត់​សម្គាល់​ពី​បញ្ហា​ប្រឈម​ផ្នែក​ភូមិសាស្ត្រ​នយោបាយបង្ក​ឡើង​ដោយ​ចិន។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចោទប្រកាន់​អូតង់​ថា​បាន «ធ្វើកិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដើម្បី​ព្រួតគ្នា​គាប​សង្កត់ចិន»។

បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​បង្កើត​ក្រុមសម្ពន្ធមិត្ត​មាន​ទម្រង់​ដូច​អូតង់​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក៕

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG