ស្របពេលដែលកម្ពុជាសម្រេចមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីសនាពេលខាងមុខនេះ អ្នកវិភាគភូមិសាស្ត្រនយោបាយលើកឡើងថា ជំហរកម្ពុជាហាក់ផ្ទុយពីជំហរកន្លងមកដែលតែងតែថ្កោលទោសរុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន។
អតីតនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លើកឡើងថា កម្ពុជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពសកលស្តីពីអ៊ុយក្រែន ដែលនឹងធ្វើឡើងនៅប្រទេសស្វីសនាពេលខាងមុខទេ។ ប៉ុន្តែការសម្រេចចិត្តរបស់កម្ពុជានេះត្រូវបានប្រទេសលោកខាងលិចមើលឃើញថា ស្របនឹងជំហររបស់ចិន ពីព្រោះចិនអះអាងថាមិនមានការចូលរួមពីភាគីរុស្ស៊ីនៅក្នុងសន្និសីទសន្តិភាពពិភពលោកមួយនេះ។
ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះធ្វើឡើងកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៤ ក្រោយមានការចុះផ្សាយរបស់សារព័ត៌មាន Fulcrum ដែលបានបង្ហាញពីចំនួនប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ណាខ្លះនឹងចូលរួមក្នុងសន្និសីទមួយនេះ។
លោក ហ៊ុន សែន បានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកថា ការដែលកម្ពុជាសម្រេចចិត្តមិនចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពសកលស្តីពីអ៊ុយក្រែន គឺដោយសារតែកម្ពុជាមើលឃើញថា «មិនទទួលបានជោគជ័យ»ឡើយ ដោយសារតែមិនមានវត្តមានរស្ស៊ីចូលរួម ស្របពេលដែលចិនជាប្រទេសសម្ព័ន្ធមិត្តប្រកាសថា មិនចូលរួមសន្និសីទនោះ ក្រោមហេតុផលដូចកម្ពុជា។ លោក ហ៊ុន សែន បញ្ជាក់ថា លោកក៏បានប្រាប់ទៅប្រធានសភាអ៊ុយក្រែនលោក Ruslan Stefanchuk ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួមកិច្ចប្រជុំមួយនេះ។
លោក ហ៊ុន សែនថា៖ «ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទ ពេលសន្និសីទ និងក្រោយសន្និសីទ រុស្ស៊ីនឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ ២ មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃ ៤ មិថុនា ពេលពួកគាត់មកជួបជាមួយខ្ញុំ។ តើសម្ដីបែបនេះ ចិនណែនាំឲ្យខ្ញុំនិយាយ ឬកម្ពុជាមានសិទ្ធិនិយាយ?»
កិច្ចប្រជុំកំពូលសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅប្រទេសស្វីសនៅថ្ងៃទី ១៥និង១៦ ខែមិថុនានេះ ផ្តោតទៅលើផែនការ ដែលបានគូសបញ្ជាក់ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ពោលសង្គ្រាមរវាងប្រទេសទាំងពីរបានអូសបន្លាយរយៈពេលជាង ៣ ឆ្នាំទៅហើយ។
គោលបំណងនៃកិច្ចប្រជុំកំពូលសន្តិភាពសកលនេះ គឺដើម្បីបង្កើតផែនទីបង្ហាញផ្លូវសម្រាប់សន្តិភាពដោយផ្តោតលើបញ្ហាសំខាន់ៗចំនួនបីដូចជា សន្តិសុខនុយក្លេអ៊ែរនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរកាន់កាប់ដោយរុស្ស៊ីនៅតំបន់ Zaporizhzhia សន្តិសុខស្បៀងអាហារ ដោយធានាការនាំចេញស្រូវសាលី និងគ្រឿងឧបភោគបរិភោគផ្សេងទៀតទៅកាន់ប្រទេសនានាក្នុងសកលលោក និងបញ្ហាមនុស្សធម៌ ដែលទាក់ទងនឹងការផ្លាស់ប្តូរអ្នកទោស ជនភៀសខ្លួន និងការបញ្ជូនត្រឡប់មកវិញនូវកុមារអ៊ុយក្រែនដែលត្រូវបានចាប់ពង្រត់នៅក្នុងតំបន់កងកម្លាំងរុស្ស៊ីកាន់កាប់។
ប្រទេសជាង ១០០ ត្រូវបានរាយការណ៍ថា នឹងចូលរួមក្នុងកិច្ចប្រជុំសន្តិភាពនេះ ខណៈប្រទេសរុស្ស៊ីមិនត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទនេះទេ។ បើតាមក្រសួងការបរទេសចិន ចិនក៏មិនចូលរួមក្នុងសន្និសីទសន្តិភាពនេះដែរ ដោយសារចិនចង់ឱ្យតំណាងភាគីជម្លោះទាំងសងខាងមានវត្តមានជជែកគ្នាក្នុងកិច្ចប្រជុំមួយនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Fulcrum ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៥នឹងចូលរួមក្នុងសន្និសីទសន្តិភាពពិភពលោកនេះ រួមមានហ្វីលីពីន ថៃ សិង្ហបុរី ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈឥណ្ឌូនេស៊ី និងប្រ៊ុយណេក៏អាចនឹងចូលរួមផងដែរ ប៉ុន្តែប្រទេសចំនួន៣ទៀត រួមមានមីយ៉ាន់ម៉ា វៀតណាម និងឡាវគឺមិនចូលរួមនោះទេ។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិលោក សេង វណ្ណលី ប្រាប់វីអូអេថា ការឆ្លើយតបរបស់កម្ពុជា ក្នុងការបដិសេធមិនចូលរួមក្នុងសន្និសីទសន្តិភាពពិភពលោកនេះ គឺដូចទៅនឹងការឆ្លើយតបរបស់ភាគីចិនក្នុងការមិនចូលរួម ដោយសារតែអវត្តមានរបស់រុស្ស៊ី និងមានតែការចូលរួមពីប្រទេសដែលគំាទ្រ និងមានទំនាក់ទំនងជិតស្និតជាមួយអ៊ុយក្រែនតែប៉ុណ្ណោះ។
បើតាមលោក សេង វណ្ណលី កិច្ចប្រជុំកំពូលសន្តិភាពសកលមួយនេះ គឺមិនអាចស្វែងរកដំណោះស្រាយ និងបញ្ចប់សង្គ្រាមរវាងរស្ស៊ី និងអ៊ុយក្រែនឡើយ បើទោះបីជាគោលបំណងនៃកិច្ចប្រជុំគឺដើម្បីបញ្ចប់សង្គ្រាមក៏ដោយ ពីព្រោះមិនមានវត្តមានរបស់រុស្ស៊ី។ ប៉ុន្តែលោកថា បណ្តាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំមួយនេះអាចផ្តល់ជាអនុសាសន៍ដល់អ៊ុយក្រែនក្នុងការជំរុញដំណើរការសន្តិភាពជាក់លាក់ណាមួយជាមួយរស្ស៊ី ក៏ដូចជាធ្វើឱ្យស្ថានភាពសង្គ្រាមមានភាពល្អប្រសើរមួយកម្រិតទៀតផងដែរ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ការលើកឡើងនេះវាសមស្របមួយ ក៏ប៉ុន្តែមកយើងអំពីគោលបំណងនៃកិច្ចប្រជុំកំពូលសន្តិភាពសកលដែលរៀបចំដោយអ៊ុយក្រែន និងស្វីសនេះគោលបំណងគឺគ្រាន់តែការផ្លាស់ប្តូរទស្សនៈ ជាពិសេសពីភាគីអ៊ុយក្រែនខ្លួនឯង ដោយសារបើយើងមើលពីរបៀបវារៈនៃកិច្ចពិភាក្សានេះគឺផ្តោតសំខាន់ទៅប្រធានបទធំៗបីពាក់ព័ន្ធបញ្ហានុយក្លេអ៊ែរ»។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិរូបនេះបន្តថា ការបដិសេធរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាក៏បង្ហាញជំហរផ្ទុយដែលកម្ពុជាតែងតែមានចំពោះអ៊ុយក្រែនក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោក សេង វណ្ណលី សង្កត់ធ្ងន់ថា កម្ពុជាហាក់ប្រែប្រួលជំហររបស់ខ្លួនក្រោយទទួលបានជោគជ័យជាប្រធានប្តូរវេនរបស់អាស៊ានកាលពីឆ្នាំ ២០២២ ហើយការថ្កោលទោសរុស្ស៊ីកន្លងមកក៏អាចដោយសារសម្ពាធរបស់បស្ចឹមលោក ព្រោះកាលណោះប្រទេសលោកខាងលិចមួយចំនួនធំប្រកាសមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ។
លោកប្រាប់វីអូអេថា៖ «ប៉ុន្តែក្រោយមកជំហររបស់កម្ពុជាចាប់ផ្តើមមានការប្រែប្រួល ហើយជាពិសេសគឺសកម្មភាពការទូតរបស់រុស្ស៊ីនៅកម្ពុជាចាប់ផ្តើមកើនឡើងក្រោយពីកម្ពុជាធ្វើអនុប្បវាទស្តីអំពីការព្យួរតំណែង ឬអាសនៈសិទ្ធិមនុស្សរបស់រុស្ស៊ីហ្នឹង រុស្ស៊ីហាក់ដូចជាមានភាពពេញចិត្ត ហើយចាប់ផ្តើមពង្រីកកិច្ចសហប្រតិបត្តិការច្រើនបន្តបន្ទាប់»។
អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ការដែលកម្ពុជាសម្រេចមិនចូលរួមក្នុងសន្និសីទសន្តិភាពពិភពលោកអាចមានមូលហេតុក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ។ លោកថា ស្ថានភាពក្នុងពិភពលោកបច្ចុប្បន្ននេះគឺបណ្តាប្រទេសមហាអំណាចកំពុងបង្កើនចរន្តភូមិសាស្ត្រនយោបាយរបស់ខ្លួន។ លោកបន្តថា ការបដិសេធរបស់កម្ពុជាមិនចូលរួមក្នុងសន្និសីទសន្តិភាពអ៊ុយក្រែននេះហាក់ផ្ទុយពីពាក្យស្លោកសន្តិភាព ដែលត្រូវបានបង្ហាញនៅពាសពេញប្រទេសកម្ពុជា។
លោកថ្លែងថា៖ «បើខ្ញុំមើលដូចកម្ពុជាយើង បើយើងនិយាយអំពីការស្រឡាញ់សន្តិភាពដូចយើងចង់បាន ខ្ញុំគិតថា ដូចមិនមានមូលហេតុអីដែលយើងត្រូវបដិសេធទេ។ នេះជាការយល់ឃើញរបស់ខ្ញុំ។ ប៉ុន្តែការបដិសេធគឺសិទ្ធិរបស់រដ្ឋាភិបាល។ ប៉ុន្តែសម្រាប់ខ្ញុំ ដែលយើងតែងតែយកពាក្យសន្តិភាពយកមកទន្ទេញ យកមកសរសេរជាពាក្យស្លោកអីហ្នឹង កម្ពុជាអ្វីក៏ដោយដែលជាប្រយោជន៍សម្រាប់សន្តិភាពយើងគួរតែទៅចូលរួម»។
បើតាមលោកបណ្ឌិត មាស នី ដើម្បីឱ្យកម្ពុជាគេចចេញពីការចោទប្រកាន់ជុំវិញទំនាស់ភូមិសាស្ត្រនយោបាយ និងទំនោរទៅប្រទេសចិន រដ្ឋាភិបាលកម្ពុជាគួរតែមានការបំភ្លឺជំហររបស់ខ្លួនឱ្យបានច្បាស់លាស់ ដោយសារតែកន្លងទៅកម្ពុជាតែងតែបញ្ជាក់ការគំាទ្រប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានជួបជាមួយប្រធានសភាអ៊ុយក្រែន ដោយបានឆ្លើយតបសំណើរបស់អ៊ុយក្រែនក្នុងការបញ្ជូនកងទ័ពដោះមីនកម្ពុជា។ លោកថា កម្ពុជាមិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសាររដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងដោះមីននៅក្រៅក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា លើកឡើងដែរថា ការសម្រេចចិត្តរបស់កម្ពុជាមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែនដែលនឹងធ្វើឡើងនៅប្រទេសស្វីស គឺជាសិទ្ធិស្វ័យសម្រេចរបស់រដ្ឋនីមួយៗ ស្របពេលដែលកិច្ចប្រជុំកំពូលសន្តិភាពមួយនេះមិនមានវត្តមានរបស់រុស្ស៊ីដែលជាប្រទេសចម្បងក្នុងការដោះស្រាយលទ្ធភាពបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន។ លោកថា កម្ពុជាជារដ្ឋអធិបតេយ្យ និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិសហវិជ្ជមាន អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធជាមួយប្រទេសណាមួយ ដើម្បីប្រឆាំងនឹងប្រទេសឯទៀតឡើយ។
លោកថ្លែងថា៖ «ជាទស្សនវិស័យកម្ពុជា ខ្ញុំយល់ឃើញថា កម្ពុជាចង់មើលឃើញកញ្ចប់នៃដំណោះស្រាយ ឬក៏សេណារីយ៉ូដែលមានលក្ខណៈបរិយាប័ន្ន ពោលគឺមិនត្រូវផាត់ចេញនូវភាគីណាមួយនៅក្នុងជម្លោះទេ។ នៅពេលដែលកញ្ចប់នៃដំណោះស្រាយមានភាពលម្អៀង ឬក៏គ្មានលក្ខណៈបរិយាប័ន្ន ដោយគេផាត់ចេញនូវភាគីដ៏សំខាន់មួយគឺរុស្ស៊ីពីក្នុងកញ្ចប់នៃដំណោះស្រាយនោះ ខ្ញុំគិតថា គំនិតផ្តួចផ្តើមវាបរាជ័យមុនពេលដែលវាត្រូវបានអនុវត្តទៅទៀត»។
បើតាមលោកបណ្ឌិត គិន ភា ការបង្កើតបទឈប់បាញ់គ្នាគឺមិនអាចកើតមានដោយភាគីម្ខាងនោះទេ ដោយសារតែកម្ពុជាធ្លាប់បានឆ្លងកាត់រួចទៅហើយកាលពីអំឡុងសម័យសង្គ្រាម ហើយប្រើរយៈពេលយូរឆ្នាំទម្រាំសម្រេចបាននូវសន្តិភាពពេញលេញ។
លោកថ្លែងថា៖ «ចុះទម្រាំបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែនដែលរដ្ឋអធិបតេយ្យ២ ហើយមានការជាប់ពាក់ព័ន្ធជាមួយបក្សសម្ព័ន្ធ NATO ផង ថាតើរឿងនេះវាបែបណា? ដូច្នេះវាមិនមែនជារឿងបញ្ហាងាយស្រួលទេ ហើយម្យ៉ាង ដូចខ្ញុំបញ្ជាក់មុនហ្នឹងអ៊ីចឹង គឺរុស្ស៊ីគឺជារដ្ឋនុយក្លេអ៊ែ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូច្នេះការចូលរួមពីគ្រប់ភាគីជម្លោះ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលគឺជារឿងចំាបាច់បំផុតសម្រាប់ដំណោះស្រាយសន្តិភាព»។
ទោះជាយ៉ាងណាក៏ដោយ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បញ្ជាក់ទៀតថា កម្ពុជាជារដ្ឋឯករាជ្យ ដោយលោកថាមិនមានមេដឹកនាំចិនណាមកណែនាំឱ្យលោកនិយាយបែបនេះ បែបនោះ ឬធ្វើទៅតាមបំណងរបស់ចិនឡើយ។ លោក ហ៊ុន សែន បន្ថែមថា កុំព្យាយាមទម្លាក់កំហុសទៅលើចិន នៅពេលដែលកម្ពុជាមិនចូលរួមក្នុងសន្និសីទសន្តិភាពអ៊ុយក្រែន និងបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងនឹងចិន៕
វេទិកាបញ្ចេញមតិ