ពួកអ្នកវិភាគនិយាយថា បញ្ហានានាជុំវិញប្រទេសកូរ៉េខាងជើងនិងការតានតឹងនៅលើឧបទ្វីបនឹងក្លាយជាអាទិភាពកំពូលនៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ទៅបំពេញទស្សនកិច្ចប្រទេសចិននៅសប្តាហ៍ក្រោយ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងកាលពីពេលថ្មីៗនេះបានសាកល្បងអ្វីដែលត្រូវបានគេជឿជាក់ថាជាកាំជ្រួចមីស៊ីលអន្តរទ្វីប ICBM ដ៏ធំបង្អស់ហើយនិងខ្លាំងបំផុតដែលពួកអ្នកជំនាញប៉ាន់ស្មានថា អាចមានលទ្ធភាពបាញ់ដល់ឆ្នេរសមុទ្រផ្នែកខាងកើតសហរដ្ឋអាមេរិក។ ការគំរាមកំហែងសង្គ្រាមនុយក្លេអ៊ែរកំពុងធ្វើឲ្យអាប់អួរដល់ការរៀបចំកីឡាអូឡាំពិករដូវរងាដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ ហើយអង្គការសហប្រជាជាតិកំពុងពិភាក្សាពីការដាក់ទណ្ឌកម្មថ្មី។
ចំពោះប្រទេសចិននិងកូរ៉េខាងត្បូង ជំនួបរវាងមេដឹកនាំប្រទេសទាំង២ក៏នឹងក្លាយជាឱកាសមួយដើម្បីចាប់ផ្តើមទំនាក់ទំនងជាថ្មី។
ទំនាក់ទំនងរវាងប្រទេសទាំង២មានភាពល្មីងជូរចត់នៅដើមឆ្នាំនេះ បន្ទាប់ពីកូរ៉េខាងត្បូងបានដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចមីស៊ីលដែលផលិតនៅសហរដ្ឋអាមេរិកដើម្បីជួយការពារខ្លួនទប់ទល់នឹងលទ្ធភាពនៃការវាយប្រហារពីកូរ៉េខាងជើង។ ចិនជឿថា ប្រព័ន្ធការពារកាំជ្រួចមីស៊ីលនេះជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួនហើយបានជំរុញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលក្រុងសេអ៊ូលក្នុងការឆ្លើយតប។
ការដាក់ទណ្ឌកម្មទាំងនេះបានប៉ះពាល់ដល់ពាណិជ្ជកម្មនិងទេសចរណ៍ហើយក្រុមហ៊ុនធំៗខ្លះរបស់កូរ៉េខាងត្បូងរួមមានក្រុមហ៊ុន Lotteដែលគ្រប់គ្រងដីធ្លីដែលត្រូវបានប្រើសម្រាប់ការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចមីស៊ីលនោះដែលហៅកាត់ថា THAAD។
លោក Shen Dingli ជាសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Fudan ក្នុងក្រុងសៀងហៃបាននិយាយថា ខណៈដែលជំនួបនោះនឹងស្វះស្វែងធ្វើឲ្យមានភាពរលូនដែលជាប់ទាក់ទិននឹងជម្លោះ ការស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យមានស្ថេរភាពដល់តំបន់អាស៊ីឦសាននឹងក្លាយជាអាទិភាព៕