នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសនានាលើពិភពលោកកំពុងមានការភ័យខ្លាចចំពោះការគំរាមកំហែងពីអាវុធប្រល័យលោករបស់កូរ៉េខាងជើង ក្រោយការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបដោយជោគជ័យរបស់ប្រទេសផ្តាច់ការនេះកាលពីសប្តាហ៍កន្លងទៅ។
ទោះយ៉ាងណាលោក ហ៊ុន សែន ក៏បានអះអាងផងដែរថា ប្រទេសកម្ពុជាដែលជាប្រទេសតូចតាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមិនមែនជា គោលដៅនៃការបាញ់កម្ទេចរបស់អាវុធដ៏មហាប្រល័យនោះទេ។
ថ្លែងទៅកាន់ ក្រុមកាយរឹទ្ធិនិងមន្ត្រីសំខាន់ៗ ក្នុងមហាសន្និបាតកាយរឹទ្ធិជាតិលើកទី៤នៅក្នុងក្រុងភ្នំពេញ លោក ហ៊ុន សែន បញ្ជាក់ថា៖
«ទាក់ទងជាមួយបញ្ហាផ្សេងៗរបស់ប្រទេស ឬក៏សភាពការណ៍អន្តរជាតិដែលកំពុងវិលវល់ ជុំវិញបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលឥឡូវនាំគ្នាខ្លាច ខ្លាចនោះចាប់ផ្តើមខ្លាចយកមែនទែនហើយ មិនមែនខ្លាចលេងទេ! តំាងពីកូរ៉េខាងជើងដាក់មួយគ្រាប់កាលពីអាទិត្យមុននេះ ឥឡូវគឺ គេចាត់ទុកថា បាញ់ដល់ណា ក៏ដល់ដែរ។ ឥឡូវចាប់ផ្តើមនាំគ្នាខ្លាចហើយអាឡើងទៅចាប់ អាឡើងទៅស្អីហ្នឹងគឺថា ពិភពលោកមិនដឹងថា វាទៅជាស្អីទៅហើយ។ គំរាមគ្នាចុះ គំរាមគ្នាឡើង កូរ៉េខាងជើងគំរាមគេពេញពិភពលោក នាំគ្នាខ្លាចកូរ៉េខាងជើងទាំងអស់គ្នាហើយឥឡូវហ្នឹង»។
កាលពីចុងខែវិច្ឆិកាកន្លងទៅកូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បង «កាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីបធុន Hwasong-15 ដែលបានត្រូវអភិវឌ្ឍថ្មីបានត្រូវបាញ់បង្ហោះសាកល្បង ដោយជោគជ័យតាមសេចក្តីសម្រេចខាងនយោបាយ និងការវិនិច្ឆ័យខាងយុទ្ធសាស្ត្ររបស់គណបក្សពលករនៃប្រទេសកូរ៉េ»។
នៅក្រោយការបាញ់សាកល្បងរបស់ខ្លួន កូរ៉េខាងជើងក៏បានអះអាងថា «កាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីប» អាចបាញ់ឆ្លងទ្វីបដល់ទឹកដីសហរដ្ឋអាមេរិកផងដែរ។
ការបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប សារជាថ្មីរបស់កូរ៉េខាងជើងបានធ្វើឱ្យមានការខឹងសម្បារពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្ត ដោយថ្លែងថា ការណ៍នេះ ជាការគំរាមកំហែងដល់សន្តិសុខតំបន់និងពិភពលោកនឹងអាចបញ្ឆេះភ្លើងសង្គ្រាមផងដែរ។
ភ្លាមៗក្រោយពីការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង សមយុទ្ធរយៈពេល៥ថ្ងៃ ដែលមានឈ្មោះថា Vigilant Ace ត្រូវបានធ្វើឡើងដោយកូរ៉េខាងត្បូង និងកងទ័ពសហរដ្ឋអាមេរិក។ សមយុទ្ធយោធារយៈពេល ៥ថ្ងៃដែលចាប់ផ្តើមតាំងពីថ្ងៃច័ន្ទនេះ មានការចូលរួមពីយន្តហោះចម្បាំងប្រមាណជាង ២៣០គ្រឿង។
ជាមួយគ្នានោះដែរ អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិ លោក Jeffrey Feltman នឹងធ្វើទស្សនកិច្ចមួយទៅកាន់ទីក្រុងព្យុងយ៉ាងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូនេះ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានថ្លែងកាលពីថ្ងៃច័ន្ទម្សិលមិញថា៖ «ដំណើរទស្សនកិច្ចនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការអញ្ជើញរបស់អាជ្ញាធរក្រុងព្យុងយ៉ាង ដើម្បីធ្វើការសន្ទនាគោលនយោបាយជាមួយនឹងអង្គការសហប្រជាជាតិ»។
ទោះយ៉ាងណាក៏ដោយ លោក ហ៊ុន សែន នៅថ្ងៃអង្គារនេះសង្ឃឹមថា បញ្ហាឧបទ្វីបកូរ៉េ ដែលអូសបន្លាយជាច្រើនឆ្នាំនឹងត្រូវបានដោះស្រាយដោយសន្តិវិធី។ លោកក៏បានថ្លែងលួងលោមពលរដ្ឋខ្មែរផងដែរថា កម្ពុជាមិនមែនជាគោលដៅរបស់កូរ៉េខាងជើងនោះទេ៖
«សង្ឃឹមថា ពិភពលោកនឹងមានការស្ងប់ស្ងាត់តាមរយៈការសន្ទនាដោយ ស្មារតីស្ថាបនា ហើយប្រហែលជាប្រទេសកម្ពុជា ដែលជាប្រទេសតូចមួយមិនមែនជាគោលដៅនៃការវាយប្រហារ របស់នុយក្លេអ៊ែរពីកូរ៉ែខាងជើង ឬពីភេរវកម្មនោះទេ សង្ឃឹមថា ដូច្នេះ»។
ទំនាក់ទំនងការទូតនៃប្រទេសកម្ពុជា និងកូរ៉េខាងជើង ដែលកសាងឡើងដោយអតីតព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ ត្រូវបានគេមើលឃើញថា ធ្លាប់មានភាពស្អិតរមួត ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ គឺក្រោយពីការសោយទិវង្គតរបស់ ព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ ចំណងការទូតនៃប្រទេសទាំងពីរហាក់ដូចជាមានការសោះអង្គើយ ជាពិសេសនាពេលថ្មីៗក្រោយការបាញ់សាកល្បងកាំជ្រួចឆ្លងទ្វីបយ៉ាងគឃ្លើនរបស់ប្រទេសផ្តាច់ការមួយនេះ។
VOA មិនអាចទាក់ទងស្ថានទូតកូរ៉េខាងជើងប្រចាំក្រុងភ្នំពេញ និងមន្ត្រីនៃក្រសួងការបទេសខ្មែរបានទេនៅថ្ងៃអង្គារនេះ ដើម្បីសុំការអធិប្បាយបន្ថែម។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកម្ពុជា គឺលោក ប្រាក់ សុខុន ធ្លាប់ ថ្លែងប្រាប់ VOAក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខកាលពីខែកញ្ញាកន្លងទៅថា កម្ពុជាក៏មិនពេញចិត្តចំពោះការបាញ់សាកល្បងកាំជ្រួចឆ្លងទ្វីបយ៉ាងគឃ្លើនរបស់កូរ៉េខាងជើង និងគោរពតាមគោលការណ៍របស់អង្គការសហប្រជាជាតិ។ លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាសម្រេចបដិសេធគណៈប្រតិភូកូរ៉េខាងជើងមកកាន់ប្រទេសកម្ពុជា និងត្រួតពិនិត្យមើលសេដ្ឋកិច្ច ពាណិជ្ជកម្មកូរ៉េខាងជើង នៅកម្ពុជាផងដែរ ក្រោយពីកូរ៉េខាងជើងមិនធ្វើតាមសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ការបាញ់កាំជ្រួចមីស៊ីល និងការសាកល្បងកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន៕