ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​​អាមេរិកបំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​ថៃ​ដើម្បី​ចរចា​ពី​ពាណិជ្ជកម្ម​និង​សន្តិសុខ


លោក Prayut Chan-ocha នាយក​រដ្ឋ​មន្ត្រី​ថៃ (ស្តាំ) និង​លោក Rex Tillerson រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​៨ ខែ​សីហា។
លោក Prayut Chan-ocha នាយក​រដ្ឋ​មន្ត្រី​ថៃ (ស្តាំ) និង​លោក Rex Tillerson រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​៨ ខែ​សីហា។

លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Rex Tillerson ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ខ្លី​ទៅកាន់​ប្រទេស​ថៃ​ដើម្បី​ចរចា​ពី​បញ្ហា​ពាណិជ្ជ កម្ម​និង​សន្តិសុខ​នៅ​ក្នុង​តំបន់ ​រួមមានការ​ពិភាក្សា​ការ​ដាក់​គំនាប​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​លើ​បញ្ហា​កម្មវិធី​​អាវុធ​នុយក្លែអ៊ែ​និង​កាំ​ជ្រួច​មីស៊ីល​របស់​ប្រទេស​នោះ។

​បន្ទាប់​ពីដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​វេទិកា​សន្តិសុខ​ក្នុង​តំបន់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​មក ​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Tillerson ​ដែល​ជា​មន្រ្តី​ជាន់​ខ្ពស់​បំផុត​របស់​សហរដ្ឋ​អាមេរិក​ដែលបាន​ទៅបំពេញ​ទស្សន​កិច្ច​ប្រទេស​ថៃ​ចាប់​តាំងពីរដ្ឋ​ប្រហារ​ឆ្នាំ​២០១៤​មក​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​ជួប​ជាមួយ​នាយក​រដ្ឋមន្រ្តី Prayuth Chan-ocha ហើយ​នឹង​លោក Don Pramudwinai រដ្ឋមន្រ្តី​ការបរទេស។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ទៅកាន់VOA អ្នកនាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បាន​និយាយថា«លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​បាន​ពិភាក្សា​បញ្ហា​ទូលំ ទូលាយនៃ​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក​និង​ថៃ​ស្តី​ពីសន្តិសុខ​ក្នុង​តំបន់ ​ពាណិជ្ជកម្ម​និងការ​វិនិយោគទុន​ ហើយ​នឹង​បញ្ហា​ផ្សេង​ៗ​ទៀត ​រួមមាន​ទាំង​វេទិកា​តំបន់​ដូចជា​សមាគម​អាស៊ាន។លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ក្នុង​តំបន់​និង​សាកល​លោក ​រួមមាន​ការគំរាម​កំហែង​ខាង​សន្តិសុខ​ដែល​បណ្តាល​មក​ពី​ប្រទេស​កូរ៉េខាង​ជើង និង​ការ​វិវត្តន៍​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រៅពីការ​ស្វះស្វែង​រកការគាំទ្រ​សម្រាប់​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ឲ្យ​កូរ៉េខាង​ជើងឯកកោ​ចំពោះ​ការរំលោភ​ការ​ដាក់​ទ័ណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិលើកម្មវិធីអាវុធ​នុយក្លែអ៊ែ​និង​កាំជ្រួច​មីស៊ីល​របស់​ខ្លួន ​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Tillerson ​បាន​ពិភាក្សា​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​ប្រ​ទេស​ម្ចាស់ផ្ទះ។

ប្រទេសថៃនាំទំនិញ​ទៅលក់​នៅ​សហរដ្ឋ​អាមេរិក​លើសការនាំទំនិញ​អាមេរិក​ចូល​ប្រទេស​ថៃដល់​ទៅចំនួនជិត​១៩​ពាន់លាន​ដុល្លារ។ ​ប្រទេស​ថៃស្ថិត​នៅ​លើ​បញ្ជី​របស់​ប្រធានា​ធិបតី​ត្រាំ​ដើម្បី​ស៊ើបអង្កេត​ពីការ​ធ្វើ​ពាណិជ្ជកម្ម។ទោះ​ជា​យ៉ាង​ណាក៏ដោយ ​លោក Thitinan Pongsudhirak ជា​សាស្រ្តាចារ្យ​ខាង​វិទ្យា​សាស្រ្ត​នយោ​បាយ​នៅឯសាកល​វិទ្យាល័យ Chulalongkorn ​ក្នុង​ទីក្រុង​បាងកកបាន​និយាយថា ឱនភាព​ពាណិជ្ជកម្ម​បាន​ធ្លាក់​ចុះ​កាល​ពី​មួយ​ឆ្នាំ​កន្លង​មក​នេះ ​ដែល​បាន​ផ្តល់ឲ្យភាគី​ទាំង២នូវចន្លោះ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា។

​លោក Thitinan Pongsudhirak ​បាន​និយាយថា៖«​នេះជាការ​តថ្លៃ​គ្នាមួយ​ដែល​ខ្ញុំ​គិតថា ​រដ្ឋ​បាលរបស់​លោកត្រាំនឹងមិនបន្ត​រហូត​ដល់​ទី​បញ្ចប់​ហើយ​នឹង​ចាប់​ផ្តើម​ដាក់​ទ័ណ្ឌកម្ម​ប្រទេស​ថៃ​ទេ​ហើយ​ថៃក៏​បាន​ព្យា​យាមតម្រូវ​ចិត្ត។​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ទំនាក់​ទំនង​កាន់​តែ​ធំឡើង។​ខ្ញុំ​គិតថា ដូច​ជា​អស់​លោក អ្នកអាច​មើលឃើញ​ហើយ ថៃ​ត្រូវ​ធ្វើ​ការ​តម្រូវ​ចិត្ត​អាមេរិក​យ៉ាង​ខ្លាំង រដ្ឋបាល​របស់​លោកត្រាំ​ប្រ ហែល​នឹង​ធ្វើ​ការ​សម្រប​សម្រួលកាន់​តែ​ខ្លាំង​ឡើង។ហើយ​ការណ៍​នេះ​មាន​ន័យថា បន្ទាប់​មកទំនាក់​ទំនង​ទាំង​មូល​របស់​ប្រទេស​ទាំង២ ​អាច​រៀប​ចំ​ឡើង​វិញ​ហើយ​នឹង​ធ្វើ​ចល​នា​ទៅមុខ‍»។

លោក​និយាយ​ទៀត​ថា ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ថៃ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ជាមួយ​រដ្ឋ​បាល​របស់​លោក​អូបាម៉ា​បន្ទាប់​ពី​រដ្ឋ​ប្រហារឆ្នាំ​២០១៤ ​ក៏ប៉ុន្តែ ​រដ្ឋ​បាល​របស់​លោក​ត្រាំ​បាន​ធ្វើការទាក់​ទងដោយ​រៀប​ចំ​ឡើង​វិញ​នៅ​ក្នុង​តំបន់​ដើម្បី​ផ្តោត​លើ​គោល​នយោបាយ​កូរ៉េខាង​ជើង​របស់​ខ្លួន។

អ្នកនាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បាន​និយាយថា ​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Tillerson បាន​និយាយ​ឡើង​វិញ​ពី​បំណង​របស់​យើង​ថា​ជា​មិត្តភ័ក្រ្ត​និង​សម្ព័ន្ធមិត្ត​យូរ​អង្វែងដែល​ចង់​ឃើញ​ថៃ​ចេញ​ផុត​ពី​រយៈ​ពេល​អន្តរកាល​ជាប្រទេស​ប្រកាន់​យកលទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​រឹងមាំ​ដែល​គោរព​និង​កាពារ​សិទ្ធិមនុស្សនិង​សេរី​ភាព​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​ហើយ​នឹង​ដើរតួនាទី​នាំ​មុខ​មួយ​នៅ​ក្នុងការ​ធ្វើ​ឲ្យ​ជឿន​លឿន​សន្តិសុខ​និង​វិបុលភាព​នៅ​ក្នុង​តំបន់។

ពួក​សកម្មជន​និយាយថា ​រដ្ឋបាល​របស់​លោក​ត្រាំ​កំពុង​បន្ធូបន្ថយ​ការ​ព្រួយ​កង្វល់​ខាង​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​ដែលត្រួតត្រាំ​ដោយ​រដ្ឋាភិបាល​យោ​ធា។

លោក Sunai Phasuk ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​តំបន់​អាស៊ីរបស់​អង្គ ការ​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​និយាយថា ​ការ​វិល​ត្រឡប់​ទៅកាន់​ការ​គ្រប់​គ្រង​តាម​បែប​ប្រជាធិបតេយ្យ​ស៊ីវិល​មួយ ​ត្រូវ​តែ​កើត​មាន​ឡើងសម្រាប់​ការ​ធ្វើ​ឲ្យមាន​ទំនាក់​ទំនងទ្វេភាគី​ជា​ប្រក្រតី​ភាព​ឡើង​វិញ។

លោក​បាន​និយាយថា​ «​សម្រាប់​ប្រទេស​ថៃ ​ប្រសិនបើ ខ្លួន​រំពឹង​នឹង​ទទួល​បាន​ការ​ធ្វើពាណិជ្ជកម្មដែល​មាន​លក្ខណៈ​ជាធម្មតា​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក ​ថៃ​ចាំបាច់​លប់​ចោល​ការ​គៀប​សង្កត់​ទៅ​លើ​សិទ្ធិ​និង​សេរីភាព​ដ៏​សំខាន់​‍»។

បន្ទាប់​មក លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Tillerson នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង គូឡាឡាំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ជួប​ជាមួយ​ពួក​មន្រ្តី​ម៉ា​ឡេស៊ី។​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិកត្រឡប់​ទៅកាន់​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​វិញកាល​ពី​ថ្ងៃ​ពុធ៕

ប្រែសម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG