ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​បរិស្ថាន​ថៃ​ស្វះស្វែង​រក​ការ​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​លើ​ការ​តវ៉ា


បុរស​ម្នាក់​កាន់ស្លាក​តវ៉ា​ប្រឆាំង​នឹង​គម្រោង​កសាង​រោងចក្រ​ផលិតថាមពល​ដោយ​ប្រើធ្យូងថ្ម​នៅតំបន់​មាត់​សមុទ្រ​ប្រទេសថៃ​ (រូបភាព​ ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧)។
បុរស​ម្នាក់​កាន់ស្លាក​តវ៉ា​ប្រឆាំង​នឹង​គម្រោង​កសាង​រោងចក្រ​ផលិតថាមពល​ដោយ​ប្រើធ្យូងថ្ម​នៅតំបន់​មាត់​សមុទ្រ​ប្រទេសថៃ​ (រូបភាព​ ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧)។

សកម្មជន​បរិស្ថាន​ថៃ​នានា​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យោធា​ដក​ចេញ​នូវ​បទបញ្ជា​ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​ដាក់​កំហិត​តឹងតែង​លើ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​គម្រោង​ឧស្សាហកម្ម និង​ការ​អភិវឌ្ឍ​នានា។

ចាប់តាំង​ពី​ពេល​ចូល​កាន់​អំណាច​កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៤ មក ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​ និង​សណ្ដាប់ធ្នាប់ (NCPO) បាន​ធ្វើ​ការ​កែ​ប្រែ​បន្តឹង​ច្បាប់ ដែល​ក្នុង​នោះ​មាន​ទាំង​មាត្រា​ផ្សេងៗ​នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​បណ្ដោះ​អាសន្ន​ផង​ដែរ ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​លុប​លើ​ច្បាប់ និង​បទបញ្ជា​នានា។

កាល​ពី​ឆ្នាំ ២០១៦ នាយក​រដ្ឋមន្ត្រី​ថៃ លោក Prayut Chan-ocha បាន​ដាក់​ឲ្យ​អនុវត្ត​ខ្លឹមសារ​ច្បាប់​ចាប់ពី​មាត្រា​ទី ៤៤ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ ដើម្បី​សើរើ​ច្បាប់​ស្ដី​ពី​បរិស្ថាន និង​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គ្រប​ដណ្ដប់​លើ​វិស័យ​ជាច្រើន។

វិស័យ​ទាំង​នោះ​រួម​មាន ការ​សាង​សង់​ប្រព័ន្ធ​ដឹកជញ្ជូន មន្ទីរពេទ្យ ប្រព័ន្ធ​ធារាសាស្ត្រ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម។

បទ​បញ្ជា​របស់​រដ្ឋាភិបាល​មាន​ឥទ្ធិពល​លុប​លើ​ច្បាប់​ផ្សេងៗ​ស្ដី​ពី​ការ​រៀបចំ​ទីក្រុង បទ​បញ្ញត្តិ​ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​នានា ឬ​ច្បាប់​ដែល​កំណត់​ដោយ​អាជ្ញាធរ​មូលដ្ឋាន ច្បាប់​ស្ដី​ពី​ផែនការ និង​ច្បាប់​សម្រាប់​មូលដ្ឋាន​ផ្សេងៗ​ទៀត​ជា​ដើម។

ក្រុម​អ្នក​បរិស្ថាន​បាន​និយាយ​ថា បទបញ្ជា​ទាំង​នេះ​ជួយ​ពន្លឿន​ដល់​ដំណើរការ​សម្រាប់​ការ​សាងសង់​គម្រោង​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នានា ប៉ុន្តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន និង​បរិស្ថាន​រងគ្រោះ​ទៅ​វិញ។

អ្នកស្រី Sor Rattanamanee Polka មេធាវី​មកពី​អង្គការ​មូលនិធិ​មជ្ឈមណ្ឌល​ធនធាន​សហគមន៍ (Community Resource Center Foundation) បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ថា ស្ថានភាព​សម្រាប់​ក្រុម​យុទ្ធនាការ​ដើម្បី​សិទ្ធិ​សហគមន៍ «នឹង​រឹតតែ​លំបាក​ប្រសិន​បើ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់​មិន​លុប​ចោល​បទ​បញ្ជា​នេះ​នោះ​ទេ» ដែល​បទបញ្ជា​នេះ សព្វថ្ងៃ​ «ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​លុបបំបាត់​ការ​ការពារ​បរិស្ថាន​ដើម្បី​ជា​ការ​បំពេញចិត្ត​គម្រោង​ធំៗ​នានា»។

គម្រោង​របស់​រដ្ឋាភិបាល​សម្រាប់​ការ​អភិវឌ្ឍ​រួម​មាន​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១០ កន្លែង ទូទាំង​ប្រទេស​តាម​បណ្ដោយ​ព្រំដែន​ថៃ ដើម្បី​លើក​កម្ពស់​ការ​រីកចម្រើន​នៅ​តាម​ខេត្ត និង​ដើម្បី​មាន​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ជិត​ខាង។

គម្រោង​ផ្សេងៗ​ទៀត​ដែល​មាន​បង្ហាញ​នៅ​ក្រោម​ផែនការ​អភិវឌ្ឍ​ដ៏​ឆាប់​រហ័ស​នានា ផ្ដោត​លើ​រោងចក្រ​ផលិត​ថាមពល​ជាង ១០ ក្នុង​នោះ​រួម​មាន​រោងចក្រ​ផលិត​ថាមពល​ពី​ធ្យូងថ្ម ក៏ដូចជា​រោងចក្រ​ផលិត​ថាមពល​ពី​ជីវឧស្ម័ន និង​រោងចក្រ​ផលិត​ថាមពល​ពី​សំណល់​សំរាម​ផង​ដែរ។

ចាប់តាំង​ពី​ពេល​ពួក​យោធា​កាន់កាប់​អំណាច​មក របប​នេះ​បាន​ដាក់​ឲ្យ​អនុវត្ត​ឡើង​វិញ​នូវ​ច្បាប់​តឹងតែង​នានា​ប្រឆាំង​នឹង​ការ​ធ្វើបាតុកម្ម​តវ៉ា និង​ការ​ប្រមូលផ្ដុំ​ជួបជុំ​មនុស្ស​ផ្សេងៗ។

លោក Phil Robertson អនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Human Rights Watch បាន​និយាយ​ថា ការ​ទប់​ស្កាត់​ការ​ធ្វើ​បាតុកម្ម​តវ៉ា រឹតតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ការ​បារម្ភ​អំពី​គម្រោង​អភិវឌ្ឍន៍​នានា។

លោក Robertson បាន​ប្រាប់ VOA ថា៖ «សេរីភាព​ជា​សារវន្ត​នៃ​ការ​តវ៉ា ដែល​ធ្លាប់​មាន​សម្រាប់​អង្គការ​សហគមន៍ និង​សមាជិក​សហគមន៍​ដែល​មាន​ការ​ឈឺចាប់​នានា ក្នុង​ការ​ក្រោក​ឈរ​តវ៉ា មិន​មាន​ទៀត​នោះ​ទេ ហើយ​ចំណុច​នេះ​នឹង​ជះ​ឥទ្ធិពល​ផ្ទាល់​ដល់​លទ្ធភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្ដែង​នូវ​ភាព​ឈឺចាប់​របស់​ពួកគេ»។

សកម្មជន​នានា​បាន​និយាយ​ថា ពួកគេ​ក៏​មាន​ការ​ភ័យខ្លាច​ចំពោះ​ច្បាប់​បរិហារកេរ្តិ៍​ដ៏​តឹងតែង និង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ប្រទេស​ថៃ ដែល​ត្រូវ​បាន​វិស័យ​ឯកជន​យក​មក​ប្រើប្រាស់​ដើម្បី​ប្រឆាំង​នឹង​ការ​តវ៉ា​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​នានា​ផង​ដែរ។

អ្នកស្រី Pianporn Deetes ប្រធាន​ក្រុម​បរិស្ថាន​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ថៃ និង​ភូមា នៃ​អង្គការ International Rivers បាន​និយាយ​ថា ច្បាប់ និង​ការ​រឹត​បន្តឹង​នានា​លើ​ការ​ជួប​ប្រជុំ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ការ​លើក​ឡើង​ពី​បញ្ហា​បរិស្ថាន។

លោកស្រី Pianporn បាន​និយាយ​ថា៖ «សេរីភាព​នៃ​ការ​បញ្ចេញ​មតិ គឺ​ជា​ផ្នែក​មួយ​នៃ​សេរីភាព​ជា​មូលដ្ឋាន​ដ៏​មាន​សារៈសំខាន់​បំផុត ដែល​មនុស្ស​ត្រូវការ​ដើម្បី​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​ធនធាន​ធម្មជាតិ បរិស្ថាន និង​សង្គម។ សេរីភាព​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​តាក់តែង​គោល​នយោបាយ​ថាមពល ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​លើ​ការ​សាងសង់​រោងចក្រ​ផលិត​ថាមពល​ពី​ធ្យូងថ្ម រោងចក្រ​ផលិត​ថាមពល​វារីអគ្គិសនី​នៅ​ក្នុង​ប្រទេស​នីមួយៗ ឬ​ក៏​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា»។

រដ្ឋាភិបាល​ក៏​បាន​ចេញ​បទបញ្ជា​ច្បាប់​ដ៏​តឹងតែង​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ណា ដែល​បាន​រំលោភ​ទន្ទ្រាន​យក​ដី​ឧទ្យាន​ជាតិ​នៅ​ក្នុង​ប្រទេស​ថៃ ជា​ពិសេស​តំបន់​រមណីយដ្ឋាន​ណា​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ជំនួញ​ដ៏​មាន​ឥទ្ធិពល​តាម​មូលដ្ឋាន​នានា។

លោក Cholathit Suraswadi អគ្គ​នាយក​នៃ​នាយកដ្ឋាន​ព្រៃឈើ បាន​និយាយ​ថា ចាប់​តាំង​ពី​អនុវត្ត​មាត្រា​ទី ៤៤ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ ដើម្បី​បង្ក្រាប​ការ​រំលោភ​ដី​ព្រៃ និង​ការ​កាប់​ឈើ​ខុស​ច្បាប់​មក តំបន់​ដី​ដែល​មាន​ព្រៃ មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់។

រមណីយដ្ឋាន​វិស្សមកាល​រាប់​សិប​កន្លែង​នៅ​ទូទាំង​ប្រទេស ដែល​មាន​រួម​បញ្ចូល​ទាំង​រមណីយដ្ឋាន​តំបន់​ព្រៃ និង​កោះ​នានា ត្រូវ​បាន​ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ខុស​ច្បាប់។

ប៉ុន្តែ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​ឲ្យ​ដឹង​ថា សហគមន៍​មូលដ្ឋាន ដែល​ភាគ​ច្រើន​ជា​គ្រួសារ​ក្រីក្រ​តាម​តំបន់​ជនបទ​ក្នុង​តំបន់​ព្រៃ ក៏​ត្រូវ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ក្រោម​គម្រោង​របស់​រដ្ឋាភិបាល​ផង​ដែរ។

លោក Robertson នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា ជំហរ​របស់​រដ្ឋាភិបាល​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​ច្បាប់​នានា​ដែល​មាន​ស្រាប់​ផង​ដែរ។

លោក​បាន​និយាយ​ថា៖ «មាន​ការ​ប្រែប្រួល​ផ្នែក​បរិស្ថាន​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ដីធ្លី ហើយ​ដោយសារ​តែ​បញ្ហា​បែប​នេះ​ហើយ បាន​ជា​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​ឲ្យ​កាន់តែ​ខ្លាំង​ជាមុន។ កិច្ច​ព្រមព្រៀង​ថ្នាក់​មូលដ្ឋាន​ដែល​បាន​ធ្វើ​ឡើង​តាម​បែប​ផែន​អនុវត្ត​ជាក់លាក់​មួយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ គឺ​ថា​យន្តការ​អភិបាល​កិច្ច​នៅ​ថ្នាក់​មូលដ្ឋាន​ត្រូវ​បាន​ដើរ​ថយ​ក្រោយ​ទៅ​វិញ ហើយ​អ្វី​ដែល​យើង​កំពុង​ឃើញ​នា​ពេល​សព្វថ្ងៃ​នេះ គឺ​ការ​ត្រឡប់​ទៅ​រក​ការ​បកស្រាយ​ច្បាប់ និង​បទ​បញ្ញត្តិ​នានា​បែប​តឹងរ៉ឹង​ដដែល»។

តាមរយៈ​ការ​លើក​កម្ពស់​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ច្រក​របៀង​សេដ្ឋកិច្ច រដ្ឋាភិបាល​កំពុងតែ​ស្វះស្វែង​ដើម្បី​ពង្រីក​ការ​វិនិយោគ​ពី​បរទេស ដែល​រាប់​បញ្ចូល​ទាំង​ការ​ផ្ដល់​កិច្ចសន្យា​ជួល​រហូត​ដល់​រយៈពេល ៩៩ ឆ្នាំ សម្រាប់​ខេត្ត​មួយ​ចំនួន​ផង​ដែរ។ កិច្ច​សន្យា​ជួល​នា​ពេល​បច្ចុប្បន្ន​នេះ មាន​រយៈពេល​តែ​៥០ ឆ្នាំ តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​លោក Penchom Saetang ប្រធាន​អង្គការ​មូលនិធិ​ថៃ​សម្រាប់​ការ​ត្រួតពិនិត្យ និង​ការ​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី (Ecological Alert and Recovery Thailand Foundation) បាន​និយាយ​ថា ការណ៍​ដែល​មាន​ដំណើរ​ការ​នៃ​ការ​ត្រួតពិនិត្យ​តិចតួច​លើ​ដំណើរ​វិវឌ្ឍ​នេះ វា​នឹង​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សហគមន៍​មូលដ្ឋាន។

លោកPenchom បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ក្ដី​បារម្ភ​ចម្បង​បំផុត​នោះ គឺ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស និង​ពោរពេញ​ដោយ​ភាព​ប្រទាំង​ប្រទើស ដោយ​មិន​បាន​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន»។

បើ​ទោះ​ជា​មាន​ច្បាប់​តឹងតែង​ក៏ដោយ ក៏​សហគមន៍​មូលដ្ឋាន​នៅតែ​បន្ត​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ណា ដែល​ពួកគេ​យល់​ថា​មាន​គ្រោះថ្នាក់​ដល់​សហគមន៍​របស់​ពួកគេ​ដដែល។

បាតុកម្ម​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ឧស្សាហកម្ម​ទេសចរណ៍​នានា ប្រឆាំង​នឹង​ការ​សាងសង់​រោងចក្រ​ផលិត​ថាមពល​ពី​ធ្យូងថ្ម​នៅ​ជិត​តំបន់​រមណីយដ្ឋាន Krabi ដែល​ជា​រមណីយដ្ឋាន​ប្រជាប្រិយ​មួយ​កន្លែង បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្អាក​ការ​អភិវឌ្ឍ​ជា​បណ្ដោះអាសន្ន។

លោក​នាយក​រដ្ឋមន្ត្រី Prayut Chan Ocha បាន​ចេញ​បទ​បញ្ជា​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ​ឲ្យ​ទាល់​ចោល​នូវ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​កាលពី​លើក​មុន ដោយ​បាន​បញ្ជា​សហគ្រាស​អាជ្ញាធរ​ផលិត​ថាមពល​អគ្គិសនី​នៃ​ប្រទេស​ថៃ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ឲ្យ​ធ្វើ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​លើ​ផ្នែក​បរិស្ថាន​នេះ​ថ្មី​មួយ​ទៀត ដោយ​មានការ​ចូលរួម​ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន​ពី​សហគមន៍​មូលដ្ឋាន។

សកម្មជន​នានា បាន​និយាយ​ថា សំណើ «ផែនការ​អភិវឌ្ឍន៍​ថាមពល​ដែល​គិតគូរ​ដល់​បរិស្ថាន» គឺ​មាន​លក្ខណៈ​ចាំបាច់​សម្រាប់​ខេត្ត Krabi ដែល​សំណើ​នេះ កន្លង​មក មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុម​មន្ត្រី​ថាមពល​របស់​រដ្ឋបាល​ថៃ​នោះ​ទេ៕

ប្រែ​សម្រួលដោយ ​កោះ​ សុគន្ធី​

XS
SM
MD
LG