លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានទៅបំពេញទស្សន កិច្ចប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារដើម្បីជួបជាមួយពួកមេដឹកនាំនៅប្រទេសនោះ ហើយនិងពង្រឹងសាររបស់រដ្ឋបាលប្រធានាធិបតីត្រាំថា ប៉ាគីស្ថានត្រូវតែចាត់វិធានការខ្លាំងឡើងថែមទៀតប្រឆាំងនឹងពួកតាលីបង់ ហើយនិងក្រុមជនសកម្មប្រយុទ្ធផ្សេងទៀតដែលបានទទួលការគាំទ្រនៅក្នុងប្រទេសនោះ។
ភ្លាមៗបន្ទាប់ពីចុះយន្តហោះនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Tillerson បានដឹកនាំគណៈប្រតិភូរបស់លោកចូលរួមក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី Shahid Khaqan Abbasi។ ពួកមន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាននិងឧត្តមសេនីយ៍ Qamar Javed Bajwa ប្រធានយោធា ហើយនិងប្រធានទីភ្នាក់ងារចារកម្មក៏បានចូលរួមក្នុងជំនួបនោះដែរ។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Tillerson បាននិយាយក្នុងអំឡុងពេលនៃការចាប់ដៃរលាក់ជាមួយនាយករដ្ឋមន្ត្រី Abbasi មុនពេលបើកការចរចាផ្លូវការថា «ដូចជាលោកបានដឹងហើយថា ប៉ាគីស្ថានមានសារៈសំខាន់ណាស់សម្រាប់តំបន់ដល់សហរដ្ឋអាមេរិក។ ទំនាក់ទំនងខាងសន្តិសុខរបស់យើងក៏មានសារៈសំខាន់សម្រាប់តំបន់ដល់គោលដៅរួមរបស់យើងនៅក្នុងការផ្តល់សន្តិភាព និងសន្តិភាពសម្រាប់តំបន់»។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានថ្លែងនៅក្នុងការឆ្លើតតបដល់អត្ថាធិប្បាយរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Tillerson ថា «យើងបានតាំងចិត្តធ្វើ សង្គ្រាមប្រឆាំងភេរវកម្ម ហើយយើងសង្ឃឹមធ្វើឲ្យជឿនលឿនទៅមុខជាមួយសហរដ្ឋអាមេរិក និងស្ថាបនាទំនាក់ទំនងសេដ្ឋកិច្ចដូចដែលលោករដ្ឋមន្ត្រីការបរទេសបានមានប្រសាសន៍»។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានទៅបំពេញទស្សនកិច្ចរយៈពេលខ្លីនៅប្រទេសអាហ្វហ្គានីស្ថានក្នុងដំណើរទស្សនកិច្ចមិនប្រាប់ឲ្យដឹងជាមុនកាលពីថ្ងៃចន្ទដែលនៅទីនោះលោកបានធ្វើការជួបប្រជុំជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ហើយនិងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតរបស់រដ្ឋាភិបាលឯកភាពជាតិអាហ្វហ្គានីស្ថាន៕