ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Tillerson ធ្វើ​ទស្សនកិច្ច​ដោយ​មិន​បាន​ប្រកាស​ជា​មុន ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​និង​អាហ្វហ្គានីស្ថាន


លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson (រូប​ឆ្វេង) ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។

លោក Rex Tillerson រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ដោយ​មិន​បាន​ប្រកាស​ជា​សាធារណៈ​នោះ​ទេ។ ទស្សនកិច្ច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​បញ្ចប់​ទស្សនកិច្ច​ស្រដៀង​គ្នា​នេះ​ដែរ​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន។

នៅ​ក្នុង​ទីក្រុង បាកដាដ លោក Tillerson គ្រោង​នឹង​ជួប​ជាមួយ​នឹង​លោក Haida al-Abadi នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់។

កាល​ពី​មុន​នេះ មន្ត្រី​ការទូត​កំពូល​របស់​អាមេរិក​រូប​នេះ​បាន​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ថ្មី​របស់​អាមេរិក​ទៅ​លើ​អាស៊ី​ខាង​ត្បូង ជាមួយ​នឹង​លោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្គានីស្ថាន និង​មន្ត្រី​ជាន់ខ្ពស់​ដទៃទៀត​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស Bagram ក្រៅ​ទីក្រុង កាប៊ុល។

លោក Tillerson បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​គិត​ថា សហរដ្ឋអាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​អំពី​ការ​គាំទ្រ​របស់​យើង​ចំពោះ​អាហ្វហ្គានីស្ថាន ការ​គាំទ្រ​ចំពោះ​អធិបតេយ្យភាព និងការ​គាំទ្រ​ចំពោះ​អាហ្វហ្គានីស្ថាន​ដែលរួបរួម​គ្នា​និង​មាន​ប្រជាធិបតេយ្យ តាមរយៈ​ការ​បង្កើត​ជា​មាគ៌ា​ទៅ​កាន់​សន្តិភាព ភាព​រុងរឿង និង​ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង។ វា​សំខាន់​ណាស់​ដែល​យើង​មិន​គាំទ្រ​ដល់​ទីកន្លែង​សុវត្ថិភាព​សម្រាប់​ក្រុម​ភេរវកម្ម​ឬ​ក្រុម​ជ្រុលនិយម​ណា​មួយនៅ​ក្នុង​ពិភពលោក​នេះ​នោះ​ទេ»។

លោក Ghani បាន​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​ថ្មី​របស់​អាមេរិក​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​តំបន់​នេះ ហើយ​លោក​បាន​បន្ថែម​ថា «ភាគី​ពាក់ព័ន្ធ​ទាំងអស់​គួរ​តែ​មាន​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន»។ នេះ​បើយោង​តាម​សេចក្តីថ្លែងការណ៍​ពី​វិមាន​ប្រធានាធិបតី៕

XS
SM
MD
LG