ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Tillerson នឹង​ជួប​​ជាលើក​ដំបូង​ជាមួយ​រដ្ឋាភិបាល​អារ៉ាប់​ប៊ី​ សាអូឌីត​និង​អ៊ីរ៉ាក់


រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ Rex Tillerson បក់ដៃ​ខណ​ដែល​លោក​បាន​មក​ដល់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្រ្ត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១៨ តុលា ២០១៧។

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាសកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Rex Tillerson នឹង​ចូលរួម​ជំនួប​ជា​លើក​ទី​មួយ​នៅ​សប្តាហ៍​ក្រោយ​រវាង​រដ្ឋាភិបាល​អារ៉ាប់​ប៊ី សាអូឌីត​និង​អ៊ីរ៉ាក់​ដែល​មាន​គោល​បំណង​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង២។

​សេចក្តី​ថ្លែងការណ៍​នោះ​ប្រាប់​ឲ្យ​ដឹងថា ខណៈ​ដែល​ស្ថិត​នៅក្នុង​រាជធានី​រីយ៉ាដ​នៃ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត ​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Tillerson នឹង​ជួប​ជាមួយ​ពួក​មេដឹកនាំ​អារ៉ាប់ប៊ី សាអូឌីត​ផ្សេង​ៗ​ទៀត​ដើម្បី​ពិភាក្សា​ជម្លោះក្នុង​ប្រ​ទេស​យេម៉ែន ​ជម្លោះដែល​កំពុងបន្ត​មាន​ឡើង​នៅឈូង​សមុទ្រ​ពែក បញ្ហា​ប្រ​ទេស​អ៊ីរ៉ង់​ហើយ​នឹង​បញ្ហា​សំខាន់​ៗ​នៅ​ក្នុង​តំបន់​និង​បញ្ហា​ទ្វេភាគី។

​ជំនួប​នោះ​ក៏នឹងត្រូវ​ធ្វើ​ឡើង​នៅ​រដ្ឋធានី​រ៉យ៉ាដ​នៃ​ប្រទេស​អារ៉ាប់​ប៊ី ​សាអូឌីត ៤ខែ​បន្ទាប់​ពី​ប្រទេស​ទាំង២​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដើម្បី​បង្កើត​ក្រុម​ប្រឹក្សា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​រវាង​ប្រទេស​ជិត​ខាង​នៅ​ក្នុងការ​ប៉ុនប៉ង​ដើម្បី​ទប់​ទល់ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើងរបស់​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។

ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Tillerson ​នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ចមួយ​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ច្រើន​ទៅកាន់​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក​និង​តំបន់​អាស៊ី​ចាប់​ពី​ថ្ងៃ​ទី២០​ដល់​ថ្ងៃ​ទី​២៧​ខែ​តុលា​នេះ។

បន្ទាប់​មក​លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិកTillersonនឹង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេសកាតានិង​មន្រ្តី​យោធា​សហរដ្ឋ​អាមេរិក​នៅ​រាជធានី​ដូហា​ដើម្បី​ពិភាក្សា​ការ​ខំ​ប្រឹង​ប្រែង​ប្រឆាំង​ភេរវកម្មរួម​ហើយ​នឹង​បញ្ហា​ក្នុង​តំបន់​និង​ទ្វេភាគី​មុន​ពេល​លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​បំពេញ​ទស្សនកិច្ច​ប្រទេស​ឥណ្ឌា ​ប៉ាគីស្ថាន​និង​ប្រទេស​ស្វីស៕

XS
SM
MD
LG