ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Tillerson ធ្វើ​ឲ្យ​ចំណងទាក់ទង​រវាង​អារ៉ាប៊ី​សាអូឌីត​និង​អ៊ីរ៉ាក់​កាន់​តែ​ជិតស្និទ្ធ​ជាង​មុន


លោក Haider Al-Abadi នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ ស្តេច Salman bin Abdulaziz Al Saud​ របស់​អារ៉ាប៊ី​សាអូឌីត និង​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង Riyadh ប្រទេស​អារ៉ាប៊ី​សាអូឌីត​កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។

លោក Rex Tillerson រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ កាល​ពី​ថ្ងៃ​អាទិត្យ បាន​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​និង​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភាព​គឃ្លើន​ខាង​យោធា​ដែល​ចេះ​តែ​កើន​ឡើង​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​នោះ។

លោក Tillerson ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ដំបូង​របស់​គណៈកម្មាធិការ​សម្របសម្រួល​រវាង​អារ៉ាប៊ី​សាអូឌីត​និង​អ៊ីរ៉ាក់​នៅ​ក្នុង​រដ្ឋធានី Riyadh បាន​ថ្លែង​ប្រាប់​ស្តេច Salman របស់​អារ៉ាប៊ី​សាអូឌីត និង​លោក Haider al-Abadi នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ថា ចំណង​ទាក់​ទង​ដែល​ប្រសើរ​ជាង​មុន​រវាង​ប្រទេស​ទាំងពីរ បាន​បង្ហាញ​ពី ​«អានុភាព​ដ៏​អស្ចារ្យ​មួយ»។ លោក​បាន​លើក​ឡើង​ពី​ការ​បើក​ច្រក​ព្រំដែន​ដ៏​ធំ​រវាង​ប្រទេស​ទាំងពីរ​ឡើង​វិញ ហើយ​និង​ការ​ចាប់​ផ្តើម​បើក​ការ​ហោះហើរ​ដោយ​ផ្ទាល់​ឡើង​វិញ​ពី​ទី​ក្រុង បាកដាដ​ ទៅ​ទីក្រុង Riyadh ផង​ដែរ។

លោក Tillerson បាន​មាន​ប្រសាសន៍​ថា «ដំណើរ​វិវត្តន៍​ទាំង​ពីរ​នេះ​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​នូវ​អ្វី​ដែល​យើង​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​សកម្មភាព​ដែល​កាន់​តែ​ជាក់ស្តែង ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​និង​ពង្រឹង​សហប្រតិបត្តិការ​ទៅ​លើ​បញ្ហា​ជាច្រើន។ ទំនាក់ទំនង​ដែល​កាន់​តែ​ប្រសើរ​រវាង​អារ៉ាប៊ី​សាអូឌីត​និង​អ៊ីរ៉ាក់​គឺ​សំខាន់​ណាស់​ក្នុង​ការ​គាំទ្រ​ដល់​សន្តិសុខ​រួម​និង​ភាព​រុងរឿង​របស់​យើង​ ហើយ​យើង​យក​ចិត្ត​ទុកដាក់​ចំពោះបញ្ហា​នេះ​យ៉ាង​ខ្លាំង»។

មន្ត្រី​ការទូត​កំពូល​អាមេរិក​រូប​នេះ​បាន​ថ្លែង​ទៀត​ថា សហរដ្ឋអាមេរិក​ «សម្តែង​ការ​ដឹង​គុណ​ចំពោះ​ដំណើរ​វិវត្តន៍​នេះ ហើយ​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ពីរ​ពង្រីក​ទំនាក់ទំនង​ដ៏​សំខាន់​នេះ​សម្រាប់​ស្ថិរភាព​នៅ​ក្នុង​តំបន់។ សហរដ្ឋអាមេរិក​ឈរ​ជាស្រេច​ដើម្បី​គាំទ្រ​ដល់​សហប្រតិបត្តិការ​ដែល​បន្ត​ទៅមុខ​រវាង​ប្រទេស​អារ៉ាប៊ី​សាអូឌីតនិង​ប្រទេស​អ៊ីរ៉ាក់»៕

XS
SM
MD
LG