ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​អំពី​គ្រឿង​ស្រវឹង


អ្នក​លក់​ស្រាបៀ​កំពុង​ចាក់​ស្រាបៀ​ជូន​អតិថិជន​កាល​ពី​ថ្ងៃពុធ ទី១ ខែ​មេសា ឆ្នាំ​២០០៩ នៅ​ទីក្រុង​ភ្នំពេញ។ (រូបថត៖ AP/David Longstreath)
អ្នក​លក់​ស្រាបៀ​កំពុង​ចាក់​ស្រាបៀ​ជូន​អតិថិជន​កាល​ពី​ថ្ងៃពុធ ទី១ ខែ​មេសា ឆ្នាំ​២០០៩ នៅ​ទីក្រុង​ភ្នំពេញ។ (រូបថត៖ AP/David Longstreath)

ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​កំពុង​ធើ្វ​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ ខណៈ​ពេល​ដែល​កំណើន​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ចេះ​តែ​បន្ត​កើន​ឡើង​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​វ័យ​ក្មេង។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​អ្នក​ឯកទេស​ផ្នែក​សុខភាព។​

សេចក្តី​ព្រាង​ច្បាប់​ដែល​កំពុង​តាក់តែង​ឡើង​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ​ ហើយ​ច្បាប់​នេះ​នឹង​ដាក់​បន្ទុក​ពន្ធ​ខ្ពស់​ទៅ​លើ​គ្រឿង​ស្រវឹង​ និង​រឹត​បន្តឹង​លើ​ការ​បើក​លក់​គ្រឿង​ស្រវឹង​ ដែល​បច្ចុប្បន្ន​នេះ​មាន​ការ​រីក​សុះសាយ​ស្ទើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​កង្វះ​ច្បាប់​គ្រប់គ្រង។​

លោក​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ហាម​ឃាត់​មិន​ឲ្យ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នេះ​គឺ​ជា​មធ្យោបាយ​មួយ ​ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​យុវជន​វ័យ​ក្មេង​ទាំងនេះ​ស្វែង​យល់​ពី​ហានិភ័យ​នានា​ ដែល​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង។

«បាទ​នៅ​ក្នុង​សេចក្តី​ព្រាង ​យើង​កំណត់​អាយុ​ក្រោម​២១​ឆ្នាំ យើង​ហាម​ឃាត់។​ អាយុ​២១​ឆ្នាំបាន​ន័យ​ថា ​វា​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​គាត់​ស្វែង​យល់ពី​ផល​លំបាក​ ដែល​កើត​ឡើង​ដោយ​សារ​ទទួល​ទាន​គ្រឿង​ស្រវឹង​នេះ។ ដូច្នេះ​ហើយ​ការ​ដែល​កំណត់​អាយុ​២១​ឆ្នាំ​នេះ​ជា​ការ​មួយ​ ដើម្បី​អប់រំ​យុវជន​របស់​យើង​ឲ្យ​ប្រែ​ប្រួល​ឥរិយាបថ​ ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នេះ»។​

លោក​រដ្ឋមន្ត្រី ​ម៉ម ប៊ុនហេង បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​បង្កើត​ច្បាប់​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​គាំពារ​សុខភាព​សាធារណជន​ និង​ការ​ទប់​ស្កាត់​ភាព​អន្តរាយ​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​ប្រើ​គ្រឿង​ស្រវឹង​ ក្នុង​នោះ​រួម​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​គ្រោះ​ថ្នាក់​ចរាចរ។​

«យើង​មាន​ហេតុផល​ច្រើន​ដែល​ទាក់​ទិននឹង​ការ​ប្រើ​គ្រឿង​ស្រវឹង​នេះ​ដែល​ផល​លំបាក​ច្រើន​ ទាំង​បញ្ហា​សុខ​ភាព​បុគ្គល​ម្នាក់ៗ​ ដែល​ទទួល​ទាន ​សុខភាព​សាធារណៈ​ដែល​ប៉ះ​ពាល់​ដល់​សាធារណជន​ទាំងមូល​ ហើយ​ក៏​ដូច​ជា​ទាក់​ទិន​នឹង​គ្រោះ​ថ្នាក់​ចរាចរ​ ទាក់​ទិន​នឹង​ហិង្សា​ក្នុង​គ្រួសារ​ ​ការ​បាត់​បង់​បញ្ញា​ស្មារតី​នៅ​ពេល​រៀន​សូត្រ»។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ផង​ដែរ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ ដែល​ធ្វើ​ឡើង​ទៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ។ ​វាគ្មិន​ដែលជា​អ្នក​ឯកទេសផ្នែក​សុខភាព​ជាតិ​ និង​អន្តរជាតិ​ដែល​បានចូល​រួម​ក្នុង​សន្និសីទ​នោះ​បាន​លើក​ឡើង​ថា​ ពលរដ្ឋ​កម្ពុជា​ជាង​៩០ភាគរយ​បាន​គាំទ្រ​ឲ្យ​មាន​ច្បាប់​នេះ។​

ថ្លែង​នៅ​ក្នុង​សនិ្នសីទ​នោះ​ លោក​ James Nichols​ អ្នក​ឯកទេស​ផ្នែកគោល​នយោបាយ​ស្តីពី​គ្រឿង​ស្រវឹង​មក​ពី​ចក្រភព​អង់គ្លេស​ បាន​ស្នើ​ឲ្យ​កម្ពុជា​យក​គម្រូតាម​ការ​អនុវត្ត​ជា​លក្ខណៈ​អន្តរជាតិ​ ដោយ​តម្រូវ​ឲ្យ​អ្នក​ដែល​ចង់​ធ្វើ​អាជីវកម្ម​លក់​គ្រឿង​ស្រវឹង ត្រូវសុំ​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល។

«តាម​បទ​ពិសោធន៍​អន្តរជាតិ​ដើម្បី​កាត់​បន្ថយ​នូវ​ហានិភ័យ​ទាំងឡាយ​ ដែល​បង្ក​ដោយ​គ្រឿង​ស្រវឹង​នោះ ​ច្បាប់​គួរតែ​មាន​ចែង​អំពី​ការ​រក​ទិញ​ផលិត​ផល​គ្រឿង​ស្រវឹង​នោះ ​មាន​ន័យ​ថា​ អ្នក​លក់​ផលិត​ផល​គ្រឿង​ស្រវឹង​ហ្នឹង​ត្រូវ​តែ​មាន​អាជ្ញា​បណ្ណ»។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ពិភាក្សា​ដោយ​គណៈ​កម្មការ​អន្តរ​ក្រសួងក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ហើយ​ច្បាប់​នេះ​ក៏​នឹង​មាន​មាត្រា​ដាក់​ទោស​ពិន័យ​លើ​ការ​ប្រើ​គ្រឿង​ស្រវឹង​នេះ​ដែរ​ នៅ​ពេល​ដែល​ច្បាប់​នេះ​ចូល​ជាធរមាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG