ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ មានភាពតឹងរឹង និងប្រសើរជាងមុនខណៈពេលដែលបេក្ខជនប្រឡងបានត្រៀមខ្លួនរួចរាល់ជាស្រេចសម្រាប់ទទួលលទ្ធផល។ នេះបើតាមការសន្និដ្ឋានរបស់មន្ត្រីរដ្ឋាភិបាល និងអ្នកតាមដាន។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តឡើងនៅថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០១៥ ដោយមានការរឹតបន្តឹងលើវិន័យ បទបញ្ជាផ្ទៃក្នុង និងសណ្តាប់ធ្នាប់ទាំងក្នុង និងក្រៅមណ្ឌលប្រឡង។
នៅតាមមណ្ឌលប្រឡងនីមួយៗ មានការការពារ និងពង្រឹងសណ្តាប់ធ្នាប់ពីសំណាក់សមត្ថកិច្ច និងប្រជាការពារ ខណៈដែលមានការអង្គុយរង់ចាំពីអាណាព្យាបាលបេក្ខជនជាច្រើននៅខាងមុខមណ្ឌលក្នុងទឹកមុខព្រួយបារម្ភ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពិធីកាត់បើកវិញ្ញាសារប្រឡងនៅឯវិទ្យាល័យព្រះស៊ីសុវត្ថិ លោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ការប្រឡងឆ្នាំនេះមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ទាំងរបៀបរៀបរយ និងសណ្តាប់ធ្នាប់៖
«របៀបរៀបរយក៏ល្អជាងឆ្នាំមុនដែរ ថ្វីត្បិតតែជារួមនៅមាននៅជុំវិញមណ្ឌលហ្នឹងអាចថាមានកន្លែងខ្លះមិនទាន់មាននេះទាំងស្រុង ប៉ុន្តែជារួមគឺសណ្តាប់ធ្នាប់បានល្អជាងឆ្នាំមុន»។
សូមទស្សនាវីដេអូអំពីមតិឪពុកម្តាយចំពេាះថ្ងៃប្រឡងទី១៖
កាលពីឆ្នាំកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសទៅលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយសហការជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរឹតបន្តឹងការស៊ីសំណូកសូកប៉ាន់ក្នុងបន្ទប់ប្រឡងរវាងអនុរក្ស និងបេក្ខជន ក៏ដូចជាការលួចប្រើគ្រឿងអេឡិកត្រូនិក និងការយកសំណៅឯកសារចូលបន្ទប់ប្រឡងជាដើម។
ការណ៍នេះ បានធ្វើឱ្យអត្រាជាប់របស់បេក្ខជនមានត្រឹមតែ៤០,៦៧ភាគរយ បន្ទាប់ពីមានការប្រឡងចំនួនពីរលើក។
លោក កុយ សេដា នាយកវិទ្យាល័យទួលទំពូង ដែលមានតួនាទីជាអនុប្រធានមណ្ឌលប្រឡងជាស៊ីមសន្ធរម៉ុក បានឱ្យដឹងថា ដំណើរការប្រឡងក្នុងមណ្ឌលរបស់លោក គឺមានដំណើរការល្អ ដោយហេតុថា បេក្ខជន អនុរក្ស អ្នកអង្កេតការណ៍ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតមានការយល់ដឹងច្រើនជាងមុន។
«ក្នុងរយៈពេលពេញ១ថ្ងៃនៅក្នុងមណ្ឌលជាស៊ីមសន្ធរម៉ុករបស់ខ្ញុំបាទនិយាយរួម គឺមិនមានបញ្ហា មិនប្រក្រតីកើតមានឡើងទេ គឺការអនុវត្តការងារប្រឡងនេះប្រព្រឹត្តទៅដោយរលូន»។
នាយកសាលារូបនេះ គូសបញ្ជាក់ទៀតថា បេក្ខជនគិតតែផ្ចង់អារម្មណ៍ទៅលើការប្រឡងតែប៉ុណ្ណោះ។
«គាត់ខំប្រឹងប្រែងធ្វើនូវកិច្ចការនៃការងារប្រឡងរបស់គាត់តាមមុខវិជ្ជានីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់គាត់»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះធ្វើឡើងក្នុងមណ្ឌលប្រឡងចំនួន១៥០មណ្ឌល ដែលស្មើនឹង៣.៥៧៦បន្ទប់ ដោយមានបេក្ខជនមានឈ្មោះប្រឡងចំនួនជាង៨ម៉ឺននាក់ ក្នុងនោះមានបេក្ខជនជានារីជាង៤ម៉ឺននាក់។
ក្រុមសង្កេតការណ៍ឯករាជ្យមួយចំនួនដែលតាមដានការប្រឡងឆ្នាំនេះ រួមមានអង្គការ KIND សម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គមបានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយទាញការសន្និដ្ឋានថា ការប្រឡងនេះមិនមានការបែកធ្លាយវិញ្ញាសា ការយកសំណៅឯកសា ឬឧបករណ៍អេឡិកត្រូនិកផ្សេងៗដោយបេក្ខជនចូលក្នុងមណ្ឌលប្រឡងឡើយ។ ចំណែកឯសណ្តាប់ធ្នាប់របៀបរៀបរយនៅខាងក្រៅមណ្ឌលប្រឡងវិញក៏ឃើញថាមានសភាពស្ងប់ស្ងាត់ធម្មតាដែរ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ទោះជាយ៉ាងនេះក៏ដោយ ក៏អង្គការសង្គមស៊ីវិលដែលឃ្លំាំមើលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតែអំពាវនាវ និងទទូចឲ្យមានការរឹតបន្តឹងបន្ថែមទៀតទៅលើដំណើរការកែវិញ្ញាសា ដើម្បីធានាផ្តល់យុត្តិធម៌ដល់បេក្ខជន ដែលបានចូលរួមប្រឡងសញ្ញាបត្រ នៅថ្ងៃទី២៤ -២៥ ខែសីហា ឆ្នាំ២០១៥នេះ»។
នេះជាឆ្នាំទីពីរហើយដែលក្រសួងអប់រំបានធ្វើការរឹតបន្តឹងលើការប្រឡងថ្នាក់មធម្យសិក្សាទុតិយភូមិ។ បេក្ខជនប្រឡងមួយចំនួនដែល VOA បានជួបសម្ភាសន៍បាន បង្ហាញការសាទរចំពោះកំណែទម្រង់ថ្មីនេះ។
យុវជន រ៉េត មាស អាយុ១៨ឆ្នាំ មកពីវិទ្យាល័យពងទឹក ជាបេក្ខជនមកប្រឡងនៅមណ្ឌលជាស៊ីមសន្ធរម៉ុក បាននិយាយថា «ការប្រឡងឆ្នាំនេះមានការរឹតបន្តឹងខ្លាំងគឺអនុរក្សនៅតាមថ្នាក់មិនឱ្យបើកចាក់ មិនឱ្យយកសំណុំឯកសារចូលក្នុងបន្ទប់ប្រឡង»។
ស្រដៀងគ្នានេះដែរ យុវជន លាភ វិសាល អាយុ១៩ឆ្នាំ មកពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក៏បានថ្លែងពីភាពតឹងរឹងក្នុងការប្រឡងដែរ។
«ឆ្នាំហ្នឹងប្រឡងដូចជាតឹងជាងឆ្នាំមុន ព្រោះការចូលរួមសង្កេតការណ៍ពីយុវជន និងសិស្សរៀមច្បងចូលសង្កេតការណ៍មើលទៅច្រើនខ្លាំងណាស់»។
យុវជនរូបនេះលើកឡើងថា ការត្រួតពិនិត្យលើការលាក់សំណៅឯកសារក្នុងមណ្ឌលខ្លួនមានច្រើនដំណាក់កាល។
«គេឆែកដល់៣ដំណាក់កាលហ្នឹង ឆែកពីក្លោងទ្វារចូលទៅក្នុងសាលាហើយក្នុងថ្នាក់ឆែកម្តងទៀត»។
ទោះបីជាមានភាពតឹងរឹងក្នុងការប្រឡងយ៉ាងណាក្តី ប៉ុន្តែវិញ្ញាសារប្រឡងត្រូវបានបេក្ខជនជាច្រើនយល់ថា វាមានភាពងាយស្រួលជាងឆ្នាំមុនៗ។ ដោយមានទឹកមុខស្រស់ស្រាយ ញញឹមញញែមក្នុងពេលដើរចេញពីមណ្ឌលប្រឡង បេក្ខជនភាគច្រើនហាក់បង្ហាញពីក្តីសង្ឃឹមរបស់ខ្លួនក្នុងការទទួលបានលទ្ធផលល្អពីការប្រឡងនេះ ដោយសមត្ថភាពពិតៗ។
យុវតី លឹម ស្រីតាល់ វ័យ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជម្ពូវ័ន៖«ខ្ញុំពេញចិត្តការរៀបចំវិញ្ញាសារ គាត់បន្តឹង ប៉ុន្តែវិញ្ញាសារចេញមកធូរ ហើយសិស្សស្រួលនៅក្នុងការធ្វើ»។
មិនខុសគ្នានោះដែរ យុវតី រ៉េត សារីតា អាយុ២០ឆ្នាំ មកពីវិទ្យាល័យឥន្ទ្រទេវី ក៏យល់ថា វិញ្ញាសារមានភាពងាយស្រួល ប៉ុន្តែបើអ្នកមិនចេះនៅតែធ្វើមិនបានដដែល។
«ខ្ញុំនិយាយឱ្យអស់ទៅ គឺវិញ្ញាសារស្រួលជាងឆ្នាំមុនទៀត ប៉ុន្តែសម្រាប់អ្នកចេះគឺគេចេះតែសម្រាប់អ្នកអត់ចេះនៅតែអត់ចេះចឹង»។
ភាពតឹងរឹងក្នុងការប្រឡង ស្របពេលដែលឆ្នាំនេះជាឆ្នាំទីពីរនៃកំណែទម្រង់វិស័យអប់រំរបស់ក្រសួង បានធ្វើឱ្យបេក្ខជនមានលទ្ធភាពក្នុងការត្រៀមលក្ខណៈសម្បត្តិបានល្អជាងមុន ទាំងផ្លូវកាយ ផ្លូវចិត្ត ព្រមទាំងចំណេះដឹងទៀតផង។
យុវតី រតនៈ អេលីសា អាយុ១៧ឆ្នាំ មកពីវិទ្យាល័យឥន្ទ្រទេវី បង្ហាញពីក្តីសង្ឃឹមរបស់ខ្លួនចំពោះការប្រឡងឆ្នាំនេះ ព្រោះតែកញ្ញាបានត្រៀមខ្លួនរួចជាស្រេច។
«ខ្ញុំបានស្រាវជ្រាវរកមេរៀនឡើងអស់តាំងពីឆ្នាំមុនៗ ហើយត្រៀមខ្លួនរៀនគួររៀនអ្វីបន្ថែមទាំងអស់»។
លោក រស់ សាលីន ជាអ្នកនាំពាក្យក្រសួងអប់រំ បានកត់សម្គាល់នូវចំណុចល្អប្រសើរ៣ចំណុច ទាក់ទងនឹងយុវជន និងមណ្ឌលប្រឡងក្នុងឆ្នាំនេះ។
«បេក្ខជនរូតរះមកមណ្ឌលប្រឡងហើយម្នាក់ៗសឹងតែគ្មានប៊្រីយ៉ុងជាប់ខ្លួន សៀវភៅឯកសារ សំណៅ ទូរស័ព្ទដៃ ឬកាស្យូជាដើម។ បេក្ខជនភាគច្រើន គឺឃើញថាមានការស្វាហាប់ ហាក់ដូចជាទុកចិត្តខ្លួនឯង។ ទី៣ យើងឃើញថានៅជុំវិញមណ្ឌលហ្នឹងគឺមានភាពស្ងប់ស្ងាត់ល្អមែនទែន»។
ចំពោះគោលការណ៍ក្នុងការប្រឡង ក្រសួងអប់រំបានកំណត់ថា អ្នកដែលល្មើសនីតិវិធីប្រឡងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ និងមានការព្យួរការប្រឡងរយៈពេល១ ឬ២ឆ្នាំអាស្រ័យលើប្រភេទបទលើ្មស។
លោក រស់ សាលីន បញ្ជាក់ថា៖«អ្នកធ្លាក់ស្វ័យប្រវត្តិហ្នឹងមាន អ្នកបើកប៊្រីយ៉ុង យកទូរស័ព្ទចូល មានការបើកមើល យកសៀវភៅចូល យកCasioចូល។ ហើយបើសិនបេក្ខជននោះដូរលេខតុគ្នាអង្គុយក៏ធ្លាក់ស្វ័យប្រវត្តិដែរ ហើយព្យួរការប្រឡងមួយឆ្នាំ ហើយបើឱ្យគេមកជំនួសធ្លាក់ស្វ័យប្រវត្តិ ហើយព្យួរការប្រឡងពីរឆ្នាំ»។
យ៉ាងណាក៏ដោយ ក៏មានករណីមិនប្រក្រតីមួយចំនួនក៏បានកើតមានឡើងផងដែរ ជាក់ស្តែងនៅក្នុងមណ្ឌលវត្តកោះមានយុវជនម្នាក់បានមកបន្លំខ្លួនប្រឡងជំនួសបងប្រុសរបស់ខ្លួន។ បេក្ខជនដែលឱ្យគេមកប្រឡងជំនួសនោះត្រូវបានក្រសួងអប់រំកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ រីឯអ្នកដែលប្រព្រឹត្តល្មើសនោះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយយកទៅធ្វើរបាយការណ៍ និងណែនាំបន្ត៕