កំណត់និពន្ធ៖ កុមារពិការភ្នែក និងគថ្លង់ក៏មានសមត្ថភាពរៀនសូត្រ និងអនាគតដូចគ្នានឹងកុមារកម្ពុជាធម្មតាដែរឲ្យតែពួកគេទទួលបានឱកាសអប់រំល្អ។ នេះបើយោងតាមការលើកឡើងរបស់អ្នកគ្រូ នាង ផល្លា ដែលជាគ្រូបង្រៀនកុមារពិការភ្នែក និងគថ្លង់ដំបូងបង្អស់នៅកម្ពុជាឲ្យអង្គការគ្រួសារថ្មី ចាប់តាំងពីឆ្នាំ១៩៩៣មក។ ថ្មីៗនេះ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកគ្រូ ផល្លា ត្រូវបានពិភពលោកទទួលស្គាល់ ហើយអ្នកគ្រូបានជាប់ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន១០នាក់ចុងក្រោយសម្រាប់ពានរង្វាន់គ្រូបង្រៀនឆ្នើមក្នុងសាកលលោក (Global Teacher Prize) របស់មូលនិធិ Varkey។
ប្រិយមិត្តអាចបោះឆ្នោតបេក្ខភាពអ្នកគ្រូ នាង ផល្លា តាមអ៊ីនធឺណិតត្រង់នេះ ឬ http://goo.gl/yXY3D1។
នាង ទែន សុខស្រីនិត នៃ VOA បានសន្ទនាជាមួយអ្នកគ្រូ នាង ផល្លា តាមទូរស័ព្ទអំពីប្រវត្តិនៃការបង្រៀនរបស់អ្នកគ្រូ និងអំពីចំណាប់អារម្មណ៍របស់អ្នកគ្រូដែលបានជាប់ជាបេក្ខជនចុងក្រោយម្នាក់។ សូចអានឬចុចស្តាប់ខាងក្រោម៖
VOA៖ សូមជម្រាបសួរអ្នកគ្រូ ផល្លា។
អ្នកគ្រូ ផល្លា៖ ច៎ាស សូមជម្រាបសួរប្អូន។
VOA៖ ជាកិច្ចចាប់ផ្តើមនាងខ្ញុំចង់ឲ្យអ្នកគ្រូរៀបរាប់ពីប្រវត្តិបង្រៀនកុមារពិការនៅមជ្ឈមណ្ឌលគ្រួសារថ្មីជូនលោកអ្នកស្តាប់បន្តិច?
អ្នកគ្រូ ផល្លា៖ ច៎ាស នាងខ្ញុំឈ្មោះ នាង ផល្លា ជាគ្រូបង្រៀនកុមារពិការភ្នែកនៅក្នុងអង្គការគ្រួសារថ្មី។ នាងខ្ញុំចាប់ផ្តើមប្រឡូកក្នុងវិស័យអប់រំកុមារពិការភ្នែកនៅប្រទេសកម្ពុជាយើងតាំងពីឆ្នាំ១៩៩៣។ ជំហានដំបូងគឺយើងចាប់ផ្តើមដើររកសិស្ស ប៉ុន្តែ ខ្ញុំសូមជម្រាបប្រវត្តិបន្តិច។ មុននឹងចាប់ផ្តើមបើកសាលាកុមារពិការភ្នែកនេះ គឺយើងមានអង្គការគ្រួសារថ្មី ដែលមានលោក Benoît Duchateau-Arminjon ជាប្រធានរបស់អង្គការគ្រួសារថ្មី។ ក្នុងពេលនោះ គាត់មានក្មេងកំព្រាដែលមកពីជំរុំជនភៀសខ្លួនខ្មែរថៃ។ ដូច្នេះមានក្មេងកំព្រារស់នៅក្នុងមជ្ឈមណ្ឌលរបស់អង្គការគ្រួសារថ្មី។ ពេលថ្ងៃពួកគាត់ទៅរៀនទាំងអស់គ្នា ហើយនៅសល់តែក្មេងពិការភ្នែកម្នាក់ ដែលគាត់មានឈ្មោះថា វណ្ណា។ វណ្ណា បានចោទសួរ នៅពេលដែលលោក Benoit ទៅមណ្ឌល ថាតើហេតុអ្វីបានជាគាត់មិនមានសាលារៀនដើម្បីទៅរៀនដូចគេ។ ក្មេងទូទៅបានទៅសាលារៀនទាំងអស់គ្នា ហើយនៅសល់តែគាត់មួយដែលមិនបានទទួលការអប់រំ។ ដូច្នេះ ប្រធានអង្គការគ្រួសារថ្មី គឺលោក Benoît Duchateau-Arminjon គាត់ក៏មានគំនិតចាប់ផ្តើមដើរស្វែងរកថវិកា ដើម្បីមកដំណើរការអង្គការគ្រួសារថ្មីនេះ។ ពេលនោះគាត់ក៏ចាប់ផ្តើមដើររកអ្នកជំនាញ ហើយក៏គាត់បានជួបខ្ញុំ។ ពេលនោះគឺខ្ញុំនៅធ្វើការឲ្យអ៊ុនតាក់នៅឡើយកាលពីឆ្នាំ១៩៩១មក។ បន្ទាប់ពីរកខ្ញុំឃើញ គាត់ចាប់ផ្តើមឲ្យខ្ញុំធ្វើការជាមួយគាត់។ ប៉ុន្តែ រយៈពេលដែលគាត់បានរកឃើញខ្ញុំនោះមានរយៈពេលយូរដែរ ពីព្រោះថានៅឆ្នាំ១៩៩១ យើងមិនមានមធ្យោបាយទាក់ទងគ្នាទេ។ យើងត្រូវដើររកតាមការសួរនាំស្វែងរកប្រវត្តិរូបខ្ញុំ ហើយខ្ញុំក៏ជាអ្នកមកពីជំរុំដែរ។ ដូច្នេះ គាត់ក៏រកខ្ញុំឃើញ ហើយគាត់ក៏បានសួរខ្ញុំថា តើខ្ញុំសុខចិត្តលះបង់ការងារដែលខ្ញុំធ្វើជាមួយអ៊ុនតាក់ ដើម្បីមកធ្វើការងារ និងផ្តល់ការអប់រំដល់អ្នកពិការភ្នែកទេ? ហើយខ្ញុំក៏សម្រេចចិត្តបោះបង់ចោលការងារជាមួយនឹងអ៊ុនតាក់ ហើយក៏សម្រេចចិត្តចាប់អាជីពជាគ្រូបង្រៀនកុមារពិការភ្នែកនៅកម្ពុជាយើងតែម្តង។ នេះគឺដោយសារតែខ្ញុំនឹកឃើញថា នៅប្រទេសកម្ពុជាយើងកន្លងមក គឺយើងមិនដែលមានកម្មវិធីសិក្សាសម្រាប់កុមារពិការភ្នែកទេ។ ដូច្នេះ នេះជាជំហានដំបូង។ ហើយនៅឆ្នាំ១៩៩៣ជាឱកាសល្អដែលអង្គការគ្រួសារថ្មីបានចាប់ផ្តើមបង្កើតការអប់រំសម្រាប់កុមារពិការភ្នែក ដែលមានខ្ញុំជាអ្នកដំណើរការ និងលោក Benoît Duchateau-Arminjon ជាអ្នកស្វែករកថវិកា។ ដូច្នេះ យើងចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ១៩៩៣មកម្ល៉េះ។
VOA៖ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ តើអង្គការគ្រួសារថ្មីបានពង្រីកគម្រោងអប់រំកុមារពិការភ្នែកចំនួនប៉ុន្មានដែរ?
អ្នកគ្រូ ផល្លា៖ ចា៎ស និយាយពីចំនួនយើងមានតួលេខច្រើន។ យើងចាប់ផ្តើមដំបូងនៅឆ្នាំ១៩៩៣ ដោយបង្កើតជាសាលាពិការភ្នែកទីមួយនៅកម្ពុជានៅទីក្រុងភ្នំពេញ។ បន្ទាប់មក យើងចាប់ផ្តើមពង្រីកសាលាពិការភ្នែកនៅបាត់ដំបង ហើយក្រោយមកនៅសៀមរាប និងកំពង់ចាម។ ដល់ឆ្នាំ១៩៩៧ យើងចាប់ផ្តើមពង្រីកកម្មវិធីអប់រំកុមារគថ្លង់ទៀត។ ដំបូងយើងចាប់ផ្តើមធ្វើការតែជាមួយកុមារពិការភ្នែកទេ តែដល់ឆ្នាំ១៩៩៧ គឺយើងចាប់ផ្តើមដំណើរការការអប់រំកុមារគថ្លង់មួយទៀត។ ដូច្នេះ សព្វថ្ងៃអង្គការគ្រួសារថ្មីធ្វើការអប់រំកុមារពិការភ្នែកនិងកុមារគថ្លង់។ ប៉ុន្តែ ខ្ញុំសូមជម្រាបជូនថា អង្គការគ្រួសារថ្មីមិនមែនតែផ្នែកពិការភ្នែក និងគថ្លង់ទេ។ អង្គការគ្រួសារថ្មីក៏បានធ្វើការលើវិស័យ៣ធំៗ ដែលមានដូចជា វិស័យគាំពារកុមារាភាពកុមារដែលមានកុមារកំព្រានៅតាមមណ្ឌល។ យើងមានផ្តល់ការអប់រំដល់កុមារពិការភ្នែក និងគថ្លង់ និងវិស័យអភិវឌ្ឍ និងអភិរក្សសិល្បៈខ្មែរយើង។ ដោយឡែក ខ្ញុំសូមជម្រាបជូនថា ខ្ញុំធ្វើការតែផ្នែកអប់រំកុមារពិការភ្នែក និងគថ្លង់។
VOA៖ ច៎ាស ទាក់ទងនឹងបទពិសោធន៍អប់រំកុមារពិការភ្នែក និងគថ្លង់នេះ តើអ្នកគ្រូមានចំណាប់អារម្មណ៍យ៉ាងដូចម្តេចដែរតាំងពីឆ្នាំ១៩៩៣រហូតមកដល់បច្ចុប្បន្ននេះ?
អ្នកគ្រូ ផល្លា៖ ជាជំហានដំបូងគឺថា ពួកគាត់មិនដែលទទួលបានការអប់រំ ហើយសូម្បីតែអ្នកជិតខាង និងក្រុមគ្រួសារគាត់ក៏មិនដឹងថា កុមារពិការភ្នែកអាចទទួលបានការអប់រំបាន។ ពេលដែលគាត់ចូលមករៀនក្នុងសាលារៀននេះ យើងផ្តល់ជូនដល់គាត់ដូចជា ការណែនាំផ្លូវដែលហៅថា Orientation Mobility ពីព្រោះពួកគាត់ពិការភ្នែក ហើយយើងចង់ឲ្យបង្រៀនគាត់ឲ្យគាត់ចេះជួយខ្លួនឯង និងចេះធ្វើអ្វីៗដោយខ្លួនឯង។ បន្ទាប់មកពេលគាត់ស្គាល់ទីតាំង ថ្នាក់រៀន ឬកន្លែងញុំាបាយ បង្គន់ បន្ទប់ទឹកហើយ នោះយើងចាប់ផ្តើមបង្រៀនអក្សរដល់ពួកគាត់ ដែលយើងប្រើអក្សរ Braille ជាអក្សរចំណុចពូកៗសម្រាប់កុមារពិការភ្នែក។ ហើយអក្សរសម្រាប់អ្នកពិការភ្នែកនេះ គឺខ្ញុំជាអ្នកចាប់ផ្តើមបង្កើតឡើងសម្រាប់ប្រទេសខ្មែរយើង ដែលមានបុគ្គលិកមួយចំនួនចូលរួមសហការជាមួយគ្នា ដើម្បីបង្កើតជាអក្សរខ្មែរដល់អ្នកពិការភ្នែក។ ខ្ញុំនឹកឃើញថា បើសិនជាពួកគាត់ទទួលបានការអប់រំ ទោះជាគាត់មើលមិនឃើញក្តី ប៉ុន្តែគាត់មានអក្សរសម្រាប់រៀន ដូច្នេះ គាត់នឹងចូលរៀនដូចនឹងសិស្សធម្មតានៅសាលារដ្ឋបាន។ បច្ចុប្បន្ន យើងមានសិស្សពិការភ្នែករៀននៅពេញមួយថ្ងៃនៅក្នុងសាលារបស់អង្គការគ្រួសារថ្មី គឺចាប់ពីថ្នាក់មតេ្តយ្យរហូតដល់ថ្នាក់ទី២ គឺយើងរៀនពេញមួយថ្ងៃ។ ចាប់ពីថ្នាក់ទី៣ឡើងទៅ យើងដាក់បញ្ចូលគាត់ទៅក្នុងសាលារៀនមួយពេល ហើយមួយពេលទៀតគឺនៅសាលាគ្រួសារថ្មី។ ហើយចំណែកសិស្សគថ្លង់ គឺគាត់រៀនពីថ្នាក់មតេ្តយ្យរហូតដល់ថ្នាក់ទី៤នៅសាលាគ្រួសារថ្មី។ ចាប់ពីថ្នាក់ទី៥ឡើងទៅ យើងដាក់បញ្ចូលគាត់ទៅសាលារដ្ឋ។ ដូច្នេះ សិស្សពិការភ្នែក និងសិស្សគថ្លង់របស់អង្គការគ្រួសារថ្មី គឺរៀននៅក្នុងអង្គការផង និងទៅរៀនរួមជាមួយនឹងសិស្សធម្មតាផង ហើយការប្រឡងគឺតាមថ្នាក់ជាតិទាំងអស់ច៎ាស។
VOA៖ ទាក់ទងនឹងបទពិសោធន៍បង្រៀនផ្ទាល់ តើអ្នកគ្រូមានទំនាក់ទំនងជាមួយនឹងឪពុកម្តាយរបស់កុមារដែលពិការភ្នែក និងគថ្លង់ដែរឬទេ ហើយថាតើពួកគាត់មានចំណាប់អារម្មណ៍យ៉ាងដូចម្តេចដែរចំពោះកិច្ចការបង្រៀនអប់រំរបស់អ្នកគ្រូដល់កូនៗរបស់គាត់?
អ្នកគ្រូ ផល្លា៖ ច៎ាស សំណួរនេះគឺល្អមែនទែនច៎ាស។ ជាជំហានដំបូង ពេលដែលខ្ញុំចុះទៅជួបជាមួយពួកគាត់ មានមាតាបិតាសិស្សមួយចំនួនគាត់មិនជឿថា កូនគាត់អាចទទួលបានការអប់រំបានទេ។ គាត់និយាយថា បើមើលមិនឃើញអញ្ចឹង រៀនធ្វើអី? ខ្ញុំថា «អត់ទេ។ គាត់ពិការមែនពិត ក៏គាត់អាចទទួលបានការអប់រំដូចយើងដែរ»។ ដូចជាអ្នកធម្មតាអញ្ចឹង។ គាត់ងើបដើរបានដប់ជំហាន យ៉ាងហោចណាស់ក៏អ្នកពិការអាចងើបដើរបាន២ ឬ៣ជំហានដែរ។ ប៉ុន្តែ ទាល់តែយើងផ្តល់ការអប់រំដល់គាត់។ នៅពេលដែលយើងបង្រៀនគាត់ គឺគាត់ទទួលយក។ គួ្រសារគាត់មួយចំនួនថា៖ គាត់ស្រឡាញ់កូនគាត់។ គាត់មិនចង់ឲ្យកូនគាត់មករៀនទេ។ ពេលកូនគាត់ញុំាបាយ ឬពេលងូតទឹក គាត់ជួយកូនគាត់ទាំងអស់។ គាត់ខ្លាចកូនគាត់ដួលប៉ះពាល់អី ឬក៏ញុំាបាយជ្រុះ ដូច្នេះ គាត់បញ្ចុកកូនគាត់ ហើយងូតទឹកឲ្យកូនគាត់ ស្លៀកពាក់ហើយ ដាក់ឲ្យកូនគាត់អង្គុយមួយកន្លែង។ គាត់មិនហ៊ានបង្រៀនកូនរបស់គាត់ឲ្យធ្វើខ្លួនឯងទេ។ ពេលដែលមកសាលារៀនគឺខ្ញុំបង្រៀនទាំងអស់ តាំងពីញុំាបាយ ស្លៀកពាក់ ងូតទឹក សម្អាតខ្លួន តាំងពីអ្វីៗទាំងអស់។ យើងបង្រៀនគាត់។ យឺតៗចុះ ប៉ុន្តែ យើងនៅតែបង្រៀនគាត់ ដើម្បីឲ្យគាត់ចេះជួយខ្លួនឯងទៅថ្ងៃអនាគត។ បន្ទាប់មកបានយើងផ្តល់ចំណេះដឹងដល់គាត់។ ដូច្នេះ ពេលដែលគាត់ទទួលបានការសិក្សា គឺយើងមានកម្មវិធីដូចនឹងក្រសួងអប់រំ ដែលយើងយកពីក្រសួងអប់រំមក។ គ្រាន់តែថា សិស្សពិការភ្នែក យើងបកប្រែជាអក្សរ Braille សម្រាប់គាត់។ ហើយសម្រាប់សិស្សគថ្លង់ យើងបកប្រែជាសញ្ញាគថ្លង់ឲ្យគាត់។ ប៉ុន្តែ នៅក្នុងសាលាអង្គការគ្រួសារថ្មី យើងមានបន្ថែមមុខវិជ្ជាពិសេសពីសាលារដ្ឋ ដូចថា យើងបន្ថែមកម្មវិធី Orientation និង Mobility ជូនគាត់ ដូចជាការណែនាំផ្លូវដល់អ្នកពិការភ្នែក និងការជួយដោយខ្លួនឯង ដែលយើងហៅថា តម្រង់ទិស។ ហើយមួយទៀតយើងបញ្ចូលភាសាអង់គ្លេស កុំព្យូទ័រ និងភ្លេងជូនគាត់សម្រាប់សិស្សពិការភ្នែក ហើយសម្រាប់សិស្សគថ្លង់ យើងបញ្ចូលផ្នែកសិល្បៈ ភាសាអង់គ្លេស កុំព្យូទ័រ ដូចគ្នាដែរ។ ហើយមួយទៀត សម្រាប់សិស្សគថ្លង់ ការស្តាប់របស់គាត់មានកម្រិត។ ដូច្នេះ អង្គការគ្រួសារថ្មីបានផ្តល់ជូនគាត់ម៉ាស៊ីនត្រចៀក ដើម្បីឲ្យគាត់រៀននិយាយ និងស្តាប់ឮ។
VOA៖ នាងខ្ញុំចង់ដឹងបន្ថែម រហូតមកដល់សព្វថ្ងៃនេះ តើអ្នកគ្រូយល់ថាការជោគជ័យក្នុងការអប់រំកុមារពិការភ្នែក និងគថ្លង់ដល់កម្រិតណា ហើយថាតើពួកគាត់បានចេញទៅប្រឡូកនៅក្នុងសង្គម និងមានការងារធ្វើដល់កម្រិតណាដែរអ្នកគ្រូ?
អ្នកគ្រូ ផល្លា៖ អរគុណច្រើន សំណួរនេះគឺល្អមែនទែនច៎ាស។ មកដល់ពេលនេះ ខ្ញុំទទួលបានជោគជ័យធំមែនទែន។ ហើយយើងមានរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ ក្រសួងសង្គមកិច្ច និងក្រសួងពាក់ព័ន្ធផ្សេងៗ និងជាពិសេស គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ឱកាសឲ្យសិស្សពិការភ្នែក និងសិស្សពិការទូទៅ។ នៅពេលដែលពួកគាត់រៀនចប់ មានចំណេះដឹង គាត់អាចចូលធ្វើការងារនៅតាមក្រសួង និងតាមស្ថាប័នផ្សេងៗដែលគាត់អាចធ្វើបាន។ ដូច្នេះ នេះជាជោគជ័យរបស់សិស្សពិការភ្នែក និងគថ្លង់ ដែលគាត់បានចូលជាក្របខ័ណ្ឌរដ្ឋ។ យើងមានដូចជា សិស្សពិការភ្នែកធ្វើការនៅទីស្តីការគណៈរដ្ឋមន្ត្រី។ យើងមានសិស្សពិការភ្នែកមួយចំនួនចូលក្នុងក្រសួងអប់រំ។ មានសិស្សមួយចំនួនចូលធ្វើការងារនៅក្រសួងសង្គមកិច្ច និងជាពិសេសទៅទៀតនោះ គឺយើងមានសិស្សពិការភ្នែកចំនួនពីរនាក់ ដែលគាត់បានប្រឡងជាប់នៅក្រសួងការបរទេស។ ហើយយើងមានសិស្សមួយចំនួនទៀត គាត់បានការងារធ្វើ ដូចជាគ្រូបង្រៀនកុំព្យូទ័រ គ្រូភាសាអង់គ្លេស និងធ្វើកិច្ចការផ្សេងៗទៀតនៅតាមស្ថាប័នៗមួយចំនួនទៀត។
VOA៖ ច៎ាស ថ្មីៗនេះ នាងខ្ញុំដឹងថា អ្នកគ្រូត្រូវបានជាប់ជាបេក្ខជនម្នាក់សម្រាប់ពានរង្វាន់គ្រូបង្រៀនឆ្នើមក្នុងសាកលលោក។ តើអ្នកគ្រូមានចំណាប់អារម្មណ៍យ៉ាងដូចម្តេចដែរទាក់ទងនឹងសមិទ្ធផលរបស់អ្នកគ្រូក្នុងការអប់រំកុមារពិការភ្នែក និងគថ្លង់នេះ?
អ្នកគ្រូ ផល្លា៖ ចំណាប់អារម្មណ៍របស់ខ្ញុំគឺថា ពេលដែលខ្ញុំបានជាប់នៅក្នុងចំណោម១០នាក់នោះ នេះជាមោទនភាពរបស់ខ្ញុំផ្ទាល់ ហើយជាមោទនភាពរបស់ប្រទេសកម្ពុជា និងជាមោទនភាពនៃកិច្ចការរបស់អ្នកគ្រូលោកគ្រូបង្រៀនសិស្សពិការភ្នែក និងគថ្លង់របស់អង្គការគ្រួសារថ្មីទាំងអស់ ក៏ដូចជាលោកគ្រូអ្នកគ្រូដែលបង្រៀនសិស្សទូទៅនៅក្នុងប្រទេសកម្ពុជាផងដែរ។ ហើយមួយទៀតនោះគឺថា ខ្ញុំមហាសែនរំភើប ដែលបានពិភពលោកទទួលស្គាល់នូវការងាររបស់ខ្ញុំ និងការងាររបស់អង្គការគ្រួសារថ្មី ដែលបានផ្តល់ការអប់រំដល់កុមារពិការភ្នែក និងគថ្លង់នេះតែម្តង។ កន្លងមក ខ្ញុំផ្ទាល់តែម្តងមិនដែលគិតថាបានកិត្តិយស និងកេរ្ត៍ឈ្មោះដែលជាប់នៅក្នុងចំណោមបេក្ខជនចុងក្រោយ១០នាក់នេះទេ។ ខ្ញុំមិននឹកស្មាន ហើយមិនដែលគិតទេ។ ហើយមួយទៀតដែរសំខាន់បំផុតសម្រាប់ខ្ញុំនោះគឺថា បើសិនជាខ្ញុំបានជាប់ គឺថវិកានោះមិនមែនសម្រាប់ខ្លួនខ្ញុំផ្ទាល់ទេ។ ខ្ញុំមិនចង់បានល្បីឈ្មោះសម្រាប់ខ្លួនឯងផ្ទាល់ទេ។ កេរ្ត៍ឈ្មោះនេះគឺសម្រាប់លោកគ្រូអ្នកគ្រូ សម្រាប់អង្គការគ្រួសារថ្មី ក៏ដូចជាលោកគ្រូអ្នកគ្រូនៅក្នុងប្រទេសកម្ពុជាទាំងមូល។ ហើយអ្វីដែលសំខាន់នោះគឺថា ដើម្បីរកជំនួយដើម្បីបម្រើការងារ និងផ្តល់ជូនអង្គការគ្រួសារថ្មី ដើម្បីពង្រីកកម្មវិធីបង្រៀនកុមារពិការភ្នែក និងកុមារគថ្លង់បន្ថែមទៀត។
VOA៖ ជាចុងក្រោយ តើអ្នកគ្រូមានជាសារ ឬជាការលើកទឹកចិត្តអ្វីខ្លះដល់កុមារពិការភ្នែក និងគថ្លង់ ឬក៏ទៅដល់អ្នកគ្រូលោកគ្រូបង្រៀនណាដែលគាត់មានចំណាប់អារម្មណ៍ធ្វើកិច្ចការដូចអ្នកគ្រូ?
អ្នកគ្រូ ផល្លា៖ ខ្ញុំសូមអំពាវនាវទៅដល់អាណាព្យាបាលរបស់សិស្សពិការភ្នែក និងគថ្លង់កុំឲ្យអស់សង្ឃឹមថាកូនគាត់មិនអាចទទួលបានការអប់រំនោះ។ ពួកគាត់អាចទទួលបានការអប់រំដូចគ្នានឹងក្មេងទូទៅ និងសិស្សធម្មតាដែរ។ ហើយខ្ញុំសូមជំរុញឲ្យសិស្សពិការភ្នែកទាំងអស់ និងសិស្សគថ្លង់ ឲ្យខំប្រឹងប្រែងដើម្បីអនាគតខ្លួនឯង ដើម្បីទទួលបានការអប់រំ ឲ្យគាត់មានចំណេះដឹង រស់នៅដោយឯករាជ្យខ្លួនឯង ដោយម្ចាស់ការខ្លួនឯង ទទួលបានការងារធ្វើដែរល្អ។
VOA៖ ច៎ាស អរគុណច្រើនអ្នកគ្រូ។ សូមជម្រាបលា។
អ្នកគ្រូ ផល្លា៖ អរគុណដែលផ្តល់ឱកាសឲ្យខ្ញុំបានសម្ភាសច៎ាស។ សូមជម្រាបលា៕
ប្រិយមិត្តអាចបោះឆ្នោតបេក្ខភាពអ្នកគ្រូ នាង ផល្លា តាមអ៊ីនធឺណិតត្រង់នេះ។