បើតាមកាសែតមួយរបស់រដ្ឋថា អាជ្ញាធរចិនបានបញ្ជាឲ្យមានការជម្លៀសមនុស្សចេញជាបន្ទាន់ពីកន្លែងនៅជិតកន្លែងមានអគ្គីភ័យ និងការផ្ទុះយ៉ាងខ្លាំង ដែលបានបំផ្លិចបំផ្លាញសង្កាត់ឧស្សាហកម្មមួយក្នុងក្រុង Tianjin នាប៉ែកឦសានប្រទេសចិន។
កាសែត Beijing News បានផ្សាយនៅថ្ងៃសៅរ៍នេះថា មនុស្សទាំងអស់ដែលឋិតនៅក្នុងចម្ងាយ៣គ.ម.ពីកន្លែងផ្ទុះឃ្លាំងមួយបានត្រូវបង្ខំជម្លៀសចេញពីទីនោះដោយសារការអាចមានភាពកខ្វក់ដោយសារធាតុគីមី។
បើតាមក្រុមប៉ូលិស ដែលបានត្រូវដកស្រង់ពាក្យសម្តីដោយសារព័ត៌មាននេះថា សារធាតុ sodium cyanide ដែលជាសារធាតុគីមីដែលអាចឲ្យមនុស្សស្លាប់បានត្រូវរកឃើញថា មាននៅខាងកើតកន្លែងកើតហេតុនេះ។ ក្រុមមួយនៃក្រុមអ្នកជំនាញការយោធាខាងបរមាណូ និងខាងជីវគីមីបានស្វែងរកក្នុងកន្លែងនោះក្រែងមានសារធាតុគីមីពុល។
រហូតមកដល់ពេលនេះ អាជ្ញាធរបាននិយាយទទូចថា តំបន់ដែលនៅពេលនេះបានត្រូវជម្លៀសមានសុវត្ថិភាពពីសារធាតុកខ្វក់ ដែលនាំឲ្យមានគ្រោះថ្នាក់ ទោះបីណាជាក្រុមមន្ត្រីបានទទួលសារភាពថា ពួកគេបានរកឃើញសារធាតុនាំឲ្យមានគ្រោះថ្នាក់មួយចំនួននៅក្នុងកន្លែងផ្ទុះផ្ទាល់តែម្តងក៏ដោយ៕