ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាច់ញាតិ​របស់​ជនរងគ្រោះ​នៅ​ទីលាន​ធានអានមេន​ប្រែក្លាយ​​ការឈឺចាប់​ទៅជាការងារ​សកម្មជន


មនុស្ស​រាប់ម៉ឺន​នាក់​ចូល​រួម​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ប្រចាំ​ឆ្នាំសួន​កម្សាន្ត​ Victoria Park ក្នុងតំបន់​រដ្ឋបាលស្វយ័ត​ពិសេស​ហុងកុង​កាលពី​ថ្ងៃទី​០៤ មិថុនា ឆ្នាំ២០១៨។
មនុស្ស​រាប់ម៉ឺន​នាក់​ចូល​រួម​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ប្រចាំ​ឆ្នាំសួន​កម្សាន្ត​ Victoria Park ក្នុងតំបន់​រដ្ឋបាលស្វយ័ត​ពិសេស​ហុងកុង​កាលពី​ថ្ងៃទី​០៤ មិថុនា ឆ្នាំ២០១៨។

និសិត្ស​ម្នាក់ៗ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ទីលាន​ធានអានមេន​ នៅ​ទីក្រុងប៉េកាំង ប្រទេសចិន​ សុទ្ធ​តែ​មាន​ម្តាយ។ ជាងបី​ទសវត្សរ៍​កន្លង​មក​នេះ​ ស្រ្តី​ជា​ម្តាយ​ជាច្រើន​នាក់​បាន​កា្លយ​ខ្លួន​ជាសកម្មជន។

សកម្មជន​ជា​ស្ត្រី​ទាំងនោះ​បាន​ប្រមូល​គ្នា​ចង​ជា​ក្រុមស្រ្តី​ដែល​មាន​ឈ្មោះ​ថា Tiananmen Mothers​ ឬ​«ម្តាយធានអានមេន»​ ដើម្បី​ជា​ការចងចាំ​ដល់​ព្រឹទ្ធការណ៍​ដែល​បាន​កើត​ឡើង​កាលពីថ្ងៃទី​៤ ខែមិថុនា ឆ្នាំ១៩៨៩​ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចិន ​ទទួល​ខុសត្រូវ​ទាំងស្រុង លើព្រឹទ្ធការណ៍​ដែល​បានកើតឡើង​នៅ​ថ្ងៃនោះ។

នៅ​ពេល​នោះ​មនុស្ស​រាប់រយនាក់​ ឬ​អាច​ប្រហែល​ដល់​ទៅ​រាប់ពាន់នាក់​ ត្រូវ​បាន​សម្លាប់​នៅក្នុង​បាតុកម្ម​ដែល​បាន​ចាប់ផ្តើម​កាល​ពីថ្ងៃទី​១៦ ខែមេសា ឆ្នាំ១៩៨៩ ដែល​នៅ​ពេលនោះ​ក្រុមអ្នក​កាន់​ទុក្ខ​បាន​ប្រមូល​ផ្តុំគ្នា​នៅទីលានធានអានមេន​ក្នុង​ទីក្រុងប៉េកាំង​ មួយថ្ងៃ​ក្រោយ​មក​ បន្ទាប់ពី​លោក ​HuYaobangអតីត​មេដឹកនាំ​គណបក្ស​កុម្មុយនិស្តចិន​ដែល​ជាអ្នកកំណែ​ទម្រង់​បាន​ទទួល​មរណភាព។

លោក Yibing Feng អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​ទីក្រុង​ប៉េកាំងបានជួប​និយាយ​ជាមួយ​ស្រ្តីពីរនាក់​ នៅស្របពេល​ដែល​ក្រុមអាជ្ញាធរចិន​រឹតបន្តឹង​ការឃ្លាំ​មើល​លើការប្រមូល​ផ្តុំរបស់​ក្រុមសកម្មជនស្រ្តី​ មុន​ពេល​ចូល​មក​ដល់​នៃខួបទី៣០​នៃព្រឹទ្ធការណ៍​ដែល​ត្រូវ​បានគេហៅ​ថាឧបទ្ទវហេតុ​នៅ​ថ្ងៃទី៤ខែមិថុនា នៅទីលាន​ធានអានមេននៃទីក្រុងប៉េកាំង។ មតិ​របស់​ក្រុមស្រ្តី​សកម្មជន​ទាំង​នោះ​ត្រូវ​បានកែ​សម្រួល​ឲ្យ​ស្រួលយល់។

VOA មិនអាចទាក់ទងលោកយាយ Ding Zilinវ័យ៨៣ឆ្នាំ​ដែល​ជា​សហស្ថាបនិក​ម្នាក់​នៃក្រុមស្រ្តី​នេះ​បាន​ទេ។ កូនប្រុស​របស់​លោកយាយ​ឈ្មោះ Jiang ​Jielianដែល​ពេលនោះ​មាន​អាយុ១៧ឆ្នាំ បាន​ស្លាប់​នៅក្នុង​ការបង្ក្រាប​ទៅលើ​បាតុកម្ម​នៅ​ថ្ងៃនោះ។

កាលពី​ប៉ុន្មានសប្តាហ៍​កន្លងទៅ​ ក្រុមអាជ្ញាធរ​បាន​បញ្ជូន​លោកយាយ​ទៅស្រុកកំណើត​របស់​លោកយាយ​នៅទីក្រុង Wuxi។ ទាំង​ទូរស័ព្ទដៃ​និង​ទូរស័ព្ទ​នៅផ្ទះ​របស់​លោក​យាយ​ត្រូវបាន​កាត់ផ្តាច់។

អ្នកស្រី Zhang Xianling ជា​ស្រ្តីម្នាក់ដែល​មាន​កូន​ជាជនរងគ្រោះ​នៅទីលាន​ធានអានមេនដែរ ​បាន​រំឭក​ពីព្រឹទ្ធការណ៍​នៅ​ថ្ងៃនោះ​ថា ​នៅមុន​ថ្ងៃ​នោះ​មួយ​ថ្ងៃគឺ នៅ​យប់​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៨៩ អ្នកស្រី​បារម្ភ​ពេញ​មួយ​យប់។ អ្នកស្រី​បារម្ភ​ថា​មិន​ដឹង​ជា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ថ្ងៃស្អែក​ទេ។ កូនប្រុស​របស់​អ្នកស្រី​ឈ្មោះ Wang Nan​បាន​ចូល​ទៅ​ទីលាន​ធានអានមេន​នៅពេល​ចាប់ផ្តើម​មាន​បាតុកកម្ម។ លោកWang ចូល​ទៅទី​នោះ​ដើម្បី​ថតរូប​ពីក្បួនបាតុកម្ម។ ដំបូងឡើយ​លោក​បាន​ប្រាប់អ្នកស្រី​ថា«លោក​មិន​យល់​ពី​គោលបំណងរបស់ពួក​និសិត្សនៅទីលាន​ធានអាមេន​កំពុង​ទាមទារ​ទេ»។

អ្នកស្រីបាន​និយាយ​ទៀតថា ​កូនប្រុស​អ្នកស្រី​បាន​ចូល​ទៅ​ទីលាននោះ​ម្តងទៀត​ដើម្បី​ទៅ​យក​ព័ត៌មាន​អំពី​ចលនា​និសិត្ស​ដែល​កំពុង​ធ្វើ​បាតុកម្ម​នៅ​ទីនោះ​ បន្ទាប់​មក​ទៀត​លោក​ក៏​សម្រេច​ចិត្ត​ចូលរួម​ក្នុង​បាតុកម្ម​នេះ​ដើម្បី​ប្រទេសជាតិ។​

អ្នកស្រី Zhangបាន​ប្រាប់​ឲ្យ​កូនប្រុស​អ្នកស្រី​ប្រយ័ត្ន​ខ្លួន​ និង​បាន​សុំ​ឲ្យ​លោក​ឈប់​ទៅ​ទីលាន​នោះ​ទៀត។ ពេលនោះ​អ្នកស្រី​បាន​និយាយ​ប្រាប់​កូនប្រុស​អ្នកស្រី​ថា​ ចលនា​និសិត្ស​នេះ​មិន​យូរ​មិន​ឆាប់​នឹង​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ ក៏ប៉ុន្តែ​លោក​បាន​ឆ្លើយ​មក​វិញថា​ចលនា​និសិត្ស​នេះ​គឺ​ជា​កម្លាំង​ជួយ​ដល់​ការវិវត្តន៍​សង្គម​ មិន​តែ​ប៉ុណ្ណោះ​លោក​ថែម​ទាំង​បាន​ហៅ​អ្នកស្រី​ថា​ជា​មនុស្ស​អភិរក្សនិយម​ទៀត​ផង។

អ្នកស្រី Zhangថា​ កូនប្រុស​របស់​អ្នកស្រី​ត្រូវ​បាន​ជំរុញ​ទឹកចិត្ត​ដោយ​ចលនា​និសិត្ស​នេះ»។

រូបភាពឯកសារ៖ កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ១៩៨៩ ក្រុម​គ្រូពេទ្យប្រញាប់​យក​និស្សិត​សាកលវិទ្យាល័យ​ប៉េកាំង​ពី ទីលាន Tiananmenក្រោយពី​ពួកគេ​បាន​ដួល​សន្លប់​បន្ទាប់ពី​បាន​ធ្វើ​បាតុកម្ម​អត់អាហារ​បីថ្ងៃក្នុង​ទីក្រុង​ប៉េកាំង​។
រូបភាពឯកសារ៖ កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ១៩៨៩ ក្រុម​គ្រូពេទ្យប្រញាប់​យក​និស្សិត​សាកលវិទ្យាល័យ​ប៉េកាំង​ពី ទីលាន Tiananmenក្រោយពី​ពួកគេ​បាន​ដួល​សន្លប់​បន្ទាប់ពី​បាន​ធ្វើ​បាតុកម្ម​អត់អាហារ​បីថ្ងៃក្នុង​ទីក្រុង​ប៉េកាំង​។

​នៅល្ងាច​ថ្ងៃទី៣ ខែមិថុនា អ្នកស្រី Zhang បាន​ឮ​ពី​មនុស្ស​ដែល​អ្នកស្រី​ស្គាល់​ថា​ គេ​មាន​គម្រោង​បាញ់​ពួកនិសិត្ស​ដែល​ធ្វើបាតុកម្ម។ អ្នកស្រី​ក៏​បាន​ឮ​ពីអ្នកផ្សេង​ទៀត​ថា​គេ​មិន​បាញ់​ទេ។ អ្នកស្រី​បាន​និយាយ​បន្ថែម​ទៀត​ថា​ ពេលនោះ​កូនប្រុស​របស់​អ្នកស្រី​បាន​សន្យា​ជាមួយ​អ្នកស្រី​ថា​ នឹង​មិន​ចេញ​ទៅ​ក្រៅ​ទេ​នៅ​យប់​ថ្ងៃ​នោះ។ អ្នកស្រី​ថា​ ជាធម្មតា​លោក​គឺជា​កូនប្រុស​ដែល​ស្តាប់​បង្គាប់​ណាស់។

ពួកទាហាន​បាន​បញ្ជា​ឲ្យ​កម្ទេចអ្វី​ដែល​រដ្ឋាភិបាល​នៅពេល​នោះ​ហៅ​ថា​ជា​កុបកម្ម​ប្រឆាំង​នឹង​បដិវត្តន៍​។ ពួកគេ​បានបាញ់​ទៅលើ​ហ្វូងនិសិត្ស​នៅលើ​ទីលានធាន​អានមេន​នៅព្រឹក​ថ្ងៃទី៤ ខែមិថុនា។

នៅថ្ងៃទី១២ ខែ​មិថុនា អ្នកស្រី Zhang បាន​ដឹង​ថា​ មាន​សាកសព​ក្មេងប្រុស​ម្នាក់​នៅ​មន្ទីពេទ្យ​ឱសថ​ចិន​បុរាណHuguosi។ អ្នកស្រី​បាន​និយាយ​ថា​ គ្រូពេទ្យ​ម្នាក់​បាន​ប្រាប់​អ្នកស្រី​ថា ​សាកសព​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​គរគ្នា​ជាមួយ​នឹង​សាកសព​មនុស្ស​ពីរនាក់​ទៀត​នៅ​ទីលាន​ធានអានមេន។

លោក Wang ត្រូវ​គេ​បាញ់​ចំ​ក្បាល​ ដែល​មាន​ជាប់​បង់​បិទ​ដំបៅ​នៅលើ​មុខ​របួស។ ដោយ​សារអ្នកស្រី​ឃើញ​បង់​រុំរបួស​នោះ​ ​អ្នកស្រី​គិតថា​ច្បាស់​ជា​មាន​អ្នកណា​ម្នាក់ព្យាយាម​ជួយ​សង្គ្រោះ​កូនអ្នកស្រី​នៅ​ពេល​នោះ។​

អ្នកស្រី Zhang ចាប់​ផ្តើម​ស្វែង​រក​ព័ត៌មាន​ពាក់ព័ន្ធ​នានា។ អ្នកស្រី​បាន​ចាប់ផ្តើម​ជួប​ជា​មួយ​មនុស្ស​ផ្សេងៗ​ទៀត​ដែល​បាន​ឃើញ​ភស្តុតាង​ដូច​អ្នកស្រី។ ​

ប៉ុន្មាន​ខែ​ក្រោយ​មក ​អ្នកស្រី Zhang ថា​អ្នកស្រី​ចាំ​មិន​ច្បាស់​ប្រហែល​ក្នុង​ខែធ្នូ ឆ្នាំ​១៩៨៩ ឬ​ខែមករា ​ឆ្នាំ១៩៩០ អ្នកស្រី​បាន​រកឃើញ​ថា ​និសិត្ស​ម្នាក់ក្នុងចំណោម​និសិត្ស​ជាច្រើន​នាក់​ទៀត​មក​ពី​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត​ នៃ​សាកល​វិទ្យាល័យ​ប៉េកាំង​ គឺ​ជា​អ្នក​ដែល​បាន​ចូល​ទៅ​ទីលានធានអានមេន​បន្ទាប់​ពី​ពួកទាហាន​បាន​បាញ់​ទៅលើ​ហ្វូងនិសិត្ស។

អ្នកស្រី Zhang​ បាន​ដឹង​ទៀត​ថា​ ពួកទាហាន​បាន​គំរាម​មិន​ឲ្យ​និសិត្សពេទ្យ​ទាំងនោះ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ទេ​ ដោយ​ពួកទាហាន​បាន​បិទផ្លូវ​រារាំង​មិន​ឲ្យ​ពួកនិសិត្ស​ពេទ្យ​ក៏ដូច​ជា​ឡាន​ពេទ្យ​ចូល​ទៅ​ដល់​ទីលាន​ជា​ដាច់ខាត។ បន្ទាប់​ពី​ផ្គុំ​បញ្ចូលគ្នា​នូវព័ត៌មាន​ទាំងអស់​ដែល​អ្នកស្រី​រកឃើញ​ នៅទីបំផុត​អ្នកស្រី​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើតឡើង​លើ​កូនប្រុស​អ្នកស្រី​នៅ​ថ្ងៃ​នោះ»។

និស្សិត​ក្នុងស្រុករងរបួសបន្ទាប់​ពី​ក្រុម​ទាហាន PLA បើក​ការ​បាញ់​ប្រហារ​ទៅកាន់​ហ្វូង​មនុស្ស​កាលពី​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៨៩។
និស្សិត​ក្នុងស្រុករងរបួសបន្ទាប់​ពី​ក្រុម​ទាហាន PLA បើក​ការ​បាញ់​ប្រហារ​ទៅកាន់​ហ្វូង​មនុស្ស​កាលពី​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៨៩។

អ្នកស្រី Zhang បាន​និយាយ​ថា លោក Wang ត្រូវ​បាន​គេ​បាញ់​នៅ​ម៉ោង១កណ្តាលអាទ្រាត​ និង​បាន​ស្លាប់​ពីរម៉ោង​ក្រោយ​មក។ ពេលនោះ​លោក​មាន​អាយុ១៩ឆ្នាំ។ អ្នកស្រី​បាន​បញ្ជាក់​ថា​រាល់​ពេល​ដែល​អ្នកស្រី​រំឭក​ពីព្រឹទ្ធការណ៍​នេះ​ អ្នកស្រី​ខ្លោចផ្សា​ខ្លាំងណាស់។

អ្នកស្រី​ You Weijie បាន​ភ្ជាប់​រឿងរ៉ាវ​របស់​អ្នកស្រី ​ដូចទៅ​នឹង​រឿងរ៉ាវ​របស់​អ្នកស្រី Zhang ​ដែល​បាន​ដាក់​រូបថត​កូនប្រុសមួយ​ផ្ទាំង​ធំ​នៅ​ទីលាន​បញ្ចុះសព Wan'an។

អ្នកស្រី You បាន​ទុកកំណត់ហេតុ​មួយ​ឲ្យ​អ្នកស្រី Zhang ដោយ​អ្នកស្រី​បាន​សរសេរ​ថា ប្តី​របស់​អ្នកស្រី​ឈ្មោះ Yang Minghu ត្រូវ​បាន​សម្លាប់។

អ្នកស្រី You បាន​និយាយ​ថា​ អ្នកស្រី​មិន​បាន​ឮ​ស្នូរគ្រាប់កាំភ្លើង​នៅ​យប់​នោះ​ទេ​ ប៉ុន្តែ​ប្តី​របស់​អ្នកស្រី​បាន​ឮ។ លោក Yangដែល​ជា​ប្តី​របស់​អ្នកស្រី​បាន​ជិះកង់​ចេញ​ទៅ​ទីលាន​ដើម្បី​រកមើល​ថា​មាន​រឿង​អ្វី​កើតឡើង។

អ្នកស្រី You និយាយ​ថា៖

«នៅ​យប់​នោះ​មនុស្សម្នា​ច្រើន​សន្ធឹកសន្ធាប់​នៅពាសពេញ​តាម​ផ្លូវ​ក្នុង​ទីក្រុងប៉េកាំង»។ អ្នកស្រី​បាន​រំឭក​ពី​ហេតុការណ៍​នៅ​យប់​នោះ​ថា​ អ្នកស្រី​បាន​ឈរ​ចាំប្តី​អ្នកស្រី​នៅ​លើផ្លូវ​ និង​បាន​ឮ​ស្នូរគ្រាប់​កាំភ្លើង​ជាច្រើនគ្រាប់​នៅ​ម៉ោង៣ទាបភ្លឺ​ បន្ទាប់​មក​អ្នកស្រី​ក៏​ត្រឡប់​ទៅ​ចាំ​នៅ​ផ្ទះ​វិញ។

អ្នកស្រី​និយាយ​បន្ថែម​ទៀត​ថា«ម៉ោងប្រហែល៦ព្រឹក​អ្នកស្រី​បាន​ទៅ​ឈរចាំប្តី​អ្នកស្រី​នៅ​លើផ្លូវ»។ ពេល​អ្នកស្រី​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​ អ្នកស្រី​ឃើញ​បុរស​វ័យ​ក្មេង​ម្នាក់​អង្គុយ​នៅ​ក្នុងផ្ទះ​អ្នកស្រី។ បុរស​នោះ​បាន​ប្រាប់​អ្នកស្រី​ថា​ ប្តី​របស់​អ្នកស្រី​បាន​រងរបួស និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីពេទ្យ Tongren។
បុរសនោះ​បាន​ប្រាប់​អ្នកស្រី​ទៀត​ថា ​ពេលកើត​ហេតុ​លោក​កំពុងស្ថិត​នៅ​តំបន់ ​Chongwenmen ដែល​មាន​មនុស្ស​កកកុញ​ដោយសារ​លោក​មិន​ហ៊ាន​ចូល​ទៅ​ទីលាន​ធានអានមេន​។

និស្សិត​បាតុករ​ដាក់​របាំង​នៅ​ខាង​មុខ​រថក្រោះ​ដែល​កំពុង​ឆេះកាលពី​ថ្ងៃទី​០៤ មិថុនា ឆ្នាំ២០១៩។
និស្សិត​បាតុករ​ដាក់​របាំង​នៅ​ខាង​មុខ​រថក្រោះ​ដែល​កំពុង​ឆេះកាលពី​ថ្ងៃទី​០៤ មិថុនា ឆ្នាំ២០១៩។

​អ្នកស្រី You និយាយ​បន្ត​ថា«បុរសនោះ​ប្រាប់​អ្នកស្រី​ថា​ លោក​បាន​ឃើញ​ឡាន​មួយ​គ្រឿង​មាន​មនុស្ស៧នាក់​នៅក្នុង​នោះ ហើយ​មាន​មនុស្សតែ​ពីរនាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់។ ក្នុង​ចំណោម​ពីរនាក់​នោះ​ ម្នាក់​គឺ​ជា​ប្តី​របស់​អ្នកស្រី»។

អ្នកស្រី​បាន​ចូល​ទៅក្នុង​បន្ទប់សង្គ្រោះ​បន្ទាន់​ ដែល​មាន​អ្នករងរបួស​នៅ​ពាសពេញ​ក្នុង​នោះ។ អ្នកស្រី​បាន​ឡើង​ទៅ​ជាន់លើ​ផ្នែកវះកាត់​ ហើយ​គ្រូពេទ្យ​ម្នាក់​បាន​ប្រាប់​អ្នកស្រី​ថា​ លោក Yang ​ដែល​ជាប្តី​របស់​អ្នកស្រី​រងរបួស​ធ្ងន់ធ្ងរ​ត្រង់ប្លោកនោម និង​ត្រគៀក​។ ពេល​អ្នកស្រី​សាកសួរ​លោក Yang ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ ពេលនោះ​គ្រូពេទ្យ​ប្រាប់​អ្នកស្រី​ថា លោកYang ត្រូវ​ការ​សម្រាក។

អ្នកស្រី​បាន​ប្រាប់ VOA ថា«អ្នកស្រី​មិន​ជឿ​ថា​ប្តី​អ្នកស្រី​បាន​ស្លាប់​នៅ​ពីរ​ថ្ងៃក្រោយ​មក​ទេ»។ នៅ​ថ្ងៃ​ទី៥ខែមិថុនា​ឆ្នាំ១៩៨៩​ លោក Yangត្រូវ​ការ​បញ្ចូល​ឈាម​ ប៉ុន្តែ​ក្រុមអាជ្ញាធរ​និយាយ​ថា​ឈាម​នៅក្នុង​មន្ទីពេទ្យ​ត្រូវ​បាន​គេ​ទុក​សម្រាប់​ជួយទាហាន​ដែល​រងរបួស។ ពេល​នោះ​អ្នកស្រី Youបាន​ដើរ​ស្វែង​រក​អ្នកផ្តល់​ឈាម​នៅ​តាម​ផ្លូវ ហើយ​គ្រូពេទ្យ​ម្នាក់​បាន​ជួយ​អ្នកស្រី។

អ្នកស្រី​បានរៀប​រាប់បន្តថា៖​

«មាន​មនុស្ស​ជាច្រើន​យល់ព្រម​ផ្តល់​ឈាម​ឲ្យ​ប្តី​អ្នកស្រី។ សាធារណៈ​ជន​សុខចិត្ត​ផ្តល់ឈាម​ជួយ​សង្គ្រោះ​អ្នករបួស«។ នៅពេល​នោះប្តី​ប្រពន្ធ​ទាំងពីរ​នាក់នេះ​បាន​និយាយ​ស្ងាត់ៗ​អំពី​កូន​របស់​ពួកគេ។ លោក​ Yang ចង់​ងូតទឹក​និងចង់​ញ៉ាំបាយ។ ពេលនោះ​គ្រូពេទ្យ​ប្រាប់​ថា​លោក Yang មិន​ទាន់អាច​ញ៉ាំអ្វី​បាន​ទេ។ អ្នកស្រី You បាន​គិត​ថា​ពេល​ប្តី​អ្នកស្រី​ចេញ​ពី​មន្ទីពេទ្យ អ្នកស្រី​នឹង​រក​មើល​ថ្នាំ​បុរាណ​ណា​ដែល​អាច​ជួយ​ឲ្យ​លោក Yangអាច​ឆាប់​ជា​សះស្បើយ​និង​មាន​កម្លាំង​ដូចដើម​វិញ។

អ្នកស្រី​និយាយ​ថា ​អ្នកស្រី​បាន​គិតឃើញ​ពី​ថ្នាំបុរាណ​ដែល​ជួយ​ដល់​ឆ្អឹង​និង​សន្លាក់​ ព្រមទាំង​ស៊ុបមាន់​ផងដែរ»។

នៅថ្ងៃទី៦ខែមិថុនា​ឆ្នាំ១៩៨៩​ នៅពេល​ដែល​អ្នកស្រី You ត្រឡប់​ទៅ​មើល​លោក Yang វិញ ពេលនោះ​មាន​មនុស្ស​ម្នាក់​បាន​ប្រាប់​អ្នកស្រី​ថា​ លោក Yang បាន​ស្លាប់​បាត់​ហើយ។ ដំណឹង​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​តក់ស្លុត​យ៉ាងខ្លាំង។

អ្នកស្រី​បាន​និយាយ​ថា​ រយៈពេល៦ឆ្នាំ​ដែល​អ្នកស្រី​នៅតែ​មាន​អារម្មណ៍​តក់ស្លុត​ចំពោះ​ការស្លាប់​របស់​លោក Yangបុរស​ដែល​អ្នកស្រី​បាន​រៀបការ​ជាមួយ​នៅ​ពេល​លោក​មាន​អាយុ៣៦ឆ្នាំ ​ហើយ​ពេលនោះ​អ្នកស្រី​មាន​អាយុ៣០ឆ្នាំ។ អ្នកស្រី​យំ​រហូត​ដល់​ថ្នាក់​យំ​លែង​ចេញ»។

អ្នកស្រី You និយាយ​ថា​វា​មាន​អារម្មណ៍​ពិបាកណាស់​ដែល​ដឹង​ថា​មនុស្ស​ស្លាប់​ដោយ​សារគេ​ចាក់​នឹង​កាបិត។ ​ វា​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ​ដែល​កងទ័ព​ប្រទេស​អ្នកស្រី សម្លាប់​ពលរដ្ឋ​ខ្លួនឯង។ អ្នកស្រី​និយាយ​បន្ត​ថា​ យើង​មិនមែន​រស់នៅ​នៅក្នុង​សម័យ​សង្គ្រាម​ទេ​ ហេតុការណ៍​ដែល​បាន​កើតឡើង​មក​លើ​រូប​អ្នកស្រី​ពិត​ជា​ហួសហេតុ​ និង​មិន​អាច​ទទួល​យក​បានទេ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG