ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ចាប់​ខ្លួន​ជនជាតិ​ចិន​៣​នាក់​ពី​បទ​លាង​លុយ​​ ក្រោយ​​អង្គការ​ឃ្លាំមើល​រក​ឃើញ​ភាព​មិន​ប្រក្រតី


រូប​ភាព​ពី​វេបសាយ​របស់​អង្គស្នងការស្នាន​នរបាល​ជាតិ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ ​បង្ហាញ​ពី​​សមត្ថកិច្ច​​​ចាប់​​ខ្លួន​ជនជាតិ​ចិន​៣​នាក់​ ពាក់ព័ន្ធ​បទល្មើស​សម្អាត​ប្រាក់​ចំនួន​ជាង​ ៣.៥​លាន​ដុល្លារ​អាមេរិក​។ (Courtesy Photo/Cambodia Police)
រូប​ភាព​ពី​វេបសាយ​របស់​អង្គស្នងការស្នាន​នរបាល​ជាតិ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ ​បង្ហាញ​ពី​​សមត្ថកិច្ច​​​ចាប់​​ខ្លួន​ជនជាតិ​ចិន​៣​នាក់​ ពាក់ព័ន្ធ​បទល្មើស​សម្អាត​ប្រាក់​ចំនួន​ជាង​ ៣.៥​លាន​ដុល្លារ​អាមេរិក​។ (Courtesy Photo/Cambodia Police)

អង្គការ​ពិភព​លោក​ឃ្លាំមើល​ការ​លាង​លុយ​ទុច្ចរិត (FATF) នៅ​ដើម​ឆ្នាំ​២០១៩​នេះ បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​ខ្លួន​​​ ដោយសារ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មាន «អំពើ​ពុករលួយ​ខ្ពស់» និង​ថា​  គ្មាន​ករណី​លាង​លុយ​កខ្វក់​ណាមួយ​ធ្លាប់​ត្រូវ​បាន​កាត់​ទោស​នៅ​កម្ពុជា​នោះ។​

​សមត្ថកិច្ច​កម្ពុជា​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​៣​នាក់​ទៅ​តុលាការ​ ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់​ចំនួន​ជាង​ ៣.៥​លាន​ដុល្លារសហរដ្ឋ​អាមេរិក​ ដែល​នាំ​ចូល​ពី​ទីក្រុង​ហុងកុង​មក​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់អគ្គនាយក​អន្តោប្រវេសន៍។

​បើ​តាម​ការ​ផ្សាយលើ​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គនាយក​អន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ កាល​ពី​ថ្ងៃ​ចន្ទ​នេះ​បាន​ឲ្យ​ដឹង​ថា ​សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​សមេ្រច​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់​ទៅ​ឃុំនៅ​ពន្ធនាគារ​ភ្នំពេញ​ប៉េស៊ី ពាក់ព័ន្ធ​នឹង​ការ​នាំ​ប្រាក់​ដោយ​គ្មាន​ប្រភពច្បាស់​លាស់​ពី​ទីក្រុង​ហុងកុង​ចូល​មក​ប្រទេស​កម្ពុជា។​

នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់​លោក លោក គៀត ច័ន្ធថារិទ្ធ ​បន្ថែម​តាម​ន័យ​ដើម​ថា៖ «លទ្ធផល​នៃ​ការសាក​សួរ​បាន​បង្ហាញ​ថា ជន​សង្ស័យ​២នាក់ គឺ​ឈ្មោះ Wang Shiping និង​ឈ្មោះ Wang Lichao ពិត​ជា​បាន​យក​សាច់​ប្រាក់​សរុប​ចំនួន ៣.៥២០.០០០​ដុល្លារ​អាមេរិក ចេញ​ពី​ទីក្រុង​ហុងកុង​មក​កាន់​ប្រទេស​កម្ពុជា​មែន ដោយ​អះអាង​ថា ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សណ្ឋាគារ ហើយ​ថា ​ប្រភព​នៃ​សាច់ប្រាក់​នោះ​គឺ​បាន​មក​ពី​ការ​ឈ្នះ​ល្បែង​នៅ​ម៉ាកាវ ខ្ចី​បងប្អូន និង​ខ្លះ​ទៀត​បាន​មក​ពី​ផល​ចំណេញ​ក្រុមហ៊ុន ប៉ុន្តែ​សុទ្ធ​តែ​គ្មាន​ឯកសារ​បញ្ជាក់»។

VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ គៀត ច័ន្ទថារិទ្ធ តែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​បង្វែរ​ឲ្យ​ទៅ​សួរ​អ្នក​នាំពាក្យ។ យ៉ាង​ណាក្តី​អ្នក​នាំពាក្យ​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​លោក កែវ វណ្ណថន មិន​ទទួល​ទូរសព្ទ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក គៀត ច័ន្ទថារិទ្ធ ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ថា វត្ថុ​តាង​ដែល​ជា​ប្រាក់​ដុល្លារ​ចំនួន​ជាង​ ៣.៥​លាន​ដុល្លារ (៣.៥២០.០០០) ត្រូវ​បាន​បញ្ជូន​ទៅ​ធនាគារ​ជាតិ ដើម្បី​រក្សា​ទុក​ជា​ភស្តុតាង។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នកស្រី​ ជា​ សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារ​ជាតិ​បាន​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

បើ​តាម​របាយការណ៍​របស់​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​ រាយការណ៍​ជូន​លោក​ ស ខេងរដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា​នេះ​បញ្ជាក់​ថា ប្រតិបត្តិការ​ឃាត់ខ្លួន​ជន​សង្ស័យ និង​វត្ថុតាង​ជា​សាច់ប្រាក់​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ជន​សង្ស័យ​ទាំង​ ៣​នាក់​ គឺ​ជា​ជនជាតិ​ចិន និង​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​មក​ប្រទេស​កម្ពុជា​ជា​ច្រើន​លើក។

លោក លី សុផាន់ណា អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​អ្នកសារ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​តេលេក្រាម ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ក្នុង​ន័យ​ដើម​ថា៖ «តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើប​សួរ​ដោយ​ចោទ​ប្រកាន់​ពី​បទ​សម្អាត​ប្រាក់ តាម​មាត្រា​៣​ថ្មី និង​មាត្រា​២៩​ថ្មី ​នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេវរកម្ម ហើយ​បញ្ជូន​បុគ្គល​នេះ និង​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី»។

រូប​ភាព​ក្នុង​វេបសាយ​ផ្លូវការ​របស់​អង្គស្នងការស្នាន​នរបាល​ជាតិ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ​បង្ហាញ​ពីសាច់​ប្រាក់រឹប​អូស​បាន​ពី​ជនជាតិ​ចិន​៣​នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួនក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់​ចំនួន​ជាង​ ៣.៥​លាន​ដុល្លារសហរដ្ឋ​អាមេរិក​ ដែល​នាំ​ចូល​ពី​ទីក្រុង​ហុងកុង​មក​កម្ពុជា។ (Courtesy Photo/Cambodia Police)
រូប​ភាព​ក្នុង​វេបសាយ​ផ្លូវការ​របស់​អង្គស្នងការស្នាន​នរបាល​ជាតិ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ​បង្ហាញ​ពីសាច់​ប្រាក់រឹប​អូស​បាន​ពី​ជនជាតិ​ចិន​៣​នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួនក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់​ចំនួន​ជាង​ ៣.៥​លាន​ដុល្លារសហរដ្ឋ​អាមេរិក​ ដែល​នាំ​ចូល​ពី​ទីក្រុង​ហុងកុង​មក​កម្ពុជា។ (Courtesy Photo/Cambodia Police)

បើតាម​មាត្រា​២៩ថ្មី​នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ចែង​ថា ការ​សម្អាត​ប្រាក់ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ពីរ​ឆ្នាំ ទៅ​ប្រាំ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​សែ​សិប​លាន​រៀល​ រហូត​ដល់​ស្មើ​មួយ​រយ​លាន​រៀល​ ឬ​រហូត​ដល់​ស្មើ​នឹង​តម្លៃ​មូលនិធិ ឬ​ទ្រព្យ​សម្បត្តិ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​សម្អាត​ប្រាក់។

ការ​ចាប់​ខ្លួន​ជនជាតិ​ចិន​ទាំង​៣​រូប និង​ការ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់​នេះ ធ្វើ​ឡើង​បន្ទាប់​ពីអង្គការ​ពិភពលោក​ឃ្លាំមើល​ការ​លាង​លុយ​ទុច្ចរិត​ (FATF) នៅ​ដើម​ឆ្នាំ​២០១៩​នេះ បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​ខ្លួន​ដោយ​សារមាន​ការ​ព្រួយ​បារម្ភ​ថា​ កម្ពុជាងាយ​មាន​ការ​លាក់​បាំង​ប្រាក់​ដែល​ទទួល​បាន​ដោយ​ខុស​ច្បាប់។​ ​

ក្រុម​ការងារ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ Financial Action Task Force (FATF) គឺ​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​ដែល​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​ទុច្ចរិត ​និង​ហិរញ្ញវត្ថុ​ភេរវកម្ម។​ ក្រុម​ការងារ​នេះ​បាន​បញ្ជាក់​ក្នុង​របាយការណ៍​របស់​ខ្លួនថា ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មាន «អំពើ​ពុករលួយ​ខ្ពស់» និង​ថា​គ្មាន​ករណី​លាង​លុយ​កខ្វក់​ណាមួយ​ធ្លាប់​ត្រូវ​បាន​កាត់​ទោស​នៅ​កម្ពុជា​នោះ​ទេ។

​យ៉ាង​ណា​ក្តី ​រដ្ឋាភិបាល​កម្ពុជាបាន​ច្រានចោល​របាយការណ៍​នេះ ដោយ​ថា​ កម្ពុជា​មិន​មាន​ករណី​លាង​លុយ​កខ្វក់​នោះ​ទេ ហើយ​ថា ​របាយការណ៍​ដែល​ចេញ​នេះ​អាច​មាន​ហេតុ​ផល​នយោបាយ​នៅ​ពី​ក្រោយ៕

XS
SM
MD
LG