ក្តីសង្ឃឹមសម្រាប់សេរីភាពសារព័ត៌មាននៅតែជាអ្វីដែលជាគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះនៅប្រទេសចិន ហើយអនាគតសេរីភាពសារព័ត៌មានគឺកាន់តែមានភាពស្រពិចស្រពិលនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់មេដឹកនាំចិនលោកស៊ីជីនពីង។
កាលពីឆ្នាំមុន អាជ្ញាធរចិនបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យា និងជំរុញកិច្ចប្រឹងប្រែងដើម្បីរារាំងលទ្ធភាពទទួលបានព័ត៌មាន និងគំនិតយោបល់ផ្សេងៗ សូម្បីតែនៅលើបណ្តាញសង្គមតាមអ៊ីនធឺណិត ដែលត្រូវបានរឹតត្បិតរួចទៅហើយក្នុងប្រទេសចិន ដូចជាបណ្ដាញសង្គម Twitter ជាដើម។
នៅក្នុងប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេទីពីរនៅលើសកលលោក វិបសាយចំនួនរាប់ពាន់ត្រូវបានបិទដូចជា Facebook, Gmail, Google, Instagram និងសូម្បីតែ Pinterest ជាដើម។វិបសាយព័ត៌មានដូចជា VOA ជាភាសាអង់គ្លេស និងជាភាសាចិន បណ្តាញសារព័ត៌មាន BBC កាសែត The New York Time និងបណ្ដាញសារព័ត៌មាន Bloomberg ក៏ដូចជាបណ្តាញសារព័ត៌មានដទៃទៀតត្រូវបានបង្អាក់មិនឲ្យចូលនៅក្នុងប្រព័ន្ធអ៊ីនធឺណិតនៅចិនបាននោះទេ។
ដោយសារតែមានការរឹតត្បិតបណ្តាញសង្គមតាមអ៊ីនធឺណិតនៅក្នុងប្រទេសចិន បណ្តាញសង្គម Twitter បានក្លាយជាកន្លែងមួយសម្រាប់ចែករំលែកព័ត៌មាន និងស្វែងយល់អំពីព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងនៅលើពិភពលោក។
ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មនុស្សម្នាក់ៗ ដែលមានតាំងពីអ្នកសិក្សារៀនសូត្រ រហូតដល់សកម្មជនការពារសិទ្ធិមនុស្ស ទោះបីជាមួយចំនួននៃពួកគេមានអ្នកគាំទ្រនៅតាមបណ្ដាញសង្គមតិចតួចក៏ដោយ ក៏ត្រូវបានបង្ខំឲ្យលុបចោលសារបង្ហោះផ្សេងៗ ហើយនៅក្នុងករណីខ្លះ ពួកគេត្រូវបានបង្ខំឲ្យបិទគណនីរបស់ខ្លួនជាអចិន្ត្រៃយ៍តែម្ដង។
ក្រុមសកម្មជនការពារសិទ្ធិមនុស្សបានប៉ានប្រមាណថា មនុស្សមួយចំនួនត្រូវបានកោះហៅចាប់តាំងពីចុងឆ្នាំមុន និងត្រូវបានប្រាប់ឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ឬបើមិនដូច្នេះទេនឹងប្រឈមនឹងការជាប់ពន្ធនាគារ។ អ្នកខ្លះគឺគ្រាន់តែបង្ហោះសារបន្តលើបណ្តាញសង្គម Twitter ឬគ្រាន់តែចុច «Like» តែប៉ុណ្ណោះ។
សកម្មភាពរបស់អាជ្ញាធរចិនទាំងនេះគឺជាផ្នែកមួយនៃការបន្តរឹតបន្តឹងលំហនៃសេរីភាពបញ្ចេញមតិ ដែលត្រូវបានធ្វើឡើងនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង។ វាជាការរឹតបន្តឹងដែលជាបន្តបន្ទាប់មានចាប់ពីការបិទវេបសាយពីខាងក្រៅប្រទេស រហូតដល់ការដាក់សម្ពាធទៅលើអ្នកប្រើប្រាស់វេបសាយក្នុងប្រទេស និងអ្នកបង្កើតក្រុមជជែកគ្នានៅតាមបណ្តាញសង្គមតាមអ៊ីនធឺណិតរបស់ចិនផងដែរ។
ការផ្តោតតាមដានទៅលើបណ្តាញសង្គម Twitter មិនត្រឹមតែប៉ះពាល់ទៅលើអ្នកដែលស្វែងរកកន្លែងដើម្បីបញ្ចេញមតិយោបល់រិះគន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់បណ្ដាញសង្គមនេះថាជាកន្លែងដែលពលរដ្ឋចិនអាចមានលទ្ធភាពទទួលបានព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍នានាដែលមានតែមកពីរដ្ឋាភិបាល ឬគណបក្សកុម្មុយនីស្តចិននោះ។ បន្ថែមពីលើនេះទៀត បណ្តាញសង្គម Twitter ក៏ជួយឲ្យពលរដ្ឋនៅខាងក្រៅប្រទេសចិនយល់ដឹងកាន់តែច្បាស់បន្ថែមផងដែរ។
អ្នកស្រី Sarah Cook អ្នកវិភាគស្រាវជ្រាវប្រចាំអង្គការ Freedom House ដែលជាអង្គការឃ្លាំមើលការរឹតត្បិតលើការផ្សព្វផ្សាយផ្សេងៗ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក បាននិយាយថា៖ «ប្រភពខ្លះនៅបណ្តាញសង្គម Twitter គឺជាប្រភពព័ត៌មានសំខាន់សម្រាប់អ្នកសារព័ត៌មានបរទេស ហើយ Twitter ក៏ជាកន្លែងដែលពលរដ្ឋនៅប្រទេសចិនមិនត្រឹមតែអាចបញ្ចេញមតិយោបល់របស់ខ្លួនបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចលាតត្រដាងព័ត៌មាន និងបង្ហោះវីដេអូបានផងដែរ»។
មានការប៉ាន់ស្មានថា អ្នកប្រើប្រាស់អ៊ីនធឺណិតនៅប្រទេសចិនប្រហែលមួយទៅបីភាគរយ ប្រើប្រាស់បណ្ដាញសង្គម Twitter។ នេះគឺគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងប្រទេសចិន ដែលមានអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៨០០ លាននាក់នេះ។
កំណើននៃសារបង្ហោះនៅលើបណ្តាញសង្គមអ៊ីនធឺណិតជាភាសាចិនអាចជាហេតុផលមួយនៃការរឹតបន្តឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលចិននៅលើបណ្តាញសង្គម Twitter។ វាអាចជារឿងនេះ ឬការណ៍ដែលថាឆ្នាំ ២០១៩ គឺជាឆ្នាំនៃការប្រារព្ធខួបដ៏សំខាន់ និងប្រទាំងប្រទើសមួយចំនួន ដូចជាខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងខួបទី៣០នៃការបង្រ្កាបដ៏បង្ហូរឈាមនៅទីលាន Tianamen ជាដើម។
កាសែត The New York Times បណ្តាញព័ត៌មាន BBC និងបណ្ដាញសារព័ត៌មានដទៃទៀតមានទំព័រ Twitter ជាភាសាចិន ដែលមានអ្នកតាមដានមើលជាង ១ លាននាក់។ វេបសាយជាភាសាចិនរបស់ VOA មានអ្នកតាមដានមើលជាង ៧ សែន ៨ ម៉ឺននាក់។ វេបសាយជាភាសាអង់គ្លេសរបស់ទីភ្នាក់ងារព័ត៌មាន Xinhua របស់រដ្ឋាភិបាលចិន មានអ្នកតាមដានមើលជាង ១២ លាននាក់ និងជាភាសាចិនមានជាងមួយលាននាក់។
លោក William Nee អ្នកស្រាវជ្រាវផ្នែកប្រទេសចិនប្រចាំអង្គការសិទ្ធិមនុស្ស Amnesty International និយាយថា៖ «ពួកគេកំពុងប្រើប្រាស់សេរីភាពព័ត៌មានទទួលបានព័ត៌មាន និងសេរីភាពនៅក្នុងការបញ្ចេញមតិយោបល់ និងបណ្ដាញសង្គមតាមអ៊ីនធឺណិតដែលមាននៅទូទាំងពិភពលោកទាំងនោះ ដើម្បីផលចំណេញរបស់ពួកគេ ហើយស្របពេលនោះដែរ ពួកគេក៏មានការធានាធ្វើយ៉ាងណាគោរពយ៉ាងម៉ឺងម៉ាត់តាមការផ្លាស់ប្ដូររបស់គណបក្សកុម្មុយនិស្តចិន»។
មុនពេលលោក Xi Jinping ចូលកាន់អំណាចនៅចុងឆ្នាំ ២០១២ ក្រុមអ្នកវិភាគ និងសកម្មជននិយាយថា ចំណាត់ការរបស់រដ្ឋាភិបាលចិនគឺមានភាពខុសគ្នាខ្លាំង។ នៅក្រោមការដឹកនាំរបស់លោកអតីតប្រធានាធិបតី Hu Jintao គេឃើញមានលំហធំជាងនេះសម្រាប់អង្គការសង្គមស៊ីវិល និងការចែករំលែកព័ត៌មានតាមបណ្តាញសង្គមតាមអ៊ីនធឺណិត។
ក្រុមអ្នកវិភាគ និងសកម្មជននានាក៏បានកត់សម្គាល់ឃើញផងដែរថា ចាប់តាំងពីលោក Xi Jinping បានឡើងកាន់អំណាចមក លោកបានប្រើវិធានការដែលមានការគិតគូរវែងឆ្ងាយ និងឈ្លៀសវៃតាមបច្ចេកវិទ្យាផ្សេងៗ។
លោក Zuo La អ្នកសារព័ត៌មានពលរដ្ឋដ៏ល្បីឈ្មោះម្នាក់ និងជាអ្នកសរសេរប្លុក ដែលបានចាកចេញពីប្រទេសចិនមុនពេលលោក Xi Jinping ចូលកាន់អំណាច បាននិយាយថា៖ «លោក Xi Jinping បានពង្រឹងអំណាចរបស់លោកយ៉ាងច្បាស់ក្រឡែត ហើយដោយសារហេតុនេះបានជាមានលំហតិចជាងមុនសម្រាប់សេរីភាពសារព័ត៌មាន។
ឈ្មោះពិតរបស់លោក Zuo La គឺ Zhou Shuguang។ ភរិយារបស់លោកមកពីកោះតៃវ៉ាន់ ហើយឥឡូវនេះលោកកំពុងរស់នៅកោះតៃវ៉ាន់ ដែលជាកោះប្រកាន់លទ្ធិប្រជាធិបតេយ្យយ៉ាងមុតមាំ។
លោកបាននិយាយថា៖ «នៅប្រទេសចិន មានអ្នកសារព័ត៌មានផ្នែកស៊ើបអង្កេតកាន់តែតិចទៅៗ លំហសម្រាប់សេរីភាពបញ្ចេញមតិកំពុងតែរងការរិតត្បិត ហើយមនុស្សកាន់តែច្រើនត្រូវបានចាប់ខ្លួនដោយសារអ្វីដែលពួកគេបាននិយាយ»។
បន្ថែមពីលើការរឹតបន្តឹងការគ្រប់គ្រង ក៏មានការប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងគោលដៅឃោសនាទាំងក្នុងប្រទេសចិន និងនៅលើឆាកអន្តរជាតិ ក៏ដូចជាទស្សនៈវិស័យរបស់ប្រទេសចិនសម្រាប់បណ្តាញផ្សព្វផ្សាយផងដែរ។
កាលពីចុងឆ្នាំមុន ទីភ្នាក់ងារព័ត៌មានXinhua និងក្រុមហ៊ុនបច្ចេកវិទ្យា Sogou បានបង្ហាញពីអ្នកអានព័ត៌មានជាមនុស្សយន្តដំបូងបង្អស់នៅលើពិភពលោក ដែលប្រើបច្ចេកវិទ្យាបញ្ញានិមិត្តដើម្បីធ្វើត្រាប់តាមសំឡេង ចលនាបបូរមាត់ និងទឹកមុខរបស់អ្នកអានព័ត៌មាន។ មនុស្សយន្តអានព័ត៌មាននេះត្រូវបានកោតសរសើរថាអាចធ្វើការបាន ២៤ ម៉ោងក្នុងមួយថ្ងៃ និងជួយបង្កើនប្រសិទ្ធផលការងារ។
អ្នកស្រី Sarah Cook នៃអង្គការ Freedom House បាននិយាយថា ប៉ុន្តែក្រៅពីមនុស្សយន្តជាអ្នកសារព័ត៌មាននេះ ការគួបផ្សំបញ្ចូលគ្នារវាងបញ្ញានិមិត្ត និងឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន គឺជាអ្វីដែលគួរឲ្យព្រួយបារម្ភ។
អ្នកស្រីបាននិយាយថា៖ «ជាពិសេសពាក់ព័ន្ធនឹងគំនិតនៃការផ្លាស់ប្តូរពាក្យពេចន៍នៅក្នុងអត្ថបទព័ត៌មាន ឬចំណងជើងអត្ថបទសម្រាប់អ្នកប្រើប្រាស់ផ្សេងគ្នា ដើម្បីធ្វើឲ្យមានការទាក់ទាញជាងមុន ដូចជាកម្មវិធី App ព័ត៌មាន ដែលដំណើរការដោយប្រើបញ្ញានិមិត្តនេះជាដើម»។
អ្នកស្រីបានបន្ថែមថា លទ្ធភាពនៅក្នុងការកាត់តម្រឹមអត្ថបទព័ត៌មាន និងបង្កើតជាទម្រង់ខុសៗគ្នា ដែលអាចតម្រូវទស្សនិកជនឲ្យបានច្រើន ដែលទស្សនិកជនទាំងនោះអានព័ត៌មាននោះអាស្រ័យទៅលើប្រព័ន្ធដោះស្រាយបញ្ហានៃកម្មវិធី App ដែលពួកគេប្រើប្រាស់ គឺជាឧបករណ៍ឃោសនាដ៏មានឥទ្ធិពលខ្លាំងមួយ។
អ្នកស្រី Cook បាននិយាយថា៖ «ខ្ញុំមិនដឹងច្បាស់ទេថាតើមានប្រសិទ្ធភាពប៉ុណ្ណានៅក្នុងការមានអ្នកអានព័ត៌មានដែលប្រើដោយបញ្ញានិមិត្តនេះ ប៉ុន្តែខ្ញុំគិតថា មានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិមិត្តក្នុងគោលបំណងអាក្រក់ជាងនេះ នៅពេលដែលវាត្រូវប្រើគួបផ្សំគ្នាជាមួយនឹងទីភ្នាក់ងារព័ត៌មានមួយចំនួនដូចជាទីភ្នាក់ងារព័ត៌មាន Xinhua ជាដើម»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា