ខណៈដែលមានពលរដ្ឋហុងកុង ១សែន ៨ម៉ឺននាក់ប្រារព្ធគម្រប់ខួប៣០ឆ្នាំនៃការធ្វើបាតុកម្មទាមទារប្រជាធិបតេយ្យនៅទីលានធានអានមិនដោយដុតទាននៅយប់ថ្ងៃអង្គារ ក្រុមអ្នកចូលរួមនិងក្រុមអ្នករៀបចំបានបង្ហាញការព្រួយបារម្ភអំពីអនាគតនៃពិធីរំឭកខួបនេះ ខណៈមានការផ្លាស់ប្តូរផ្នែកនយោបាយនៅទីក្រុងហុងកុង។
មានតែទីក្រុងហុងកុងដែលជាទីក្រុងស្វយ័តរបស់ចិននិងទីក្រុង ម៉ាកាវដែលនៅជិតខាង ដែលធ្លាប់ស្ថិតក្រោមអាណានិគមរបស់អង់គ្លេសនិងព័រទុយហ្គាល់ ដែលប្រារព្ធគម្រប់ខួបនៃការធ្វើបាតុកម្មនៅទីលានធានអានមិន។ ការលើកឡើងពីបាតុកម្មឆ្នាំ១៩៨៩ ជាសាធារណៈឬនៅក្នុងសារព័ត៌មានត្រូវបានហាមឃាត់នៅចិនដីគោក។
អ្នកដែលបានចូលរួមក្នុងពិធីគម្រប់ខួបកាលពីថ្ងៃអង្គារបានថ្លែងថា ពួកគេចាំថា ពួកគេទស្សនាព្រឹត្តិការណ៍ឆ្នាំ១៩៨៩នោះ ខណៈដែលក្រុមនិស្សិតបានទៅទីលានធានអានមិនប៉ុន្មានសប្តាហ៍មុននឹងឈានដល់ព្រឹត្តិការណ៍ថ្ងៃទី៤ ខែមិថុនា។
លោក Jovi Lok ដែលជាអ្នកចូលរួមមួយរូបបានថ្លែងថា៖«កាលពីឆ្នាំ១៩៨៩ ខ្ញុំជាក្មេងជំទង់មួយរូប។ ខ្ញុំចាំថា ពេលខ្ញុំមើលព័ត៌មានតាមទូរទស្សន៍ ខ្ញុំបានឃើញនិស្សិតនៅទីក្រុងប៉េកាំងបានចេញទៅប្រឈមនឹងរដ្ឋាភិបាល អំពីគោលនយោបាយអយុត្តិធម៌របស់ពួកគេ»៕