កត្តាជីវភាពបានជំរុញឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក ប៉ុន្តែសម្រាប់លោកស្រី យឹម ផល្លី ចៅសង្កាត់រងទីមួយនៃសង្កាត់គោកចក ខេត្តសៀមរាប បានខិតខំពន្យល់ដល់ពលរដ្ឋក្នុងមូលដ្ឋានរបស់លោកស្រី ឱ្យយល់ដឹងពីគ្រោះថ្នាក់នៃការធ្វើចំណាកស្រុក ហើយក្រើនរំឭកថា ពលរដ្ឋគ្រប់រូបត្រូវមានព័ត៌មានគ្រប់គ្រាន់ មុននឹងធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។
លោកស្រី យឹម ផល្លី បានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ថាលទ្ធផលនៃការចុះពន្យល់ជាប្រចាំធ្វើឱ្យសង្កាត់របស់លោកស្រីមានចំនួនអ្នកធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅ ជាពិសេសប្រទេសថៃមានការធ្លាក់ចុះ។
លោកស្រី យឹម ផល្លី បានបន្ថែមថាឧបសគ្គក្នុងការធ្វើកសិកម្មបានធ្វើឱ្យពលរដ្ឋត្រូវបង្ខំចិត្តធ្វើចំណាកស្រុក៖ «កត្តាដែលជំរុញឱ្យពលរដ្ឋធ្វើចំណាកស្រុកខ្លាំងជាងគេគឺកត្តាជីវភាព»។
ប៉ុន្តែ លោកស្រីបន្ថែមថា អ្វីដែលពួកគេទទួលបានក៏មិនច្រើនដែរ៖ «ផលដែលបានមកពីចំណាកស្រុកតិចតួច មិនស្មើនឹងកម្លាំងដែលគាត់បានចេញ»។
សេចក្តីរាយការណ៍នានាឱ្យដឹងថា មានពលរដ្ឋខ្មែរជាងមួយលាននាក់ទៅធ្វើការនៅក្រៅប្រទេសទាំងខុសច្បាប់ និងស្របច្បាប់។ ក៏មានអ្នកខ្លះបានផ្ញើរថវិកាមកជួយគ្រួសារវិញ ដែលជួយជំរុញដល់សេដ្ឋកិច្ចជាតិ ហើយក៏មានអ្នកខ្លះត្រូវចាញ់បោកគេ និងរងការធ្វើបាបផ្លូវចិត្ត និងរាងកាយផងដែរ។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិយល់ថា វិធីនៃការដោះស្រាយគឺមានតែដំឡើងថវិកាជាតិសម្រាប់ជួយដល់វិស័យសង្គម និងរក្សាឱ្យមានតុល្យភាពរវាងវិស័យសង្គម និងវិស័យការពារជាតិ។
លោកស្រីបន្ថែមថា៖«ឥឡូវយើងឃើញវិស័យការពារជាតិខ្ពស់ជាងវិស័យសង្គម នៅពេលដែលសង្គមយើងកំពុងមានបញ្ហា ជាពិសេសប្រជាពលរដ្ឋយើង ជាពិសេសយុវជនរបស់យើង ជាពិសេសស្រ្តីរបស់យើង ដែលជាជនងាយរងគ្រោះ និងក្លាយទៅជាអ្នករងគ្រោះ»។
លោកស្រីបន្ថែមថា អត្រានៃការដោះស្រាយបញ្ហាភាពក្រីក្ររបស់រដ្ឋាភិបាលមិនបានឈោងទៅលើអ្វីដែលជាសេចក្តីត្រូវការរបស់ប្រជាកសិករ និងយុវជននៅឡើយទេ។
ប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈស្តីពីការយោគយល់គ្នាជាមួយនឹងប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត កាលពីពាក់កណ្តាលខែកុម្ភៈ ដើម្បីរៀបចំការចរចាលើកិច្ចព្រមព្រៀងស្វែងរកការងារធ្វើដល់ពលរដ្ឋកម្ពុជា។
ប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត បានរងការរិះគន់ជាអន្តរជាតិពីការរំលោភបំពានលើពលករចំណាកស្រុក ជាពិសេសស្ត្រីបម្រើតាមផ្ទះរហូតដល់ប្រទេសនេះត្រូវធ្វើវិសោធនកម្មច្បាប់ការងាររបស់ខ្លួន។
អង្គការសិទ្ធិមនុស្ស Human Rights Watch យល់ថា ការកែប្រែច្បាប់ការងារដែលប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត បានធ្វើនាពេលថ្មីៗនេះប្រហែលជាអាចទប់ស្កាត់ការរំលោភបំពាន ដែលធ្លាប់មានក្នុងពេលកន្លងមក ប៉ុន្តែនៅតែមិនទាន់បានបញ្ចូលការការពារដល់អ្នកបម្រើតាមផ្ទះ ហើយមានលក្ខណៈរើសអើងលើស្ត្រី។
លោកស្រី មូរ សុខហួរ បានលើកសរសើរដល់ក្រសួងការងារដែលខិតខំស្វែងរកការងារជូនដល់ពលរដ្ឋខ្មែរ ប៉ុន្តែបានទាញការចាប់អារម្មណ៍លើបញ្ហាមួយចំនួនដែលលោកស្រីយល់ថា បើមិនមានការកំណត់ឱ្យច្បាស់ទេ ស្ត្រីខ្មែរនឹងក្លាយជាជនរងគ្រោះក្នុងពេលអនាគត។
«ការប្រឈមមុខរបស់ស្រ្តីដែលធ្វើការងារក្នុងផ្ទះនៅប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត គឺដូចជាការធានាមិនឱ្យមានការរំលោភ ធានាមិនឱ្យគេយកប៉ាស្ព័រ ធានាឱ្យមានការផ្តល់ថវិកាកម្រៃប្រចាំខែឱ្យទៀងទាត់ ។ល។និង។ល។ ដែលមានចែងនៅក្នុងកតិការសញ្ញា ILO នោះ នៅប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត គេមិនបានគិតអំពីកត្តាទាំងអស់នោះ នៅក្នុងច្បាប់ការងាររបស់គេទេសម្រាប់ស្ត្រីធ្វើការងារក្នុងផ្ទះ»៕