ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំពាក្យ​ប៉ូលិស៖ យុវជន​បរិស្ថាន​៣​នាក់​ត្រូវ​ឃាត់​ខ្លួន​នៅ​ភ្នំពេញ ក្នុង​ការ​ចោទ​ប្រកាន់​«រួម​គំនិត​ក្បត់»


លោក លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា ​លោក សិដ្ឋ​ ឈីវ​លី​ម៉េង (រាប់​ពី​ឆ្វេង) ​ជាយុវជន​បរិស្ថាន ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ពី​បទ​ចោទ«រួម​គំនិតក្បត់»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)

អ្នក​នាំ​ពាក្យ​របស់​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​យុវជន​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​«រួម​គំនិត​ក្បត់» ដែល​ជា​បទចោទ​មួយ​គេ​ដឹង​ថា​កន្លង​ទៅ​ពាក់ព័ន្ធ​នឹង​សកម្ម​ជន​របស់​អតីត​គណ​បក្ស​សង្រ្គោះជាតិ។

ប៉ុន្តែ​យុវជន​ទាំង​៣​នាក់​នោះ ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​អះអាង​ថា​ជា​សកម្ម​ជន​បរិ​ស្ថានវ័យ​ក្មេង ដែល​ត្រូវ​បានចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ហើយ​ក្រុម​សិទ្ធិ​មនុស្ស​កំពុង​ស្វះ​ស្វែង​រក​ថា​តើ​ពួកគេ​កំពុង​ស្ថិត​នៅ​ទីណា។

លោក​ឧត្តម​សេនីយ៍​ឯក​ ឆាយ គឹមខឿន​ អ្នក​នាំ​ពាក្យ​របស់​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ VOA​ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថាលោក​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ដែល​ហៅ​យុវជនដែល​ត្រូវ​ចាប់​ខ្លួន​នោះ ជា​សកម្មជន​បរិស្ថាន។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ពិត​ជា​មាន​ការ​ចាប់​ខ្លួន​យុវជន​៣នាក់​មែន តាម​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ ដែល​មាន​ការ​ចោទ​ប្រកាន់​ក្នុង​រឿង​«រួម​គំនិត​ក្បត់»។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​បើ​ចង់​និយាយ​ចាប់​បញ្ជូន​យុវជន​៣​នាក់ មាន​ចាប់​មែន។ ចាប់​ហ្នឹង​គឺ​អនុវត្ត​តាម​សាល​ដីការបស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​។ ចោទ​ពី​បទ​រួម​គំនិត​ក្បត់។ ហើយ​ឥឡូវ​នេះ កំពុង​តែ​ស្ថិត​ក្នុង​នីតិវិធី​របស់​នគរ​បាល​យុត្តិធម៌។ បញ្ជាក់​ជូន​ប្អូន​បាន​ប៉ុណ្ណឹង»។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ប្លង់ សុផល អ្នក​នាំពាក្យ​របស់អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​ សាន​ សុខសីហា បាន​ប្រាប់ ​VOA​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​មិន​បាន​ឃាត់​ខ្លួន​សកម្មជន​ណា​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ទេ។

នៅ​ពេល​ទាក់​ទង​ទៅ​ម្តង​ទៀត​នៅ​ម៉ោង​ជាង​៣​រសៀល​ថ្ងៃ​ព្រហស្បតិ៍ដែល លោក សាន​ សុខសីហា ប្រាប់​ដដែលថា​កម្លាំង​នគរ​បាល​រាជធានី​ភ្នំពេញ​មិន​បាន​ឃាត់​ខ្លួន​យុវជន​បរិស្ថាន​ទេ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​បញ្ជាក់​រួច​ហើយ​ នេះ​ក៏​ជា​លើក​ចុង​ក្រោយ​នៃការ​បញ្ជាក់​ដែលថា​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​មិន​បាន​ឃាត់​ខ្លួន​ជន​ណា​ម្នាក់​ឡើយ»។

លោក សាន់ ម៉ាឡា មន្រ្តី​តស៊ូ​មតិ​នៃ​គម្រោង​ការ​ពារ​ព្រៃ​ឈើ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN)​ដែល​កំពុង​តាម​ដាន​រឿង​នេះ បានលើក​ឡើង​ថា​សកម្មជន​បរិស្ថាន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​មាន​៣នាក់​នៅ​រាជធានី​ភ្នំពេញ និង​ម្នាក់​ក្នុង​ខេត្ត​កណ្តាល។

សកម្មជន​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ភ្នំពេញ មាន​ឈ្មោះ​កញ្ញា ស៊ុន រដ្ឋា ​លោក សិដ្ឋ​ ឈីវ​លី​ម៉េង និង​លោក លី ចាន់​ដារ៉ា​វុទ្ធ។ ចំណែក​សកម្ម​ជន​ម្នាក់​ទៀត គឺ​លោក យីម លាងហ៊ី ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ស្រុក​កោះ​ធំ ខេត្ត​កណ្តាល។

លោក សាន់ ម៉ាឡា បាន​ហៅ​កា​រ​ចាប់​ខ្លួន​សកម្ម​ជន​បរិ​ស្ថាន​ជា​បន្ត​បន្ទាប់ ជា​រូបភាព​មិន​ល្អ ហើយ​បង្ហាញ​ថា​អ្នក​ការពារ​បរិស្ថាន​ស្ថិត​ក្នុង​ហានិភ័យនិង​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល​និង​អាជ្ញាធរ​កម្ពុជា​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អ្នក​ការពារ​បរិស្ថាន​ គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ ហើយ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យរដ្ឋា​ភិបាល​ធ្វើ​ការ​ពិចារណា​ឡើង​វិញ និង​ចាត់​ទុកអ្នក​ការ​ពារ​បរិស្ថាន​គឺ​ជា​បុគ្គល​ដែលចូលរួម​ចំណែក​នៅ​ក្នុង​ការ​ងារ​ធ្វើ​ឲ្យ​មាន​យុត្តិធម៌សម្រាប់​ដល់​ធនធាន​ធម្មជាតិ​និង​ការ​ចូលរួម​ចំណែក​ជួយ​ដល់​ប្រជា​ពលរដ្ឋ​មូលដ្ឋានឲ្យ​គេច​ផុត​ពី​ការ​រង​គ្រោះ​នានា​ពី​គម្រោង​អភិវឌ្ឍន៍»។

បងស្រី​របស់​កញ្ញា ស៊ុន រដ្ឋា បាន​ប្រាប់​VOA​ ថា​ខ្លួន​មិន​អាច​ទាក់​ទង​ប្អូន​ស្រី​បាន​ទេ ក្រោយ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌​មាន​នៃ​ការ​ចាប់​ខ្លួន​នេះ។

កាល​ពី​ខែ​មករា ឆ្នាំ​២០២០ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ចលនា​មាតា​ធម្មជាតិ គេ​ឃើញ​កញ្ញា​ ស៊ុន រដ្ឋា បាន​និយាយ​ក្នុង​វីដេអូ​មួយ​ជាង​៣នាទី​អំពី​ការ​ប្រើប្រាស់​ប្លាស្ទិក​បាន​ក្លាយ​ទៅ​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​លើក​ឡើង​ថា​សកម្មជន​៤​នាក់​ដែល​ជា​យុវជន​របស់​ចលនា​មាតា​ធម្មជាតិ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភ្នំពេញ​និង​ខេត្ត​កណ្តា​ល ហើយ​ក្នុង​នោះ​មាន​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខណ្ឌដូន​ពេញ នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក បន្ទាប់​ពី​ពួក​គេ​បាន​ចុះ​ទៅ​ថត​ទីតាំង​បង្ហូរ​ទឹក​ស្អុយ​មួយ​កន្លែង​នៅ​តាម​ដង​ទន្លេ​ក្បែរ​ព្រះ​បរម​រាជ​វាំង។ ចំណែក​សកម្ម​ជន​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ស្រុក​កោះ​ធំ ខេត្ត​កណ្តាល បន្ទាប់​ពី​គាត់​ត្រូវ​បាន​អាជ្ញាធរ​កោះ​ហៅ។

នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​កាល​ពី​សប្តាហ៍​មុន ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W. Patrick Murphy​ បាន​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​កាត់​ទោស​កាលពី​ដើម​ខែ​ឧសភា។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​ការ​ទាមទារ​របស់​អាមេរិក​ដែល​បាន​ជួប​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង ហើយ​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​ពួកគេ។

«ហើយ​ឥឡូវ មិន​មាន​ការ​ដោះ​លែង មាន​ការ​ចាប់​បន្ថែម អាហ្នឹង​គឺ​ជា​ការ​បង្ហាញ​មួយ​ថា​ហាក់​បីដូច​ជា​សកម្មជន​ការ​ពារ​បរិស្ថាន​នៅតែ​មាន​ភាព​ប្រឈម»។

លោក​បន្ថែម​ថា៖ «បើ​សិន​ជា​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ គួរ​តែ​អនុវត្ត​យូរ​មក​ហើយ ប៉ុន​ហេតុ​អី​ទើប​តែសកម្ម​ភាព​ថ្មីៗ​ដែល​គាត់​ចូលរួម​ការពារ​បរិស្ថាន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​នោះ​ទៅ​វិញ»។

គួរ​បញ្ជាក់​ថា​កាល​ពី​ដើម​ខែ​ឧសភា តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​មនុស្ស​៥​នាក់ ដែល​ក្នុង​នោះ​មាន​សកម្ម​ជន​បរិ​ស្ថាន​៤​នាក់ ​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១៨​ខែ​ដល់​២០​ខែ ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​របស់​ពួក​គេ​ក្នុង​ការ​ការពារ​បរិស្ថាន​កាល​ពី​កន្លង​មក។

ក្នុង​ចំណោម​មនុស្ស​៥​នាក់​នោះ មាន​សកម្មជន​បរិ​ស្ថាន​៣​នាក់ ​ដែល​កំពុង​ជាប់​ឃុំ រួម​មាន​លោក​ ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា និង​កញ្ញា ​ភួន កែវរស្មី​ ដែល​ជា​សមា​ជិក​នៃ​ចលនា​មាតា​ធម្មជាតិ។ ពួកគេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ចំពោះ​សកម្ម​ភាព​លើ​បណ្តាញ​សង្គម​ដែល​ផ្សព្វផ្សាយ​អំពី​គម្រោង​ដើរ​ថ្មើរ​ជើង​ទៅ​កាន់​គេហ​ដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​បង្ហាញ​ក្តីកង្វល់​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ថ្មីៗ​នៅ​តំបន់​បឹង​តាមោក។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»៕

XS
SM
MD
LG