ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា តំណាង​ទូត​អាមេរិក​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន


ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក W. Patrick Murphy​ ​(ឆ្វេង) ជួប​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ពិភាក្សា​បញ្ហា​មួយ​ចំនួន កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ២០២១។ (រូបថត​ពី Facebook/US Embassy Phnom Penh, Cambodia)
ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក W. Patrick Murphy​ ​(ឆ្វេង) ជួប​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ពិភាក្សា​បញ្ហា​មួយ​ចំនួន កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ២០២១។ (រូបថត​ពី Facebook/US Embassy Phnom Penh, Cambodia)

នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W. Patrick Murphy​ បាន​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​កាត់​ទោស​កាលពី​ដើម​ខែឧសភា។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​បាន​ជួប​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ដោយ​ពិភាក្សា​បញ្ហា​មួយ​ចំនួន។

ក្នុង​ជំនួប​នោះ លោក​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ក៏​បាន​បង្ហាញ​នូវ​«កង្វល់​ជា​ខ្លាំង​»អំពី​ការ​កាត់​ទោសសកម្ម​ជន​បរិស្ថាន​មួយ​ចំនួន​ដាក់​ពន្ធនាគារ។

ស្ថាន​ទូត​បញ្ជាក់​ថា​៖ «យើង​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង។ សេរី​ភាព​បញ្ចេញ​មតិ​គឺ​ជា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ ការ​ហ៊ាន​និយាយ​ដើម្បី​ការពារ​បរិ​ស្ថាន​ ដែល​ប្រឈម​នឹង​ការ​គំរាម​កំហែង​ ដោយ​សារ​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​កេង​យក​ប្រយោជន៍​ពាណិជ្ជ​កម្ម គឺ​ជា​រឿង​គួរ​ឲ្យ​សរ​សើរ​ទៅវិ​ញ​ទេ»។

ស្ថានទូត​អាមេរិក​បញ្ជាក់​បន្ថែម​ថា​៖ «ការ​គោរព​នូវ​សិទ្ធិ​សេរី​ភាព​ជា​មូលដ្ឋាន​អាច​ជួយ​ធានា​នូវ​អនាគត​មួយ​ដែល​ប្រកប​ដោយ​សុខ​សន្តិភាព វិបុល​ភាព មាន​អធិបតេយ្យ​និង​ប្រជា​ធិប​តេយ្យ​សម្រាប់​ប្រទេស​កម្ពុជា»។

ជំនួបរវាង​លោក ស ខេង និងឯក​អគ្គ​រដ្ឋ​ទូត​អាមេ​រិក កើត​ឡើង​ក្រោយ​មាន​ជំនួប​រវាង​អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី Wendy Sherman និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា។

អ្នកស្រី Sherman​បាន​អំពាវ​នាវ​ឲ្យ​ទម្លាក់ចោល​ការ​ចោទ​ប្រកាន់«​មាន​លក្ខណៈ​នយោបាយ»​ប្រឆាំង​នឹង​អ្នក​នយោបាយ អ្នក​សារព័ត៌មាន​និង​សកម្ម​ជន និង​បង្កើត​លំហ​សេរី​ភាព​ខាងនយោបាយ​និង​សង្គម​ស៊ីវិល​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០​២៣។

កាល​ពី​ដើម​ខែ​ឧសភា តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​មនុស្ស​៥​នាក់ ដែល​ក្នុង​នោះ​មាន​សកម្ម​ជន​បរិស្ថាន​៤​នាក់ ​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១៨​ខែ​ដល់​២០​ខែ ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​របស់​ពួក​គេ​ក្នុង​ការ​ការពារ​បរិស្ថាន​កាល​ពី​កន្លង​មក។

ក្នុង​ចំណោម​មនុស្ស​៥​នាក់​នោះ មាន​សកម្មជន​បរិ​ស្ថាន​៣​នាក់ ​ដែល​កំពុង​ជាប់​ឃុំ រួម​មាន​លោក​ ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា និង​កញ្ញា ​ភួន កែវរស្មី​ ដែល​ជា​សមាជិក​នៃ​ចលនា​មាតា​ធម្មជាតិ។ ពួកគេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ចំពោះ​សកម្ម​ភាព​លើ​បណ្តាញ​សង្គម​ដែល​ផ្សព្វផ្សាយ​អំពី​គម្រោង​ដើរ​ថ្មើរ​ជើង​ទៅ​កាន់​គេហ​ដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​បង្ហាញ​ក្តីកង្វល់​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ថ្មីៗ​នៅ​តំបន់​បឹង​តាមោក។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។

ក្រោយ​ការ​កាត់​ទោស ស្ថាន​ទូត​សហ​រដ្ឋអាមេរិក​និង​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញក្តី​ព្រួយ​បារម្ភ​លើ​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដោយ​អាមេរិក​អំពាវនាវ​ឲ្យ​ដោះ​លែង​ពួក​គេ ខណៈ​អូស្ត្រាលី​ជំរុញ​ឲ្យ​ធានា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ថា​សកម្មជន​បរិស្ថានដែលអាមេរិក​លើក​ឡើង​នោះ​បាន​«ធ្វើ​សកម្មភាពដែល​ជា​បទ​ល្មើស​មាន​បញ្ញត្តិ​ក្នុង​ច្បាប់​កម្ពុជា»។ លោក​បន្ថែម​ថា​ការ​លើក​ឡើង​នេះ​«មិន​មាន​ប្រយោជន៍​»​អ្វី​នោះ​ទេ គឺ​មាន​តែ​ការ​ចូល​រួម​នីតិវិធី​របស់​តុលាការ​កម្ពុជា ដើម្បី​បង្ហាញ​ភស្តុតាង​ដោះ​បន្ទុក​តែ​ប៉ុណ្ណោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG