ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ប្រើ​ឱកាស​បុណ្យភ្ជុំ​បិណ្ឌ​ សុំ​ឲ្យមានការ​ដោះលែង​សកម្មជន​បរិស្ថាន


រូបឯកសារ៖ លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)

អង្គការ​សិទ្ធិមនុស្ស​មួយចំនួន​ បាន​យក​ឱកាស​ពិធីបុណ្យភ្ជុំ​បិណ្ឌ​ ស្នើ​សុំ​ឲ្យមានការ​ដោះលែង​សកម្មជន​បរិស្ថាន​ និង​អ្នកការពារ​សិទ្ធិមនុស្សដែល​កំពុង​ជាប់ឃុំ​។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​បង្ហោះ​សារ​មួយ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃពុធ​ ដោយ​បាន​លើក​ឡើង​ថា៖«នាឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ ក៏ដូច​ជា​សង្គម​ខ្មែរ​ទាំង​មូល​កំពុង​ជួប​ជុំឪពុក​ម្តាយ​ បងប្អូន​ ញាតិ​មិត្ត​ជិត​ឆ្ងាយ​យ៉ាង​សប្បាយ​រីករាយ​»។

អង្គការ​សិទ្ធិមនុស្ស​ដដែល​បាន​បន្ថែមថា៖​ «​ដោយឡែក​ក្រុម​យុវជន​បរិស្ថាន ​ដែល​តែង​ឈរ​ជួរ​មុខ​ក្នុង​ការ​បង្ហាញ​ជា​សាធារណៈ​ អំពី​បញ្ហា​សំរាម​ ការ​បំពុល​បរិស្ថាន​ដោយ​ការបង្ហូរ​ទឹកក​ខ្វក់​ចូល​ទន្លេ​ និង​សមុទ្រ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ ​បែរ​ជា​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ដោយ​មិនត្រឹមត្រូវ និង​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ស្ថាន​ភាព​ចង្អៀត​ណែន​ ទៅវិញ​»។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​និង​អង្គការ​ក្រៅរដ្ឋាភិបាល​មួយចំនួនទៀត រួមមាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និងសិទ្ធិមនុស្ស​ហៅកាត់​ថា​ សង់​ត្រាល់​ បាន​ធ្វើ​យុទ្ធនាការ​តាមប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេសប៊ុក​អស់​រយៈ​ពេល​៩សប្តាហ៍​មកហើយក្នុងការ​ស្នើ​សុំ​ឲ្យ​មានការ​ដោះលែង​សកម្មជន​បរិស្ថាន​ចំនួន៦នាក់​ និង​សកម្មជន​សង្គម​ជា​យុវជន​យ៉ាង​តិច​ណាស់​៧នាក់​ទៀត​។ ​

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកា​ដូ​ លោក​ អំ សំអាត​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ សកម្មជន​ដែលត្រូវ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ មិនបាន​ប្រព្រឹត្ត​បទល្មើស​ដែល​ប៉ះពាល់​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ទេ។ ផ្ទុយទៅ​វិញ​ ពួកគេ​ជា​ពលរដ្ឋ​សកម្ម​ក្នុង​ការ​ចូល​រួម​ដំណើរ​ការ​កសាង​ប្រទេស​ ទាក់​ទង​នឹង​កិច្ច​ការពារ​បរិស្ថាន និង​វិស័យ​ផ្សេង​ទៀត​ក្នុង​សង្គម។

«ហើយ​មួយ​ទៀត​គឺ​កាត់​បន្ថយ​នូវ​ការ​រិះគន់​ ទាក់​ទង​នឹង​ បញ្ហា​នៃ​សិទ្ធិមនុស្ស​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ឡើង​វិញ ពីព្រោះ​ យើង​ឃើញ​ថា​ មាន​បណ្តា​អង្គទូត​ និង​សហគមន៍​អន្តរជាតិ​ក៏​សុំ​ឲ្យ​មានការ​ដោះលែង​ទៅលើ​សកម្មជន​ការពារ​បរិស្ថាន​ ការពារ​សិទ្ធិមនុស្ស​ និង​សកម្មជន​ការងារ​សង្គម​ទាំង​អស់​ហ្នឹង​ផងដែរ»។ ​

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់​ត្រាល់​លោក ឃុន ថារ៉ូ​ យល់​ថា​ យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ទាំងនោះ​ គឺ​ជា​សេចក្តីត្រូវ​ការ​ចាំបាច់​របស់​អង្គការ​សង្គមស៊ីវិល​ និង​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​លម្ហ​សិទ្ធិមនុស្ស​ឡើងវិញ។

«បើ​សិន​ជា​មិន​មាន​ការ​ដោះលែង​នូវ​សកម្មជន​ សិទ្ធិមនុស្ស​ សិទ្ធិការងារ​ ការ​ពារ​បរិស្ថាន​ទាំង​អស់​ហ្នឹង​ទេ​ លម្ហ​នៃ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ហ្នឹង​ មិន​អាច​ប្រសើរ​ឡើង​ទេ»។

​រដ្ឋលេខាធិការ​ និងជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ មាន​ប្រសាសន៍​ថា​ ការ​ទាមទារ​ណាមួយ​របស់​សង្គមស៊ីវិល​ គ្មាន​ទម្ងន់​ខាង​ច្បាប់​សម្រាប់​ជំរុញ​ឲ្យ​ស្ថាប័ន​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់ ឬ​ដោះ​លែង​ជន​ដែល​ត្រូវឃុំ​ខ្លួន​នោះទេ​។

លោក​បានប្រាប់​វីអូអេថា៖«ជាគោល​ការ​ណ៍​ការ​លើក​លែង​ទោស​ បន្ធូរបន្ថយ​ទោស​ ក្នុង​ឱកាស​បុណ្យជាតិ​អី​ហ្នឹង​ ទាល់​តែ​អ្នកដែល​មាន​ទោស​ហើយ​ តុលាការ​សម្រេច​ផ្តន្ទាទោស​ហើយ​ ហើយ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ តាម​ច្បាប់​កំណត់។ ប៉ុន្តែ​សម្រាប់​សកម្មជន​ដែល​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​ គឺ​មាន​តែ​ការ​ចូលរួម​ក្នុង​នីតិវិធី​ ហើយ​ធ្វើ​ការ​ការ​ពារ​តាម​ផ្លូវ​ច្បាប់​ និង​ការ​ដោះ​បន្ទុក មិន​មែន​ទៅ​ស្នើ​សុំ​ឲ្យ​មានការ​លើក​លែង​ទោស​ ឬ​បន្ធូរ​បន្ថយ​ទោស​អី​កើត​ទេ»។ ​

កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២១​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ​គឺ​កញ្ញា ភួន កែវ​រស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា​ ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១៨​ខែ​ដល់​២០​ខែ​ ពី​បទ​ញុះញង់។ បន្ទាប់មក​ទៀត​ សកម្មជន​ទាំង​បី​ បាន​ប្រឈម​នឹង​បទ​ចោទ​ថ្មី​មួយ​ទៀត​គឺ​បទ«​រួម​គំនិត​ក្បត់» ដែល​អាច​នឹងត្រូវ​តុលាការ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ។​ នេះ​បើយោង​តាម​សេចក្តីប្រកាស​របស់​អង្គការ​លីកាដូ​ចេញផ្សាយ​ជា​សាធារណៈកាលពី​ខែ​កក្កដា​ ឆ្នាំ​២០២១នេះ។

ក្រៅ​ពីសកម្មជន​បីនាក់នោះ​ មាន​សកម្មជន​បរិស្ថាន​បីនាក់​ទៀត​របស់​ចលនា​មាតា​ធម្មជាតិ​ គឺ​កញ្ញា​ស៊ុន​ រដ្ឋា លោក​ យីម លាងហ៊ី​ និង​លី​ ចាន់ដារ៉ាវុធ​ ក៏​កំពុង​ជាប់ឃុំ​ក្នុងសំណុំ​រឿង​ ពាក់ព័ន្ធនឹង​ការ​ចោទ​ប្រកាន់​ពី​បទ«រួមគំនិត​ក្បត់​»និង​«ប្រមាថអង្គ​ព្រះមហាក្សត្រ»។

អ្នកទាំងបី​បាន​បាត់​បង់​សេរីភាព​ចំនួន​១២២​ថ្ងៃ​ គិត​ត្រឹម​ថ្ងៃទី​៥​ខែ​តុលា​។ ចំណែក​សកម្មជន​កញ្ញា ភួន កែវ​រស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋាបាន​បាត់​បង់​សេរីភាព​ចំនួន​៣៩៧​ថ្ងៃ​ គិត​ត្រឹម​ថ្ងៃទី​៥ខែ​តុលា​ដដែល​នោះ។ នេះ​បើតាម​ការ​កត់​ត្រា​ទុក​របស់​អង្គការ​សង្គមស៊ីវិល​។

ដោយ​ឡែក​ កាល​ពី​សប្តាហ៍មុន ក្រុម​សង្គម​ស៊ីវិល​ បន្ត​ពិភាក្សា​អំពីការ​ចាប់ខ្លួន​លោក​ រ៉ុង ឈុន ​ដែល​ជា​មេដឹកនាំ​សហជីព​ ក៏​ដូច​ជាការ​ចោទ​ប្រកាន់​ពីបទ ​«ញុះញង់​ឱ្យប្រព្រឹត្តបទ​ឧក្រិដ្ឋជាអាទិ៍» មក​លើ​សកម្មជន​សង្គម​ជា​យុវជន​ចំនួន​ ៧​នាក់​ ដែល​ជា​សមាជិក​ក្រុម ​ខ្មែរថាវរៈ​ និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្តខ្មែរ ដែល​តែង​តែ​តវ៉ា​អហិង្សា​ជំទាស់​នឹង​ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន កាល​ពី​ខែ​សីហា​ និង​កញ្ញា​ឆ្នាំមុន។ នេះបើតាម​ការ​កត់​សម្គាល់​របស់​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​៕

XS
SM
MD
LG