នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានី និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យកម្មករសំណង់ជាជនជាតិចិនក្នុងការដ្ឋានសំណង់ឈ្មោះ China Construction Fourth Engineering Division co. LTD ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃក្រសួងមហាផ្ទៃ ប្រាប់ VOA ថា ក្រុមប្រតិបត្តិការចម្រុះបានត្រួតពិនិត្យឃើញមានជនជាតិចិនចំនួន២៧៨នាក់ ដែលមានស្រ្តី៤នាក់ ក្នុងនោះ ជនជាតិចិនដែលមានលិខិតឆ្លងដែនមានចំនួន១៦៨នាក់ អ្នកគ្មានសៀវភៅការងារចំនួន១៣៩នាក់ និងអ្នកគ្មានលិខិតឆ្លងដែនចំនួន១០នាក់។
លោកបន្តថា ក្រោយការត្រួតពិនិត្យ និងឃាត់ខ្លួន សមត្ថកិច្ច ក៏ផាកពិន័យពួកគេតាមច្បាប់ការងារកម្ពុជាក្នុងម្នាក់៥០ម៉ឺនរៀល និងផាកពិន័យម្ចាស់សំណង់ចំនួន៩០០ដុល្លារតាមច្បាប់ការងារផងដែរ។
ចំណែកជនជាតិចិនដែលគ្មានលិខិតឆ្លងដែនចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់។
«អ្នកដែលអត់មានសៀវភៅការងារនេះ គឺយើងដកយកលិខិតឆ្លងដែនទាំងអស់ មកប្រគល់ឲ្យទៅនាយកដ្ឋានវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ដើម្បីធ្វើការពិនិត្យ និងផាកពិន័យទៅតាមច្បាប់ ក្នុងម្នាក់ហ្នឹង៥០ម៉ឺនរៀល នៃច្បាប់ការងារយើង។ ក្រៅពីការផាកពិន័យដល់ពលករបរទេសដែលមិនគោរពតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជានោះ គឺយើងនឹងផាកពិន័យដល់ម្ចាស់គ្រឹះស្ថាន ម្ចាស់សំណង់ដែលគាត់ប្រើប្រាស់ពលករ ដូចជាមិនមានលិខិតឆ្លងដែន និងមិនធ្វើសៀវភៅការងារ»។
លោក អ៊ុក ហៃសីឡា បន្ថែមយ៉ាងដូច្នេះថា៖
«មកដល់ពេលនេះខាងតំណាងក្រុមហ៊ុនគាត់ហ្នឹងថា ពួកគាត់ហ្នឹងមានលិខិតឆ្លងដែន ហើយបានយកទៅបន្តទិដ្ឋាការ។ អញ្ចឹងនៅពេលណាដែលពួកគាត់យកលិខិតឆ្លងដែនមកឲ្យមន្ត្រីខាងអន្តោប្រវេសន៍ យើងពិនិត្យមើលត្រឹមត្រូវ គឺយើងនឹងឲ្យគាត់ត្រលប់ទៅវិញ។ តែបើមិនមានលិខិតឆ្លងដែនទេ គឺយើងនឹងស្នើសុំគោលការណ៍ទៅខាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីសុំប្រកាសធ្វើការបណ្ដេញចេញឲ្យត្រលប់ទៅប្រទេសគាត់វិញ»។
មាត្រា៣៧២ នៃច្បាប់ការងារកម្ពុជាចែងថា ជនណាដែលទទួលឲ្យធ្វើការ ឬរក្សាទុកឲ្យធ្វើការនូវជនបរទេសដែលគ្មានសៀវភៅការងារ អនុញ្ញាតឲ្យប្រកបការងារមានប្រាក់ឈ្នួលក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលទោសពិន័យពីហុកសិបមួយថ្ងៃ ទៅកៅសិបថ្ងៃនៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ឬត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយថ្ងៃ ទៅមួយខែ។ ក្នុងករណីមិនរាងចាល ត្រូវដាក់ពន្ធនាគារពីមួយខែ ទៅបីខែ។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់ VOA ថា ការបណ្ដោយឲ្យជនបរទេសចូលមកធ្វើការនៅកម្ពុជាដោយខុសច្បាប់នេះ គឺជាកម្សោយក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច ដែលលោកថា ត្រូវតែមានការពង្រឹងបន្ថែម ដើម្បីជៀសវាងជនបរទេសទាំងនោះដណ្ដើមទីផ្សារការងាររបស់ពលរដ្ឋកម្ពុជា និងធ្វើឲ្យរដ្ឋាភិបាលបាត់បង់ចំណូលដែលជាថវិកាក្នុងការអភិវឌ្ឍជាតិ។
«នៅពេលដែលពួកគេមកអត់មានប៉ាសស្ព័រ ខ្ញុំថាអាហ្នឹងមកដោយការប្រព្រឹត្តអំពើពុករលួយ ឬក៏ការកាង ការប្រើអំណាចកាងណាមួយរបស់ក្រុមមានអំណាចណាមួយនោះ ដែលជាថ្នូរហ្នឹងលុយកាក់ដ៏ច្រើនសម្បើមហើយ។ អាហ្នឹងវាមិនខុសអីពីការរត់ពន្ធមនុស្សដែរទេ គ្រាន់តែគេមិនរត់ពន្ធមនុស្សមកធ្វើជារបរពេស្យាចារ ប៉ុន្តែគ្រាន់តែជាការរត់ពន្ធមនុស្សមកធ្វើការនៅក្នុងប្រទេសមួយដែលគេហៅថា មានការត្រួតពិនិត្យហ្នឹងនៅខ្សោយនៅឡើយ»។
លោក សន ជ័យ បន្ថែមថា សមត្ថកិច្ចគួរតែស្វែងរកអ្នកដែលនៅពីក្រោយក្នុងការអនុញ្ញាតឲ្យជនបរទេសទាំងនោះ អាចចូលមកធ្វើការនៅកម្ពុជា ដើម្បីធ្វើឲ្យចំណាត់ការរបស់សមត្ថកិច្ចកាន់តែមានប្រសិទ្ធភាព និងជៀសវាងនូវបទល្មើសផ្សេងៗដែលបង្កឡើងដោយជនបរទេសទាំងនោះ ។
«អាហ្នឹងគេថាកម្ពុជាយើងគឺជាទីផ្សារសម្រាប់ គេហៅថាការរស់នៅដោយខុសច្បាប់ ហើយវាអាចថាវានាំឲ្យកើតជាបញ្ហាដូចជារឿងបង្កើតឲ្យមានពួកម៉ាហ្វីយ៉ា ពួកអីជាដើមហ្នឹង ព្រោះអីជនជាតិចិនហ្នឹងជាមុខសញ្ញានៃគេហៅថាការរស់នៅបែបម៉ាហ្វីយ៉ាដែរ ព្រោះអីពួកគេធ្លាប់ចាប់ជំរិតតាមOnline[បណ្ដាញអ៊ីនធឺណិត]។ ពួកគេធ្លាប់បង្កបទល្មើសឧក្រិដ្ឋអីជាច្រើនដែរនៅស្រុកខ្មែរហ្នឹង»។
កន្លងមកសមត្ថកិច្ចបានចាប់បញ្ជូនជនបរទេស មានដូចជាជនជាតិចិន វៀតណាម និងជនជាតិដទៃផ្សេងៗទៀត ដែលមកធ្វើការងារខុសច្បាប់នៅកម្ពុជាឲ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ជាបន្តបន្ទាប់។
បើតាមរបាយការណ៍ដែលបង្ហាញដោយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃក្នុងពេលកន្លងមក នៅឆ្នាំ២០១៥ មានជនបរទេសធ្វើប័ណ្ណការងារស្របច្បាប់នៅកម្ពុជាចំនួនជាង៣ម៉ឺននាក់៕