អាជ្ញាធរភូមាបាននិយាយថា គ្រាប់បែកចំនួនបីបានផ្ទុះនៅព្រឹកថ្ងៃសៅរ៍ នៅទីក្រុង Sittwe ដែលជារដ្ឋធានីនៃរដ្ឋ Rakhine ដែលមានបញ្ហាច្រើន។ ការផ្ទុះមួយនៃការផ្ទុះនេះបានធ្វើឲ្យមន្រ្តីប៉ូលិសម្នាក់រងរបួស ប៉ុន្តែមិនមានរបាយការណ៍ថា តើមានជនរងគ្រោះផ្សេងទៀតឬយ៉ាងណានោះទេ។ ប៉ូលិសបាននិយាយថា អាជ្ញាធរកំពុងធ្វើការដើម្បីកំណត់ថា តើនរណានៅពីក្រោយការបំផ្ទុះគ្រាប់បែកនោះ។
គ្រាប់បែកទាំងបីនិងឧបករណ៍មិនទាន់ផ្ទុះផ្សេងទៀតដែលមានគោលដៅសំខាន់វាយប្រហារលើការិយាល័យរដ្ឋាភិបាល និងកន្លែងផ្សេងទៀត ត្រូវបានរឹបអូសនៅក្នុងទីក្រុង Sittwe។
ការផ្ទុះនេះបានកើតឡើងបីថ្ងៃបន្ទាប់ពីការបំផ្ទុះគ្រាប់បែកដែលបានសម្លាប់បុគ្គលិកធនាគារពីរនាក់ និងធ្វើឲ្យរបួសមនុស្សប្រហែល ២០ នាក់នៅភាគឦសាននៃទីក្រុង Lashio ដែលក្រុមបះបោរជនជាតិភាគតិចជាច្រើនកំពុងប្រយុទ្ធជាមួយកងទ័ពភូមា។
កាលពីខែមុនយ៉ាងហោចណាស់អ្នកកាន់ព្រះពុទ្ធសាសនានៅរដ្ឋ Rakhine ចំនួន៧នាក់ត្រូវបានសម្លាប់និង១២នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលប៉ូលិសបានបាញ់ទៅលើបាតុករនៅក្នុងទីក្រុងបុរាណ Mrauk-U ។
អន្តរាគមន៍យោធាដ៏ធំ ដែលចាប់តាំងពីខែសីហាឆ្នាំមុននៅក្នុងប្រទេសភូមា នៅរដ្ឋ Rakhine ដែលមានអំពើហិង្សាប្រឆាំងនឹងអ្នកបះបោរ ម៉ូស្លីម Rohingya នោះ បានបង្ខំជនជាតិ Rohingya ៧០ម៉ឺននាក់ស្វែងរកការជម្រកកោននៅប្រទេសបង់ក្លាដេស។
ប្រទេសមីយ៉ាន់ម៉ា ឬភូមាបាននិយាយថា កងកម្លាំងរដ្ឋាភិបាលបានធ្វើយុទ្ធនាការស្របច្បាប់ប្រឆាំងនឹងអ្វីដែលគេហៅថា ភេរវជនមូស្លីម។
សហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានការស៊ើបអង្កេតការបង្ក្រាបដោយយោធាទៅលើជនជាតិភាគតិច Rohingya ប៉ុន្តែរដ្ឋាភិបាលស៊ីវិលរបស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពគឺលោកស្រី Aung San Suu Kyi បានរារាំងមិនឲ្យក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ និងអ្នកឃ្លាំមើលឯករាជ្យដទៃទៀត ចូលទៅក្នុងតំបន់ជម្លោះនោះទេ៕