ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការអំពាវនាវ​ឲ្យ​មាន​គណកម្មាធិការស៊ើប​អង្កេត​ពីការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កើន​ឡើង​កាន់​តែ​ខ្លាំង​


ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់​លក់​អាវ​រងា​នៅ​ជំរំ Balukhali ក្នុង​ស្រុក ​Ukhia ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី​២៤ មករា ២០១៨។
ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់​លក់​អាវ​រងា​នៅ​ជំរំ Balukhali ក្នុង​ស្រុក ​Ukhia ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី​២៤ មករា ២០១៨។

ក្រុមអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​និយាយ​ថា របាយការណ៍​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​បដិសេធ​របាយការណ៍​របស់​សារពត៌មាន Associated Press ស្តី​ពី​ការ​សម្លាប់​មនុស្ស​យ៉ាងឃោរឃៅ​នៅ​ក្នុង​ភូមិភាគខាងជើង​រដ្ឋ Rakhine ដែលបាន​ធ្វើឡើង​ដោយ​កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​នោះ ​បាន​បញ្ជាក់​ពីភាព​ចាំបាច់​ឲ្យ​មាន​គណកម្មាធិការ​ស៊ើបអង្កេត​ឯករាជ្យមួយ​ ដើម្បី​អាចចូល​ទៅស៊ើប​អង្កេត​ទៅក្នុង​តំបន់​ផ្សេងៗ​ទៀត។

កាល​ពីថ្ងៃទី២​ខែកុម្ភៈ​កន្លង​ទៅនេះ​ សារពត៌មាន APបាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ ចោទប្រកាន់​ពី​ការសម្លាប់រង្គាល​ដែល​បាន​ធ្វើឡើង​ដោយ​កម្លាំងសន្តិសុខ​មីយ៉ាន់ម៉ា នៅក្នុង​ភូមិ Gu Dar Pyin នៅជិត​ក្រុង Buthidaung ក្នុង​រដ្ឋRakhine។ របាយការណ៍​នេះ​ធ្វើឡើង​ផ្អែក​លើ​ពត៌មាន​ដែល​ទទួល​បាន​ពី​ប្រភពផ្សេងៗ​ដូចជា​ ពីសាក្សី​ដែល​ឃើញ​ផ្ទាល់ភ្នែក​ រូបភាព​តាម​ផ្កាយរណប​ និង​រូបភាព​វីដេអូ​ដែល​ថត​ពី​ទូរសព្ទ​ដៃ​ជា​ដើម បាន​ចោទប្រកាន់​ទៅលើ​កងកម្លាំង​សន្តិសុខ​ថា​បាន​ដុតបំផ្លាញ​សាកសព​មនុស្ស​ជាមួយ​នឹង​ទឹកអាស៊ីត។

យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា​ សាកសព​ជនរងគ្រោះ៧៥នាក់​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ផ្នូរ​ ក៏ប៉ុន្តែ​អ្នកភូមិ​បាន​ប៉ាន់ស្មាន​ថា​ មនុស្ស​ប្រហែល៤រយនាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិការយោធា​ ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី២៧ ខែសីហា​ គឺ​នៅប៉ុន្មានថ្ងៃ​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ក្រុមកងទ័ព​ស្រោចស្រង់ជាតិ Arakan ​របស់​ជនជាតិរ៉ូហ៊ីងយ៉ា​ ដែល​បានងើបឡើង​ប្រឆាំង​នឹង​ការបង្ក្រាប​របស់​ពួកយោធា​ ដែល​បាន​បង្ក​ឲ្យ​ជនជាតិរ៉ូហ៊ីងយ៉ា​កាន់សាសនា​ឥស្លាម​ជិត៧សែននាក់​ភៀស​ខ្លួន​ឆ្លង​ចូល​ព្រំដែន​ប្រទេសបង់ក្លាដេស​ដែល​ជា​ប្រទេស​ជិតខាង។

មួយថ្ងៃ​បន្ទាប់​ពីរបាយការណ៍​របស់​សារពត៌មានAP ប្រព័ន្ធផ្សព្វផ្សាយ​របស់​រដ្ឋ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​បដិសេធ​នឹង​របាយការណ៍​របស់​សារពត៌មាន​ និង​ថាក្រុមមន្រ្តី​បាន​ទៅ​ធ្វើទស្សនកិច្ច​នៅក្នុងភូមិ Gu Dar Pyin ដើម្បី​ស៊ើបអង្កេត​លើ​ករណី​នេះ។ កាល​ពី​ថ្ងៃទី៣ខែកុម្ភៈ​មាន​របាយការណ៍​មួយ​បាន​ផ្សាយ​នៅក្នុង​កម្មវិធី Global New Light of Myanmar ដោយ​បាន​និយាយ​ថា​អ្នកភូមិ​រស់​នៅ​ទីនោះ​ «បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា​ពួកគេ​មិន​បាន​ឭពីការ​សម្លាប់រង្គាល​នេះទេ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG