ពួកប្រដាប់អាវុធជនជាតិភាគតិច២ក្រុម បានចុះហត្ថលេខានៅលើបទឈប់បាញ់គ្នានៅទូទាំងប្រទេស ជាមួយនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលការណ៍នេះបានធ្វើឲ្យលោកស្រី Aung San Suu Kyi ទទួលបានជោគជ័យជាលើកទី១នៅក្នុងដំណើរការសន្តិភាពតាមរយៈកិច្ចសន្ទនារអំពីជម្លោះនិងភាពជាប់គាំងនាពេលថ្មីៗនេះ។
នៅក្នុងពិធីអបអរសាទរដែលត្រូវបានចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ក្នុងទីក្រុងណៃពិដោ កាលពីថ្ងៃអង្គារកន្លងទៅ គណបក្ស NMSP និងគណបក្សសហភាព
ប្រជាធិបតេយ្យ Lahu ឬLDU បានយល់ព្រមទៅលើឯកសារព្រមព្រៀងគ្នារបស់រដ្ឋាភិបាល ដែលជាគន្លឹះយ៉ាងសំខាន់មួយដើម្បីដោះសា្រយសង្គ្រាមស៊ីវិលដែលមានរយៈពេល៥០ឆ្នាំ រវាងយោធា និងក្រុមជនជាតិភាគតិច។
ពួកជនជាតិភាគតិចមនដែលជាក្រុមតំណាងឲ្យគណបក្ស NMSP គឺជាភាគីសំខាន់មួយ នៅក្នុងកិច្ចចរចាសន្តិភាពនេះ ដែលក្រុមនេះបានរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលដូចគ្នាមួយអស់រាប់ទសវត្សរ៍មកហើយ ដោយរួមទាំងសាលារៀន និងតុលារនៅភាគអាគ្នេយ៍ក្នុងប្រទេសមីយ៉ាន់ម៉ា។ ពួកជនជាតិភាគតិច Lahu គឺក្រុមតំណាងឲ្យគណបក្ស LDU ដែលជាជនជាតិភាគតិចមួយក្រុមតូចមិនសូវមានឥទ្ធិពលយោធានោះទេ។
ស្ថានទូតសហរដ្ឋអាមេរិកបានហៅការចុះហត្ថលេខាឈប់បាញ់គ្នាកាលពីថ្ងៃអង្គារកន្លងទៅថា«ជាការបោះជំហានមួយ ក្នុងចំណោមជំហានជាច្រើនទៀតដែលត្រូវធ្វើដើម្បីសម្រេចបាននូវសន្តិភាពមួយប្រកបដោយចីរភាព»។ រដ្ឋាភិបាលប្រទេសលោកខាងលិចតែងតែគាំទ្រដល់ដំណើរការសន្តិភាពរបស់មីយ៉ាន់ម៉ា ដោយបានផ្តល់ជាការប្រឹក្សា និងជាហរិញ្ញវត្ថុសម្រាប់រៀបចំការចរចា តាមរយៈមូលនិធិសន្តិភាពរួមគ្នា៕