ការបដិសេធរបស់មីយ៉ាន់ម៉ាពីការបោសសម្អាតខាងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជា «ការមិនសមហេតុសមផល» នេះតាមលោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលបានជំរុញឲ្យអង្គការសហប្រជាជាតិដាក់ការគាបសង្កត់កាន់តែខ្លាំងឡើងទៅលើរដ្ឋាភិបាលភូមា។
លោកស្រីឯកអគ្គរដ្ឋទូត Haley បានប្រាប់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហ ប្រជាជាតិកាលពីថ្ងៃអង្គារថា អង្គការនេះបានបរាជ័យក្នុងការទទួលខុសត្រូវរបស់ខ្លួនដើម្បីប្រឆាំងនឹងអ្វីដែលលោកស្រីហៅថា ជាការគំរាមកំហែងដ៏ច្បាស់ក្រឡែតដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ដោយនិយាយថា គេមិនអាចដោះសារតទៅទៀតទេ។
លោកស្រីឯកអគ្គរដ្ឋទូត Haley បានមានប្រសាសន៍ទៀតថា៖ «យើងមិនអាចធ្វើមិនដឹងមិនឮអំពីស្ថានភាពនេះទេ។ អ្វីដែលបានកើតមានឡើងក្នុងប្រទេសភូមាហើយនឹងអ្វីដែលកំពុងកើតមានឡើងនោះមិនអាចទទួលយកបានទេ។ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិត្រូវតែធ្វើឲ្យពួកយោធាទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនហើយដាក់ការគាបសង្កត់លើលោកស្រីអង់សាន ស៊ូជីឲ្យទទួលស្គាល់អំពើដ៏គួរឲ្យរន្ធត់ទាំងនេះដែលកំពុងកើតមានឡើងនៅក្នុងប្រទេសរបស់លោកស្រី»។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់ សាសនាឥស្លាមប្រហែល៧សែននាក់បានរត់គេចខ្លួនទៅកាន់ប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាងចាប់តាំងពីពួកយោធាបានចាប់ផ្តើមបង្ក្រាបអំពើហឹង្សាបន្ទាប់ពីពួកឧទ្ទាមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបានវាយប្រហារទៅលើកងទ័ពនិងប៉ូលិសនៅខែសីហាឆ្នាំទៅមក។
ភូមិរាប់រយរបស់អ្នកកាន់សាសនាឥស្លាមបានត្រូវគេដុតកំទេចចោលនិងរួមជាមួយសេចក្តីរាយការណ៍ពីការប្រហារជីវិតមនុស្សដ៏ច្រើន។
លោក Hau Do Suan ឯកអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជា ជាតិបាននិយាយថា មីយ៉ាន់ម៉ាបានប្រុងប្រៀបខ្លួនជាស្រេចហើយដើម្បីទទួលយកជនភៀសខ្លួនដែលវិលត្រឡប់លើកដំបូងមកកាន់មីយ៉ាន់ម៉ាវិញ។
លោកបាននិយាយថា៖ «យើងនឹងបន្តធ្វើការងារដោយធ្វើការពិគ្រោះនិងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសបង់ក្លាដែសសម្រាប់ការស្ម័គ្រចិត្ត សុវត្ថិភាពនិងការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសេចក្តីថ្លៃថ្នូរបស់មនុស្សគ្មានទីកន្លែងរស់នៅទាំងនោះ»។
ក៏ប៉ុន្តែ ពួកអ្នកសង្កេតការណ៍និយាយថា វានៅមិនទាន់មានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនមកកាន់ផ្ទះសម្បែងនៅឡើយទេ។ លោក Masud bin Momen ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ជនជាតិភាគរ៉ូហ៊ីងយ៉ាជាងមួយពាន់នាក់បានឆ្លងកាត់ព្រំដែនមកពីខាងមីយ៉ាន់ម៉ាក្នុងរយៈពេល២សប្តាហ៍នៅដើមខែកុម្ភ:នេះដើម្បីគេចចេញពីការអត់ឃ្លាន អរិភាពនិងការរំលោភធ្វើបាប។
លោក Filippo Grandi ប្រធានទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិព្រមានថា ជនភៀសខ្លួនភូមាក្នុងប្រទេសបង់ក្លាដែសកំពុងសល់ពេលវេលាកាន់តែតិចទៅនៅពេលដែលពួកគេប្រឈមនឹងភាពអាសន្នមួយទៀត។
លោកបាននិយាយទៀតថា «រដូវភ្លៀងនឹងចាប់ផ្តើមនៅខែមិនា។ យើងបានប៉ាន់ស្មានថា ជនភៀសខ្លួនជាង១សែននាក់កំពុងរស់នៅក្នុងតំបន់ដែលមានទឹកជំនន់និងការបាក់ដីយ៉ាងខ្លាំង។ ជនភៀសខ្លួនដែលងាយទទួលគ្រោះថ្នាក់រាប់ពាន់នាក់ចាំបាច់រើទៅកាន់កន្លែងថ្មីជាបន្ទាន់។ ជីវិតរបស់ពួកគេស្ថិតនៅក្នុងភាពគ្រោះថ្នាក់យ៉ាងខ្លាំង»។
អង្គការសហប្រជាជាតិក៏កំពុងជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាដោះលែងអ្នកកាសែត២នាក់របស់ទីភ្នាក់ងារព័ត៌មានReutersជាបន្ទាន់ដែលត្រូវបានចាប់ដាក់ពន្ធនាគារកាលពីខែធ្នូចំពោះសេចក្តីរាយការណ៍ពីការសម្លាប់រង្គាលបុរសជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងចំនួន១០នាក់។
មីយ៉ាន់ម៉ាបានប្រាប់ឲ្យដឹងថា អ្នកយកព័ត៌មានទាំង២នាក់នោះបានត្រូវចាប់ខ្លួនចំពោះការមានឯកសារសម្ងាត់របស់រដ្ឋាភិបាល មិនមែនសេចក្តីរាយការណ៍ព័ត៌មានរបស់ពួកគេទេ។
លោកស្រីអង់សាន ស៊ូជីមេដឹកនាំជ័យលាភីណូបែលសន្តិភាពរបស់មីយ៉ាន់ម៉ាមានកិច្ចព្រមព្រៀងបែងចែកអំណាចដែលមានភាពរង្គោះរង្គើជាមួយពួកយោធាដ៏មានអំណាចរបស់ភូមា។ លោកស្រីនិងកិត្យានុភាពរបស់លោកស្រីជាស្រ្តីប្រកាន់យកលិទ្ធិប្រជាធិបតេយ្យនិងសន្តិភាពបានស្ថិតនៅក្រោមការរិះគន់របស់សាកលលោកចំពោះការស្ទាក់ស្ទើររបស់លោកស្រីដើម្បីនិយាយប្រឆាំងការបង្ក្រាបដ៏ខ្លាំងទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនិយាយថា ពួកគេជាជនជាតិភាគតិចដែលទទួលរងការធ្វើទុកបុកម្នេញជាយូរយារណាស់មកហើយនៅក្នុងប្រទេសមីយ៉ានម៉ាដែលមានអ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើនហើយបានត្រូវគេបដិសេធពុំព្រមផ្តល់សញ្ជាតិនិងសិទ្ធិសំខាន់ៗជាច្រើន រួមទាំងឱកាសនៃការសិក្សាអប់រំនិងកាងារផងដែរ៕
ប្រែសម្រួលដោយជឹង ប៉ូជីន