ប្រជាពលរដ្ឋរាប់ពាន់នាក់ បានរត់គេចពីទីប្រជុំជនមួយនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនថ្ងៃរវាងក្រុមអ្នកប្រឆាំងនឹងរបបយោធា និងកងកម្លាំងយោធា ក្នុងអំឡុងពេលនោះក្រុមយោធា បានទម្លាក់គ្រាប់បែកទៅលើផ្ទះសម្បែងរបស់ជនស៊ីវិល។ នេះបើតាមការឲ្យដឹងពីអ្នកភូមិ និងសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃពុធម្សិលមិញ ហើយត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នោះ។
ការវាយប្រហារទៅលើពួកយោធានិងទ្រព្យសម្បត្តិរបស់គេ បានកើនឡើងបន្ទាប់ពីសមាជិកសភាដែលត្រូវបានបណ្តេញចេញពីតំណែងដោយក្រុមយោធា បានអំពាវនាវឲ្យមាន«សង្គ្រាមការពារប្រជាពលរដ្ឋ» នៅដើមខែកញ្ញានេះ។
ពួកយោធា បានប្រយុទ្ធជាមួយក្រុមកម្លាំងការពារក្នុងមូលដ្ឋានមួយដែលមានគ្នាប្រមាណ ១០០នាក់ បន្ទាប់ពីពួកគេត្រូវបានពួនស្ទាក់នៅតំបន់ Thantlang ដែលស្ថិតក្នុងរដ្ឋ Chin ដាច់ស្រយាលមួយនៅក្បែព្រំដែនប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែកញ្ញាកន្លងទៅ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរបបយោធាលោក Zaw Min Thun កាលពីថ្ងៃអង្គារកន្លងទៅ។
លោក មិនបានផ្តល់ពីតួលេខនៃការខូចខាតណាមួយនោះទេ។
អង្គការសហប្រជាជាតិ បានព្រមានថា ការបន្តនូវការប្រយុទ្ធនៅក្នុងតំបន់ បានធ្វើឲ្យមានមនុស្សកាន់តែច្រើនឡើងរត់ភៀសខ្លួនចូលទៅក្នុងប្រទេសឥណ្ឌាដើម្បីស្វែងរកទីជម្រក និងស្បៀងអាហារ។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ចាប់តាំងពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyi ត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាមួយ កាលពីដើមខែកុម្ភៈកន្លងទៅ ដែលបណ្តាលឲ្យមានការផ្ទុះការប្រឆាំងតវ៉ានៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយរបបយោធានៅក្នុងប្រទេសនេះ បានព្យាយាមបង្ក្រាបក្រុមអ្នកប្រឆាំងទាំងនោះ។
យោងទៅលើអ្នកសង្កេតការណ៍ក្នុងស្រុកបានឲ្យដឹងថា មនុស្សជាង ១.១០០នាក់ ត្រូវបានសម្លាប់ និងជិត ៨.000 នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាមក៕