រដ្ឋាភិបាលស្រមោលនៃប្រទេសមីយ៉ាន់ម៉ានិយាយថា ខ្លួនទទួលស្វាគមន៍ការតែងតាំងបេសកជនដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ដើម្បីជួយដោះស្រាយវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសនោះ ទោះបីក្រុមអង្គការសិទ្ធិមនុស្សខ្លះបានច្រានចោលជម្រើសនោះ ហើយសមាជិកសភាក្នុងតំបន់បានលើកពីក្តីកង្វល់ក៏ដោយ។
អាស៊ាន ដែលមានប្រទេស១០ជាសមាជិក រួមមានមីយ៉ាន់ម៉ាផងនោះ បានតែងតាំងលោក Erywan Yusof ភូឈួយរដ្ឋមន្ត្រីការបរទេសព្រុយណេ ជាបេសកជនកាលពីសប្តាហ៍មុន។
ការតែងតាំងនេះកើតមានឡើង៦ខែបន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដែលបណ្តាលឲ្យមានការតវ៉ាយ៉ាងខ្លាំងប្រឆាំងពួកយោធាដែលបានធ្វើការបង្ក្រាបបង្ហូរឈាម និងការខំប្រឹងប្រែងដើម្បីទប់ការផ្ទុះឡើងយ៉ាងខ្លាំងនូវជំងឺកូវីដ១៩។
ពួកសមាជិកសភាដែលត្រូវបានគេបណ្តេញចេញពីតំណែង ក្រុមជនជាតិភាគតិច និងមេដឹកនាំនៃចលនាស៊ីវិលប្រឆាំងតាមមូលដ្ឋាន បានរួមកម្លាំងគ្នានៅក្រោមរដ្ឋាភិបាលឯកភាពជាតិដើម្បីព្យាយាមប្រឆាំងការត្រួតត្រារបស់ពួកយោធា។ ដោយប្រើឈ្មោះ Sasa អ្នកនាំពាក្យ និងជារដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋាភិបាលឯកភាពជាតិមីយ៉ាន់ម៉ា បានទទួលស្វាគមន៍ការតែងតាំងលោក Erywan។
លោក Sasa បានប្រាប់ VOA ថា៖ «ខ្ញុំប្រាកដជាចង់ឃើញជោគជ័យរបស់គាត់យ៉ាងច្រើនទៅតាមលទ្ធភាពដែលអាចធ្វើបាន ហើយយើងនៅទីនេះត្រៀមខ្លួនជាស្រេចដើម្បីទាក់ទងបេសកជនពិសេសរបស់យើង។ និយាយរួម គាត់មានតួនាទីដ៏ល្អដើម្បីជួយដោះស្រាយបញ្ហានេះ»៕