ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Suu Kyi មិន​​​បញ្ចេញ​យោបល់​​ទៅ​លើ​ការ​អំពាវនាវ​ឲ្យ​មាន​សង្គ្រាម​ប្រឆាំង​របប​សឹក​យោធា​នៅ​មីយ៉ាន់ម៉ា


រូប​ឯកសារ៖ បដា​មាន​រូប​អ្នកស្រី Aung San Suu Kyi ​នៅ​ក្នុង​អំឡុង​បាតុកម្ម​មួយ​​នៅ​​មុខ​ការិយាល័យ​​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ​​នៅ​ទី​ក្រុង​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២១។
រូប​ឯកសារ៖ បដា​មាន​រូប​អ្នកស្រី Aung San Suu Kyi ​នៅ​ក្នុង​អំឡុង​បាតុកម្ម​មួយ​​នៅ​​មុខ​ការិយាល័យ​​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ​​នៅ​ទី​ក្រុង​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២១។

មេដឹកនាំ​ស៊ីវិល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ត្រូវ​របប​យោធា​ទម្លាក់​ចេញ​ពី​អំណាចនៅ​ក្នុង​រដ្ឋ​ប្រហារ​យោធាគឺ​អ្នកស្រី Aung San Suu Kyi មិនធ្វើ​អត្ថាធិប្បាយ​លើ​ការ​ប្រកាសឲ្យ​មាន​សង្គ្រាម​មួយ​ប្រឆាំង​នឹង​របប​សឹក​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​រដ្ឋាភិបាល​ស្រមោលដែល​មាន​អ្នក​ចូលរួម​ភាគច្រើនជា​សមាជិក​សភានៃ​គណបក្ស​របស់​អ្នកស្រី។ នេះ​បើតាម​ការ​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ដោយមេធាវី​របស់​អ្នកស្រី​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នោះ។

មីយ៉ាន់ម៉ា​បាន​ធ្លាក់​ចូលក្នុង​ភាព​ចលាចល​ចាប់​តាំង​ពី​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយគណបក្ស​សម្ព័ន្ធ​ជាតិដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​របស់អ្នកស្រី Suu Kyi កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លងទៅ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ាយ៉ាង​ខ្លាំង​និងធ្វើ​ឲ្យ​ក្រុម​យោធា​ធ្វើ​ការបង្ក្រាប​ដោយបង្ហូរ​ឈាម​ទៅ​លើក្រុម​អ្នក​ប្រឆាំង​តវ៉ា​ទាំង​នោះ។

ក្រុម​សមាជិក​សភា​នៃ​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ចំនួន​ភាគ​ច្រើន​បាន​នាំ​គ្នា​បង្កើតរដ្ឋាភិបាល​ឯកភាព​ជាតិមួយ​ដើម្បី​តស៊ូផ្តួល​រំលំ​របប​យោធា​និង​បាន​ប្រកាស​សង្គ្រាម​វាយ​ប្រហារ​របស់​ប្រជាពលរដ្ឋ​កាល​ពី​ដើម​ខែកញ្ញា​នេះ​ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ធ្វើ​ការ​វាយ​ប្រហារ​ទៅលើ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​យោធា។

ក្រោយ​ការ​ប្រកាស​មក ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង​ការពារ​ប្រជាពលរដ្ឋ​និង​កង​កម្លាំង​នៃ​របប​យោធា​បាន​កើនឡើង​ជា​លំដាប់​ហើយ​ប៉ម​ទំនាក់ទំនង​ដែល​ប្រើ​ប្រាស់​ដោយ​កង​កម្លាំង​យោធាជា​ច្រើន​កន្លែង​ត្រូវ​បាន​ទទួល​រង​ការ​វាយ​ប្រហារ។ នេះ​បើ​តាមការ​លើក​ឡើង​របស់ក្រុមដែល​ប្រឆាំង​នឹង​របប​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ។

ដោយ​ឡែកអ្នកស្រី Suu Kyi មិនបាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយជុំវិញ​រឿង​នេះ​ទេ​នៅ​ពេល​មេធាវី​ការពារ​អ្នកស្រីសួរ​លោក​ស្រី​អំពី​រឿង​នេះ។ នេះ​បើតាម​ការ​បញ្ជាក់របស់​លោក Khin Maung Zaw មេធាវី​ការពារ​លោក​ស្រី។ មេធាវី​រូប​នេះ​បាន​បន្ត​ថា អ្នកស្រី Suu Kyi អាច​និយាយរឿង​នេះបាន ក្រោយការពិភាក្សាជា​មួយ​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៅ​ក្នុង​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី។

មេធាវី​រូប​នេះ​បន្ថែម​ថា៖ «អ្នកស្រី Suu Kyi មិន​ដែល​ប្រឆាំង​នឹង​បំណង​ប្រាថ្នារបស់ពលរដ្ឋ​មីយ៉ាន់ម៉ា​នោះ​ឡើយ»៕

XS
SM
MD
LG