ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ


ស្រ្តី​​មិន​​ស្គាល់​​ឈ្មោះ​​ម្នាក់​​នេះ​​ លើកដៃ​​អបអរ​​ ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​​ប្រារព្វ​ទិវា​សិទ្ធិមនុស្ស​ក្នុង​រាជធានី​ភ្នំពេញ​កាលពីថ្ងៃទី ១០ ធ្នូ ​ឆ្នាំ២០០៧។
ស្រ្តី​​មិន​​ស្គាល់​​ឈ្មោះ​​ម្នាក់​​នេះ​​ លើកដៃ​​អបអរ​​ ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​​ប្រារព្វ​ទិវា​សិទ្ធិមនុស្ស​ក្នុង​រាជធានី​ភ្នំពេញ​កាលពីថ្ងៃទី ១០ ធ្នូ ​ឆ្នាំ២០០៧។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពី​៣០០០​ដល់​៥០០០​នាក់​គ្រោង​នឹង​ប្រារព្ធ​ខួប​សិទ្ធិ​ មនុស្ស​ប្រចាំឆ្នាំ​នៅ​ថ្ងៃទី​១០​ខែ​ធ្នូ ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ដោយ​ដើរ​ដង្ហែ​ក្បួន​ ពី​មាត់​ទន្លេ​ទៅ​ទីលាន​ប្រជា​ធិបតេយ្យ​ នៅពេល​សាលា​រាជធានី​ និង​អង្គការ​នីតិបញ្ញតិ​គ្រោង​នឹង​ប្រារព្ធ​ពិធី​អបអរ​សាទរ​រំឭកខួប​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​នេះ​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា។

លោក ​ធន សារ៉ាយ ​នាយក​អង្គកា​សិទ្ធិ​មនុស្ស​អាហុក ​បាន​ថ្លែង​ថា​ ជា​សញ្ញា​ល្អ​ ដែល​កម្ពុជា​ទាំងមូល​បាន​ចាប់​ផ្តើម​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​ព្រម​គ្នា។​ លោក​ថា​ រឿងនេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​ទាំងអស់​គ្នា​មាន​ការ​ភ្ញាក់​រឭក​ មាន​ការ​ យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស។​

«យើង​ឃើញ​ថា ​ពីមុន​វា​មាន​តែ​អង្គការ​សិទ្ធិ​មនុស្ស​ទេ​ អង្គការ​សង្គម​ទេ ​ដែល​ យើង​បាន​ប្រារព្ធនូវពិធី​នេះ។ ​ឥឡូវ​នេះ​យើង​ឃើញ​ថា​ មាន​ការ​សស្រាក់​សស្រាំ​ ទាំង​ខាង​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​នានា ​សភា​ និង​ព្រឹទ្ធ​សភា ​ទាំង​ខាង​ រដ្ឋាភិបាល​ សាលា​រាជធានី​ភ្នំពេញ​ក៏លោក​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ប្រារព្ធ​ដែរ។​ នេះ​ជា​ជោគជ័យ​មួយ។​ ទិវា​សិទ្ធិ​មនុស្ស​មិនមែន​ជា​របស់​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ ឬ​ក៏​អង្គការ​សង្គម​មួយ​ទេ។​ វា​ជា​ទិវា​របស់​មនុស្ស​នៅ​ក្នុង​សង្គម​យើង​ទាំងអស់​គ្នា»។​

លោក​បន្ថែម​ថា ​ការ​គោរព​សិទ្ធិ​មនុស្ស​ផ្តល់​ផល​ប្រយោជន៍​ដល់​យើង​ទាំងអស់​គ្នា​ មិន​មែន​តែក្រុម​ណា​មួយ​ទេ ​ដែល​លោក​បាន​អំពាវ​នាវ​កុំ​ឲ្យ​មាន​ការ​បំភ្លេច​ចោល​ពី​អត្តន័យ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ ក្រោយ​ពី​ពិធី​បុណ្យ​រួច​ តែ​ត្រូវ​រក្សា​ស្មារតី​នេះ​ ឲ្យ​ជាប់។​

លោក​បាន​អះអាង​ថា ​ក្នុង​ការ​ប្រារព្ធ​ទិវា​គោរព​សិទ្ធិ​មនុស្ស​ឆ្នាំ​នេះ ​អង្គការ​សង្គម​ ស៊ីវិល​ផ្តោត​ទៅ​លើ​យុត្តិធម៌ ​ដែល​គ្មាន​លក្ខណៈ​ស្មើភាព​គ្នា​រវាង​អ្នក​មាន​អំណាច​ និង​ពលរដ្ឋ ​ហើយ​ជា​ការ​ខូតខាត​ដល់​ស្ថិរភាព ​និង​សន្តិភាព​ក្នុង​សង្គម។​

«អញ្ចឹង​ហើយ​សង្គម​មួយ​ ដែល​គ្មាន​យុត្តិធម៌ ​ឬ​មាន​យុត្តិធម៌​តិចតួច​គឺ​ជា​សង្គម​ ផុយ​ស្រួយ​ ជា​ស្ថិរភាព​មួយ​ដែល​មិនមាន​លក្ខណៈ​រឹងមាំ​ទេ។​ អញ្ចឹង​ហើយ​យើង​ ចង់​ឲ្យ​មាន​យុត្តិធម៌​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​មួយ​ពិត​ប្រាកដ​ យូរ​អង្វែង​ទៅ​ថ្ងៃ​មុខ​សម្រាប់​ប្រទេស​យើង។​ អញ្ចឹង​ហើយ​បាន​អង្គការ​សង្គម​ស៊ីវិល​យើង​បាន​លើក​យក​ប្រធាន​បទ​នេះ​ឡើង​ ដូច​ថា​ ការ​គោរព​សិទ្ធិ​មនុស្ស​ត្រូវតែ​ភ្ជាប់​នឹង​យុត្តិធម៌​នេះ។ ​អញ្ចឹង​ទាំងអស់​គ្នាត្រូវតែ​ចូល​រួម​ចំណែក​ នាំមក​នូវ​យុត្តិធម៌​ដល់​ប្រជាជាតិ​ សង្គម​ជាតិ។​ យើង​នាំ​គ្នា​លើក​ស្ទួយ​បញ្ហា​យុត្តិធម៌​នេះ​ ហើយ​នាំ​គ្នា​ចូល​រួម​កាត់​បន្ថយ​និទណ្ឌ​ភាព​ ក៏​ដូច​ជា​ភាព​មិន​ស្មើ​គ្នា​ចំពោះ​មុខច្បាប់​នេះ​ ឲ្យ​បាន​ជា​អតិបរមា​តាម​ដែល​អាចធ្វើ​ទៅ​បាន ​នៅ​ក្នុងឆ្នាំ​បន្ត​បន្ទាប់​ទៅ​ទៀត»។​

លោក​បាន​បន្ថែម​ថា​ អ្នក​ដែល​រារាំង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​អ្នក​ដែល​មិន​គោរព​ សិទ្ធិ​មនុស្ស​និង​បំផ្លាញ​សិទ្ធិ​មនុស្ស។​

ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នេះ​គឺ​កើត​ឡើង​ក្នុងពេល​ដែល​មាន​ការ​ចាប់​ខ្លួន​សកម្ម ជន​ការពារ​ដីធ្លី​ចំនួន​១៥​នាក់​ និង​ការ​បណ្តោយ​ឲ្យ​មាន​ការ​អូស​បន្លាយ​ឲ្យ​មាន​ ការ​រួច​ទោស ​ឬ​វប្បធម៌​គ្មាន​ទោសពៃរ៍​ចំពោះ​ឃាតកម្ម​លើ​អ្នក​កាសែត​ អ្នក​ការពារ​ បរិស្ថាន​ ​អ្នក​សិល្បៈ ​ការ​បាញ់​កម្មករ​ជា​ដើម ​ដែល​រឿង​នេះ​ត្រូវ​ក្រុម​មន្ត្រី​សិទ្ធិ​ មនុស្ស​ចាត់​ទុក​ថា​ ជា​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។​

លោក​សួន ប៊ុនសក្តិ ​នាយក​លេខាធិការ​ដ្ឋាន​អង្គការ​ប្រព្រឹត្តិកម្ម​ ឬ​CHRAC ​ដែល​ មាន​អង្គការ​២០​រួមគ្នា ​បាន​អះអាង​ថា ​សាលា​រាជធានី​បាន​អនុញ្ញាត​ឲ្យ​អង្គការ​ សង្គម​ស៊ីវិល​ធ្វើការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ហើយ​ សាលា​រាជធានី​ដែលគ្រោង​ពី​ដំបូង​ត្រូវធ្វើ​ពិធី​ប្រារព្ធ​ខួប​សិទ្ធិ​មនុស្ស​នៅ​ទីលាន ប្រជា​ធិបតេយ្យ​នោះ​ នឹង​សុខចិត្ត​ធ្វើ​សម្បទាន​ដល់​អង្គការ​សង្គម​ស៊ីវិល​ដោយ​រើ គម្រោង​ការ​ទៅធ្វើ​នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក​វិញ។​

«មក​ទល់​ពេល​នេះ ​យើង​បាន​ឯកភាព​គ្នា​ជា​គោល​ការណ៍​ជាមួយ​នឹង​រដ្ឋបាល​ មូលដ្ឋាន​ភ្នំពេញ​ថា ​ខាង​អង្គការ​សង្គម​ស៊ីវិល​គឺ​នឹង​ធ្វើ​ពិធី​នេះ​នៅ​ទីលាន​ប្រជា​ធិប តេយ្យ​គឺ​យើង​នឹង​ចាប់​ផ្តើម​ដង្ហែ​ក្បួន​មកពី​សួន​ច្បារ ​CDC»។​

លោក​ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលារាជ​ធានី​ភ្នំពេញ​ បាន​បញ្ជាក់​ពី​ការ​អនុញ្ញាត​ច្បាប់​ឲ្យ​មាន​ការ​ធ្វើពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​មែន​ តែ​ការអនុញ្ញាត​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​នៅ​មាន​ការ​ពិភាក្សា​បន្ត។​

«ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​យើងមិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​ទេ​ ដោយ​ សារ​វា​ប៉ះពាល់​សណ្តាប់​ធ្នាប់​ចរាចរណ៍​ ព្រោះ​សិទ្ធិ​មនុស្ស​ យើង​ប្រារព្ធ​ទិវា​សិទ្ធិ​ មនុស្ស​ តែ​បើ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ទៀត​ ក៏​វា​មិន​កើត​ដែរ។ អញ្ចឹង​ទេ​បាន​ជា​ យើង​មិន​អនុញ្ញាត​ធ្វើ​ការ​ហែ​ក្បួន​ទេ។​ ប៉ុន្តែ​យើង​ក៏​បាន​សម្រប​សម្រួល​ទៅ​ខាង​ អង្គការ ​CHRAC ​ហ្នឹង​ គាត់​ក៏​សុំ​ថា ​ជួប​ជុំ​គ្នា​នៅ​មុខ​សួន ​CDC ​ហើយ​ដើរ​ហែ​ ពី​សួន ​CDC ​ហ្នឹង​មក​ទីលាន​ប្រជា​ធិប​តេយ្យ»។​

លោក​ឡុង ឌីម៉ង់​បាន​បញ្ជាក់​ថា ​សាលា​រាជធានី​នឹង​ស្នើ​ទៅ​ក្រសួង​មហា​ផ្ទៃ​ផង​ ដែរ​ ​ដោយសារ​អ្នក​ដង្ហែ​ក្បួនមាន​ចំនួន​ច្រើន។​

«ក៏​ប៉ុន្តែ​ចំណុច​នេះ ​យើង​កំពុង​តែ​សម្រប​សម្រួល​គ្នា ​ហើយ​យើង​នឹង​ស្នើ​សុំ​គោល ការពី​ក្រសួង​មហា​ផ្ទៃ​សិន​ ដោយសារ​មកពី​ទី១​ ចំនួន​ប្រជា​ពលរដ្ឋ ​ដែល​ខាង​ អង្គការ​ CHRAC ​គាត់​ស្នើសុំ​នោះ​គឺ​ថា ​ចំនួន៣០០០​ទៅ​៥០០០​នាក់​ អញ្ចឹង​វា​លើស​ពី​សិទ្ធិ​ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អនុញ្ញាត។ ​អញ្ចឹង​យើង​នឹង​ស្នើ​សុំ​ទៅ​ក្រសួង​មហា​ផ្ទៃ​ ទាំង​ចំនួន​ ទាំងការ​ហែរ​ពី​ត្រឹម​មុខ​សួន ​CDC​ ដល់​ទីលាន​ប្រជាធិបតេយ្យ»។​

ចំណែក​លោក​ធន សារ៉ាយ​វិញ​បាន​អះអាង​ថា ​ការ​ប្រារព្ធទិវា​សិទ្ធិ​មនុស្ស​គឺ​ក្រុម​សង្គម​ស៊ីវិល​ចង់​បាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ ​មិនមែន​ចង់​ធ្វើ​នៅ​តែ​កន្លែង​មួយ​ដែល​បិទជិត​ ហើយ​គ្មាន​គេ​ដឹង​ឮ​នោះ​ទេ។​

លោក​សួន ប៊ុនសក្តិ​បាន​អះអាង​ថា​ កម្ពុជា​នៅ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ច្រើន​ នៅ​ឡើយ។​

«ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​រូបភាព​ច្រើន​យ៉ាង​ ហើយ​ ចំណុច​មួយ​ដែល​យើង​បាន​កត់​សម្គាល់​ឃើញ​ថា ​តុលាការ ​ដូចជា​មិនទាន់​បាន​បំពេញ​តួនាទី​ឯករាជ្យ​ភាព​របស់ខ្លួន​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្លឹមសារ​ធំ​របស់​យើង​នៅ​ក្នុង​ឆ្នាំ​២០១៤​ហ្នឹង​គឺ​យើង​មាន​ប្រធាន​បទ​ធំ​មួយ។ ​យើង​ដាក់​ថា​ មាន​តុលាការ​ឯករាជ្យ​គឺ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស»។​

ចំណុច​នេះ​បាន​សេចក្តី​ថា​ ជា​ខ្លឹមសារ​របស់យើង​មួយ​ដែល​យើង​ចង់​ទាមទារ​ឲ្យ​មាន​ឯករាជ្យ​ភាព​ពេញលេញ​ នៅ​ក្នុង​វិស័យ​តុលាការ​ គឺ​ក្នុង​គោល​បំណង​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​ជូន​ប្រជា​ពលរដ្ឋ​ទាំង​មូល​នេះ​ឯង​បាទ»។​

លោក​បាន​សង្កត់ធ្ងន់​ថា​ ការ​អនុវត្ត​គោលការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​អាច​ ជា​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​អំពើរ​រំលោភ​សិទ្ធិ​មនុស្ស​ដូចសព្វថ្ងៃ​ ជាពិសេស​រឿង​ ដីធ្លី​និង​ការ​អភិវឌ្ឍ។​

«តាម​ពិត​ទៅ​សកម្មភាព​អភិវឌ្ឍ​ជា​សកម្មភាព​គួរត្រូវ​បាន​អបអរទេ ​និង​ត្រេកអរ​ ទទួល​ស្វាគមន៍​ទេ។ ​តែ​ដល់​ពេល​គេ​ធ្វើ​សកម្មភាព​អភិវឌ្ឍ​ ដោយ​មិន​បាន​គិត​គូរ​ រឿង​មនុស្ស​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​មនុស្ស​ជា​ច្រើន​នៅ​កម្ពុជា​ និយាយ​ឲ្យ​ចំ​គឺ​បញ្ហា​ដីធ្លី​ នេះ។​ ដូច្នេះ​បើ​យើង​គិត​ទៅ​តាម​គោល​ការណ៍​គោរព​សិទ្ធិ​មនុស្ស​ តាម​សេចក្តី​ សុខ​របស់​មនុស្ស​ ជាពិសេស​ ធ្វើ​ទៅ​តាម​ច្បាប់​ឲ្យ​ម៉ឺងម៉ាត់​ ជាពិសេស​ការ​ផ្តល់​ដី​ សម្បទាន​សេដ្ឋ​កិច្ច​ ឬ​សកម្ម​ភាព​ចាប់​យក​ដី​រាល់​ថ្ងៃ​នេះ​ បើ​សិនជា​យើង​ចាត់​ វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ឲ្យស្រួល​បួល​ ខ្ញុំ​គិត​ថា​ បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ការ​ រំលោភ​សិទ្ធិ​មនុស្ស​គឺ​មិន​សូវ​ជា​ធ្ងន់ធ្ងរ​ដូច​បច្ចុប្បន្ន​ទេ»។​

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការ​រំលោភ​បំពាន​ដីធ្លី ​និង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​តាម​បណ្តា​ខេត្តនានា​ក៏គ្រោង​នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ​ដែរ ​ដោយ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចូល​មក​រាជ​ធានី​ភ្នំពេញ។​

លោក​អំ សំអាត ​ប្រធាន​ក្រុម​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ ថ្លែង​ថា៖​

«ការ​ប្រារព្ធទិវា​សិទ្ធិ​មនុស្ស​នេះ​ជា​សារ​មួយ​សំខាន់​សម្រាប់​បង្ហាញ​ទៅ​រដ្ឋាភិបាល។ ​ ទី​១​ យើង​ចង់​ឲ្យ​បញ្ចប់​វប្បធម៌​និទណ្ឌភាព​ ព្រោះ​និទណ្ឌភាព​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ​ទី​២ ​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​កាតព្វ​កិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​រដ្ឋភាគី​នៃ​កតិការ​សញ្ញា​ស្តីអំពី​សិទ្ធិ​ពលរដ្ឋ ​សិទ្ធិ​នយោបាយ​ និង​ជា​រដ្ឋភាគី​នៃ​អ.ស.ប.»។​

លោក​បាន​លើក​ឧទាហរណ៍​ចំៗ​ចំពោះ​ការ​បង្ក្រាប​ក្រុម​បាតុករ​កាលពី​ដើម​ឆ្នាំ​ ដោយ​មាន​មនុស្ស​ស្លាប់​ និង​របួស​ក្នុងរាជ​ធានី​ភ្នំពេញ​ ការ​បាញ់​កម្មករ​នៅ​បាវិត​ដោយ​អភិបាល​ក្រុង​លោក​ឈូក​ បណ្ឌិត​ និង​ករណី​ជាច្រើន​ទៀត​ ដែល​រដ្ឋាភិបាល​ត្រូវ​ត្រួត​ពិនិត្យ​មើល ​កែទម្រង់​ឡើងវិញ​ និង​ជា​ពិសេស​ការ​ធ្វើ​ឲ្យ​ តុលាការ​មាន​ភាព​ឯករាជ្យ។​

លោក​ជាង សុខា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ បាន​ថ្លែង​ថា​ កម្ពុជា​នៅ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ហាក់ដូច​ជាធ្ងន់ធ្ងរ​ឡើង​ ទាំង​ក្នុង ទីក្រុង​ និង​នៅ​ជនបទ​ ដែល​រឿង​រំលោភ​សិទ្ធិ​មនុស្ស​នេះ​បាន​រីក​សាយភាយ​និង​ត្រូវ​គេដឹង​ទាំង​ក្នុង​តំបន់​និង​ពិភព​លោក។​

«សង្ឃឹម​ថា​ រដ្ឋាភិបាល​លោក​នឹង​ពិចារណា​រាល់​ការ​អំពាវនាវ​របស់​អង្គការ​សង្គម​ ស៊ីវិល​ ក៏ដូច​ជា​ជន​រងគ្រោះ​ដោយសារ​ការ​រំលោភ​សិទ្ធិ​នេះ​ ​ព្រោះ​កម្ម​វិធី​១០​ធ្នូ​ ទិវា​សិទ្ធិមនុស្ស​នេះ ​មិនមែន​ចូលរួម​តែ​ពីក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​ទេ​គឺ​មាន​គ្រប់​ទីកន្លែង​ ហើយ​ទាំង​នៅ​បណ្តារ​ខេត្ត​ផង ​ឃើញ​ថា ​មាន​ការ​ប្រារព្ធ។​ អញ្ចឹង​ហើយ​យើង​ឃើញ​ថា ​ប្រជា​ពលរដ្ឋ​មាន​ការ​ខ្វល់ខ្វាយ ​អង្គការ​សង្គម​ស៊ីវិល​ មាន​ការ​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យើង​នេះ»។​

លោក​សង្កត់ធ្ងន់​ថា ​កម្ពុជា​ហាក់​ដូចជា​ស្ថិត​នៅ​ឆ្ងាយ​ផ្នែកការ​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិប​តេយ្យ​ហើយនឹង​តួនាទី​របស់​ប្រជា​ពលរដ្ឋ​ដែល​ប្រទេស​ជា​សមាជិក​ របស់​អ.ស.ប.ត្រូវ​បំពញ​តាម​កាតព្វ​កិច្ច​ខ្លួន​ តាមច្បាប់​អន្តរជាតិ​នោះ៕

XS
SM
MD
LG