ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ជន​ពិការ


លោកស្រី ​Marie-Dominique Parent ​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ​បាន​ថ្លែង​សុន្ទរកថា​ជុំ​វិញ​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​​ពិធី​ទិវា​សិទ្ធិ​មនុស្ស​ខួប​ទី​៦៥​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ កាល​ពី​ថ្ងៃ​អង្គារ​ទី​១០ ធ្នូ​ ២០១៣។ (ម៉ៅ ច័ន្ទដាលី/វីអូអេ)
រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៥​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​គឺ​ចំ​ថ្ងៃ​ដែល​គណបក្ស​ប្រឆាំង ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ធ្វើ​បាតុកម្ម​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ​និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

កម្រង​រូបភាព៖​ ក្បួន​ធម្មយាត្រា​ទាំង៥​ទិស​របស់​សង្គម​ស៊ីវិល​ខាង​មុខ​រដ្ឋសភា
​កម្រង​រូបភាព៖ ទិដ្ឋភាព​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​របស់​សាលា​ក្រុង​ភ្នំពេញ
​កម្រង​រូបភាព៖ ទិដ្ឋភាព​ដង្ហែរ​ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ

ការ​ប្រារព្ធ​របស់​រដ្ឋាភិបាល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កន្លែងពីរ​ផ្សេង​គ្នា​នៅ​ក្នុង​ក្រុង​ភ្នំពេញ​គឺ​នៅ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​ ដែល​រៀបចំ​ឡើង​ដោយ​សាលាក្រុង​ភ្នំពេញ ​និង​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​ជន​ពិការ​លើក​ទី​៣១។​

លោក​ប៉ា សុជាតិវង្ស ​អភិបាល​ក្រុង​ភ្នំពេញ ​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ប្រហែល​២​ពាន់​នាក់​ថា ​រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

«រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ ​សេរី​ពហុបក្ស​ គោរព​សិទ្ធិ​មនុស្ស​ពេញ​លេញ​នៅ​កម្ពុជា។ ​ទន្ទឹម​នឹង​នេះ ​ខ្ញុំ​សូម​អញ្ជើញ​អស់​លោក​លោកស្រី​ដែល​បាន​ចូល​រួម​ក្នុង​ឱកាស​នេះ​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​នានា ​និង​ចូលរួម​មតិ​ឱ្យ​បាន​ផុសផុល​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​នៅ​សេសសល់​ជូន​ប្រជាពលរដ្ឋ​យើង»។​

កម្មវិធី​នេះ​ក៏​មាន​ការ​ចូលរួម​ពី​អង្គការ​ជាតិ​ និង​អន្តរជាតិ​ចំនួន​៤៩​ផង​ដែរ។
លោក​ប៉ា សុជាតិវង្ស​បាន​សរសើរ​ពី​ភាព​ជា​ដៃគូ​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ជួយ​លើក​កម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​នៅ​កម្ពុជា​នា​ពេល​កន្លង​មក។​

បន្ទាប់​មក ​លោកស្រី ​Marie-Dominique Parent ​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ​បាន​ថ្លែង​សុន្ទរកថា​ជុំ​វិញ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​នេះ។​

«បច្ចុប្បន្ន​នេះ​កម្រង​ឯកសារ​ស្តី​ពី​សិទ្ធិ​មនុស្ស​ជា​កម្រង​ឯកសារ​ដ៏​មាន​សារៈ​សំខាន់​មួយ​ដែល​ត្រូវ​បាន​បកប្រែ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ ​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិ​មនុស្ស​បាន​ចែង​យ៉ាង​ច្បាស់​ស្តី​ពី​សិទ្ធិ​របស់​យើង​រាល់​គ្នា​ ​មិន​មែន​ត្រឹម​តែ​ជា​សិទ្ធិ​ដែល​នរណា​ម្នាក់​ផ្តល់​ឱ្យ​យើង​ទេ​ ប៉ុន្តែ​ជា​សិទ្ធិ​ដែល​ជាប់​មក​ពី​កំណើត​របស់​យើង​ក្នុង​ភាព​ថ្លៃ​ថ្នូរ​ជា​មនុស្ស»។

លោក​ចាន់ ចំរើន ​អាយុ​៥១​ឆ្នាំ ​ពលរដ្ឋ​ម្នាក់​មក​ពី​ខណ្ឌ​សែន​សុខ ​បាន​ថ្លែង​ថា​ លោក​មក​ចូលរួម​នេះ​គឺ​ដើម្បី​ជ្រួត​ជ្រាប​កាន់​តែ​ច្បាស់​ពី​សិទ្ធិ​មូលដ្ឋាន​របស់​លោក៖​ «ខ្ញុំ​មក​នេះ ​ព្រោះ​ខ្ញុំ​គិត​ថា ​៦៥​ឆ្នាំ​ហើយ​ដែល​យើង​គោរព​សិទ្ធិ​មនុស្ស។ ​ប៉ុន្តែ​យើង​មិន​ទាន់​ស្គាល់​ថា​ ​សិទ្ធិ​យើង​នេះ​យ៉ាង​ម៉េច។​ ដូច្នេះ​យើង​មក​ពេល​នេះ​ដើម្បី​ឱ្យ​ស្គាល់​ថា ​សិទ្ធិ​យើង​យ៉ាង​ម៉េច?​ គឺ​គោរព​សិទ្ធិ​ទាំង​អស់​គ្នា​ មិន​ប្រកាន់​ពណ៌សម្បូរ​ និន្នាការ​នយោបាយ ​គឺ​គិត​តែ​គោរព​សិទ្ធិ​គ្នា»។​

ក្រៅ​ពី​ការ​រៀបចំ​របស់​រដ្ឋាភិបាល​ គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​ប្រារព្ធ​ទិវា​នេះ​និង​បាន​ធ្វើ​បាតុកម្ម​ជាមួយ​អ្នក​គាំទ្រ​ខ្លួន​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ដែរ។ ​ចំណែក​ឯ​ក្បួន​ធម្មយាត្រា​រយៈ​ពេល​១០​ថ្ងៃ​របស់​សង្គម​ស៊ីវិល​ ដែល​មាន​ព្រះ​សង្ឃ ​និង​ប្រជាពល​រដ្ឋ​សរុប​ប្រមាណ​៨​រយ​នាក់​មក​ពី​បណ្តា​ខេត្ត​នានា​ បាន​យក​បរិវេណ​ខាង​មុខ​វិមាន​រដ្ឋ​សភា​ជា​ទី​តាំង​ឈរ​ជើង​របស់​ខ្លួន។​

លោក​ប៉ា សុជាតិវង្ស​ថ្លែង​ថា​ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក្នុង​រូបភាព​ផ្សេងៗ​គ្នា​របស់​រដ្ឋាភិបាល ​គណបក្ស​ជំទាស់ ​សង្គម​ស៊ីវិល ​និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ ​បង្ហាញ​ពី​ការ​គោរព​សិទ្ធិ​បញ្ចេញ​មតិ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក​មឿន តុលា ​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ​ថ្លែង​ថា ​ការ​ងាក​មក​ចាប់​អារម្មណ៍​លើ​ទិវា​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ជា​រឿង​គួរ​សាទរ។​

«យើង​សាទរ​ដែល​រដ្ឋាភិបាល​ចាប់​ផ្តើម​គោរព​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​នេះ។ ​អញ្ចឹង​មាន​ន័យ​ថា ​គាត់​ងាក​ គាត់​ដូរ​អារម្មណ៍​មក​ហើយ ​ ពី​ពេល​មុន​ថា​ ទិវា​១០​ធ្នូ​គ្មាន​ប្រយោជន៍​ទេ​ ឥឡូវ​គាត់​គិត​ថា ​ទិវា​នេះ​គឺ​មាន​ប្រយោជន៍​គាត់​ សម្រាប់​យើង។​ ដូច្នេះ​ជា​ការ​ល្អ​ដែល​គាត់​ងាក​មក​ប្រារព្ធ​ពិធី​អញ្ចឹង​វិញ។​ ប៉ុន្តែ​ដូច​ខ្ញុំ​បញ្ជាក់​ពី​ខាង​ដើម​អញ្ចឹង​ថា​ ការ​ប្រារព្ធ​ទិវា​១០​ធ្នូ​តែ​មួយ​មុខ​មិន​មែន​ជា​សុចនាករ​បង្ហាញ​ថា​ប្រទេស​ហ្នឹង​គោរព​សិទ្ធិ​មនុស្ស​ទេ»។​

លោក​មឿន តុលា​យល់​ថា ​មាន​មូលហេតុ​ធំ​ពីរ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ងាក​មក​យក​ចិត្ត​ទុក​ដាក់​លើ​ទិវា​១០​ធ្នូ​នេះ​គឺ​ដោយ​សារ​ការ​ធ្លាក់​ចុះ​សំឡេង​គាំទ្រ​របស់​ខ្លួន​ និង​ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ឡើង​វិញ​ ទៅ​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG