សិស្សទាំងអស់កំពុងទស្សនាការផ្សព្វផ្សាយឃោសនាបោះឆ្នោត ក្នុងថ្នាក់ពលរដ្ឋវិជ្ជារបស់លោក Javaughn Perkins។ សិស្សថ្នាក់ទី៨ កំពុងរៀនពីរបៀបកំណត់វិធីសាស្ត្របញ្ចុះបញ្ចូលរបស់អ្នកផ្សាយពាណិជ្ជកម្ម។
លោក Perkins និយាយថា អាយុ ១២ ឬ ១៣ឆ្នាំ គឺជាវ័យល្អមួយសម្រាប់រៀនពីរដ្ឋាភិបាល។ ប៉ុន្តែការបោះឆ្នោតក្នុងឆ្នាំនេះ ធ្វើឲ្យគ្រូមានការលំបាក។
លោក Perkins គ្រូពលរដ្ឋវិជ្ជាប្រចាំអនុវិទ្យាល័យ George Washington បាននិយាយថា៖ «ពីមុន យើងគ្រាន់តែចូលក្នុងគេហទំព័ររបស់ Washinton Post ឬ CNN ឬគេហទំព័រផ្សេងទៀត ហើយខ្ញុំអាចសន្ទនាជាមួយសិស្សបាន»។
លោកបន្ថែមថា ប៉ុន្តែឆ្នាំនេះអត្ថបទទំព័រមុខរបស់សារព័ត៌មានទាំងនេះ ប្រហែលមិនសមរម្យឡើយសម្រាប់សិស្សថ្នាក់ទី៨។ ដូចជាការបែកធ្លាយវីដេអូរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump និយាយបៀតបៀនកេរ្តិ៍ខ្មាសស្ត្រីជាដើម។
លោក Perkins បញ្ជាក់ថា៖ «យើងមិនពិភាក្សាពីរឿងនេះទេ»។ ឬនៅពេលលោក Trump ឌឺអ្នកកាសែតជនពិការ។
លោកបន្តថា៖ «នៅពេលរឿងនេះផ្ទុះឡើង ខ្ញុំចង់យករឿងនេះ មកពិភាក្សាជាមួយសិស្ស ប៉ុន្តែខ្ញុំសម្រេចចិត្តមិនធ្វើវិញ»។
លោកថា សម្ដីនេះអាចបង្កការរំខានដល់ការបង្រៀនពលរដ្ឋវិជ្ជា។ លើសពីនេះ វាមិនជួយដល់កិច្ចប្រឹងប្រែងប្រឆាំងការសម្លុតគំរាមក្នុងសាលា។
ប៉ុន្តែរឿងនេះបែរជាលេចឡើងក្នុងការផ្សព្វផ្សាយវាយប្រហារពី លោកស្រី Clinton។
ដូច្នេះលោកសួរទៅកាន់ថ្នាក់រៀនពីការផ្លាស់ប្ដូររបៀបឃោសនា ចាប់តាំងពីការបោះឆ្នោតមុនៗ។
សិស្សប្រុសម្នាក់បាននិយាយថា៖ «បេក្ខជនមុនៗប្រើសម្ដីផ្លូវការ និងមានរចនាសម្ព័ន្ធល្អជាង។ ពួកគេផ្ដោតលើប្រធានបទ ដែលពាក់ព័ន្ធនឹងពេលនោះ ដូចជាបញ្ហាសង្គ្រាមជាដើម។ តែឥឡូវពួកគេ ចំាតែចង្អុលដាក់គ្នា ដូចកូនក្មេង! ពិតជាគួរឲ្យអស់សំណើច និងខ្មាសគេបំផុតសម្រាប់អាមេរិក»។
លោក Perkins និយាយថាយុទ្ធនាការដែលខ្វះខ្លឹមសារនេះ ក៏ធ្វើឲ្យលោកពិបាកបង្រៀនផងដែរ។ លោកថា៖ «ខ្ញុំមានជម្រើសតិចទៅៗ ទាក់ទងនឹងបញ្ហាផ្សេងៗ ឬសូម្បីតែអំពីបេក្ខជន»។
សិស្សក៏សម្គាល់បែបនេះដែរ។ សិស្សស្រីម្នាក់បានឲ្យដឹងថា៖ «ហេតុផលដែលខ្ញុំមិនយល់ពីគោលនយោបាយពន្ធដារ ដោយសារអ្វីដែលពួកគេនិយាយគ្រប់ពេលគឺ អូ អ៊ីមែលរបស់អ្នកស្រី Clinton ឬ លោក Trump អញ្ចេះ អញ្ចុះ...។ ពួកគេមិនបាននិយាយអ្វីទាំងអស់ ព្រោះរវល់តែឈ្លោះគ្នាក្នុងពេលជជែកដេញដោល»។
សិស្សទាំងនេះមិនអាចបោះឆ្នោតជ្រើសរើសប្រធានាធិបតីឡើយ រហូតដល់ឆ្នាំ ២០២៤។ ការណ៍នេះផ្ដល់ឱកាសជាក់ស្តែងឲ្យគ្រូៗម្ដងទៀត ដើម្បីបង្រៀនពួកគេពីលទ្ធិប្រជាធិបតេយ្យ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា