ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី៨ វិច្ឆិកាសប្តាហ៍ក្រោយនេះ។
ដូចប្រជាជននៅលើពិភពលោកដែរ ប្រជាពលរដ្ឋមួយចំនួនរួមទាំងយុវជនក្នុងប្រទេសកម្ពុជា បង្ហាញការចាប់អារម្មណ៍ទៅលើការបោះឆ្នោតរបស់ប្រទេសមហាអំណាចមួយនេះ ដោយពួកគេយល់ថា ការបោះឆ្នោតនេះជាគំរូមួយដល់ប្រទេសនានាដែលកាន់លទ្ធិប្រជាធិបតេយ្យ។
ម្យ៉ាងទៀត ពួកគេយល់ថា លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកមានឥទ្ធិពលដល់នយោបាយនៃប្រទេសជាច្រើនក្នុងសាកលលោក ក៏ដូចជានយោបាយក្នុងតំបន់។
ក្នុងការបោះឆ្នោតប្រកួតប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងអាណត្តិទី៤៥នេះ មានបេក្ខជនដែលមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hilary Clinton។ លោកស្រីធ្លាប់ជារដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក។
ចំណែកឯបេក្ខជនដែលមកពីគណបក្សសាធារណរដ្ឋ គឺលោក Donald Trump គឺជាមហាសេដ្ឋីអចលនទ្រព្យមួយរូបដែលបណ្ដាញព័ត៌មានសហរដ្ឋអាមេរិកចាប់អារម្មណ៍។
ផេង ស្រីនាង វ័យ២៤ឆ្នាំ ជាប្រធានគម្រោងនៃអង្គការសេវាសង្គមអ៊ីវ៉ា ប្រាប់ VOA ថា ទោះបីជាកញ្ញាពុំសូវតាមដានព័ត៌មានអំពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកជាប្រចាំក៏ដោយ ក៏កញ្ញាយល់ថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិកបង្ហាញពីគំរូនយោបាយទៅកាន់ប្រទេសដទៃទៀត។
«បោះឆ្នោតនៅអាមេរិកមិនមានជាការលេងសើចទេ។ អាមេរិកជាប្រទេសមហាអំណាចដែលគេទទួលស្គាល់ទូទាំងពិភពលោក។ ការបោះឆ្នោតនៅអាមេរិកគឺជាគំរូមួយសម្រាប់ប្រទេសដទៃនឹងយកគំរូតាម ប្រសិនបើការបោះឆ្នោតហ្នឹងទទួលបានលទ្ធផលល្អនៅថ្ងៃខាងមុខផ្ដល់ការដឹកនាំដ៏ល្អក្រោយការបោះឆ្នោត នោះថ្ងៃក្រោយប្រទេសដទៃទៀតនឹងយកតាម។ ដូចថាការបង្ហាញគោលនយោបាយតាមលក្ខណៈការដេញដោល»។
លោក ជឹម វិទូ វ័យ២៣ឆ្នាំ គឺជានិស្សិតឆ្នាំទី៤ជំនាញគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ខណៈអង្គុយជជែកពិភាក្សាការងារជាមួយមិត្តរបស់លោកក្នុងហាងកាហ្វេបែបលោកខាងលិចមួយក្នុងទីក្រុងភ្នំពេញ លោកប្រាប់ VOA ថា កម្ពុជាគួរស្វែងយល់អំពីលទ្ធិប្រជាធិបតេយ្យតាមរយៈការសិក្សាពីការបោះឆ្នោតរបស់ប្រទេសលទ្ធិប្រជាធិបតេយ្យ។
«ចំពោះប្រជាជនទូទៅ ការតាមដានព័ត៌មានអន្តរជាតិដូចជាពីប្រទេសអាមេរិកហ្នឹង អាចផ្ដល់ជាចំណេះដឹងដល់ប្រជាជនខ្មែរយើង ដែលប្រទេសយើងក៏កាន់លទ្ធិប្រជាធិបតេយ្យដូចគ្នា។ អញ្ចឹងបើស្រុកគេ គេបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស ខ្មែរយើងក៏មានការបោះឆ្នោតដែរ។ អញ្ចឹងអាចឲ្យប្រជាជនយើងស្វែងយល់ពីគ្នាទៅវិញទៅមក។ បេក្ខជនប្រធានាធិបតីដេញដោលគ្នាហ្នឹង ជាការបង្ហាញឲ្យប្រជាជនគេដឹងបានថា បេក្ខភាពមួយណាល្អ មួយណាគួរឬមិនគួរដឹកនាំប្រទេស»។
លោក ឈាង រតនា និស្សិតជំនាញសហគ្រិននៃសាកលវិទ្យាល័យជាតិគ្រប់គ្រងដូចគ្នា បង្ហាញគោលជំហរផ្ទាល់ខ្លួនថា លោកចង់ឃើញលោក Donald Trump ឈ្នះការបោះឆ្នោតនេះ។
«ខុសពី Clinton បើ Trump អាចធ្វើអ្នកធំ (ប្រធានាធិបតី)បាន គាត់ជាមនុស្សដែលចូលចិត្តខាងផ្នែករកស៊ី។ ថ្វីត្បិតតែគាត់ឈ្លោះគ្នាត្រូវបានគេថាឲ្យគាត់ថាមានស្រីមានអី គាត់ជាមនុស្សមួយដែលគិតគូរពីប្រទេស គិតគូររឿងរកស៊ី។ ខ្ញុំគិតថាបើគាត់ជាប់ឆ្នោតល្អ។ Clinton អត់មានអត្តចរិតលក្ខណៈរកស៊ីទេ»។
រីឯ លោក សាន់ សេង វ័យ២២ឆ្នាំ ជាអតីតនិស្សិតជំនាញសេដ្ឋកិច្ចនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ ប្រាប់ VOA ថា អាណត្តិនេះជាអាណត្តិពិសេសមួយដែលលោកចាប់អារម្មណ៍តាមដានលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក។
លោកពន្យល់ថា អាណត្តិនេះពិសេសត្រង់ថា ប្រវត្តិរូបរបស់បេក្ខជនប្រធានាធិបតីអាមេរិកទាំងពីរ មានលក្ខណៈប្លែកពីបេក្ខជនប្រធានាធិបតីអាណត្តិមុនៗ។
«ដោយសារពីមុនៗមក វាកម្រមាន អ្នក Business (ពាណិជ្ជករ) ឡើងធ្វើជាប្រធានាធិបតី។ ដោយសារ Trump ហ្នឹងជាមហាសេដ្ឋី គាត់មានប្រវត្តិខាងពាណិជ្ជកម្ម។ ពីមុនៗ កន្លងមកសម្បូរតែអ្នកដឹកនាំមានប្រវត្តិជាអ្នកសេដ្ឋកិច្ច ឬអ្នកច្បាប់។ ណាមួយទៀត លើកហ្នឹងវារវាងស្ត្រី និងបុរស។ អញ្ចឹងយើងចង់ដឹងថា ពេលស្ត្រីឡើងកាន់តំណែង ភាពដឹកនាំស្រ្តីវាយ៉ាងម៉េចខ្លះ។ អញ្ចឹងបានជាយើងចាប់អារម្មណ៍ជាងមុនៗ»។
លោក សាន់ សេង ចាប់អារម្មណ៍លើការដឹកនាំរបស់ លោក Donald Trump ព្រោះលោកធ្លាប់អានប្រវត្តិរបស់លោក Trump តាមរយៈសៀវភៅមួយក្បាល និពន្ធដោយលោក Robert Kiyosaki ដែលរៀបរាប់អំពីសិល្បៈដឹកនាំផ្នែកពាណិជ្ជកម្មរបស់លោកDonald Trump។
«ដោយសារធ្លាប់ស្គាល់គាត់តាមរយៈសៀវភៅរៀបរាប់ពីចំណេះដឹងមួយចំនួនដែលគាត់ (លោក Robert Kiyosaki) បានរៀនពី Donald Trump។ ពីពេលនោះមក ខ្ញុំស្គាល់ថា Donald Trump ជាអ្នកណា ហើយភ្ញាក់ផ្អើលពេលដែលដឹងថា លោក Trump មានបេក្ខភាពជាប្រធានាធិបតី»។
លោក សាន់ សេង ចង់ឃើញការដឹកនាំរបស់អ្នកដែលមានបទពិសោធន៍ផ្នែកពាណិជ្ជកម្មគឺលោក Donald Trump។
រីឯ លោក សុខ ប៊ុនថន អតីតសាស្ត្រាចារ្យជំនាញសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមដានការបោះឆ្នោតរបស់សហរដ្ឋអាមេរិកតាំងពីការចាប់ផ្ដើមនូវការសួរដេញដោលកន្លងមករវាងបេក្ខជនប្រធានាធិបតី។
លោកបន្តថា ការដេញដោលកន្លងមកគ្រាន់តែជាការបង្ហាញពីមតិបុគ្គលរបស់បេក្ខជនប្រធានាធិបតីទាំងពីររូបប៉ុណ្ណោះ ក៏ប៉ុន្តែគោលនយោបាយដឹកនាំប្រទេសនៅតែសម្រេចរួមដោយក្រុមមនុស្សដែលនៅក្នុងសភា។
លោកបន្ថែមថា ទោះយ៉ាងនេះក្តី លទ្ធផលនៃការបោះឆ្នោតនឹងជះឥទ្ធិពលដល់នយោបាយក្នុងតំបន់ និងក្នុងសាកលលោក ដោយលោកលើកឧទាហរណ៍អំពីបញ្ហាគោលជំហររបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លើដែនជម្លោះសមុទ្រចិនខាងត្បូងជាដើម។
«ឧទាហរណ៍ថា បើថ្ងៃទី៨ វិច្ឆិកាហ្នឹង Donald Trump ជាប់ឆ្នោតនោះ គោលនយោបាយ South China Sea, Pivot to Asia ដែលបង្កើតដោយ Hillary Clinton ហើយអនុវត្តក្នុងអាណត្តិ Obama នោះ ត្រូវបានកាត់បន្ថយ។ កម្ពុជានឹងលែងសូវមានសម្ពាធហើយ ទោះបីជាយើងគាំទ្រចិន អាមេរិកក៏លែងខ្វល់ សម្ព័ន្ធមិត្តអាមេរិកក៏លែងខ្វល់»។
ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាដែលចង់ឃើញកម្ពុជាដើរទៅរកលទ្ធិប្រជាធិបតេយ្យ លោក ប៊ុនថន រំពឹងថាលោកស្រី Clinton នឹងអាចឈ្នះការប្រកួតយកតំណែងប្រធានាធិបតីរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះ។
«ក្នុង Bipolar System (ប្រព័ន្ធមហាអំណាច២) រវាងអាមេរិក និងចិន បើយើងងាករកចិនពេក វាមិនល្អទេ។ វាមិនល្អសម្រាប់ប្រទេសកំពុងដើរទៅរកប្រជាធិបតេយ្យដូចកម្ពុជាអញ្ចឹង។ បើ Hillary Clinton ឡើងមក (កាន់អំណាច) នោះ ខ្ញុំថាអាចល្អជាង។ ខ្ញុំមិនគាំទ្រខាងណាទេ តែខ្ញុំគាំទ្រការអនុវត្តបែបលទ្ធិប្រជាធិបតេយ្យ»។
ថ្មីៗនេះ ឆ្លៀតឱកាសក្នុងការថ្លែងបាឋកថាមួយ នៅឯបណ្ឌិតសភានគរបាលកម្ពុជា នាយករដ្ឋមន្ត្រីដែលកាន់អំណាចជាងបីទសវត្សរ៍នៅកម្ពុជា លោក ហ៊ុន សែន ថ្លែងថា រូបលោកចង់ឲ្យលោក Donald Trump ទទួលជ័យជម្នះលើការបោះឆ្នោតខាងមុខ។
លោកលើកឡើងថា បើលោក Trump ឈ្នះ ពិភពលោកអាចនឹងមានការប្រែប្រួល ហើយអាចមានសភាពការណ៍ល្អ ព្រោះលោក Trump ជាអ្នករកស៊ី និងមិនចង់ឲ្យមានសង្គ្រាម៕