ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​៤​ទំនង​ជាទោរទន់​ទៅ​រក​គណបក្ស​ប្រជាធិបតេយ្យ


ពលរដ្ឋ​អាមេរិកាំង​ទៅ​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតីមក​ដល់ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការ​ស្ទង់​មតិ​របស់​មជ្ឈមណ្ឌល​អាមេរិកាំង​មួយ​ឈ្មោះ Center for American Progress សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​២៦ភាគរយ​ទោរទន់​ទៅរក​គណបក្ស​ប្រជាធិបតេយ្យ ហើយ​៥ភាគរយ​ប៉ុណ្ណោះ​ដែល​ទោរទន់​ទៅ​រក​គណបក្ស​សាធារណរដ្ឋ។ រីឯ​៦៨ភាគរយ​ផ្សេង​ទៀត​មិន​ទោរទន់​ទៅ​រក​គណបក្ស​ណា​មួយ​ឡើយ។

សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​នេះ ពលរដ្ឋ​អាមេរិកាំង​នឹង​ជ្រើសរើស​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​ពីរ​នាក់​គឺ លោកស្រី Hillary Clinton នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Donald Trump នៃ​គណបក្ស​សាធារណរដ្ឋ។

បើ​តាម​ការ​បញ្ជាក់​ពី​សកម្មជន​ដឹកនាំ​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​ចំនួន​បួន រួម​មាន ​រដ្ឋ​ Minnesota ​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) ​រដ្ឋ​ Connecticut និង​រដ្ឋ​អ៊ីល្លីណយ (Illinois) ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ភាគ​ធំ​ទំនង​ជា​ទោរទន់​ទៅ​រក​គណបក្ស​ប្រជាធិបតេយ្យ សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​នេះ។

លោក សេក កុសល នាយក​ប្រតិបត្តិ​នៃ​អង្គការ​សភា​ខ្មែរ​អន្តរជាតិ ឬ​ហៅកាត់​ថា IKARE បាន​ប្រាប់ VOA ថា ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​ Minnesota ប្រមាណ​២០០០នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​សរុប​១ម៉ឺននាក់​បាន​ចុះឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នេះ។ តួលេខ​បែប​សន្និដ្ឋាន​នេះ​គឺ​ខ្ពស់​ជាង​តួលេខ​នៃ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​នៅ​អាណត្តិ​មុន។

ទាក់ទង​នឹង​ការ​គាំទ្រ​ទៅ​លើ​បេក្ខជន​ណា​មួយ​នោះ លោក​ សេក កុសល បាន​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ Minnesota ភាគច្រើន​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ។

«‍រដ្ឋ​ Minnesota យើង​ពិសេស​គឺ​រដ្ឋ​ដែល​[គាំទ្រ]​គណបក្ស​ប្រជាធិបតេយ្យ។ ក៏​ប៉ុន្តែ យើង​ចេះ​តែ​ផ្តល់​កម្លាំង​ចិត្ត​ដល់​បងប្អូន​យើង ឲ្យ​គាត់​វិនិច្ឆ័យ​ទាំង​សង​ខាង។ ទាំង​គណបក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ វា​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​សង​ខាង»។

លោក កុសល ក៏​បាន​កត់​សម្គាល់​ថា ការ​ចូលរួម​ទៅ​បោះឆ្នោត​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​នេះ​មាន​សារៈ​សំខាន់ ក្នុង​ការ​ពង្រឹង​សំឡេង​របស់​សហគមន៍ និង​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សហគមន៍។

លោក​បាន​បញ្ជាក់​ថា៖

«‍ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ខ្មែរ​យើង​ឲ្យ​គាត់​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បោះឆ្នោត​អាណត្តិ​នេះ​បន្តិច ព្រោះ​យើង​ឥឡូវ​យើង​មាន​បញ្ហា​ជុំវិញ​សង្គម​យើង​ច្រើន ដែល​ត្រូវ​ឲ្យ​យើង​មាន​សំឡេង ឲ្យ​យើង​លើក​សំឡេង​បងប្អូន​ខ្មែរ​យើង ដើម្បី​អាច​មាន​មនោគមវិជ្ជា​លើ​អ្នក​ធ្វើ​ច្បាប់។ នៅពេល​យើង​មាន​បញ្ហា​អី​ជាមួយ​រដ្ឋ យើង​ស្រួល​ដោះស្រាយ បើ​សិន​ជា​យើង​មាន​សំឡេង​ជា​ប្រជាពលរដ្ឋ»។

ចាប់​តាំងពី​ទសវត្សរ៍​១៩៨០មក នៅ​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក​យល់​ព្រម​ទទួល​យក​ក្រុម​ជន​ភៀស​ខ្លួន​ខ្មែរ​លើកទី​១​មក​សហរដ្ឋ​អាមេរិក ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ​នេះ​មាន​ចំនួន​ប្រមាណ​៣០​ម៉ឺននាក់ បើ​គិត​មក​ត្រឹម​ឆ្នាំ​២០១០។

ដូចគ្នា​ដែរ នៅ​រដ្ឋ Connecticut ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ភាគ​ច្រើន​ទំនង​ជា​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ដោយ​សារ​គោលនយោបាយ​ស្តី​ពី​ជន​អន្តោប្រវេសន៍​របស់​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​អាច​បង្ក​បញ្ហា​ដល់​សហគមន៍​ខ្មែរ។ នេះ​បើ​យោង​តាម​ការ​អង្កេត​របស់​លោកស្រី គួច ធានវី នាយក​ប្រតិបត្តិ​អង្គការ​គាំពារ​សុខភាព​សហគមន៍​ខ្មែរ​ប្រចាំ​រដ្ឋ Connecticut ដែល​ផ្តល់​សេវាកម្ម​សុខភាព​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​នេះ។

លោកស្រី​ឲ្យ​ដឹងថា៖

«‍[បេក្ខជន] candidate មកពី [គណបក្ស​សាធារណរដ្ឋ] Republican អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ជន​ភៀស​ខ្លួន ហើយ​និង​ជនជាតិ​ដទៃ​ទៀត​មក​ពី​ប្រទេស​ក្រៅ។ ដូច្នេះ​មីង​ជម្រាប​ខ្មែរ​យើង​ឲ្យ​ដឹង​ច្បាស់​ថា សំខាន់​ណាស់​ដែរ​គាត់​ទៅ​បោះឆ្នោត។ បើ​មិន​អញ្ចឹង​ទេ កាលណា​គាត់​មិន​មាន​សំឡេង​ទេ កាលណា​គាត់​មាន​ការណ៍​អី គឺ​គាត់​ត្រូវ​មាន​ការ​ពិបាក​រក​គេ​ឲ្យ​ជួយ ព្រោះ​គេ​មិន​ស្តាប់​យើង​ទេ»។

លោក​ស្រី​ក៏​បាន​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​នៅ​ទីនេះ​ប្រឈម​នឹង​បញ្ហា​ជីវភាព​រស់នៅ។ អាស្រ័យ​ហេតុ​នេះ ចំនួន​ពលរដ្ឋ​ខ្មែរ​នៅ​ទីនេះ​ដែល​នឹង​ទៅ​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ​នេះ​អាច​មាន​តិចតួច។ បន្ថែម​លើ​នេះ ពលរដ្ឋ​នៅ​ទី​នេះ ដែល​មួយ​ភាគធំ​ជា​មនុស្ស​វ័យ​ចំណាស់ ត្រូវការ​ជំនួយ​ច្រើន​ក្នុងការ​បោះឆ្នោត។

លោកស្រី​ឲ្យ​ដឹង​ថា៖

«‍ភាគច្រើន​ពឹង​ផ្អែក​លើ​កូន​ឲ្យ​ជួយ ពីព្រោះ​កាលណា​អ្នក​ស្រុក​ខ្មែរ​មាន​យាន្ត​ជំនិះ​ ខ្មែរ​យើង​ជួយ​គ្នា ដឹក​គាត់​យក​ទៅ ដូច​ថា ទៅ​បោះឆ្នោត ហើយ​ជួយ​ជម្រាប​គាត់​ឲ្យ​ធ្វើ​បែប​នេះ»។

សព្វថ្ងៃ​នេះ ពលរដ្ឋ​ខ្មែរ​រស់​នៅ​រដ្ឋ Connecticut មាន​ចំនួន​សរុប​ប្រមាណ​៤០០០នាក់។

រីឯ​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​សរុប​ជាង​៣ម៉ឺន​នាក់ គេ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​ច្រើន​នាក់​បាន​ចុះឈ្មោះ​បោះឆ្នោត ហើយ​មួយ​ចំនួន​ក៏​បាន​បោះឆ្នោត​មុន​រួច​ហើយ។ នេះគឺដោយសារតែស្ថាប័ន​ជា​ច្រើន​នៅ​ទីក្រុង​ឡូវែល​នេះ​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ដើម្បី​អប់រំ​ពលរដ្ឋ​អំពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត។

លោក​ លាង ស៊ីដនី ប្រធាន​គម្រោង​សិទ្ធិ​ពលរដ្ឋ​ប្រចាំ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍​ឡូវែល បាន​ឲ្យ​ដឹង​ថា៖

«‍ដូច្នេះ​ឃើញ​ថា ចំណាប់​អារម្មណ៍​បងប្អូន​ខ្មែរ​យើង​ក្នុង​ការ​ចូលរួម​បោះឆ្នោត​គឺ​កើន​ឡើង​គួរ​សម​ផង​ដែរ ហើយ​ក៏​បាន​ឆ្លៀត​ឱកាស​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ចំ​ថ្ងៃទី៨​នេះ​ទៀត​ផង»។

បន្ថែម​លើ​នេះ ភាគច្រើន​ពលរដ្ឋ​ខ្មែរ​វ័យ​ចាស់ៗ​នៅ​រដ្ឋ​នេះ​ទៅ​បោះឆ្នោត​ច្រើន ហើយ​ភាគច្រើន​គាំទ្រ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក លាង ស៊ីដនី។

លោក​បាន​ឲ្យ​ដឹង​ថា៖

«‍តាម​យើង​មក​ដឹង​ទៅ យើង​ឃើញ​ថា មនុស្ស​ចាស់​គាត់​ទៅ​បោះឆ្នោត​ច្រើន។ ហើយ​ការ​ទោរទន់​របស់​គាត់ ភាគច្រើន​គាត់​អាច​ទោរទន់​ទៅ​ខាង​អ្នកស្រី Hillary។ ហើយ​ខាង​យុវជន​មាន​ចំនួន​ច្រើន​គួរសម​ដែរ ដែល​ចាប់​អារម្មណ៍​ចូលរួម​ក្នុង​ការ​បោះឆ្នោត»។

ទីក្រុង​ឡូវែល​នេះ​គឺជា​ទីក្រុង​ទី២ ដែល​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ច្រើន​បង្អស់​បន្ទាប់​ពី​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា។

ដោយ​ឡែក នៅ​ទូទាំង​រដ្ឋ​អ៊ីល្លីណយ​នេះ មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រមាណ​៥០០០នាក់​កំពុង​រស់នៅ​ទីនេះ។ លោក លឿង សុភ័ណ្ឌ ប្រធាន​សមាគម​ខ្មែរ​រដ្ឋអ៊ីល្លីណយ ​បាន​កត់​សម្គាល់​ឃើញ​ថា ​គណបក្ស​មិន​សំខាន់​ណាស់ណា​ទេ តែ​ការ​អនុវត្ត​គោលនយោបាយ​ដែល​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គឺជា​កត្តា​ទាក់ទាញ​សំឡេង​ឆ្នោត​ពី​សហគមន៍​ខ្មែរ​នៅ​ទីនេះ។

លោកលឿង សុភ័ណ្ឌ ​ថា៖

«‍នៅ​អ៊ីល្លីណយ​នេះ គេ​យក​ចិត្ត​ទុក​ដាក់​ពី​រឿង​សិទ្ធិ​មនុស្ស សេរីភាព​របស់​ប្រជាជន​ដូចជា​នៅ Chicago ក៏​ដូច​ជា​នៅ​ស្រុក​ខ្មែរ​ដែរ។ ដូច្នេះ យើង​មិន​គិត​ពី​បក្ស​ណា​ទេ តែ​មនុស្ស​លោក​ត្រូវការ​សេរីភាព»។

លោក​បាន​បន្ថែម​ថា ៨០ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​ខ្មែរ​សរុប​នៅ​រដ្ឋ​នេះ​បាន​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​នេះ ដើម្បី​បន្ត​ពង្រឹង​ទំនាក់​ទំនង​ល្អ​រវាង​សហគមន៍​ខ្មែរ និង​មេដឹកនាំ​ថ្នាក់​រដ្ឋ។

«‍តំណាងរាស្ត្រ​នៅ Chicago រដ្ឋ​អ៊ីល្លីណយ​នេះ​មាន​ច្រើន ហើយ​ខ្ញុំ​បាន​ស្គាល់​ជា​ច្រើន​ដែរ។ យើង​មាន​ទំនាក់ទំនង​ជា​ច្រើន​ជាមួយ​គ្នា ដូច្នេះ​គេ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​យើង ហើយ​គេ​ក៏​ជួយ​ឲ្យ​យើង និង​បំភ្លឺ​ឲ្យ​យើង​យល់​ថែម​ទៀត​ពី​ផល​ប្រយោជន៍​នៃ​ការ​បោះឆ្នោត​នេះ​ដែរ​បាទ»។

ការ​ស្ទង់​មតិ​របស់​មជ្ឈមណ្ឌល​អាមេរិកាំង​មួយ​ឈ្មោះ Center for American Progress សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​២៦ភាគរយ​ទោរទន់​ទៅរក​គណបក្ស​ប្រជាធិបតេយ្យ ហើយ​៥ភាគរយ​ប៉ុណ្ណោះ​ដែល​ទោរទន់​ទៅ​រក​គណបក្ស​សាធារណរដ្ឋ។ រីឯ​៦៨ភាគរយ​ផ្សេង​ទៀត​មិន​ទោរទន់​ទៅ​រក​គណបក្ស​ណា​មួយ​ឡើយ។

ទោះជា​យ៉ាង​ណា​ក្តី មេដឹកនាំ​សហគមន៍​នៅ​រដ្ឋ​ទាំង​បួន​ខាង​លើ​នេះ ទទួល​ស្គាល់​ថា ការ​ចូលរួម​បោះឆ្នោត​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មាន​សារៈសំខាន់​ដល់​ប្រយោជន៍​សហគមន៍ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ក្នុង​សហគមន៍​របស់​គេ​រៀងៗ​ខ្លួន​ពី​ថ្នាក់​ដឹកនាំ៕

XS
SM
MD
LG