លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ដែលបានឈ្នះការបោះឆ្នោតពីរអាណត្តិ មួយផ្នែកគឺដោយសារ ការចេញទៅបោះឆ្នោតរបស់ពលរដ្ឋអាមេរិកាំងស្បែកខ្មៅនោះ កំពុងមានការព្រួយបារម្ភថា ការគាំទ្រលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺមិនរឹងមាំនោះទេ។
ពលរដ្ឋអាមេរិកាំងស្បែកខ្មៅ ដែលចេញមកបោះឆ្នោតមុនថ្ងៃកំណត់នៃការបោះឆ្នោតចូលមកដល់មានចំនួនធ្លាក់ចុះ បើប្រៀបជាមួយនឹងកាលពីការបោះឆ្នោត៤ឆ្នាំមុន។ ករណីនេះធ្វើឲ្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton មានការព្រួយបារម្ភ ដោយហេតុថា ការស្ទង់មតិបន្តបង្ហាញពីការកើនឡើងការគាំទ្រចំពោះលោក Donald Trump នៅក្នុងរដ្ឋទាំងឡាយណាដែលអ្នកគាំទ្រនៃគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋកន្លងមកមានចំនួនប្រហាក់ប្រហែលគ្នា ដូចជារដ្ឋ North Carolina ជាដើម ដែលនៅក្នុងរដ្ឋនេះ លោកអូបាម៉ាបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឲ្យលោកស្រី Clinton កាលពីថ្ងៃពុធម្សិលមិញ។
លោក អូបាម៉ា បាននិយាយថា លោកកត់សម្គាល់ឃើញថា មានការខ្វះការគាំទ្រចំពោះលោកស្រី Clinton ពីសំណាក់ពលរដ្ឋអាមេរិកាំងស្បែកខ្មៅ។
លោក អូបាម៉ា បញ្ជាក់ថា ពលរដ្ឋអាមេរិកាំងស្បែកខ្មៅដែលចេញទៅបោះឆ្នោតមុនថ្ងៃបោះឆ្នោតចូលមកដល់ មានការធ្លាក់ចុះ។
នៅក្នុងរដ្ឋ North Carolina បើគិតត្រឹមរយៈពេលដូចគ្នា គេសង្កេតឃើញថា ពលរដ្ឋអាមេរិកាំងស្បែកខ្មៅចេញមកបោះឆ្នោតមុនថ្ងៃបោះឆ្នោតចូលមកដល់នៅក្នុងឆ្នាំនេះមានចំនួនតិចជាងចំនួនពលរដ្ឋអាមេរិកាំងស្បែកខ្មៅដែលចេញមកបោះឆ្នោតមុនថ្ងៃបោះឆ្នោតចូលមកដល់កាលពីឆ្នាំ២០១២ ចំនួន ១សែន១ម៉ឺន១ពាន់នាក់ ដែលនេះបង្ហាញថា មានការធ្លាក់ចុះចំនួន ១៦ ភាគរយ៕