ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​បោះឆ្នោត​ឲ្យ​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​តាម​លក្ខណៈ​សម្បត្តិ


រូបឯកសារ៖ អ្នក​បោះឆ្នោត​កំពុង​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​នៅ​រដ្ឋ New Hampshire កាលពី​ថ្ងៃទី១០ ខែ​មករា ឆ្នាំ២០១២។
រូបឯកសារ៖ អ្នក​បោះឆ្នោត​កំពុង​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​នៅ​រដ្ឋ New Hampshire កាលពី​ថ្ងៃទី១០ ខែ​មករា ឆ្នាំ២០១២។

ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ គេ​រំពឹង​ថា នឹង​មាន​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ក្នុង​ចំណោម​ជាង​៣០​ម៉ឺននាក់​ នឹង​ចេញ​ទៅ​បោះឆ្នោត ​ឬ​បាន​បោះឆ្នោត​តាមរយៈ​សំបុត្រ​ប្រៃសណីយ៍ ឬ​ការ​បោះឆ្នោត​មុន​កាល​កំណត់​ជា​ផ្លូវការ។

ក្រុម​អ្នក​បោះឆ្នោត​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​អាស៊ី​រាប់ លាន​នាក់​ នៅ​តាម​រដ្ឋ​នានា​ក្នុង​ប្រទេស​អាមេរិក​ បាន​ត្រៀមខ្លួន​បោះឆ្នោត​ និង​បាន​បោះឆ្នោត​រួចជា​ស្រេច​ ដើម្បី​ផ្ញើ​វាសនា​ទៅ​លើ​បេក្ខជន​មួយ​ក្នុង​ចំណោម​បេក្ខជន ប្រធានាធិបតី​ស.រ.អា​ទាំង​ពីរ​រូប​មក​ពី​គណបក្ស​ផ្សេង​គ្នា។

ក្នុង​ចំណោម​បេក្ខជន​ទាំង​ពីរ​គឺលោក​ស្រី ​ហ៊ីល្លីរី គ្លីនតុន (Hillary Clinton) មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ និង​ជា​អតីត​លោក​ស្រី​ទី១​ នៅ​ពេល​ស្វាមី​លោក​ស្រី គឺ​លោក​ Bill Clinton ​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​ស.រ.អា។​ រីឯ​លោក​ ដូណាល់ ត្រាំ (Donald Trump) ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ ដែល​លោក​ជា​មហា​សេដ្ឋី​ជំនួញ​អាមេរិកាំង​ម្នាក់។​ ក្រុម​អ្នក​បោះ​ឆ្នោត​ខ្មែរ​អាមេរិកាំង​ក៏​ដូចជា​ពលរដ្ឋ​អាមេរិកាំង​បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​របស់​ពួកគេ​ទៅ​លើ​លក្ខណៈ​សម្បត្តិ​រៀង​ខ្លួន​ និង​ការ​រំពឹង​ទុក​អំពី​ផល​ប្រយោជន៍​រៀងៗ​ខ្លួន​ដែរ។

ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ គេ​រំពឹង​ថា នឹង​មាន​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ក្នុង​ចំណោម​ជាង​៣០​ម៉ឺននាក់​ នឹង​ចេញ​ទៅ​បោះឆ្នោត ​ឬ​បាន​បោះឆ្នោត​តាមរយៈ​សំបុត្រ​ប្រៃសណីយ៍ ឬ​ការ​បោះឆ្នោត​មុន​កាល​កំណត់​ជា​ផ្លូវការ។

អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ម្នាក់​គឺ ​លោក​ លែរី ​សេង​ មក​ពី​សង្កាត់​ សៀអាថុល (Seattle) រដ្ឋ​វ៉ាស៊ីនតោន​ស្តេត (Washington State) ​ធ្វើការ​ជា​វិស្វករ​ក្នុង​ក្រុមហ៊ុន​យន្តហោះ​បូអ៊ីង ​បាន​បញ្ជាក់​ថា លោក​គឺជា​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ ឬ​ Republican ​Party​ ហើយ​នេះ​ជា​លើក​ទី១​ ដែល​លោក​មិន​បោះឆ្នោត​ឲ្យ​បេក្ខជន​គណបក្ស​លោក​គឺ​លោក​ ដូណាល់ ត្រាំ។

«បាទ​ដូចខ្ញុំ​បាន​ជម្រាប​អញ្ចឹង​ថា​ ការ​ខកចិត្ត​ចំពោះ​ខាង​គណបក្ស​សាធារណ​រដ្ឋ ​ឬ Republican ​ហ្នឹង​ ខ្ញុំ​ចេះ​តែ​មាន​ចម្ងល់​ហើយ​ មាន​ចម្ងល់​ទៀត​ថា​ ហេតអ្វី​បាន​ជា​ខាង គណបក្ស​សាធារណរដ្ឋ​ ឬ ​Republican ​បណ្តែត​បណ្តោយ​ឲ្យ​ ដូណាល់ ត្រាំ​ ហ្នឹង​ក្លាយ ទៅ​ជា​បេក្ខជន​ប្រធានាធិបតី​ទៅ​កើត​ ពីព្រោះ​ ដូណាល់ ត្រាំ​ ហ្នឹង​អត់​មាន​ការ​ពិសោធន៍​នៅ​ក្នុង​នយោបាយ​សោះ។ គាត់​ពូកែ​មែន​តែ​ខាង​សេដ្ឋកិច្ច ​ខាង​ធ្វើ​ជំនួញ ​business គាត់​ពូកែ។​ អាហ្នឹង​ពេល​ដែល​គាត់​បាន​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ហើយ​បាន​ជា​នាំគ្នា​ដក​ទំនុក​ចិត្ត។ ​រឿង​ហ្នឹង​ធ្វើឲ្យ​ការ​គាំទ្រ​របស់​អ្នក​ដែល​គាំទ្រ ​ធ្លាប់​គាំទ្រ​ហ្នឹង​ខកចិត្ត មិនមែន​តែខ្ញុំ​មួយ​ទេ​បាទ‍»។

លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ នៅ​រដ្ឋ Florida កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ នៅ​រដ្ឋ Florida កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកថា​ លោក​នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាធិបតេយ្យ ​Democratic Party ​ដោយ សារ​បទ​ពិសោធន៍​ និង​បុគ្គលិក​លក្ខណៈ​របស់​បេក្ខជន​គឺ​លោកស្រី ​ហ៊ីល្លីរី គ្លីនតុន។

«ឆ្នាំនេះ​ខ្ញុំដូរ​ព្រោះ​ដូចថា​អញ្ចឹង​ ខ្ញុំមិន​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ (Democrat) ​ទេ​ និយាយ​ទៅ។​ ប៉ុន្តែ​ខ្ញុំ​ដូរ​ដោយ​សារ ​ខ្ញុំយល់​ថា​គណបក្ស​ប្រជាធិបតេយ្យ ​ហាក់បី​ដូចជា​គេ​មាន​ការ​ស្និទ្ធស្នាល​ និង​ការ​គាំទ្រ​ច្រើន​ពី​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​គេ​ ហាក់បី​ដូចជា​គេ​ធ្វើ​ការ​រលូន​ជាមួយ​គ្នា ហើយ​មួយ​ទៀត​លោក​ស្រី ​ហ៊ីល្លីរី គ្លីនតុន ​ហាក់​ដូចជា​មាន​បទ​ពិសោធន៍​ច្រើន​ខាង​រដ្ឋបាល​ និង​ការ​គ្រប់គ្រង។​ នេះជា​អ្វី​ដែលខ្ញុំ​បាន​យល់​ដឹង‍»។

លោក​ ឡារី សេង ​បាន​ប្រើ​ការ​បោះឆ្នោត​តាម​លិខិត​ស្រប​ច្បាប់​ដើម្បី​បោះឆ្នោត​នៅ សប្តាហ៍​មុន​ ដោយ​សារ​ថា​លោក​មាន​កិច្ចការ​ត្រូវធ្វើ​នៅថ្ងៃ​បោះឆ្នោត​ទី៨​ ខែវិច្ឆិកា​ខាង​មុខ។

ក៏ប៉ុន្តែ​សម្រាប់​លោក​ មុយ ចំរើន ​ជា​អតីត​ទាហ៊ាន​អាមេរិកាំង​ម្នាក់​ ហើយ​រស់នៅ​ក្នុង​រដ្ឋ ធានីវ៉ាស៊ីន​តោន​វិញ​ បានថ្លែង​ថា​ លោក​នឹង​បោះឆ្នោត​ជូន​លោក​ ដូណាល់ ត្រាំ ​ដោយសារ​ជឿ​ថា​ លោក ​ត្រាំ ​អាច​នឹង​ផ្លាស់ប្តូរ​សង្គម​អាមេរិកាំង​បាន។​ លោក​មិន​បោះឆ្នោត ជូន​លោកស្រី​ ហ៊ីល្លីរី ​ទេ​ដោយសារ​លោក​ចោទ​ប្រកាន់​ថា មាន​អំពើ​ពុក​រលួយ​ និងអំពើ​ភូត​កុហក់​ច្រើន ​ជាពិសេស​លើ​រឿង​ប្រើប្រាស់​អ៊ីម៉ែល​ផ្ទាល់​ខ្លួន​ខុស​ច្បាប់​ ពេលលោកស្រី​កាន់​មុខ​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា ​ដែល​លោក​ចាត់​ទុក​ថា នោះ​ជា​រឿង​ដែល​ធំ​ជាង​កំហុស​លោក​ ដូណាល់ ត្រាំ។

«យើង​ជា​ប្រទេស​មួយ​មហា​អំណាច ​យើង​មិន​អាច​ដើរ​លើ​ច្បាប់​បាន​ទេ ​ជាពិសេស ស្រុក​នេះ។​ សរុប​សេចក្តី​ បើសិន​ជា​គាត់​ធ្វើ​អញ្ចឹង​បាន​ ធ្វើ​ឲ្យ​ប្រទេស​តូចៗ​ដូច​ខ្មែរ ធ្វើ​តាម​អំពើ​ចិត្ត​ ព្រោះ​ថា​គាត់​ធំ​ជាង​ច្បាប់​ទៅ​ទៀត​គ្នា​គាត់​ ក្រុម​គាត់​ប៉ុន្មាន​នាក់​ហ្នឹង ដូច​តែ​ស្រុក​យើង​អញ្ចឹង​ដែរ‍»។

លោក​បាន​អះអាង​ថា​ លោក​ត្រាំ​អាច​នឹង​ឈ្នះ​បើសិន​ជា​គាត់​ប្រយ័ត្ន​សំដី​ និង​កុំ​និយាយ​ចោល​ទៀត។​

«ត្រឡប់​ទៅរឿង​លោក​ ដូណាល់ ត្រាំ។​ លោក ​ដូណាល់ ត្រាំ ​មិន​មែន​ស្ថិត​នៅ​ក្នុង​មុខ តំណែង​ដើម្បី​ដឹកនាំ​ប្រទេស​នៅ​ឡើយ​ទេ។​ លោក​គឺជា​អ្នក​ខាង​ក្រៅ។​ តែ​លោក​ស្រី ហ៊ីល្លីរី ​នឹង​ព្យាយាម​ស្តី​បន្ទោស​លោក​លើ​បញ្ហា​ដូចជា ​ការចែ​ចង់​ស្រីៗ​ ឬ​មិន​គោរពស្ត្រី​ភេទ​ជាដើម​ ដែល​រឿង​នេះ​ វា​ជា​រឿង​តូចតាច ​បើ​ធៀប​នឹងកំហុស​របស់​លោក​ស្រី​ហ៊ីល្លីរី ​បាន​ធ្វើ‍»។

ពលរដ្ឋ​អាមេរិកាំង​ និង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី ​អាហ្រ្វិក ​អាមេរិក​ឡាទីន ជាដើម ​នឹង​ចេញ​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​អង្គ​បោះឆ្នោត ​ឬប្រតិភូ​បោះឆ្នោត ៥៣៨​នាក់។​ បេក្ខជន​ប្រធានាធិបតី​ស.រ.អា​ត្រូវការ​សំឡេង៥០ភាគ​ បូក​មួយ​ឬ ​២៧០ នាក់​នៃ​អង្គ​បោះឆ្នោត ​ឬ​ប្រតិភូ​បោះឆ្នោត​ទាំងនេះ​ ដើម្បី​ក្លាយជា​ប្រធានាធិបតី​បាន។ បេក្ខជន​ប្រធានាធិបតី​ខ្លះ​ឈ្នះ​សំឡេងឆ្នោត​ជាង​កន្លះ​លាន​សន្លឹក​មែន​ តែ​ចាញ់​សំឡេងឆ្នោត​របស់​អង្គ​បោះឆ្នោត​ ក៏​មិន​អាច​ក្លាយ​ជា​ប្រធានាធិបតី​បាន​ដែរ។

កាល​ពីឆ្នាំ​២០០០​ លោក​អតីត​បេក្ខជន​ប្រធានាធិបតី ​អាល់ ហ្គ័រ ​ខាង​គណបក្ស​ប្រជា ធិបតេយ្យ ​ដែល​ឈ្នះ​សំឡេង​ឆ្នោត​ទូទៅ​ជាង​៥សែន​សំឡេង​ មិន​បាន​ទទួល​សំឡេង​ ឆ្នោត​ពី​អង្គ​បោះឆ្នោត​ ក៏​បាន​ធ្វើ​ឲ្យ​លោក​ George W. Bush ​ឈ្នះ​អង្គ​បោះឆ្នោត ចំនួន​២៧០​សំឡេង​នោះ​ឈ្នះ​ ទោះ​ជា​លោក ​ប៊ូស​ ពេល​នោះ​ចាញ់​សំឡេង​ឆ្នោត​ជាទូ ទៅក្តី។

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ នៅរដ្ឋ Florida កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ នៅរដ្ឋ Florida កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ទៀត​នៅ​សង្កាត់​ ស្ព្រីង​ហ្វៀល (Springfield) ​រដ្ឋវីជីនៀ​(Virginia) គឺ​លោក​ ហ៊ីម ហន ជា​ជាង​ជួសជុល​យានយន្ត​នៅ​សាលា​រៀន​បាន​អះអាង​ថា ​លោក​នឹង​បោះឆ្នោត​ជូន​លោក​ ដូណាល់ ត្រាំ​ ដែរ ​ដោយ​សារ​ថា​ លោក​មិន​ចូល​ចិត្ត​នឹង​ការ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាធិបតេយ្យ ​ដែល​មាន​បញ្ហា​បិទ​បើក​រដ្ឋាភិបាល​ច្រើន​លើក ​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ស្មុគ​ស្មាញ​ដល់​ប្រទេស ​និង​អ្នក​ធ្វើការ។

«ខ្ញុំ​ឃើញ​ថា​ ឥឡូវ ​ខ្ញុំ​បោះឆ្នោត​ឲ្យ​លោក​ ដូណាល់ ត្រាំ ​ចុះ​ ទោះ​ជា​លោក​ ត្រាំ ​សំដី អាក្រក់​ម៉េច​ក៏ដោយ។​ តែ​គាត់​ខាង​គណបក្ស​សាធារណរដ្ឋ​ Republican ។​ ហើយនេះ ខ្ញុំ​យល់​ទេ​ គឺ​ថា ​បើសិន​ជា​ ត្រាំ ​ម៉េច​ទៅ​មួយ​អាណត្តិ​ យើង​អាច​បោះឆ្នោត​ទម្លាក់ បាន‍»។

លោក​បាន​អះអាង​បន្ត​ថា​ លោក​ចង់​ឲ្យ​មាន​ការ​ដូរ​គណបក្ស​នយោបាយ​កាន់​កាប់ ប្រទេស​ម្តង ​ដើម្បី​សង្កេត​មើល​ថា​ តើ​លោក​ ត្រាំ ​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​ ធ្វើ​ឲ្យ ពលរដ្ឋ​មាន​ការងារ​ធ្វើ​ដូច​ដែល​លោក​បាន​សន្យា​ ឬ​និយាយ​ក្នុង​ពេល​មាន​ការ​ពិភាក្សា រវាង​បេក្ខជន​ទាំង​ពីរ​ឬ​ទេ។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ សម្រាប់​លោក ​សេរីរដ្ឋ ​ឈិន​ មក​ពី​សង្កាត់ ​យូស្តន់ (Huston) រដ្ឋតិចសាស់​ (Texas) ជា​ភ្នាក់ងារ​ដោះលែង​ជនជាប់​ទោស​បាន​ថ្លែង​ថា​សម្រាប់​លោក​ការ​បោះឆ្នោត​លើក​នេះ​ លោក​បាន​បោះឆ្នោត​តាម​សំបុត្រ​ជូន​លោកស្រី​បេក្ខជន​គណបក្ស​ប្រជាធិប​តេយ្យ​គឺ​លោកស្រី​ ​ហ៊ីល្លីរី គ្លីនតុន។

«ពីព្រោះ​តាម​មើល​ចរិក​គាត់​ មិន​ខែង​ដូចជា​លោក​ ដូណាល់ ត្រាំ។ ​លោក ​ដូណាល់ ត្រាំ ជា​អ្នក​រកស៊ី​មែន​ តែ​គាត់​មាន​ចរិក​ខែង​ពេក។​ ហេតុ​ដូច្នេះ​ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ ប្រធានាធិបតី​ ដែល​មាន​ចរិក​ខែង​ធ្វើ​ជា​អ្នក​ដឹក​នាំ​ខ្ញុំ​ទេ‍»។

ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​និយាយ​ថា​ សម្រាប់​នយោបាយ​ការ​បរទេស​វិញ​ពួកគេ បាន​និយាយ​ប្រហាក់​ប្រហែល​គ្នា​ថា​ ប្រធានាធិបតី​ថ្មី​ណាមួយ​ក៏ដោយ ​គឺ​គេ​មាន​ការ សម្រេច​តាម​សភា​ និង​ការ​ដេញដោល​គ្នា​ដែល​លោក​ថា​ មិនមែន​ជា​រឿង​បារម្ភ​ទេ​គឺ ដោយ​សារ​ស.រ.អា​មាន​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ច្បាស់​លាស់។​ ក្រុម​ពលរដ្ឋ​ក៏​បាន​និយាយ​ថា ប្រធានាធិបតី​ស.រ.អា​មិន​អាច​ធ្វើអ្វី​តាម​ចិត្ត​បានទេ​ ក្នុង​ការ​សម្រេច​ចិត្ត​រឿង​នយោបាយ​ការ​បរទេស​ និង​បញ្ហា​ផ្ទៃ​ក្នុង​ក្តី៕

XS
SM
MD
LG