ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន៖ រយៈពេល​៣៦​ឆ្នាំ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​កាមេរូន​គួរ​តែ​គ្រប់គ្រាន់​សម្រាប់​លោក​ Biya


លោក Paul Biya ប្រធានាធិបតី​របស់​ប្រទេស​កាមេរូន (Cameroon) ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ជំនួប​របស់​លោក​ជាមួយ​លោក Francois Hollande ប្រធានាធិបតី​បារាំង នៅ​វិមាន Elyse ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣។

ពិធី​អបអរសាទរ​មួយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ទូទាំង​ប្រទេស​កាមេរូន​ (Cameroon) កាលពី​ថ្ងៃ​ទី​៦​ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះ​ ដើម្បី​រំឭក​ដល់​ការ​កាន់​អំណាច​រយៈពេល​៣៣​ឆ្នាំ​របស់​លោក​ប្រធានាធិបតី​ Paul Biya។​

ពិធី​អបអរសាទរ​មួយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ទូទាំង​ប្រទេស​កាមេរូន​ (Cameroon) កាលពី​ថ្ងៃ​ទី​៦​ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះ​ ដើម្បី​រំឭក​ដល់​ការ​កាន់​អំណាច​រយៈពេល​៣៣​ឆ្នាំ​របស់​លោក​ប្រធានាធិបតី​ Paul Biya។​ ក្រុម​បក្ស​ប្រឆាំង​កំពុង​តែ​ប្រកាស​ឲ្យ​លោក​ Biya គិតគូរ​ពី​ការ​លាឈប់​ នៅ​ពេល​ចប់​អាណត្តិ​ថ្មី​នេះ​ នៅ​ឆ្នាំ​២០១៨។​ ប៉ុន្តែ​ គ្មាន​សញ្ញាណ​ណា​បង្ហាញ​ថា​ ប្រធានាធិបតី​វ័យ​៨២​ឆ្នាំ​នេះ​ នឹង​លាឈប់​ឡើយ។​

អ្នក​គាំទ្រ​របស់​លោក​ប្រធានធិបតី​ Paul Biya នាំ​គ្នា​ស្រែក​ច្រៀង ​ខណៈពេល​ដែល​ពួកគេ​រៀបចំ​កម្មវិធី​អបអរសាទរ​ខួបទី​៣៣​ឆ្នាំ​នៃ​ការកាន់​អំណាច​របស់​លោក។

សាស្រ្តាចារ្យ​ Jacques Fame Ndonga ជា​អ្នក​គាំទ្រ​សំខាន់​ម្នាក់​របស់​ប្រធានាធិបតី​ដែល​មាន​វ័យ​ជាង​៨០ឆ្នាំ​នេះ​ បាន​និយាយ​ថា​ អ្នក​គាំទ្រ​របស់​លោក​ Biya មាន​កាតព្វកិច្ច​ទឹកចិត្ត​ត្រូវ​ធ្វើ​ពិធី​អបអរ​ជ័យជម្នះ​របស់​អ្នក​ដឹកនាំ​របស់​ពួកគេ ជាពិសេស​ អបអរ​ចំពោះ​សន្តិភាព​ផ្ទៃ​ក្នុង​ដែល​ប្រទេស​កាមេរូន​បាន​ទទួល។

លោក​និយាយ​ថា​ ខណៈ​ដែល​ពួកគេ​ធ្វើ​ពិធី​អបអរសាទរ ពួកគេ​ចងចាំ​អំពី​មនុស្ស​រាប់ពាន់​នាក់​ដែល​បាន​ស្លាប់​ ឬ​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​ក្រុម​កុបកម្ម​ Boko Haram ដែល​ការណ៍​នេះ​អាច​នឹង​កាន់​តែ​អាក្រក់​ខ្លាំង​ ប្រសិនបើ​លោក​ Biya មិន​បាន​ប្រកាស​សង្រ្គាម​ប្រឆាំង​នឹង​ពួក​ភេវរជន​ទាំងនេះ​ នៅ​ភាគ​ខាង​ជើង​ប្រទេស។

លោក​បាន​បន្ថែម​ថា​ ប្រជាជន​គួរតែ​ចូលរួម​រីករាយ​ជាមួយ​នឹង​លោក​ដែល​ទទួល​ពរជ័យ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ Biya។

លោក​បាន​ឲ្យ​ដឹង​ថា ដោយគ្រាន់តែមើល​លើ​ទឹកដី​ទូទាំង​ផ្ទៃ​ប្រទេស​ វា​សម​ល្មម​អាច​ឲ្យ ប្រជាជន មើល​ឃើញ​ពី​សមិទ្ធិផល​របស់​លោក​ Biya។​ សាលា​រៀន​ សាកលវិទ្យាល័យ​ មណ្ឌល​សុខភាព​ និង​មន្ទីរ​ពេទ្យ​ គម្រោង​ភ្លើង​អគ្គិសនី​ទីក្រុង​ និង​ជនបទ​ គម្រោង​ទឹក​ស្អាត​អាច​ផឹក​បាន​ សុទ្ធតែ​ជា​ស្នាដៃ​មួយ​ចំនួន​ដែល​សម្រេច​បាន។​ លោក​និយាយ​ថា ​លោក ​Biya បាន​លើកស្ទួយ​ការ​អភិវឌ្ឍ​ទូទាំង​ប្រទេស​កាមេរូន​ ដោយ​គ្មាន​ភាព​លម្អៀង​ ហើយ​អ្នក​ដឹកនាំ​ជនជាតិ​កាមេរូន​រូប​នេះ​ ធានា​បាន​នូវ​បូរណភាព​ទឹកដី​ និង​សិទ្ធិ​សេរីភាព​សម្រាប់​គ្រប់គ្នា។

ប៉ុន្តែ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ឈ្មោះ​ រណសិរ្ស​ប្រជាធិបតេយ្យ​សង្គម​ (Social Democratic Front) មិន​មាន​ការ​យល់​ឃើញ​ល្អ​បែប​នេះ​ចំពោះ​អ្នក​ដឹកនាំ​យូរ​ឆ្នាំ​នេះ​ឡើយ។​ មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង​ លោក​ Alimna Mbarga និយាយ​ថា ​ពួកគេ​កំពុងតែ​យក​ការ​ប្រារព្ធ​ពិធី​បុណ្យ​ខួប​របស់​លោក​ Biya ដើម្បី​សុំ​ឲ្យ​គាត់​កុំ​បន្ត​ទៅ​អាណត្តិ​ក្រោយ​ទៀត។

លោក​ឲ្យ​ដឹង​ថា​ ប្រទេស​កាមេរូន​មាន​កំណើន​សេដ្ឋកិច្ច​ប្រាំពីរ​ភាគរយ​នៅ​ឆ្នាំ​១៩៨២​ នៅពេល​លោក​ Biya ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ ហើយ​ថា​ប្រទេស​កាមេរូន​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ដ៏​លេចធ្លោ​ដូច​ប្រទេស​ប្រេស៊ីល​ ចិន​ កូរ៉េ​ និង​ជប៉ុន។​ លោក​បន្ថែម​ថា​ ប៉ុន្តែ​ សព្វថ្ងៃ​នេះ​ អត្រា​កំណើន​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​មក​ត្រឹម​កម្រិត​តិច​ជាង​បី​ភាគរយ។​ ហើយ​គ្មាន​លទ្ធិប្រជាធិបេតយ្យ​ គ្មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ កម្រិត​សីលធម៌​ធ្លាក់ចុះ ប្រព័ន្ធ​យុត្តិធម៌​ក៏​អន់​ខ្សោយ។ ទាំងនេះហើយ ជា​ភាព​បរាជ័យ​របស់​លោក​ប្រធានាធិបតី Paul Biya។

នាង​ Clarise Yimngang ជា​អ្នក​ដឹកនាំ​ក្រុម​យុវជន​ នៅ​មាន​ចម្ងល់​ថា​តើ​លោក​ Biya នឹង​ឈរ​ឈ្មោះ​ម្តង​ទៀត​ឬ​យ៉ាងណា។​ នាង​និយាយ​ថា​លោក​ Biya មិន​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​កាមេរូន​ភាគ​ច្រើន​នោះ​ទេ ពីព្រោះ​ក្រោយ​ពេល​បញ្ចប់​ការសិក្សា​ ពួកគេ​នៅតែ​គ្មាន​ការងារ​ធ្វើ។

«នៅ​ដែល​អ្នក​ទៅ​ក្រសួង​របស់​យើង ក្រុម​លេខាធិការ​ និង​អ្នក​ធ្វើការ​នៅ​ទីនោះ​ គឺជា​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើការ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៨០។​ ខ្ញុំ​មិន​ចង់​គិត​ទេ​ថា​ យុវជន​នៅ​ក្នុង​ប្រទេស​នេះ​នឹង​ចង់​ឆ្លង​កាត់​ដំណើរ​ជ្រើសរើស​ដូច្នេះ​ទៀត។​ ពួកគេ​ទៅ​សាលារៀន​ដោយ​រំពឹង​ថា ​នឹង​បាន​ការងារ​នៅ​ប្រទេស​ផ្សេង​ដែល​ឲ្យ​តម្លៃ​លើ​ការ​អប់រំ»។

លោក​ Biya បាន​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ដែល​មាន​រយៈពេល​ប្រាំពីរ​ឆ្នាំ​ ចាប់ពី​ដើម​ឆ្នាំ​១៩៧៥។​ បន្ទាប់មក​លោក បាន​ក្លាយជា​ប្រធានាធិបតី​ ក្រោយពីអ្នក​ដឹកនាំ​ដំបូង​របស់​រដ្ឋ​អាហ្រ្វិក​កណ្តាល​លោក​ Ahmadou Ahidjo បាន​លាលែង​ពី​តំណែង។

នៅ​ក្នុង​ឆ្នាំ​២០០៨​ លោក​បាន​ធ្វើ​កំណែ​ទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​ដោយ​លុប​ចេញ​នូវ​ការ​កំណត់​អាណត្តិ​ប្រធានាធិបតី​ ដែល​នាំឲ្យ​លោក​ប្រជែង​ឈ្នះ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១១។

បច្ចុប្បន្ន​ លោក​ Biyaកំពុង​កាន់​អំណាច​ក្នុង​ឆ្នាំ​ទី៤​នៃ​អាណត្តិ​ដែល​មាន​រយៈពេល​ប្រាំពីរ​ឆ្នាំ។​ នៅក្នុង​សំណួរ​ដែល​បាន​ចោទ​សួរ​ទៅ​លោក​កាលពី​ដើម​ឆ្នាំ​នេះ​ថា​តើ​លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​នៅ​ក្នុង​ឆ្នាំ២០១៨​ឬទេ​ លោក​ Biya បាន​ឆ្លើយ​ថា​ «វា​មិនមែន​នៅ​លើ​អ្នកណា​ដែលចង់​នោះ​ទេ​ ប៉ុន្តែ​គឺ​អ្នកណាដែល​មាន​សមត្ថភាព​ អាច​ដឹកនាំ​ប្រទេស​កាមេរូន​បាន»៕

ប្រែសម្រួល​ដោយ​ សើ​ សាយ្យាណា​

XS
SM
MD
LG