ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​លើកលែង​ទោស​អន្តរជាតិ៖ ចិន​បាន​បង្កើត​«ភាពអាសន្ន​ផ្នែក​សិទ្ធិ​មនុស្ស»​នៅ​ហុងកុង


រូបឯកសារ៖ ក្រុមអ្នកគាំទ្រ​សកម្មជនគាំទ្រលទ្ធិ​ប្រជាធិបតេយ្យ បញ្ចាំងពិល គ្រាដែល​រថយន្ត​ដឹក​អ្នកទោស ដឹក​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ចំនួន​៤៧នាក់ ដែល​ត្រូវបាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ ទៅ​ដល់​មជ្ឈមណ្ឌល Lai Chi Kok នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុមអ្នកគាំទ្រ​សកម្មជនគាំទ្រលទ្ធិ​ប្រជាធិបតេយ្យ បញ្ចាំងពិល គ្រាដែល​រថយន្ត​ដឹក​អ្នកទោស ដឹក​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ចំនួន​៤៧នាក់ ដែល​ត្រូវបាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ ទៅ​ដល់​មជ្ឈមណ្ឌល Lai Chi Kok នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

អង្គការ​លើកលែងទោស​អន្តរជាតិ​និយាយ​ថា​ ប្រទេស​ចិន​ បាន​បង្កើត​«ភាព​អាសន្ន​ផ្នែក​សិទ្ធិ​មនុស្ស»នៅ​ហុងកុង ​ចាប់តាំង​ពី​បាន​ចេញ​ច្បាប់​សន្តិសុខជាតិ​ដ៏​តឹងរ៉ឹង​កាលពី​ឆ្នាំ​មុន។ អង្គការ​សិទ្ធិ​មនុស្ស​នេះ​ បាន​ចេញ​របាយ​ការណ៍​ដ៏វែង​នៅ​ថ្ងៃ​ពុធ​ស្តីពី​ផល​ប៉ះពាល់​នៃ​ច្បាប់​នេះ​ នៅ​ខួប​មួយ​ឆ្នាំ​នៃ​ការ​អនុម័ត​ច្បាប់​នេះ​ ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​ការ​ធ្វើ​បាតុកម្ម​ធំៗ​ប្រឆាំង​នឹងរដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១៩ ​ដែល​ជួនកាល​ប្រឈម​នឹងអំពើ​ហិង្សា។

មនុស្ស​រាប់​រយ​នាក់​ដែល​ជា​អ្នក​នយោបាយ​ និង​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រូវបាន​ចាប់ខ្លួន​និង​ឃុំឃាំង​ក្រោម​ច្បាប់​ដែល​មាន​គោលដៅ​បង្ក្រាប​អ្នក​ដែល​អាជ្ញាធរសង្ស័យ​ថា​ បាន​ធ្វើ​សកម្មភាព​ភេរវកម្ម អប្បគមន៍ វិទ្ធង្សនា​អំណាច​រដ្ឋ​ ឬការឃុបឃិត​ជាមួយ​កម្លាំង​បរទេស។ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​រួមមាន​មហា​សេដ្ឋី​សារព័ត៌មាន​ គឺ​លោក Jimmy Lai ម្ចាស់​ក្រុមហ៊ុន Next Digital ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ​កាសែត Apple Daily កាល​ពី​សប្តាហ៍​មុន​ បន្ទាប់ពី​ប៉ូលិស​៥០០​នាក់​បាន​ឆ្មក់​ចូល​ទីស្នាក់ការ ​និង​បាន​ចាប់​ខ្លួន​នាយក​ប្រតិបត្តិ​ជាច្រើន​នាក់​ និង​បង្កក​ទ្រព្យ​សម្បត្តិ​រាប់លាន​ដុល្លារ។

របាយ​ការណ៍​ដ៏វែង​ស្តីពី​ផល​ប៉ះពាល់​នៃ​ច្បាប់​សន្តិសុខជាតិ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ហុងកុង​នេះ ​ផ្អែក​លើ​ការ​សម្រេច​របស់​តុលាការ​កំណត់​ហេតុ​សវនាការ​ និង​បទ​សម្ភាសន៍​ជាមួយ​សកម្មជន។ ក្នុង​របាយការណ៍​នេះ​ អង្គការ​លើកលែង​ទោស​ បាន​សន្និដ្ឋាន​ថា​ ច្បាប់នេះ​ ត្រូវ​បាន​ប្រើ​ដើម្បី​«អនុវត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន»។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​លោក​ស្រី Yamini Mishra ​និយាយ​ថា​ «ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ច្បាប់​សន្តិសុខជាតិ​នេះ​បាន​ធ្វើឲ្យ​ទីក្រុង​ហុងកុង​ក្លាយ​ជា​រដ្ឋ​ប៉ូលិស និង​បង្កើត​ភាព​អាសន្ន​ផ្នែក​សិទ្ធិ​មនុស្ស​សម្រាប់​ប្រជាជន​រស់​នៅ​ទីនោះ»៕

XS
SM
MD
LG