ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​លោក Jimmy Lai ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៣ខែ


រូបឯកសារ៖ សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង​លោក Jimmy Lai (កណ្តាល) ចាកចេញ​ពី​សាលាឧទ្ធរណ៍​ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២១។
រូបឯកសារ៖ សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង​លោក Jimmy Lai (កណ្តាល) ចាកចេញ​ពី​សាលាឧទ្ធរណ៍​ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២១។

មហា​សេដ្ឋីព័ត៌មាន​ និងជា​សកម្មជនគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង​លោក Jimmy Lai ត្រូវ​បាន​តុលាការហុងកុង​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន១៣​ខែ​កាលពី​ថ្ងៃចន្ទ​ លើ​បទ​ចោទប្រកាន់​បាន​ចូល​រួមនៅ​ក្នុង​ពិធី​អុជ​ទៀនដែល​គ្មាន​ការ​អនុញ្ញាត​មួយ​ដើម្បី​រំឭក​ដល់​ការ​សម្លាប់​រង្គាល​នៅទីលាន Tiananmen កាល​ពី​ឆ្នាំ​១៩៨៩ ក្នុង​ប្រទេស​ចិន។

លោក Lai និង​សកម្មជន​ពី​រូប​ផ្សេងទៀត​ គឺ​អ្នកស្រីមេធាវី Chow Hang Tung និង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អ្នកស្រី Gwyneth Ho ត្រូវ​បាន​កាត់​ទោសកាល​ពី​ថ្ងៃ​ព្រហ្បតិ៍​សប្តាហ៍​មុន​ពី​បទ​ «ញុះ​ញង់​ ​និងចូល​រួម​នៅ​ក្នុង​ការ​ជួបប្រជុំ​មួយ​ដែល​គ្មាន​ការ​អនុញ្ញាត»កាល​ពី​ឆ្នាំ​កន្លង​ទៅ។ អ្នកស្រី Tung ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ចំនួន​១២​ខែ​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ ខណៈពេល​ដែល​អ្នកស្រី Ho ត្រូវ​បាន​កាត់​ទោសដាក់​ពន្ធនាគារ​ចំនួន​៦​ខែ។

សកម្មជន​ទាំង​៣រូប​ ស្ថិត​ក្នុង​ចំណោមសកម្មជន​ចំនួន​៨នាក់​ ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទរៀបចំ​ ចូល​រូម​ឬញុះ​ញង់​អ្នក​ដទៃ​ឲ្យ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ ​កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា​ ឆ្នាំ​២០២០។ សកម្មជន​ចំនួន​៥​នាក់​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​ទទួល​ទោសជាប់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ចន្ទ​ផង​ដែរ​ ដោយមាន​ទោស​ចាប់​ពី៤ ​ទៅ​១៤​ខែ។

លោក Lai និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏ទៃទៀត ​ត្រូវ​បាន​អាជ្ញាធរក្រុង​ហុងកុង​កំណត់​ជា​គោលដៅសម្រាប់​ការបង្ក្រាប ចាប់​តាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​ដាក់​ចេញ​នូវច្បាប់​សន្តិសុខ​ជាតិ​ដ៏​តឹង​រឹង​មួយ​កាលខែ​មិថុនា​ ឆ្នាំ​២០២០ ​កន្លង​ទៅ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការធ្វើ​បាតុកម្ម​របស់​មហាជន​ក្នុង​ទីក្រុង​ហុងកុង ដែល​ពេល​ខ្លះ​បាន​ក្លាយ​ជា​អំពើហិង្សានៅ​ក្នុង​ការ​ប្រឆាំងតវ៉ាកាល​ពី​ឆ្នាំ​១៩៩៩​នោះ។​ ការ​បង្រ្កាប​នេះ​ បាន​ផ្លាស់​ប្តូរ​មុខមាត់​របស់មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយនេះ​ ​ពីទីក្រុង​ដែល​មាន​ស្វ័យភាព​ពាក់កណ្តាល ទៅ​ជា​ទីក្រុង​មួយ​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​កាន់​តែខ្លាំង​ឡើងរបស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

សារព័ត៌មាន Apple Daily របស់លោក Lai ត្រូវ​បានបង្ខំ​ឲ្យ​បិទ​ទ្វា ក្រោយដំណើរការ​អស់​រយៈ​ពេល​ ២៤​ឆ្នាំ​កន្លង​ទៅ​ នៅ​ពេល​ដែល​លោក Lai និង​ប្រធាន​ប្រតិបត្តិ​មួយ​ចំនួន​របស់​សារព័ត៌មាន​នេះ​ ត្រូវ​បានចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ក្រោម​ច្បាប់​សន្តិសុខនោះ៕

XS
SM
MD
LG