ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ហុងកុង​ឆែក​បណ្តាញ​ព័ត៌មាន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ចាប់​ខ្លួន​មនុស្ស​៦​នាក់


និពន្ធនាយកនៃប្រព័ន្ធ​ផ្សព្វផ្សាយ Stand News លោក Patrick Lam (កណ្តាល) ត្រូវបានចាប់ខ្លួនដោយមន្ត្រីប៉ូលីសនៅទីក្រុងហុងកុង កាលពីថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។ (AP)

ប៉ូលិស​សន្តិសុខ​ជាតិ​ហុងកុង​រាប់​រយ​នាក់​បាន​ឆ្មក់​ចូល​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​អ៊ីនធឺណេត​ឈ្មោះ Stand News នៅ​ថ្ងៃ​ពុធ​នេះ​ហើយ​បាន​ចាប់​ខ្លួន​មនុស្ស​៦​នាក់​រួមទាំង​បុគ្គលិក​ជាន់ខ្ពស់​ផង​ដែរ​ដោយ​ចោទ​ប្រកាន់​ពី​បទ«សម​គំនិត​ក្នុង​ការ​ចុះ​ផ្សាយ​ដែល​បំផុស​គំនិត​ប្រឆាំង»។ នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

បណ្តាញ​ព័ត៌មាន Stand News ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤​ ជា​អង្គការ​មិន​រក​កម្រៃ​គឺ​ជា​បណ្តាញ​ផ្សព្វផ្សាយគាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​នៅ​សល់ហើយ​ដ៏​លេច​ធ្លោ​បំផុត​នៅ​ក្នុងទី​ក្រុង​ហុងកុង បន្ទាប់​ពីការស៊ើប​អង្កេត​សន្តិសុខ​ជាតិ​កាលពី​ដើម​ឆ្នាំ​នេះ​បាន​បិទ​កាសែត​ Apple Daily របស់​មហាសេដ្ឋី Jimmy Lai ដែល​កំពុង​ជាប់​ពន្ធនាគារ។

ការបន្ត​វាយឆ្មក់​ឆែក​ឆេ​នេះ​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​នៅ​ក្រុង​ហុងកុង​ដែល​ជា​អតីត​អាណានិគម​របស់​អង់គ្លេស​ដែល​ត្រូវ​បាន​ប្រគល់​ឱ្យ​ចិន​គ្រប់គ្រង​វិញកាល​ពី​ឆ្នាំ​១៩៩៧ដោយ​មានការ​សន្យា​ជាច្រើន​អំពី​ការ​ការពារ​សិទ្ធិ​បុគ្គល។

ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ខ្លួន​កំពុង​ឆែកឆេរ​ដោយ​មាន​ដីការ«ឆែក​និង​រឹបអូស​សម្ភារៈ​សារ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ»។ សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា «មន្រ្តី​ប៉ូលិស​ស្លៀកពាក់​ឯក​សណ្ឋាន​និង​ស្លៀកពាក់​ស៊ីវិញ​២០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ។ ប្រតិបត្តិ​ការ​ឆែកឆេរ​កំពុង​ដំណើរការ»។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ព្យាយាម​ទាក់ទង​បុគ្គលិក​ជាន់​ខ្ពស់​របស់ Stand News ដើម្បី​សុំ​ការអត្ថាធិប្បាយ​តែ​មិនអាច​ទាក់​ទង​បាន​ទេ។

ការបំផុស​គំនិត​មិន​ស្ថិត​ក្នុង​ចំណោម​បទ​ល្មើស​ដែល​មានចែង​ក្នុង​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ទូលំ​ទូលាយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្រុង​ហុងកុង​កាលពី​ខែ​មិថុនា​ឆ្នាំ​២០២០ដែល​កំណត់​ទោស​ជាក់​ពន្ធនាគារ​មួយ​ជីវិត​សម្រាប់អំពើ​ភេរវ​កម្ម ការ​ឃុបឃិត​ជាមួយ​កង​កម្លាំង​បរទេស វិទ្ធង្សនា​និង​អបគមន៍​នោះ​ទេ។

អាជ្ញាធរ​និយាយ​ថា ច្បាប់​សន្តិសុខ​ជាតិ បាន​ស្តារ​សណ្តាប់​ធ្នាប់​ឡើង​វិញ បន្ទាប់ពី​មាន​ការ ចលាចល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​អំពើ​ហិង្សា​ជាញឹកញាប់​ក្នុង​ឆ្នាំ​២០១៩​ ហើយ​ថា​ ច្បាប់នេះ​មិន​រារាំង​សិទ្ធិ​និង​សេរីភាព​នោះ​ទេ។ ក្រុម​អ្នក​រិះគន់​និយាយ​ថា​ច្បាប់​នេះ​គឺ​ជា​ឧបករណ៍​លុប​បំបាត់​ការ​ប្រឆាំង​និង​ធ្វើ​ឱ្យ​ហុងកុង​នៅ​ក្រោម​អំពើ​ផ្តាច់ការ៕

ពាក្យក្នុងសារព័ត៌មាន៖ outrage
សូម​រង់ចាំ

No media source currently available

0:00 0:01:30 0:00
XS
SM
MD
LG